Saturday, 5 September 2020

បទសម្ភាសន៍​ជាមួយ​លោក​ ប្រ៊ែ​ដ​ ​អា​ដាម​ ​ជុំវិញ​ការ​ស្លាប់​របស់​ ឌុ​ច​ ​និង​កេរ​ដំ​ណែ​ល​សាលាក្ដី​ខ្មែរ​ក្រហម


ដោយ មួង ណារ៉េត
2020-09-04
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
RFA



មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ចាត់​ទុក​អតីត​មេ​គុក​ទួល​ស្លែង​លោក​ ​កាំ​ង​ ហ្កេ​ក​អ៊ា​វ​ ​ហៅ​ ឌុ​ច​ ​ថា​ជា​កម្មាភិបាល​ខ្មែរក្រហម​លើកដំបូង​ ​ដែល​ហ៊ាន​សារភាព​ប្រាប់​អំពី​តួនាទី​របស់​ខ្លួន​។​ ​ប៉ុន្តែ​ ​ម​ន្រ្តី​រូប​នេះ​ ​នៅតែ​ចាត់ទុកថា​ ​សាលាក្តី​ខ្មែរក្រហម​មិន​អាច​​​រក​យុត្តិធម៌​ ​ជូន​អ្នករងគ្រោះ​នៃ​របប​ខ្មែរក្រហម​បានទេ​ ​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​ ​ដឹកនាំ​ដោយ​អតីត​កម្មាភិបាល​ខ្មែរក្រហម​។​

សូម​លោកអ្នក​នាង​ ​ស្តាប់​បទសម្ភាសន៍​របស់​ខ្ញុំបាទ​ ​ជាមួយ​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ ​យូ​មែន​ ​រ៉ៃ​ត៍ ​វ៉​ច្ឆ (​Human Right​s ​Watch​) ​លោក​ ប្រ៊ែ​ដ​ ​អា​ដាម​ (Br​a​d​ ​A​dam​s) ​ជុំវិញ​រឿង​នេះ​ ​ដូចតទៅ​៖

​លោក​ ​មួង​ ​ណា​រ៉េត​៖​ ​មេ​គុក​ទួល​ស្លែង​ ​បាន​ស្លាប់​ទៅ​ហើយ​។​ ​តើ​លោក​នៅចាំ​ចាំ​អ្វីខ្លះ​ ​អំពី​អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ

​លោក​ ប៊្រែ​ដ​ ​អា​ដាម​៖​ ឌុ​ច​ជា​មនុស្ស​តែម្នាក់​គត់​ ​ដែល​សុខចិត្ត​សារភាព​អំពី​តួនាទី​របស់​គាត់​ ​ក្នុង​របប​ខ្មែរក្រហម​។​ ​ជា​ការពិត​ណាស់​ ​គាត់​គឺជា​មេ​ពេជ្ឈឃាដ​មួយ​រូប​នៅ​គុក​ទួល​ស្លែង​។​ ​មើលទៅ​គាត់​ ​ដូចជា​បង្ហាញ​ភាព​ស្មោះត្រង់​ច្រើន​ដែរ​ ​អំពី​ការទទួលខុសត្រូវ​របស់​គាត់​ ​និង​អំពី​ការ​សម្លាប់​មនុស្ស​នៅ​គុក​ទួល​ស្លែង​។​ ​តែ​យ៉ាងណា​ ​គាត់​នៅតែ​មិនបាន​បង្ហាញ​ឲ្យអស់​ ​នូវ​រឿងរ៉ាវ​ពិត​ដែល​យើង​ចង់​ដឹង​ ​នោះ​គឺ​តួនាទី​របស់​លោក​ ​នួន​ ​ជា​ ​និង​ ប៉ុ​ល​ ​ព​ត​។​ ​គុក​ទួល​ស្លែង​ ​ឬ​មន្ទីរ​ស​-​២​១​ ​រាយការណ៍​ផ្ទាល់​ទៅ​ ​នួន​ ​ជា​។​ ​ប៉ុន្តែ​ ​យើង​មិន​លឺ​ ឌុ​ច​ ​សារភាព​អំពី​ទំនាក់ទំនង​រវាង​ ​នួន​ ​ជា​ ​និង​គុក​នេះ​ទេ​ ​ទោះ​ ​នួន​ ​ជា​ ​មាន​តួនាទី​បញ្ជា​ផ្ទាល់​ទៅ​គុក​នេះ​ក៏ដោយ​។​ ​តាមពិត​ ​នួន​ ​ជា​ ​ត្រូវ​ចាប់​ឲ្យ​ទទួលខុសត្រូវ​ ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​កើតមាន​នៅ​គុក​ទួល​ស្លែង​នេះ​ដែរ​។​ ប៉ុ​ល​ ​ពល​ ​ក៏​ដូច្នេះ​ដែរ​ ​ព្រោះ​ ប៉ុ​ល​ ​ព​ត​ ​ជា​មេ​របស់​ ​នួន​ ​ជា​។


