Thursday, 28 January 2021

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​ជម្រះ​ក្តី​សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ


ដោយ សន ចាន់រដ្ឋា
2021-01-27
(ពី​ឆ្វេង) កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា យុវជន​មាតា​ធម្មជាតិ ដែល​អាជ្ញាធរ​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០២០។
រូប​៖ ហ្វេសប៊ុក


សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​លើក​យក​សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ​ទៅ​ជំនុំជម្រះ នៅ​ចុងខែ​កុម្ភៈ​ខាងមុខ​។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​នេះ ពីព្រោះ​សកម្មជន​ទាំងនោះ​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។

តុលាការក្​រុង​ភ្នំពេញ​នឹង​បើកសវនាការ​សំណុំរឿង​យុវជន​មាតា​ធម្មជាតិ ​៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ បន្ទាប់ពី​ឃុំខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង ៥​ខែ។ សំណុំ​រឿង​នេះ​មាន​ជនជាប់ចោទ​ ២​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្រៅ​ឃុំ គឺ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) និង​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ជា គន្ធីន ដែល​ធ្លាប់​បង្ហាញមុខ​ក្នុង​វីដេអូ​របស់​ក្រុម​មាតា​ធម្មជាតិ​ ទាក់ទង​នឹង​ការ​លុប​បឹង​តាមោក។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​ពួកគេ​ទាំង ​៥នាក់​ ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​​សន្តិសុខ​សង្គម ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២​ឆ្នាំ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ដែល​ជា​ជនជាតិ​អេស្ប៉ាញ (Spanish) លោក អាឡិច ចាត់​ទុក​ការ​ចោទប្រកាន់​លើ​រូបលោក និង​សកម្មជន​ដទៃ​ទៀត​នេះ​ថា ​ជា​ការ​គំរាមកំហែង និង​បំបាក់​ស្មារតី​អ្នក​ការពារ​បរិស្ថាន ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។ លោក​អះអាង​ថា យុទ្ធសាស្ត្រ​បែបនេះ​របស់​របប​លោក ហ៊ុន សែន នឹង​មិន​ជោគជ័យ​​នោះ​​ទេ ពីព្រោះ​លោក និង​សកម្មជន​ដទៃ​ទៀត នឹង​មិន​បោះបង់ចោល​សកម្មភាព​ត​ស៊ូ​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នោះ​ឡើយ៖ «​តាំងពី​ឆ្នាំ​២០១៥ គេ​ចាប់​យើង​បី​ដង។ ក្រោយពី​ចាប់​រយៈពេល​មួយ​ខែ ឬ​ពីរ​ខែ គឺ​ស្ងាត់​មែន​។ ផុត​ពីរ​ខែ បី​ខែ ចាប់ផ្ដើម​រស់​ឡើងវិញ ហើយ​មនុស្ស​ដែល​ចង់​ចូលរួម​ជាមួយ​យើង គឺ​ច្រើនជាង​មុន​។ អ៊ីចឹង​ឆ្លើយ​សំណួរ​ដោយ​ខ្លី គឺ​មិន​អាច​បំបាក់​ស្មារតី​របស់​មាតា​ធម្មជាតិ​បានទេ​។ ផ្ទុយទៅវិញ ការ​ចាប់​យើង​ដោយ​អំពើ​ចិត្ត ធ្វើ​ឱ្យ​យើង​មាន​ស្មារតី​កាន់តែ​ខ្លាំង ហើយ​ធ្វើ​ឱ្យ​ឥទ្ធិពល​របស់​មាតា​ធម្ម​ជាតិ​កាន់តែ​ខ្លាំង»។


ចលនា​មាតា​ធម្មជាតិ​នៅតែ​បន្ត​លាតត្រដាង​អំពី​អសមត្ថភាព​របស់​មន្ត្រី​របប​ក្រុងភ្នំពេញ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​ការ​ការពារ​បរិ​ស្ថាន ទោះជា​សកម្មជន​ ៣នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ហើយក៏​ដោយ​។ ពួកគេ​បាន​បង្ហោះ​ព័ត៌មាន​ទាំងនោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ចលនា​មាតា​ធម្មជាតិ (Mother Nature Cambodia) ហើយ​វីដេអូ​ទាំង​នោះ​បាន​ទាក់ទាញ​អ្នក​ចូល​ទស្សនា​រាប់​សែន​ដង។ អាជ្ញាធរ​បាន​ចាប់​សកម្មជន​មាតា​ធម្មជាតិ​ទាំង​ ៣នាក់ គឺ​យុវជន ថុន រដ្ឋា ឡុង គន្ធា និង​ ភួន កែវ​រស្មី កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០​។ ការ​ចាប់ខ្លួន​នេះ កើតមានឡើង​បន្ទាប់ពី​កញ្ញា ឡុង គន្ធា បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​អំពី​គម្រោង​​ដើរ​ពី​វត្តភ្នំ​ទៅកាន់​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ជួប​ផ្ទាល់​ជាមួយ​លោក និយាយ​អំពី​រឿង​ការ​លុប​បឹង​តាមោក ដែល​ស្ថិតនៅ​ជាយ​រាជធានី​​ភ្នំពេញ។

