ដោយ សុជីវី
2021-01-28
![]() |
លោក ប៉ាទ្រីក ម័រហ៊្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ជួបសំណេះសំណាលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅផ្ទះរបស់លោក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុកលោក កឹម សុខា |
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចេញមុខរិះគន់ចំៗ ចំពោះអាជ្ញាធរកម្ពុជា ដែលផ្អឹបទុកសំណុំរឿងមេបក្សប្រឆាំង លោក កឹម សុខា ដោយមិនកំណត់ពេលសវនាការ។ មន្ត្រីរបបក្រុងភ្នំពេញឆ្លើយតបថា នេះជាសំណុំរឿងឧក្រិដ្ឋ ដែលមិនអាចជម្រះក្នុងរយៈពេលខ្លីបាននោះទេ។ អ្នកវិភាគជំរុញឱ្យរដ្ឋាភិបាលឆ្លើយតបជាវិជ្ជមាន ចំពោះកង្វល់របស់សហរដ្ឋអាមេរិក ដើម្បីបញ្ចៀសទណ្ឌកម្មទាំងឡាយនៅពេលខាងមុខ។
តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បន្តទទូចឱ្យរបបលោក ហ៊ុន សែន ផ្តល់សិទ្ធិធ្វើនយោបាយដល់មេបក្សប្រឆាំង លោក កឹម សុខា ឡើងវិញ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ប៉ាទ្រីក ម័រហ៊្វី (Patrick Murphy) បានទៅជួបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដល់គេហដ្ឋាន នៅថ្ងៃទី២៨ មករា ក្រោយពេលសហរដ្ឋអាមេរិកមានប្រធានាធិបតីថ្មីមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃឌិន (Joe Biden)។
លោក ប៉ាទ្រីក ម័រហ្វី បានគូសបញ្ជាក់នៅលើបណ្ដាញធ្វីតធ័រ (Twitter) ថា សហរដ្ឋអាមេរិកចង់ឃើញលោក កឹម សុខា ទទួលបានសិទ្ធិធ្វើនយោបាយ ហើយប្រជាពលរដ្ឋខ្មែរអាចចូលរួមនៅក្នុងដំណើរការនយោបាយបានដូចដើមឡើងវិញ។ លោក ប៉ាទ្រីក ម័រហ៊្វី មានប្រសាសន៍ភ្ជាប់ទៅនឹងរឿងក្តីលោក កឹម សុខា ដែលតុលាការផ្អឹបទុកនោះថា យុត្តិធម៌ដែលយឺតយ៉ាវ មានន័យស្មើនឹងគ្មានយុត្តិធម៌យ៉ាងដូច្នេះដែរ។
ចំណែកលោក កឹម សុខា វិញ លោកបានសរសេរលើហ្វេសប៊ុក (Facebook) ថា លោកអរគុណដល់សហរដ្ឋអាមេរិកដែលទទួលស្គាល់គុណតម្លៃរបស់លោក ក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងគោលជំហរដែលលោកប្រកាន់ខ្ជាប់ គឺគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋខ្មែរ។ លោក កឹម សុខា ថ្លែងទៀតថា ទោះជាលោកមិនមានសិទ្ធិសេរីភាពពេញលេញក៏ដោយ ក៏លោកនៅតែខ្វាយខ្វល់ ចុះជួប និងជួយដល់ពលរដ្ឋរងគ្រោះតាមលទ្ធភាពដែលលោកអាចធ្វើបាន។ មេបក្សប្រឆាំងរូបនេះបន្ថែមថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តជួយដល់ពលរដ្ឋខ្មែរលើវិស័យនានា ដូចដែលសហរដ្ឋអាមេរិកធ្លាប់បានធ្វើ ដោយផ្សារភ្ជាប់ជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ។
ទោះជាយ៉ាងណា គណបក្សកាន់អំណាចចាត់ទុកជំនួបរវាងមេបក្សប្រឆាំងលោក កឹម សុខា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ប៉ាទ្រីក ម័រហ៊្វី នេះ ត្រឹមតែជាជំនួបឯកជនប៉ុណ្ណោះ។ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា ការលើកឡើងរបស់លោក ប៉ាទ្រីក ម័រហ៊្វី គឺជាមតិផ្ទាល់ខ្លួនដែលនឹងគ្មានឥទ្ធិពលលើតុលាការកម្ពុជាឡើយ។ លោកបកស្រាយទៀតថា លោក កឹម សុខា ជាប់ចោទពីបទឧក្រិដ្ឋក្បត់ជាតិ ដូច្នេះសំណុំរឿងនេះមិនអាចបញ្ចប់ក្នុងរយៈពេលខ្លីតាមការចង់បានរបស់សហគមន៍ជាតិ និងអន្តរជាតិនោះទេ៖ «ការមានមតិដែលថា ផ្លូវយុត្តិធម៌ ផ្លូវតុលាការ វាមានការយឺតយ៉ាវ ខ្ញុំយល់ថា អាហ្នឹងវាមានលក្ខណៈជ្រៀតជ្រែកចូលកិច្ចការតុលាការហើយ ពីព្រោះឥលូវយើងដឹងហើយថា កឹម សុខា គាត់កំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។ ដូច្នេះគ្មានជនណា ឬបរទេសណា មានមតិចាប់បង្ខំឱ្យតុលាការធ្វើតាមខ្លួនទេ»។
តុលាការក្រុងភ្នំពេញបានពន្យារពេលសវនាការរឿងក្តីលោក កឹម សុខា តាំងខែមីនា ឆ្នាំ២០២០ រហូតមក ទោះជាមានសំណើចំនួនបីលើកពីក្រុមមេធាវីមេបក្សប្រឆាំងរូបនេះយ៉ាងណាក្តី។ ប្រធានតុលាការក្រុងភ្នំពេញលោក តាំង ស៊ុនឡាយ បានថ្លែងនៅពេលថ្មីៗ នេះថា សំណុំរឿងនេះមិនមែនជាអាទិភាពសម្រាប់តុលាការឡើយ ពីព្រោះលោក កឹម សុខា ស្ថិតនៅក្រៅឃុំ។ ជំហរបែបនេះរបស់តុលាការ គឺស្របទៅនឹងការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ឱ្យសំណុំរឿងនេះដំណើរការនៅក្រោយការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ខាងមុខ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន សរសេរក្នុងហ្វេសប៊ុក(Facebook) ថា សំណុំរឿងលោក កឹម សុខា កំពុងស្ថិតក្នុងដៃតុលាការ ហើយការសម្រេចបែបណានោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលលោកហៅថា ជាស្ថាប័នឯករាជ្យ។
ទោះជាយ៉ាងណា អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា សហគមន៍ជាតិ និងអន្តរជាតិ នឹងមិនជឿលើការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជានោះទេ ពីព្រោះពួកគេបានមើលឃើញច្បាស់ថា តុលាការកម្ពុជាមិនឯករាជ្យ ហើយសំណុំរឿងលោក កឹម សុខា គឺជាសំណុំរឿងនយោបាយ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែពិចារណា និងឆ្លើយតបជាវិជ្ជមានទៅនឹងកង្វល់របស់សហរដ្ឋអាមេរិក បើពុំដូច្នេះទេ កម្ពុជាអាចនឹងរងទណ្ឌកម្មបន្ថែមទៀតពីសហរដ្ឋអាមេរិក។ លោកសង្កត់ធ្ងន់ថា លោក ប៉ាទ្រីក ម័រហ៊្វី គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដូច្នេះសាររបស់លោកប្រាកដជាតំណាងឱ្យជំហររបស់សហរដ្ឋអាមេរិក៖ «មិនមែនជាទស្សនៈបុគ្គលសាមញ្ញទេ។ នេះជារឿងមួយសំខាន់ដែរ ដែលរដ្ឋាភិបាលកម្ពុជាគួរតែមានជំហរមួយឆ្លើយតបទៅនឹងកង្វល់នេះ ហើយបើឆ្លើយតប ឬក៏ដោះស្រាយមិនសមស្របទេ ការពន្យារពេលនៅក្នុងយន្តការនៃតុលាការហ្នឹង ក៏វាអាចប៉ះពាល់ទៅដល់ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ហើយនិងអត្ថប្រយោជន៍នៃការនាំទំនិញកម្ពុជាទៅសហរដ្ឋអាមេរិកដែរ»។
សហរដ្ឋអាមេរិកតែងចេញមុខទាមទាររកយុត្តិធម៌ជូនលោក កឹម សុខា ដោយសារតែសហរដ្ឋអាមេរិកពិនិត្យឃើញថា មេបក្សប្រឆាំងរូបនេះ គឺជាអ្នកការពារសិទ្ធិមនុស្សដ៏ឆ្នើម ដែលរងការចោទប្រកាន់ដោយអយុត្តិធម៌។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកក៏មានពាក់ព័ន្ធនៅក្នុងរឿងនេះដែរ ពីព្រោះមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានចោទប្រកាន់ថា សហរដ្ឋអាមេរិក គឺជាអ្នកនៅក្រោយខ្នងលោក កឹម សុខា ក្នុងផែនការផ្ដួលរំលំរបបនេះ។ ប៉ុន្តែរយៈជាង ៣ឆ្នាំមកនេះ ទាំងលោក ហ៊ុន សែន និងតុលាការរបស់លោក មិនដែលបង្ហាញភស្តុតាងរឹងមាំណាមួយ ដើម្បីគាំទ្រការចោទប្រកាន់នេះឡើយ។
ក្រុមប្រទេសប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលជាតិ-និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស នៅតែទទួលស្គាល់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និងរងការចោទប្រកាន់ដោយអយុត្តិធម៌។ ពួកគេស្នើយ៉ាងទទូចដល់របបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា ដើម្បីឱ្យលោកអាចចាប់ផ្តើមជីវិតនយោបាយបានដូចដើមឡើងវិញ៕
2 comments:
This sex maniac Kem Sokha should know his role and duty. He must stop leaking Ah Hun Sen's ass. In Khmer people's mind, he is a piece of shit already.
sorry licking, not leaking, my mistake.
Post a Comment