Khmer Circle:
Well, the last time Cambodian coast guards attempted to apprehend illegal Vietnamese fishermen in Cambodian water, they had been soundly beaten by the intruders and had to swim for their lives as well as needing to be hospitalised for their trouble! Angka Leu - i.e. Xamdaach - would have ordered the Cambodian coast guards to handle such issues "gently" or display leniency towards the offenders as indeed he has always done when faced with Vietnamese encroachment either on dry land or sea.
What sad contrast this is with the way the 'Strongman' habitually and callously mistreats his compatriots for even exercising their civil rights peacefully under the actual law and Constitution of their country. And still we are told Cambodia is "a sovereign state"?
🔺🔺🔺
ដោយ ហេង រស្មី
2020-08-30
ពលរដ្ឋអះអាងថា ទូកនេសាទវៀតណាមចូលក្នុងដែនសមុទ្រកម្ពុជា ដោយគ្មានការទប់ស្កាត់
RFA
ក្រុមអ្នកនេសាទខ្មែរអះអាងថា ទូកនេសាទវៀតណាមបានចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជាដោយខុសច្បាប់ ក្នុងខេត្តព្រះសីហនុ ដោយគ្មានការទប់ស្កាត់ពីក្រុមអាជ្ញាធរមានសមត្ថកិច្ច។អ្នកនេសាទព្រួយបារម្ភថា ធនធានក្នុងសមុទ្រ នឹងបាត់បង់ក្នុងពេលខាងមុខ ប្រសិនបើអាជ្ញាធរ នៅតែបណ្ដោយ ឲ្យជនបរទេសចូលមកនេសាទខុសច្បាប់ក្នុងទឹកដីប្រទេសកម្ពុជា។
អ្នកនេសាទនៅក្នុងក្រុងព្រះសីហនុ លោក អ៊ុក ណន ប្រាប់អាស៊ីសេរីថា ទូកនេសាទវៀតណាមទាំងតូច ទាំងធំ បានចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជា ទាំងយប់ទាំងថ្ងៃ ដោយគ្មានខ្លាចអាជ្ញាធរខ្មែរនោះទេ។
លោកបញ្ជាក់ថា ទូកនេសាទជនជាតិវៀតណាម បានមកចូលនេសាទក្នុងដែនសមុទ្រកម្ពុជានៅតំបន់កោះតាង កោះព្រីង និងកោះពូលូវ៉ៃ ចម្ងាយប្រមាណពី២០ ទៅ៣០ គីឡូម៉ែត្រ ក្នុងខេត្តព្រះសីហនុ៖ «ពីកោះពូល្វ៉ៃ មកដល់កោះព្រីង ប្រហែលជា៣០គីឡូម៉ែត្រ វាចូលមក ហើយនឹងពីកោះត្រល់មកដល់កោះព្រីង វាចូល ប្រហែលជា ២០ទៅ ៣០គីឡូម៉ែត្រទៀត វាឡើងមកម្តងៗ វាឡើងមកពីឆ្ងាយតែម្ដង»។
ទាក់ទិននឹងបញ្ហាទូកនេសាទរបស់ជនជាតិវៀតណាមនេះ ក្រុមអ្នកជំនាញដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងឈ្មោះថា ក្រុមអ្នកស្រាវជ្រាវនៃគម្រោងគំនិតផ្ដួចផ្ដើមអង្កេតលើស្ថានភាពយុទ្ធសាស្ត្រសមុទ្រចិនខាងត្បូង (SCSPI) នៃសាកលវិទ្យាល័យប៉េកាំង បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា «សកម្មភាពនេសាទខុសច្បាប់របស់នាវានេសាទវៀតណាមនៅតែខ្ពស់នៅក្នុងខែកក្កដា»។
របាយការណ៍ដែលបានចេញផ្សាយកាលពីដើមខែសីហា នេះឲ្យដឹងថា នៅអំឡុងខែកក្កដា ទូកនេសាទវៀតណាមចំនួន ១០០ គ្រឿងបានចូលនេសាទ នៅក្នុងដែន សមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ និងក្នុងឈូងសមុទ្រថៃ។ ទោះបីយ៉ាងណា ចំនួនទូកនេសាទជនជាតិវៀតណាមនេះបានធ្លាក់ចុះប្រមាណពី ៣០% គឺពីចំនួន ១៥៧ គ្រឿងកាលពីខែមិថុនា មិននៅត្រឹម ១០០គ្រឿង នៅក្នុងដើមខែសីហា។
ចំពោះការនេសាទរបស់ជនជាតិវៀតណាមនេះ ប្រធានសហគមន៍នេសាទត្រពាំងល្ពៅ ស្រុកទឹកឈូ ខេត្តកំពត លោក ទិត រីន ថ្លែងថា ជនជាតិវៀតណាមមិនត្រឹមតែមកនេសាទក្នុងដែនសមុទ្រខ្មែរទេ ថែមទាំងប្រើឧបករណ៍នេសាទ ខុសច្បាប់ថែមទៀតផង។
លោកបញ្ជាក់ថា ទូកនេសាទវៀតណាម បានប្រើប្រាស់ឧបករណ៍ទូកអូស ភ្លើង និងអូស គូរ ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ នៅក្នុងខេត្តកំពត និងខេត្តកែប។ លោកថា បើអាជ្ញាធរមិនទប់ស្កាត់ទេ ធនធានសមុទ្រ នឹងរលាយហិនហោចអស់៖ «និយាយរួម ការបាត់បង់ហ្នឹងវាគឺទី១ ផ្កាថ្ម ទីពីរខ្ចៅ សមុទ្រ ទី៣ ត្រីបង្គា ហ្នឹង។ បើប្រើឧបករណ៍ ហិនហោច អ៊ីចឹង អនាគតកូនចៅ យើងទៅមុខទៅមិនដឹងបានអ្វីស៊ីទេ។ បើសមុទ្រកាន់តែជ្រៅៗ ចង់អស់ដែន អស់ដីហើយហ្នឹង។ អនាគតទៅមិនដឹងជាទៅជាយ៉ាងម៉េចទេ ប្រទេសយើងនេះ»។
ទោះបីមានការលើកឡើងរបស់ពលរដ្ឋ និងរបាយការណ៍ស្ដីពីការនេសាទខុសច្បាប់ក៏ដោយ មេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ បានបដិសេធថា មិនមានទូកនេសាទចូលមកក្នុងដែនសមុទ្រកម្ពុជាទេ។លោកថាកាលពីដើមខែសីហា កន្លងទៅ មានទូកនេសាទ វៀតណាមចូលមកក្នុងដែនសមុទ្រថៃ តែត្រូវបានឆ្មាំសមុទ្រប្រទេសថៃ ឃាត់ចាប់។ ប៉ុន្តែសម្រាប់កម្ពុជាគ្មានទូកនេសាទវៀតណាមចូលមកនេសាទខុសច្បាប់ទេ៖ «ខាងកម្ពុជាអត់មានទេ»។
តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ លោក ម៉ី ឌីណា ឲ្យដឹងថា ជនជាតិវៀតណាមដែលបានចូលមកនេសាទនៅក្នុងខេត្តព្រះសីហនុ នោះគឺធ្វើឡើងនៅក្នុងដែនទឹកមួយកន្លែងជាតំបន់បង្កើតឡើងដោយវៀតណាមឆ្នាំ១៩៨២ មានន័យថា ភាគីកម្ពុជា និងវៀតណាមអាចចូលមកនេសាទនៅក្នុងតំបន់នេះបាន។ លោកថា តំបន់ដែលទូកនេសាទវៀតណាមចូលមកនេសាទនៅកម្ពុជាមានទីតាំងនៅខាងជើងកោះត្រល់ កោះសេះ និងកោះពូលូវ៉ៃ ដែលតំបន់នេះអនុញ្ញាត ឲ្យទូកនេសាទវៀតណាម ចូលមកនេសាទបាន៖ «ពី៥០ ទៅ១០០គ្រឿងនៅក្នុងដែនទឹកហ្នឹង វាមាន។ ប៉ុន្តែវាស្ថិតនៅក្នុងតំបន់ទឹក ប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀង អនុញ្ញាតឲ្យធ្វើអាជីវកម្មនេសាទ របស់ប្រជានេសាទទាំងសងខាង រុករកនៅក្នុងតំបន់ហ្នឹង។ ដោយឡែកតំបន់ផ្សេងទៀត ជាតំបន់អធិបតេយ្យរបស់ប្រទេសនីមួយៗ គឺមិនអាចទេ»។
អាស៊ីសេរីមិនអាចទាក់ទងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជាលោក វ៉ូ ហ្កាង ម៉ិញ (Vu Quang Minh) បានទេ នៅថ្ងៃទី២៧ សីហា នេះ។ ប៉ុន្តែលោកបានប្រាប់សារព័ត៌មានក្នុងស្រុកខ្មែរថែមស៍ (Khmer Time) ថា ទូកនេសាទមកពីប្រទេសវៀតណាម អាចឆ្លងចូលទឹកដី របស់កម្ពុជាដោយអចេតនា ដោយសារប្រទេសទាំងពីរមិនទាន់បានដោះស្រាយជាផ្លូវការ នូវតំបន់សមុទ្រត្រួតស៊ីគ្នានៅឡើយទេ។
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន និងអន្តោប្រវេសន៍គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអានមានប្រសាសន៍ថា ប្រទេសកម្ពុជារហូតមកដល់ពេលនេះ ការកំណត់ព្រំដែនទឹកជាមួយវៀតណាម មិនទាន់បានធ្វើនៅឡើយទេ ដោយសារតែរបបក្រុងភ្នំពេញត្រូវចរចា ដើម្បីបោះបង្គោលព្រំដែនគោកជាមួយប្រទេសវៀតណាម ឲ្យបាន១០០%ជាមុនសិន។
លោកបន្ថែមថា កន្លងមកនេះរបបក្រុងភ្នំពេញមិនបានប្រើប្រាស់សន្ធិសញ្ញា ដែលបានបន្សល់ពីបារាំងទេ គឺបានប្រើប្រាស់សន្ធិសញ្ញា ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ដែលត្រួតត្រា ដោយវៀតណាម ទើបវៀតណាមយកឱកាសនេះបញ្ជូនអ្នកនេសាទរបស់ខ្លួនចូលមកនេសាទដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា ជាពិសេសនៅក្នុងខេត្តកំពត កែប និងខេត្តព្រះសីហនុ៖ «តាមឯកសារ របស់លោក ស៊ាន ប៉េងសែ សន្ធិសញ្ញា ហ្នឹងបានធ្វើឲ្យបាត់បង់ដែនសមុទ្រខ្មែរ១០ពាន់គីឡូម៉ែត្រការ៉េ បូកនឹងកោះត្រល់ និងកោះក្រចកសេះផងដែរ។ សន្ធិសញ្ញាហ្នឹងបានដាក់តំបន់ទឹកប្រវត្តិសាស្ត្រ ហ្នឹងរួមជាមួយ វៀតណាមហ្នឹង១០ពាន់គីឡូម៉ែត្រការ៉េទៀត។ បានន័យថា ដាក់ដែនសមុទ្រកម្ពុជា ជាមួយវៀតណាមហ្នឹង បានន័យថា វៀតណាមនឹងកម្ពុជា អាចធ្វើនេសាទនៅកន្លែងហ្នឹងក៏បាន ធ្វើអាជីវកម្ម រ៉ែ នៅតំបន់ហ្នឹង ក៏បានរួមគ្នា»។
លោក អ៊ុំ សំអាន អះអាងទៀតថា ដោយយោងទៅលើសន្ធិសញ្ញា ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ នេះហើយទើបជនជាតិវៀតណាមបានចូលមកនេសាទ ដោយខុសច្បាប់ក្នុងដែនទឹកកម្ពុជា ដោយគ្មានខ្លាចញញើត អាជ្ញាធរខ្មែរ។តែទោះជាយ៉ាងណាលោក ស្នើ ឲ្យរបបក្រុងភ្នំពេញពន្លឿនការបោះបង្គោលព្រំដែនគោក អោយបានឆាប់ដើម្បីចាប់ផ្ដើមបោះបង្គោលព្រំដែនទឹកបន្តទៀត។អ្នកនេសាទខ្មែរ ព្រួយបារម្ភថា ធនធានក្នុងសមុទ្រ នឹងបាត់បង់ក្នុងពេលខាងមុខ ប្រសិនបើអាជ្ញាធរ នៅតែបណ្ដោយ ឲ្យជនបរទេសចូលមកនេសាទខុសច្បាប់ក្នុងទឹកដីប្រទេសកម្ពុជាតទៅទៀត៕
No comments:
Post a Comment