រឿង​លុប​បឹង​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​ បឹង​តាមោក​នេះ អាច​មិនមែន​ជា​ប្រធានបទ​ដែល​សាធារណជន​លើក​មក​និយាយ​បាន​ទូលំទូលាយ​ដូច​មុន​ទៀត​ទេ ព្រោះ​ថ្មីៗ​ នេះ លោក ហ៊ុន សែន បាន​ថ្លែង​ដោយ​ខឹង​ច្រឡោត​ថា លោក​ធុញទ្រាន់​នឹង​មតិ​រិះគន់​​ជុំវិញ​ការ​លុប​បឹង​នេះ​ណាស់។ លោក​ប្រកាស​ថា លោក​នឹង​កាត់​ផ្ទៃ​បឹង​តា​មោក​បន្ថែម​ទៀត ដោយ​មិន​ខ្វល់​នឹង​ការ​លើក​ឡើង និង​សំណូមពរ​របស់​សាធារណជន​ឡើយ៖ «​មើលៗ និយាយ​គ្នា​តិច​មើល​! ក្រែង​ត្រូវការ​អភិវឌ្ឍ​ហេៈ​? បើ​ត្រូវ​ការ​អភិវឌ្ឍ វា​ត្រូវការ​លុប។ កន្លែង​នេះ មាន​លុប​ដែរ​? លុបហើយ​ បើ​មិន​លុប​ធ្វើ​ម្តេច​ចាក់​ដី​ធ្វើ​បាន​? អ៊ីចឹង កើតទុក្ខ​យ៉ាងម៉េច ខ្ញុំ​ចេះតែ​ឆ្ងល់​ថា អ្នកដទៃ​គេ​អាច​ធ្វើ​បាន​។ ជំនាន់​មុន​ធ្វើ​បាន ជំនាន់​ខ្ញុំ ធ្វើ​មិន​បាន​?»។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍ថា សកម្មភាព​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ មិនមែន​ជា​បទល្មើស​នោះ​ទេ​។ លោក​ថា សកម្មភាព​របស់​ពួកគេ​ក្នុង​ការ​ជួយ​ការពារ​បរិស្ថាន គួរតែ​ត្រូវ​បាន​លើកទឹកចិត្ត មិនមែន​ត្រូវ​បាន​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​បែបនេះ​ឡើយ៖ «​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​អន្តរជាតិ ឬក៏​អង្គការសហប្រជាជាតិ គេ​បាន​ស្នើ​ទទូច​ទៅ​ដល់​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង ទម្លាក់​ចោល​បទចោទប្រកាន់ ហើយ​និង​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព ដើម្បី​មានឱកាស​បន្ត​កិច្ច​ការងារ​របស់​ខ្លួន​ក្នុង​ការ​ជួយ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​ប្រទេស​កម្ពុជា​បន្ត​ទៀត»។

ក្រៅពី​សវនាការ​លើ​អង្គ​សេចក្តី​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចុងខែ​កុម្ភៈ​នោះ តុលាការ​កំពូល​ក៏​គ្រោង​បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​មាតា​ធម្មជាតិ​នៅ​ពេល​ឆាប់ៗ ​នេះ​ដែរ​។ សវនាការ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ សប្ដាហ៍​ក្រោយនេះ​។​

យុវជន​មាតា​ធម្មជាតិ​ ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ជិត ៧០នាក់ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់ខ្លួន និង​បង្ក្រាប​តាមរយៈ​ប្រព័ន្ធ​តុលាការ គិត​ពី​ដើម​ឆ្នាំ​២០២០ មក​។ អ្នកខ្លះ​ជាប់ចោទ​ពី​បទ​ញុះញង់ ខ្លះ​ជាប់ចោទ​ពី​បទ​រួមគំនិត​ក្បត់ និង​ខ្លះ​ទៀត​ជាប់​ទាំងពីរ​បទល្មើស។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅតែ​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នកទោស​មនសិការ​ទាំង​នេះ ហើយ​ងាក​មក​គោរព​សិទ្ធិ​ពលរដ្ឋ​វិញ​។ សហគមន៍​ជាតិ និង​អន្តរជាតិ​ទាំងនោះ​គូស​បញ្ជាក់​ថា មានតែ​ធ្វើ​បែប​នេះ ទើប​កម្ពុជា​អាច​ចៀស​ផុត​ពី​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ៕

No comments: