ដោយ មាន ឫទ្ធិ
2020-08-11
រូបត្លុកនយោបាយ៖ ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA របស់សហភាពអឺរ៉ុប ពីកម្ពុជា
RFA
គណៈកម្មការអឺរ៉ុបសម្តែងកង្វល់យ៉ាងខ្លាំងជុំវិញការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការបន្តយុទ្ធនាការបង្ក្រាបឥតស្រាកស្រានពីសំណាក់អាជ្ញាធររដ្ឋាភិបាលមកលើក្រុមអ្នករិះគន់នៅកម្ពុជា។ ទន្ទឹមគ្នានេះ សហភាពអឺរ៉ុបនៅតែបន្តអំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យចាត់នូវវិធានការជាក់ច្បាស់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យដែលអាចដំណើរការបាននៅកម្ពុជា ដោយត្រូវធានាឲ្យមាននូវបរិយាកាសនយោបាយមួយដែលគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយអាចប្រតិបត្តិការបានដោយសេរី។ ការលើកឡើងពីក្តីកង្វល់ និងការអំពាវនាវជាថ្មីម្តងទៀតនេះ កើតមានឡើងចំពេលដែលគណៈកម្មការអឺរ៉ុបចាប់ផ្តើមអនុវត្តជាផ្លូវការការគិតពន្ធលើមុខទំនិញដែលកម្ពុជានាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយសារតែការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%។
ក្តីបារម្ភយ៉ាងខ្លាំងជុំវិញការរិតត្បិតសិទ្ធិសេរីភាព និងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរមកលើសំឡេងរិះគន់នៅកម្ពុជានេះ ត្រូវអ្នកនាំពាក្យគណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក នៅមួយថ្ងៃមុនពេលដែលសហភាពអឺរ៉ុបចាប់ផ្តើមអនុវត្តជាផ្លូវការការគិតពន្ធលើមុខទំនិញរបស់កម្ពុជា២០% ចាប់ពីថ្ងៃទី១២ សីហានេះតទៅ។ ប្រភពពីគណៈកម្មការអឺរ៉ុបថា សហភាពអឺរ៉ុប កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះស្ថានភាព និងដំណើរវិវត្តន៍កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា ជាពិសេសសកម្មភាពចាប់ខ្លួនសកម្មជននយោបាយ និងសិទ្ធិការងារ ដូចជាករណីប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ជាដើម។ គណៈកម្មការអឺរ៉ុប គូសបញ្ជាក់ជាថ្មីម្តងទៀតអំពីកាតព្វកិច្ចរបស់កម្ពុជា ដែលត្រូវតែគោរពតាមរាល់សិទ្ធិទាំងអស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិការងារ។
បន្ថែមពីលើនេះ នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១០ សីហា ឆ្លើយតបទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងពីការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាប្រាប់ទៅតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក ហ្សូសិប បូរែល (Josep Borrell) នាយិការងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់គណៈកម្មការអឺរ៉ុប អ្នកស្រី ផាអូឡា ផេមផេឡូនី (Paola Pampaloni) សង្កត់ធ្ងន់ថា សហភាពអឺរ៉ុបនៅតែបន្តអំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យចាត់នូវវិធានការជាក់ច្បាស់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យដែលអាចដំណើរការបាននៅក្នុងប្រទេសនេះ និងត្រូវធានាឲ្យមាននូវបរិយាកាសនយោបាយមួយដែលគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយអាចប្រតិបត្តិការបានដោយសេរី។ អ្នកស្រី រំឮកថា សហភាពអឺរ៉ុបបានគូសបញ្ជាក់កាលពីពេលថ្មីៗនេះ រួចហើយថា បញ្ហារីករាលដាលនៃជំងឺរាតត្បាតសាកល កូវីដ១៩ មិនគួរត្រូវអាជ្ញាធររដ្ឋាភិបាល យកមកធ្វើជាលេសក្នុងការរឹតត្បិតលទ្ធិប្រជាធិបតេយ្យ និងលំហសង្គមស៊ីវិល ការគោរពច្បាប់ និងការប្តេជ្ញាចិត្តជាអន្តរជាតិនានា ឬក៏កាត់បន្ថយសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននោះឡើយ។
ជុំវិញកង្វល់ និងសារអំពាវនាវរបស់គណៈកម្មការអឺរ៉ុបនៅចំកាលបរិច្ឆេទចូលជាធរមាននៃការគិតពន្ធលើមុខទំនិញរបស់កម្ពុជាដោយសារការដក EBA ២០% នេះ អាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បាននៅឡើយទេ ដើម្បីសុំប្រតិកម្ម និងការបញ្ជាក់ជំហរចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជា គិតត្រឹមម៉ោងផ្សាយនេះ។ លោកក៏មិនទាន់ឆ្លើយនឹងសំណួរអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមនៅឡើយដែរ។ ក៏ប៉ុន្តែ កន្លងមក ទាំងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសថា កម្ពុជាបានត្រៀមខ្លួនរួចហើយចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%នេះ និងថាកម្ពុជាមិនឱនក្បាល ឬយកអធិបតេយ្យទៅដោះដូរជាមួយនឹងបញ្ហានេះឡើយ។ រីឯ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន ត្រូវសារព័ត៌មានស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រង់ប្រសាសន៍ថា កម្ពុជាបានត្រៀមថវិកាជាង ១ពាន់លានដុល្លារដើម្បីទប់ទល់នឹងការកាត់ផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុប និងជំងឺកូវីដ១៩។
កម្ពុជាបាត់បង់ភាពអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ២០ភាគរយ។ Photo: RFA
យ៉ាងណាក៏ដោយ សម្រាប់អ្នកជំនាញវិស័យការងារ និងជានាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មើលឃើញថា កម្ពុជានៅតែត្រូវការប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនេះដដែល ជាពិសេសទន្ទឹមពេលដែលកម្ពុជាកំពុងញាំញីដោយវិបត្តិផ្ទួនៗនៃជំងឺរាតត្បាតសាកលកូវីដ១៩ ផង ព្រមទាំងការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីនៃក្រុមប្រទេសលាងលុយកខ្វក់ ពីសំណាក់សហភាពអឺរ៉ុបផង ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ៖ «យើងនៅតែមើលឃើញថា កម្ពុជានៅត្រូវការប្រព័ន្ធអនុគ្រោះពន្ធ EBA នេះនៅឡើយ ហើយយើងនៅតែមើលឃើញថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ គឺជាឧបករណ៍មួយជួយលើកកម្ពស់នូវភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជាសម្រាប់ទីផ្សារអន្តរជាតិ ក្នុងពេលដែលវិស័យកាត់ដេរជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ...»។
ការនៅតែមើលឃើញពីសារៈសំខាន់របស់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ក៏ត្រូវអ្នកធ្វើការក្នុងវិស័យការងារ និងសហជីពមួយរូបទៀត និងជាប្រធានសហភាពការងារកម្ពុជា គឺលោក អាត់ ធន់ យល់ស្រប ព្រោះថាកម្ពុជាកំពុងជួបបញ្ហាផ្ទួនៗស្រាប់៖ «វាគឺរឿងមួយសំខាន់មែនទែនសម្រាប់កម្ពុជារបស់យើង ពីព្រោះយើងធ្លាប់តែបានចំណែកទីផ្សារEBA ១០០% នៅក្នុងការនាំចេញ ហើយយើងមិនទាន់មានសមត្ថភាពនាំចេញដើម្បីយកការអភិវឌ្ឍន៍ ឬក៏យកផលចំណេញពីនេះឲ្យអស់ផង។ ប៉ុន្តែ មកដល់ពេលនេះ គឺយើងបាត់ចំណែកទីផ្សាររហូតដល់ទៅ ២០% ហើយប្រហែលជាទាំងអស់គ្នា ទាំងរដ្ឋាភិបាល ទាំងនិយោជក ក៏ដូចជាខាងកម្មករយើងក៏អត់បានគិតថារឿងបញ្ហាកូវីដ១៩នេះគឺជាបញ្ហាដែលកើតមានឡើងទេ ហើយនៅពេលដែលបញ្ហានេះវាកើតមានឡើងទៀត ខ្ញុំគិតថា បញ្ហាវាផ្ទួនៗ»។
ក្រោយគណៈកម្មការអឺរ៉ុប បានរកឃើញថា មានករណីរំលោភបំពានធ្ងន់ធ្ងរជាប្រព័ន្ធទៅលើសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិការងារ ខណៈមានការកែលម្អតិចតួចខាងសិទ្ធិដីធ្លី ឬសិទ្ធិសង្គម សេដ្ឋកិច្ច និងវប្បធម៌ គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%ពីកម្ពុជា កាលពីថ្ងៃទី១២ កុម្ភៈ។ ការសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ ត្រូវសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប យល់ស្របដោយគ្មានការជំទាស់អ្វីឡើយ ហើយសហភាពអឺរ៉ុបបានទុកពេលឲ្យកម្ពុជា ៦ខែ ដើម្បីកែលម្អបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដោយនៅតែបើកផ្លូវឲ្យមានការពិគ្រោះយោបល់ និងការចរចាដដែល។
ក៏ប៉ុន្តែ ផ្ទុយទៅវិញ អាជ្ញាធរកម្ពុជា រឹតតែធ្វើផ្គើនទៅនឹងការសម្រេចនេះដោយបានបង្កើនយុទ្ធនាការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំ និងការបន្តចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង និងសំឡេងរិះគន់នានាជាបន្តបន្ទាប់។
អ្នកវិភាគគោលនយោបាយ បណ្ឌិត អៀ សុផល ថា គណៈកម្មការអឺរ៉ុប មិនបានបង្អង់ដៃចំពោះការអនុវត្តការគិតពន្ធពីកម្ពុជានេះឡើយ ខណៈរបបក្រុងភ្នំពេញបានងាកទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTAជាមួយប្រទេសចិន ដែលគ្រោងធ្វើចំថ្ងៃទី១២ សីហានេះដែរ។ លោកថា ការធ្វើដូច្នេះ របបក្រុងភ្នំពេញចង់បង្ហាញថា ខ្លួនពុំមានជម្រើសអ្វី ក្រៅតែពីការងាកទៅរកប្រទេសចិន ហើយបង្កើនយុទ្ធនាការចាប់ខ្លួនក្រុមអ្នកប្រឆាំង។ លោកព្រមានថា ស្ថានភាពកាន់តែអាក្រក់នេះ អាចនឹងបង្ខំសហភាពអឺរ៉ុបឲ្យឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ទាំងស្រុងតែម្តងនាពេលអនាគត។
ការមិនព្រមងាកមកស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនេះ ត្រូវអ្នកវិភាគនយោបាយ លោក គឹម សុខ ពន្យល់ថា គឺដោយសារតែលោក ហ៊ុន សែន ខ្លាចប៉ះពាល់ដល់ការរក្សាអំណាចរបស់លោក និងផែនការយូរអង្វែងនៃការផ្ទេរអំណាចតពូជពង្សវង្សត្រកូលរបស់លោក៖ «ទោះបីជា EBA នេះ ត្រូវអឺរ៉ុបដក ១០០% ក៏គាត់មិនងាកក្រោយដែរ ពីព្រោះមិនមែនគាត់ធ្វើដើម្បីរក្សាអធិបតេយ្យជាតិកម្ពុជាទេ គាត់ខ្លាចខូចផែនការអំណាចរបស់គាត់ ហើយអ្វីដែលជាលក្ខខណ្ឌរបស់អឺរ៉ុប មិនមែនធ្វើខូចអធិបតេយ្យជាតិកម្ពុជាទេ អឺរ៉ុបគ្រាន់តែចង់ឲ្យកម្ពុជាគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួនហ្នុង មិនមែនបញ្ជាឲ្យកម្ពុជាធ្វើតាមនៅអ្វីដែលជាប្រយោជន៍របស់អឺរ៉ុប។ យើងមើល EBA ប្រយោជន៍កម្ពុជាសុទ្ធសាធ»។
