ដោយ មាន ឫទ្ធិ
2020-09-03
អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ក្នុងរបបខ្មែរក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើជាសាក្សីនៅក្នុងសំណុំរឿង០០២ វគ្គ២ ទាក់ទងនឹងអង្គហេតុឧក្រិដ្ឋកម្មនៅមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។ Photo courtesy of ECCC
Photo courtesy of ECCC
ការស្លាប់របស់អតីតកម្មាភិបាលខ្មែរក្រហម និងជាមេពេជ្ឈឃាដ លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច មិនបានធ្វើឲ្យកាសែតអន្តរជាតិល្បីៗមើលរំលងនោះទេ។ ដំណឹងនៃការស្លាប់របស់លោក ត្រូវកាសែតទាំងនោះយកទៅចុះផ្សាយព្រោងព្រាត ដោយផ្តោតជាពិសេសទៅលើប្រវត្តិរឿងរ៉ាវប្រព្រឹត្តិអំពើឧក្រិដ្ឋដែល ឌុច បានប្រព្រឹត្តិក្នុងពេលមានអំណាច ព្រមទាំងដំណើរការកាត់ទោសលោក នៅសាលាក្តីខ្មែរក្រហម។ តើកាសែតអន្តរជាតិទាំងនោះ ចុះផ្សាយ និងកត់សម្គាល់យ៉ាងដូចម្ដេចខ្លះ អំពីការស្លាប់របស់សមមិត្ត ឌុច នេះ?
ការស្លាប់របស់ ឌុច ត្រូវកាសែតអន្តរជាតិធំៗនៅលើពិភពលោកចាប់អារម្មណ៍ និងយកទៅចុះផ្សាយភ្លាមៗ ជាបន្តបន្ទាប់។ កាសែតដែលចុះផ្សាយទាំងនោះរួមមាន កាសែតដ៏ល្បីល្បាញរបស់អាមេរិកឈ្មោះ ឌឹ ញ៉ូវយ៉ក ថាមស៍ (The New York Times) សរសេរដាក់ចំណងជើងថា «ឌុច អតីតមេគុកដែលបានចូលរួមសម្លាប់រង្គាលឲ្យខ្មែរក្រហមស្លាប់ក្នុងវ័យ៧៧ឆ្នាំ»។ កាសែតនេះបានស្រង់សម្តីរបស់ ឌុច ក្នុងពេលកាត់ក្តីថា លោកចាត់ទុកទង្វើក្នុងសម័យខ្មែរក្រហមថា ជាទង្វើ «ពាលស៊ីពាល»។ កាសែតសរសេរថា យ៉ាងហោចណាស់មានមនុស្សចំនួន ១ម៉ឺន៤ពាន់នាក់បានស្លាប់នៅគុកទួលស្លែង ក្នុងពេលដែល ឌុច ធ្វើជាមេគុក ក្រោយពេលដែលមនុស្សទាំងនោះ ត្រូវបានគេយកទៅឃុំឃាំងនៅទីនោះ ហើយដែលពួកគេភាគច្រើនត្រូវបានគេយកទៅសម្លាប់នៅវាលពិឃាដក្រោយពីបានធ្វើទារុណកម្ម និងបង្ខំឲ្យសារភាពនូវទោសកំហុសដែលពួកគេមិនបានប្រព្រឹត្តិរួច។ កាសែតបន្តស្រង់សម្តី ឌុច ក្នុងពេលសវនាការដែលលោកបាននិយាយថា លោកមិនដែលជឿទាល់តែសោះថា ចម្លើយសារភាពដែលលោកទទួលបានក្នុងពេលដែលលោកធ្វើជាមេគុកទួលស្លែង ជាចម្លើយពិតនោះ។ លោកថា មានចម្លើយសារភាពប្រមាណតែ ២០ភាគរយ ប៉ុណ្ណោះ នៃមនុស្សដែលត្រូវបានធ្វើទារុណកម្មរួច ជាចម្លើយពិត។ ឌុច បានសារភាពថា មនុស្សទាំងនោះ ត្រូវបានចាប់ខ្លួនដោយខុសច្បាប់ ហើយលោកចាត់ទុកទង្វើនេះថា ជាករណី «ពាលស៊ីពាល»។
អ្នកកាសែតថតយករូបភាព កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ពីទូរទស្សន៍នៅសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃ២៩ មេសា ២០០៩។ RFA Photo/Leng Maly
កាសែត ឌឹ ញ៉ូវយ៉ក ថាមស៍ ដដែល បានបន្តស្រង់សម្តី ឌុច នៅពេលកាត់ក្តី ដែលលោកថា នៅពេលដែលលោកនៅជាកុមារភាពក្នុងវ័យសិក្សានៅឡើយ លោកតែងស្រមៃចង់ក្លាយជាក្មេងប្រុសដ៏មានវិន័យល្អម្នាក់ ចេះស្តាប់បង្គាប់ និងគោរពគ្រូបង្រៀន និងធ្វើតែអំពើល្អ។ ការស្តាប់បង្គាប់នេះហើយ បានធ្វើឲ្យ ឌុច ក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពរបស់មេដឹកនាំខ្មែរក្រហម។ កាសែតក៏បានស្រង់ប្រសាសន៍របស់អ្នកជំនាញផ្នែកចិត្តសាស្ត្ររបស់សាលាក្តីខ្មែរក្រហម ដែលនិយាយថា ឌុច គឺជាមនុស្សម្នាក់ដែលហ្មត់ចត់ និងផ្ចិតផ្ចង់ខ្លាំង ជាមនុស្សមានមនសិការ អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានយ៉ាងល្អ យកចិត្តទុកដាក់ខ្ពស់ និងព្យាយាមទទួលបានការទទួលស្គាល់ពីថ្នាក់លើរបស់លោក។
ទន្ទឹមគ្នានេះ កាសែត ឌឹ ញ៉ូវយ៉ក ថាមស៍ បានស្រង់ប្រសាសន៍លោក អាឡិចហ្សែនឌឺ ហ៊ីនថុន (Alexander Laban Hinton) អ្នកនិពន្ធសៀវភៅ «មនុស្ស ឬក៏បិសាច?» ដែលលោកបានចោទជាសំណួរថា តើមនុស្សអាចក្លាយជាផ្នែកមួយនៃផែនការនៃគម្រោងសម្លាប់មនុស្សដោយរង្គាលបានដោយរបៀបណា? លោកបន្តថា វាជារឿងងាយស្រួលណាស់ក្នុងការចាត់ទុកមនុស្សថា មានបញ្ហាសតិអារម្មណ៍គួរឲ្យក្លាច ឬសាហាវព្រៃផ្សៃ។ ក៏ប៉ុន្តែ អ្នកត្រូវតែព្យាយាមរកដំណោះស្រាយតាមរយៈភាពជាមនុស្សរបស់ជនប្រភេទនោះ។
នៅមុនបញ្ចប់អត្ថបទ កាសែត ឌឹ ញ៉ូវយ៉ក ថាមស៍ បានស្រង់ប្រសាសន៍ប្រវត្តិវិទូអំពីកម្ពុជា លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) អ្នកនិពន្ធសៀវភៅ «សំឡេងពីគុក ស២១៖ ទារុណកម្ម និងប្រវត្តិគុកសម្ងាត់របស់ប៉ុលពត»។ លោក ដេវិឌ ឆាណ្ឌល័រ កត់សម្គាល់ថា ដោយមិនគិតពីបទឧក្រិដ្ឋដែល ឌុច បានប្រព្រឹត្តិ ឌុច គឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមចុងចម្លើយ៥នាក់ ដែលបានសារភាពទទួលស្គាល់កំហុសរបស់ខ្លួន។ លោកថា ឌុច គឺជាមនុស្សដែលបានគិតពីទោសកំហុសទាំងនេះ ហើយបានប្រឈមមុខនឹងបញ្ហានេះមួយចំនួន។ លោកថា ឌុច គឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានកាត់ទោស រីឯអ្នកដទៃផ្សេងទៀត សុទ្ធសឹងតែជាបិសាច។
រីឯកាសែត ឌឹ វ៉ាស៊ីនតុន ផុស្តិ៍ (The Washington Post) បានឧទ្ទិសទំព័រដំណឹងមរណភាពដោយផ្តោតលើរឿងរ៉ាវរបស់ ឌុច អមដោយរូបថតក្នុងពេលដែលលោកឈក្នុងរង្វង់ក្រចកសេសនៅពេលកាត់ក្តីនៅឯសាលាក្តីខ្មែរក្រហម។ កាសែតបានស្រង់សម្តី ឌុច សារភាពក្នុងពេលកាត់ក្តីថា លោកតែឯងម្នាក់គត់សូមទទួលខុសត្រូវចំពោះករណីសម្លាប់ជីវិតមនុស្សចំនួន ១២.៣៨០ នាក់។ ឌុច បន្តថា លោកនៅតែចង់សុំទោសជារៀងរហូតចំពោះព្រលឹងអ្នកដែលស្លាប់ទៅ។ កាសែតបន្តអត្ថបទរបស់ខ្លួន ដោយបានស្រង់សម្តី ឌុច ចេញពីខ្សែអាត់វីដេអូមួយ ដែលត្រូវតុលាការខ្មែរក្រហមយកមកចាក់ផ្សាយក្នុងពេលសវនាការ ដែលវីដេអូនោះបានថតសកម្មភាព ឌុច ត្រូវបានព្រះរាជអាជ្ញា នាំទៅមើលគុកទួលស្លែង កាលពីឆ្នាំ២០០៨ ក្នុងពេលដែលលោកកំពុងជាប់ឃុំមិនទាន់កាត់ទោសនៅឡើយ។ គឺពេលនោះហើយដែល ឌុច និយាយថា ក្នុងខ្លួនលោកពោរពេញដោយវិប្បដិសារី។ លោកថា ក្នុងនាមជាមេគុកស២១ លោកបានចូលរួមចំណែកក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ដោយឡែកភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេសសរសេរថា សម្រាប់អ្នកដែលនៅរស់រានពីរបបខ្មែរក្រហមដ៏ឃោរឃៅ ការស្លាប់របស់មេពេជ្ឈឃាដ និងមេសន្តិសុខ ដែលត្រូវគេស្គាល់ថា ជាសមមិត្ត ឌុច បាននាំមកនូវយុត្តិធម៌បន្តិចបន្តួចចំពោះការសោកសៅដ៏យូរលង់របស់ពួកគេ។ សារព័ត៌មាននេះ បានស្រង់ប្រសាសន៍លោក នង ចាន់ផល ដែលជាអ្នករស់រានមួយរូបពីគុកទួលស្លែង ថា លោកមានអារម្មណ៍ធូរស្រាលដែលលោកទទួលបានយុត្តិធម៌ខ្លះ។ រ៉យទ័រ បន្តដោយស្រង់ប្រសាសន៍លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបាននិយាយថា ការស្លាប់របស់ ឌុច នាំមកនូវយុត្តិធម៌ខ្លះដល់អ្នកដែលនៅរស់ និងថា ប្រហែលជាអ្នកដែលបានស្លាប់ទៅអាចស្ងប់ចិត្តបាន។
ត្រលប់ទៅមើលកាសែត ឌឹ ញ៉ូវយ៉ក ថាមស៍ វិញ កាសែតនេះបានសរសេរមុននឹងឈានទៅបិទបញ្ចប់អត្ថបទរបស់ខ្លួនអំពីការស្លាប់របស់ ឌុច ថា ឌុច ធ្លាប់បាននិយាយថា លោកមានកូន ៤នាក់ ក៏ប៉ុន្តែ គ្មាននរណាដឹងឮអំពីព័ត៌មាននៃកូនៗរបស់ ឌុច ទាំងនោះឡើយ។ រីឯ ប្រពន្ធរបស់លោកវិញ ត្រូវគេរាយការណ៍ថា បានស្លាប់ក្នុងអំពើប្លន់មួយ៕
1 comment:
Ah Douch will be one of the stars in hell besides Sihanouk and Ho Chi Minh.
Post a Comment