Thursday, 10 September 2020

តុលាការ​ខេត្ត​កំពត ផ្ដន្ទាទោស​​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​ឡើងវិញ​ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ


ដោយ ទីន ហ្សាការីយ៉ា
2020-09-09
នគរបាល​ចាប់​ក្រៀក​អ្នកស្រី ប៉ែន មុំ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​កណ្ដោល ស្រុក​ទឹក​ឈូ ខេត្ត​កំពត ចេញ​ពី​បន្ទប់​សវនាការ​សាលាដំបូង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២០។
នគរបាល​ចាប់​ក្រៀក​អ្នកស្រី ប៉ែន មុំ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​កណ្ដោល ស្រុក​ទឹក​ឈូ ខេត្ត​កំពត ចេញ​ពី​បន្ទប់​សវនាការ​សាលាដំបូង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ


 

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ព្រួយ​បារម្ភ​ពី​រលក​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ ជាថ្មី ឡើង​វិញ ក្រោយ​ពេល តុលាការ​ខេត្ត​កំពត សម្រេច​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង អ្នកស្រី ប៉ែន មុំ ឲ្យ​ជាប់​ពន្ធនាគារ​​​ឡើង​វិញ ចំនួន​៥​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ​ ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិ​និវត្តន៍​របស់​ លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។ ស្រប​ពេល អាជ្ញាធរ​កំពុង​បង្កើន​ការ​ចាប់​ចង​នោះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ ខ្មែរ​គួរ​តាំង​ចិត្ត ដាក់​កាយ និង​វាចា បង្កើន​ការ​ធ្វើ​អំពើ​ល្អ ជាមួយគ្នា ក្នុង​ការ​កសាង​កុសល​ ​តាម​វត្ត​អារាម​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​ ដោយ​ចៀសវាង ឬ​កាត់​បន្ថយ​ការ​ចង​ពៀរ​គ្នា ដែល​ជា​អំពើ​បាប។

ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក​ចៅ​ក្រម ម៉ែន វណ្ណៈ អម​ដោយ​ចៅក្រម​ប្រឹក្សា​២​នាក់​ទៀត បាន​ប្រកាស​សាល​ក្រម​ផ្ដន្ទាទោស អ្នកស្រី ប៉ែន មុំ ឡើងវិញ និង​បាន​បង្គាប់​ឲ្យ​នគរបាល​យុត្តិធម៌ ចាប់​វាយ​ខ្នោះ​ដៃ​ អ្នក​ស្រី ក្រពាត់​ទៅ​ក្រោយ​ខ្នង ក្នុង​កំឡុង​ពេល​ប្រកាស​សាលក្រម​នោះ។ ស្រប​​ពេល​ជាមួយ​គ្នា លោក​ព្រះ​​រាជ​អាជ្ញា​រង ខា ដែនណា បាន​ចេញ​មក ​បង្គាប់​ឲ្យ​នគរបាល​បញ្ឆេះ​ឡាន​ជា​ស្រេច ដើម្បី​រង់ចាំ​ដឹក​អ្នក​ស្រី ប៉ែន មុំ ចេញ​ភ្លាមៗ បន្ទាប់​ពី​​ការ​​ប្រកាស​សាល​ក្រម។


នគរបាល​ បាន​បណ្ដើរ​អ្នកស្រី ប៉ែន មុំ ចេញ​ពី​បន្ទប់​ប្រកាស​សាលក្រម​យ៉ាង​លឿន​ ដោយ​ដាក់​​ខ្នោះ​ដៃ​ក្រពាត់​ទៅ​ខាង​​ក្រោយ ប៉ុន្តែ​​អ្នកស្រី ប៉ែន មុំ បាន​ព្យាយាម​ស្រែក​ខ្លាំងៗ​ បាន​២​ដង​ថា តុលាការ​ខេត្ត​កំពត សម្រេច​ក្ដី អយុត្តិធម៌។ នគរបាល ​បាន​ចាប់​អ្នកស្រី ប៉ែន មុំ បញ្ជូន​ក្នុង​ឡាន​​ទំនើប​មួយ​គ្រឿង ដែល​បញ្ឆេះ​រង់ចាំ និង​មាន​ឡាន​ស៊ីរ៉ែន​ មួយ​គ្រឿង អម​ដោយ​នគរបាល​ប្រឆាំង​ភេរវកម្ម បើក​តាម​ពី​ក្រោយ។