ឆ្លើយតបនឹងសំណួរថាតើគណៈកម្មការអឺរ៉ុប អាចនឹងឈានទៅពិចារណាដកហូតទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធEBA នេះពីកម្ពុជាដែរឬទេ ប្រសិនបើអាជ្ញាធរកម្ពុជានៅតែបរាជ័យក្នុងការស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយបែរជាបង្កើនយុទ្ធនាការចាប់ខ្លួនក្រុមអ្នករិះគន់ និងបន្តរឹតត្បិតសិទ្ធិសេរីភាពកាន់តែខ្លាំងទៅវិញនោះ ប្រភពពីគណៈកម្មការអឺរ៉ុបបញ្ជាក់ថា គណៈកម្មការអឺរ៉ុប នឹងបន្តដំណើរការពិគ្រោះយោបល់ប្រកបដោយការកែលម្អជាមួយអាជ្ញាធរកម្ពុជាបន្តទៅទៀត ហើយថា ខ្លួននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការវិវត្តន៍នៃស្ថានភាពគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជាតទៅទៀត។
EU EBA Photo: RFA
ការសម្រេចដកដោយផ្នែកទៅលើមុខទំនិញនាំចេញរបស់កម្ពុជាប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ទៅកាន់ទីផ្សារអឺរ៉ុបនេះមានន័យថា ជាការតម្រូវឱ្យកម្ពុជាបង់ពន្ធលើមុខទំនិញនាំចេញដែលមានតម្លៃប្រមាណជាង ១ប៊ីលានដុល្លារអាមេរិក ឬជាង១ពាន់លានដុល្លារអាមេរិក (១ប៊ីលានអឺរ៉ូ) ក្នុងចំណោមតម្លៃសរុបដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបជាង ៥,៧ ប៊ីលានដុល្លារ ឬជាង ៥,៧ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ មុខទំនិញដែលកម្ពុជាត្រូវបង់ពន្ធនោះ រួមមាន ផលិតផលសំលៀកបំពាក់ និងស្បែកជើងមួយចំនួន ផលិតផលធ្វើដំណើរទាំងអស់ និងផលិតផលស្ករស ខណៈផលិតផលដទៃទៀតក្រៅពីនេះ ដូចជាកង់ជាដើម មិនទទួលរងការបង់ពន្ធនោះទេ។
កម្ពុជាអាចនឹងត្រូវខាតបង់ទឹកប្រាក់រវាងពី ១២០ ទៅ ២០០ លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែការតម្រូវឱ្យបង់ពន្ធលើមុខទំនិញនាំចេញ ២០% ទៅកាន់ទីផ្សារអឺរ៉ុបនេះ។ លក្ខខណ្ឌសំខាន់ៗចំនួនបី ដែលគណៈកម្មការអឺរ៉ុបនៅតែចង់ឃើញកម្ពុជាកែប្រែស្ថានភាពនោះ គឺទីមួយ បើកលំហនយោបាយក្នុងប្រទេសឡើងវិញ និងទីពីរ បង្កើតឱ្យមាននូវលក្ខខណ្ឌចាំបាច់នានាសម្រាប់ការបង្កើតឱ្យមានឡើងវិញនូវគណបក្សជំទាស់តាមបែបប្រជាធិបតេយ្យមិនក្លែងក្លាយ ដែលអាចជឿទុកចិត្តបាន។ លក្ខខណ្ឌចុងក្រោយ គឺផ្ដួចផ្ដើមឱ្យមានដំណើរការប្រជាធិបតេយ្យនៃការផ្សះផ្សាជាតិតាមរយៈកិច្ចសន្ទនានយោបាយពិតប្រាកដ និងដែលមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ចំណាត់ការទាំងនេះ គណៈកម្មការអឺរ៉ុប គូសបញ្ជាក់ថា អាចរួមមានដូចជាការផ្តល់នីតិសម្បទាសិទ្ធិនយោបាយដល់សមាជិកគណបក្សប្រឆាំង និងការលុបចោល ឬកែប្រែច្បាប់មួយចំនួន ជាពិសេសគឺច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាដើម។ ក៏ប៉ុន្តែ គណៈកម្មការអឺរ៉ុប មិនបានលើកឡើងពីការតម្រូវឱ្យកម្ពុជា ត្រូវតែរៀបចំការបោះឆ្នោតឡើងវិញនៅមុនអាណត្តិនោះឡើយ៕
1 comment:
Ah Kwak Hun Sen needs to eat both NO EBA and hammer before he get constipation and ask for help.
This asshole Hun Sen is exceptionally cheap.
Post a Comment