លោក មួង ណារ៉េត​៖​ ​តើ​ការ​សុខចិត្ត​សារភាព​ ​និង​សហ​ការបាន​ល្អជា​មួយ​សាលាក្តី​ខ្មែរក្រហម​ ​បង្ហាញ​ថា​គាត់​ជា​មនុស្ស​ស្មោះត្រង់​ ​ចង់បាន​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែរ​ទេ​?

​លោក​ ប្រ៊ែដ អាដាម៖​ ​តាមពិត​ ​មានការ​យល់​ច្រឡំ​ធំ​ណាស់​ ​អំពី​បុគ្គល​ ឌុ​ច​ ​នេះ​។​ ​ដំបូង​ឡើយ​ ឌុ​ច​ ​គាត់​បាន​សារភាព​ប្រាប់​អ្នកថតរូប​សម្រាប់​សារ​ព័ត៌មាន​ម្នាក់​ ​គឺ​លោក​ ​នី​ក​ ​ដា​ន់​ឡប់​ (N​i​c ​Dun​lop​) ​និង​ក្រោយមក​គាត់​សារភាព​ប្រាប់​ម​ន្រ្តី​អង្គការសហប្រជាជាតិ​លោក​ គ្រីស្តូហ្វ ប៉េស្ស៊ូ (​Christ​o​p​h​e​ ​P​e​sc​h​oux)​។​ ​ដោយសារតែ​គាត់​សារភាព​ប្រាប់​គេឯង​ជា​សាធារណៈ​ ​អំពី​តួនាទី​គាត់​ ​កាល​ពីសម័យ​ខ្មែរក្រហម​ហ្នឹងហើយ​ ​ទើប​រដ្ឋាភិបាល​កម្ពុជា​ ​ចាប់ផ្តើម​ចាប់ខ្លួន​គាត់​នោះ​។​ ​មែនទែន​ទៅ​ ​រដ្ឋាភិបាល​កម្ពុជា​ ​មិនដែល​ចាប់អារម្មណ៍​ ​រឿង​កាត់ទោស​ពួក​ខ្មែរក្រហម​នោះ​ទេ​។​ ​យើង​ដឹង​ហើយ​ ​គណបក្សប្រជាជន​កម្ពុជា​ ​ត្រួតត្រា​កម្ពុជា​តាំង​ពីក្រោយ​វៀតណាម​ឈ្លានពាន​ទឹកដី​ខ្មែរ​ ​និង​បណ្ដេញ​ខ្មែរក្រហម​ចេញ​តាំងពី​ឆ្នាំ​ ​១​៩​៧​៩​ ​នោះ​ ​មក​ម្ល៉េះ​។​ ​រដ្ឋាភិបាល​នេះ​ ​ពូកែ​តែមាត់​ ​ខាង​និយាយ​ថា​ពួក​ខ្មែរក្រហម​ជា​មនុស្ស​អាក្រក់​ ​ថា​ខ្មែរក្រហម​ជា​សត្រូវ​ពលរដ្ឋ​ ​។​ល​។​ ​ប៉ុន្តែ​ ​ពួកគេ​មិនដែល​ ​ចាត់វិធានការ​ណាមួយ​ ​ដើម្បី​ផ្តន្ទាទោស​អ្នក​ទាំងនោះ​ ​នោះ​ទេ​។

លោក មួង ណារ៉េត​៖​ ​ហេតុអ្វីបានជា​គណបក្សប្រជាជន​កម្ពុជា​ ​មិន​ចង់​នាំ​ខ្លួន​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ​យកទៅ​កាត់ទោស​?

​ប្រ៊ែដ អាដាម​៖​ ​មូលហេតុ​ ​គឺ​មកពី​ម​ន្រ្តី​សមាជិក​ជាច្រើន​ ​របស់​គណបក្សប្រជាជន​កម្ពុជា​ ​សុទ្ធតែ​ជា​កម្មាភិបាល​ខ្មែរក្រហម​ ​រួម​ទាំង​លោក​ ​ហ៊ុន​ ​សែន​ ​លោក​ ប៉ុ​ល​ ​សារឿន​ ​និង​អ្នកឯទៀត​រាប់​ឈ្មោះ​មិន​អស់​ទេ​ ​គឺ​សុទ្ធតែ​ជា​មនុស្ស​ក្នុង​ជួរ​គណបក្សប្រជាជន​កម្ពុជា​ទាំងអស់​។​

​លោក មួង ណារ៉េត​៖​ ​ប៉ុន្តែ​ ​នៅទីបំផុត​សាលាក្តី​ខ្មែរក្រហម​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​នាំ​ខ្លួន​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​មួយ​ចំនួន​ ​មក​ផ្តន្ទាទោស​។​ ​តើ​លោក​យល់ថា​ ​ហេតុអ្វីបានជា​រឿង​នេះ​ ​អាច​កើតឡើង​ទៅរួច​?

​លោក ប្រ៊ែដ អាដាម៖​ ​សាល​ក្តី​ខ្មែរក្រហម​នេះ​ ​ទើប​តែ​បង្កើត​ឡើង​ ​ក្រោយ​ការចរចា​រាប់​ឆ្នាំ​ ​រវាង​រដ្ឋាភិបាល​កម្ពុជា​ ​និង​អង្គការសហប្រជាជាតិ​។​ ​កាល​សំណើ​សុំ​ឲ្យ​មាន​សាលាក្តី​នេះ​ដំបូង​ ​ខ្ញុំ​នៅ​ធ្វើការ​ជាមួយ​អង្គការសហប្រជាជាតិ​។​ ​ខ្ញុំ​បាន​ចូលរួម​ដែរ​ ​តែ​ដោយប្រយោល​ពេល​នោះ​។​ ​សំណើ​កាលពី​ឆ្នាំ​ ​១​៩​៩​៧​ ​នោះ​ ​គឺ​ចង់ឲ្យ​បង្កើត​សាលាក្តី​ ​ឲ្យ​ដូច​នៅ​អតីត​ប្រទេស​យូ​ហ្គោ​ស្លា​វី​ ​និង​រ៉ូ​វ៉ាន់​ដា​។​ ​កាលណោះ​លោក​ ​ហ៊ុន​ ​សែន​ ​និង​ទ្រង់​នរោត្តម​ ​រណឫទ្ធិ​ ​ស៊ី​ញ៉េ​លើ​សំណើ​នោះ​។​ ​ប៉ុន្តែ​ ​មួយ​ឆ្នាំក្រោយ​មក​ ​ស្រាប់តែ​ពួក​ខ្មែរក្រហម​បរាជ័យ​លើ​សមរភូមិ​។​ ​ពេល​នោះ​ស្រាប់តែ​លោក​ ​ហ៊ុន​ ​សែន​ ​អញ្ជើញ​លោក​ ​នួន​ ​ជា​ ​និង​ ​ខៀវ​ ​សំ​ផន​ ​ឲ្យ​ទៅផ្ទះ​គាត់​ ​នៅ​ចុង​ឆ្នាំ​ ​១​៩​៩​៨​ ​ដើម្បី​ជល់​កែវ​ស្រា​សំ​ប៉ា​ញ​ជុំគ្នា​។​ ​ពេល​នោះ​លោក​ ​ហ៊ុន​ ​សែន​ ​ថា​យើង​គួរ​នាំគ្នា​កប់​អតីតកាល​នេះ​ ​ចោល​ទៅ​។​ ​រឿង​នេះឯង​ហើយ​ ​ដែល​មនុស្ស​មួយ​ចំនួន​ធំ​ ​ហាក់ដូចជា​ភ្លេច​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ប៉ុនប៉ង​កេង​ចំណេញ​ ​និង​យក​បុង​ពី​រឿង​កាត់ក្តី​នៅ​សាលាក្តី​ខ្មែ​ក្រហម​។​ ​តែ​តាមការពិត​លោក​ ​ហ៊ុន​ ​សែន​ ​ខ្លួនឯង​ ​មិនដែល​ចង់​កាត់ទោស​អតីត​កម្មាភិបាល​ខ្មែរក្រហម​ទាំងនោះ​ទេ​។