អ្នក​ឃ្លាំមើល​សវនាការ ​ឲ្យ​ដឹង​ទៀត​​ថា មុន​ពេល​ប្រកាស​សាលក្រម​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា ដដែល អ្នកស្រី​ប៉ែន មុំ បាន​ព្យាយាម​ប្រកែក ដោយ​មិន​ញញើត​ ជាមួយ​ចៅក្រម ថា អ្នកស្រី ​​គ្មាន​កំហុស​ឡើយ​។ ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរេត បាន​ទេ​ នៅ​ថ្ងៃ​ទី​០៩ កញ្ញា ដោយសារ លោក​មិន​ទទួល​ទូរស័ព្ទ។

តុលាការ​ខេត្ត​កំពត បាន​បើក​សវនាការ​ អ្នកស្រី ប៉ែន មុំ កាល​ពី​ថ្ងៃ​ទី​២៥ សីហា។ ​​ក្នុង​សវនាការ​នោះ អ្នកស្រី ប៉ែន មុំ និង​​មេធាវី ​​បាន​បដិសេធ​បទ​ចោទ​ថា គ្មាន​គំនិត គ្មាន​​ឆន្ទៈ និង​មិន​បាន​ធ្វើ​សកម្មភាព​​វិទ្ធង្សនា ឬ​រួម​គំនិត​ក្បត់​ជាតិ ម្ដង​ណា​ឡើយ។ ​លោក​​មេធាវី ជួង ជូងី បាន​អះអាង ​ប្រាប់​ចៅក្រម ក្នុង​ពេល​សវនាការ​​ ថា អ្នកស្រី ប៉ែន មុំ​ គ្មាន​លទ្ធភាព​​ ធ្វើ​សកម្មភាព​ប្រឆាំង​​រដ្ឋាភិបាល​ឡើយ ដូច្នេះ ទាមទារ​​ឲ្យ​ចៅក្រម​ ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​កូន​ក្ដី។

ក្នុង​ពេល​ប្រកាស​សាល​ក្រម​ ថ្ងៃ​ទី៩ កញ្ញា ​លោក​មេធាវី ជូង ជូងី មិន​បាន​ចូលរួម​ស្ដាប់​ដោយ​ផ្ទាល់​​ទេ ដោយ​លោក​កំពុង​ នៅ​ភ្នំពេញ។ លោក​មេធាវី ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​មាន​យោបល់​អ្វី​ទេ​លើ​ការ​សម្រេច​ក្ដី​នេះ​ និង​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់ ទៅ​ជួប​កូនក្ដី ក្នុង​ពន្ធនាគារ​ខេត្ត​កំពត​ នៅ​ពេល​ណា​ទេ។

អ្នកស្រី ប៉ែន មុំ គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​កណ្ដោល ស្រុក​ទឹក​ឈូ។ តុលាការ​ខេត្ត​កំពត​ធ្លាប់​​បង្គាប់​ឲ្យ​ឃុំ​ខ្លួន ​អ្នកស្រី ម្ដង​ហើយ​​ កាល​ពី​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០១៩ និង​ដោះ​លែង​​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​វិញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ តាម​​​បញ្ជា​​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​នាំ​ពាក្យ​សមាគម​​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា ​សំណុំ​រឿង​ក្ដី​របស់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់​ ជា​រឿង​នយោបាយ​ តាំង​តែ​ពី​ការ​ចាប់​ខ្លួន​ដំបូង​មក​ម្ល៉េះ ហើយ​វិធាន​ការ​​​​ទាំង​អស់ ប្រឆាំង​លើ​សកម្មជន​ទាំង​នោះ គឺ​ធ្វើ​ឡើង​ក្នុង​ន័យ​រឹតត្បិត និង​បំបាក់​ស្មារតី កុំ​ឲ្យ​សកម្ម​ជន​បក្ស​ប្រឆាំង​បាន​ចូលរួម​សកម្មភាព​នយោបាយ និង​​ជា​ការ​បិទ​សេរីភាព​បញ្ចេញ​មតិ តាម​បណ្ដាញ​​សង្គម (facebook) របស់​ពលរដ្ឋ។

លោក​ព្រួយ​បារម្ភ​ ថា ​រលក​​នៃ​ការ​ចាប់​ខ្លួន​ឡើងវិញ ទាំង​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​នានា អាច​បណ្ដាល​ឲ្យ​សកម្មជន​ផ្សេង​ទៀត ​ប្រឈម​វិធានការ​ដូច​គ្នា​នេះ​ដែរ​។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ចាប់​ចង​ទាំង​អស់ ហើយ​រួម​គ្នា​ រិះ​រក​ដំណោះស្រាយ​នយោបាយ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ស្ដារ​មុខមាត់​កម្ពុជា លើ​ឆាក​អន្តរជាតិ៖ «យើង​ចង់​​បាន ឲ្យ​រដ្ឋាភិបាល​​ឬ​ក៏​ថ្នាក់ដឹកនាំ​នៃ​នយោបាយ​ទាំង​អស់​ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ ទាំង​ភាគី​អន្តរជាតិ​អ្វី ធ្វើ​យ៉ាង​ណា មាន​ការ​​ជួយ​សម្រួល​នូវ​ស្ថានភាព​នយោបាយ​ប្រទេស​យើង​ហ្នឹង​ ឲ្យ​មាន​ភាព​ធូរស្រាល​ឡើងវិញ ដើម្បី​ឲ្យ​ពួកគេ​បាន​ក្រៅ​ឃុំ​ ឬ​ក៏​ដោះលែង​ឲ្យ​មាន​ការ​ជួបជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន ហើយ​បាន​ចូលរួម​​ក្នុង​សកម្មភាព​តាម​ឆន្ទៈ គោល​បំណង​របស់​គេ»។

ជាមួយ​គ្នា​នេះ លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ (face book) ជំរុញ​ឲ្យ ​ខ្មែរ​គួរ​តាំង​ចិត្ត ដាក់​កាយ និង​វាចា បង្កើន​ការ​ធ្វើ​អំពើ​ល្អ​ជាមួយ​គ្នា ក្នុង​ការ​កសាង​កុសល​តាម​វត្ត​អារាម​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​ ដោយ​ចៀសវាង ឬ​កាត់​បន្ថយ​ការ​ចង​ពៀរ​គ្នា ដែល​ជា​អំពើ​បាប។ លោក កឹម សុខា​ ជឿជាក់ ថា​ បើ​ខ្មែរ​យើង​ងាក​មក​ធ្វើ​អំពើ​ល្អ អំពើ​ជា​កុសល ជាមួយ​គ្នា​ នៅ​ទី​កន្លែង​ផ្សេងៗ នៅ​ពេល​ខាង​មុខ​ជា​បន្ត​បន្ទាប់​ទៀត នោះ​ ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង នឹង​ទទួល​បាន​នូវ​សេចក្ដី​សុខ សន្តិភាព​ពិត និង​ភាព​រុងរឿង​សម្រាប់​ទាំងអស់​គ្នា។

ក្នុង​​សំណុំ​រឿង​​ចូលរួម​គំនិត​ក្បត់ជាតិ ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី កាល​​ឆ្នាំ២០១៩ របប​ក្រុង​ភ្នំពេញ ​​បាន​ចាប់​​​សកម្មជន​បក្ស​ប្រឆាំង​ ជិត ១០០នាក់ និង​​​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​រត់​គេច​ខ្លួន។ ក្នុង​ចំណោម​នោះ ​តំណាង​អយ្យការ​ បាន​ដោះ​លែង​​សកម្មជន ៧៦នាក់ ​ឲ្យ​នៅ​ក្រៅ​បណ្ដោះ​អាសន្ន តែ​មិន​​ទម្លាក់​បទ​ចោទ​ឡើយ​។ ភាគ​ច្រើន​នៃ​អ្នក​​ទាំង​នោះ ខ្លះ​បាន​កាត់​ក្ដី​រួច​ហើយ ដោយ​រក្សា​ឲ្យ​មាន​ទោស​ដដែល​​​ តែ​ព្យួរ​ទោស​ គិត​ត្រឹម​ថ្ងៃ​ដោះលែង​បណ្ដោះ​អាសន្ន​រៀងៗ ខ្លួន៕

1 comment:

Anonymous said...

During this Yuon's slave era of Ah Roleuy Hun Sen, Khmer patriots became Khmer traitors whereas Khmer traitors such as Ah Chos Kauot Hun Sen became Khmer hero.