​លោក​ មួង ណារ៉េត​៖​ ​បើ​គាត់​មិន​ចង់ឲ្យ​មានការ​កាត់ទោស​ពួក​មេ​ខ្មែរក្រហម​ទាំងនោះ​ទេ​ ​ចុះ​កត្តា​អ្វី​ ​ដែល​នាំឲ្យ​គាត់​ ​អនុញ្ញាត​ឲ្យ​គេ​ចាប់ខ្លួន​មេដឹកនាំ​ក្រហម​សំខាន់​ៗ​ ​បាន​ចំនួន​ដែរ​?

​លោក ប្រ៊ែដ អាដាម​៖​ ​តាមពិត​ការ​ចាប់ខ្លួន​មេដឹកនាំ​ខ្មែរក្រហម​មួយ​ចំនួន​នោះ​ ​មកពី​សម្ពាធ​យ៉ាង​សម្បើម​ពី​សហគមន៍​អន្តរជាតិ​នោះ​ឯង​។​ ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុងស្រុក​ ​ក៏​មិន​សប្បាយចិត្ត​នឹង​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ថាឲ្យ​បំភ្លេច​អតីតកាល​ចោល​នោះ​ដែរ​។​ ​ដូច្នេះ​ ​ដោយសារតែ​ហេតុផល​ចំណេញ​នយោបាយ​ ​ទើប​គាត់​ឲ្យ​គេ​ចាប់ខ្លួន​មេដឹកនាំ​ខ្មែរក្រហម​ខ្លះ​។​ ​ប៉ុន្តែ​ ​គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ​ដោយ​ប្រាប់​ទៅ​លោក​ ​សុខ​ ​អាន​កាលណោះ​ ​និង​ប្រាប់​ទៅ​អង្គការសហប្រជាជាតិ​ ​ថា​គាត់​មិន​ឲ្យ​កាត់ទោស​មេ​ខ្មែរក្រហម​ណា​ផ្សេងទៀត​ ​ក្រៅពី​មនុស្ស​ល្បី​ៗ​ប៉ុន្មាន​នាក់​ ​មាន​តា​ម៉ុ​ក​ ​ខៀវ​ ​សំ​ផន​ ​នួន​ ​ជា​ ​អៀង​ ​សារី​ ​នោះ​ទេ​។​

​​​លោក​ មួង ណារ៉េត៖​ ​ចុះបើ​គ្រាន់តែ​កាត់ទោស​តែ​មនុស្ស​ប៉ុន្មាន​នាក់​នេះ​ ​វា​ប៉ះពាល់​អ្វីខ្លះ​ ​ដល់​ដំណើរ​ការស្វែងរក​ការពិត​ ​យុត្តិធម៌​ ​និង​ស្មារតី​ដើម​របស់​សាលាក្តី​ខ្មែរក្រហម​នេះ​?

​លោក ប្រ៊ែដ អាដាម៖​ ​ការ​ធ្វើ​ដូច្នេះ​ ​គឺ​ក្បត់​នឹង​ស្មារតី​នៃ​ការ​ចង់បាន​យុត្តិធម៌​។​ ​មាន​មនុស្សរាប់ពាន់​នាក់​ ​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរក្រហម​។​ ​ក្នុងករណីនៃ​បទឧក្រិដ្ឋ​នីមួយៗ​ ​មាន​ជនរងគ្រោះ​ស្លាប់​រាប់​រយ​នាក់​ ​រហូតដល់​រាប់ពាន់​នាក់​ឯណោះ​។​ ​តាមពិត​ជួរ​ដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​ ​មិនមែន​ជា​អ្នក​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់ដៃ​ទេ​។​ ​កម្មាភិបាល​របស់​ពួកគាត់​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​យោធា​ខ្មែរក្រហម​នោះ​ឯង​ ​ដូចជា​ភូមិភាគបូព៌ា​ជាដើម​ ​ដែល​ចូលដៃ​ក្នុង​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នោះ​។​ ​ជាពិសេស​ ​គឺ​នៅពេលដែល​ ប៉ុ​ល​ ​ពល​ ​ចាប់ផ្តើម​សង្ស័យ​ខ្លាំង​ ​លើ​ពួក​បរទេស​ ​ដែល​អាច​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​របប​នោះ​ ​ទើប​ការ​បោស​ស​ម្អា​ត​ផ្ទៃក្នុង​បក្ស​ ​ចាប់ផ្តើម​ផ្ទុះឡើង​។​

​​​លោក​ មួង ណារ៉េត​៖​ ​លោក​ ​ហ៊ុន​ ​សែន​ ​ដូចជា​ទ​ម្ទេ​ញ​រត់មាត់​ ​នឹង​ឃ្លា​ថា​ ​ត្រូវការ​សន្តិភាព​។​ ​លោក​អួតអាង​ថា​ ​មាន​សន្តិភាព​ ​គឺ​មាន​អ្វីៗ​គ្រប់យ៉ាង​។​ ​តើ​នេះ​អាច​ជា​អ្វី​ដែល​របប​ក្រុងភ្នំពេញ​បន្ត​ធ្វើ​ ​ដើម្បី​រក្សា​សន្តិភាព​ ​ដោយ​មិន​ខ្វល់​ពី​យុត្តិធម៌​ ​ដែរ​ទេ​?

​លោក ប្រ៊ែដ អាដាម៖​ ​បើ​តាម​ការស្ទង់មតិ​របស់​អង្គការសង្គម​ស៊ីវិល​ ​ទៅលើ​មតិ​សាធារណជន​ទូទៅ​ ​ក្នុង​រឿង​នេះ​ ​គេ​រក​ឃើញ​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ ​ចង់បាន​សន្តិភាព​ផង​ ​និង​យុត្តិធម៌​ផង​ ​គឺ​ចង់បាន​ទាំងពីរ​។​ ​ដូច្នេះ​ ​ក្នុង​ដំណើរការ​កាត់ក្តី​នៅ​សាលាក្តី​ខ្មែរក្រហម​កន្លងមក​ ​ទោះ​មាន​កាត់ទោស​ឲ្យ​អ្នកខ្លះ​ជាប់គុក​អស់មួយជីវិត​ក្តី​ ​កុំ​ស្មានថា​មាន​យុត្តិធម៌​ឯ​សោះ​។​ ​អត់មាន​យុត្តិធម៌​នេះ​ ​គឺ​ដោយសារតែ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​រារាំង​មិន​ឲ្យ​ចៅក្រម​ ​និង​ព្រះរាជអាជ្ញា​អន្តរជាតិ​ ​បំពេញកិច្ចការ​របស់​ខ្លួន​ដោយ​រលូន​ ​តាំងពី​ដើមទី​មក​ម្ល៉េះ​។​ ​ចុងក្រោយ​នេះ​ទៀត​ ​ពួកគេ​ព្យាយាម​ ​ធ្វើ​យ៉ាងណា​ ​មិន​ឲ្យ​បន្ត​សំណុំរឿង​លោក​ អោ ​អាន​ ​យឹម​ ​ទិត្យ​ ​មាស​ ​មុត​ ​និង​ ​អ៊ឹម​ ​ចែ​ម​។​ ​ខាង​ភាគ​អន្តរជាតិ​ ​ចង់ឲ្យ​កាត់ទោស​អ្នក​អស់នោះ​។​ ​តែ​គណបក្សប្រជាជន​កម្ពុជា​ជំទាស់​។​

​​​លោក​ មួង ណារ៉េត៖​ ​តើ​មូលហេតុ​​​អ្វី​ ​បានជា​ភាគី​អន្តរជាតិ​ ​យល់ថា​ ​ត្រូវតែ​ផ្តន្តា​ទោស​អតីត​កម្មាភិបាល​ខ្មែរក្រហម​បន្ថែម​?

​លោក ប្រ៊ែដ អាដាម៖​ ​ដឹង​ទេ​ ​ថា​នៅតាមភូមិ​ស្រុក​នៅ​កម្ពុជា​សព្វថ្ងៃនេះ​ ​មាន​មនុស្ស​ច្រើន​ណាស់​ ​ដែល​ធ្លាប់​មាន​បាតដៃ​ប្រឡាក់ឈាម​ ​កាល​របប​ខ្មែរក្រហម​។​ ​អ្នក​ទាំងនោះ​ ​សម្លាប់​សមាជិក​គ្រួសារ​អ្នកឯទៀត​ ​ដែល​រស់​ក្នុង​ភូមិ​ជាមួយគ្នា​។​ ​ឃាតករ​ទាំងនោះ​ ​កំពុងតែ​រស់នៅ​យ៉ាង​រំភើយ​ ​គ្មាន​ទោស​អ្វី​ទាំងអស់​។​ ​សាក​បិទភ្នែក​ស្រមៃ​ទៅ​មើល​ ​ថា​តើ​គ្រួសារ​ជនរងគ្រោះ​ ​ឈឺចាប់​ប៉ុនណា​ ​ដែល​រាល់ថ្ងៃ​ ​ដើរ​ឃើញ​មុខ​អ្នក​សម្លាប់​ឳពុក​ម្តាយ​ ​បងប្អូន​ ​ឬ​សាច់ញាតិ​របស់​ខ្លួន​បែប​នេះ​។​ ​តើ​ពួកគាត់​ឈឺចាប់​ប៉ុនណា​ ​ដែល​រយៈពេល​ជាង​ ​៤​០​ ​ឆ្នាំទៅ​ហើយ​ ​ឃាតករ​ទាំងនោះ​ ​រស់នៅ​យ៉ាង​សុខសាន្ត​ ​គ្មាន​ទោសពៃរ៍​អ្វី​ទាំងអស់​? ​ដូច្នេះ​ ​នេះ​មិនមែន​ជា​យុត្តិធម៌​ទេ​?

​​​លោក​ មួង ណារ៉េត​៖​ ​ចុះ​ឥឡូវ​ ​តើ​លោក​យល់ថា​ ​កម្ពុជា​ ​គួរ​ធ្វើ​យ៉ាងដូចម្តេច​ ​បាន​យុត្តិធម៌​ពិតប្រាកដ​?

​លោក ប្រ៊ែដ អាដាម​៖​ ​ខ្ញុំ​ថាបើ​កម្ពុជា​នៅតែ​មាន​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ​ដឹកនាំ​ដូច​សព្វថ្ងៃ​ ​គឺ​គ្មាន​ថ្ងៃ​នឹង​មាន​យុត្តិធម៌​ទេ​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​និង​អតីត​ពួក​ខ្មែរក្រហម​ឯទៀត​ ​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន​ ​គ្មាន​ឆន្ទៈ​ ​និង​ភាព​ស្មោះត្រង់​ ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ ​នៃ​របប​ខ្មែរក្រហម​នោះ​ទេ​។​ ​ជា​រួម​ ​គឺ​ទាល់តែ​អត់ពី​លោក​ ​ហ៊ុន​ ​សែន​ ​ហើយ​កុំ​មាន​ទាយាទ​ត្រកូល​ហ៊ុន​ ​ឬ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ឯទៀត​ ​ដឹកនាំ​ប្រទេស​បន្ត​ ​ទើប​អាច​មានឱកាស​ក្នុង​ការ​អង្គុយ​ជជែក​គ្នា​ត្រង់​ទៅត្រង់​មក​ ​បញ្ហា​រក​យុត្តិធម៌​ ​និង​ដោះស្រាយបញ្ហា​នៃ​ស្នាមរបួស​អតីតកាល​នៃ​របប​ខ្មែរក្រហម​នេះ​បាន​។​

​​​លោក​ មួង ណារ៉េត ​៖​សូម​អរគុណ​លោក​ ប្រ៊ែ​ដ​ ​អា​ដាម​។​
​លោក ប្រ៊ែដ អាដាម៖​ ​អគុណ​ច្រើន​លោក​ ​ណា​រ៉េត​!

No comments: