Saturday, 23 January 2021

លោក ហ៊ុន សែន ថា លោក​នឹង​បន្ត​កាត់​បឹង​តាមោក​ថែមទៀត ទោះបី​រង​ការ​រិះគន់


ដោយ​ អាស៊ីសេរី
2021-01-22

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
​រូប​ពី​ហ្វេសប៊ុក


លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​បន្ត​កាត់​បឹងតាមោក ដើម្បី​អភិវឌ្ឍន៍​បន្ថែម​ទៀត ទោះ​បី​ជា​​មាន​​​​​​ការ​​រិះគន់​​ពី​​ប្រជាពលរដ្ឋ ឬ​មជ្ឈដ្ឋាន​ជុំវិញ​ក៏ដោយ​។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​​នៅ​​ក្នុង​​ពិធី​​សម្ពោធ​​សមិទ្ធផល​​ថ្មី​​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃ​ទី​២២ មករា​។ មន្ត្រី​​សង្គម​​ស៊ីវិល​​យល់​ថា ការ​​លើក​ឡើង​​របស់​​លោក ហ៊ុន សែន បែបនេះ គឺជា​ទង្វើ​មិន​ទទួល​ខុស​ត្រូវ​​លើ​​ប្រជាពលរដ្ឋ​​ដែល​​រង​​ផល​​ប៉ះពាល់ និង​អាស្រ័យ​ផល​លើ​បឹង​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​ធុញទ្រាន់​ជុំវិញ​ការរិះគន់​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន អំពី​ការ​លុប​បឹង​ធម្មជាតិ​នៅ​ភូមិសាស្ត្រ​​រាជធានី​ភ្នំពេញ ជាពិសេស​បឹង​តា​មោក​។ លោក​ចោទ​សួរថា អ្នក​ជំនាន់​មុន​អាច​លុប​បឹង​ដើម្បី​អភិវឌ្ឍ​បាន ចុះ​ហេតុអ្វី​លោក​ធ្វើ​មិនបាន​។ លោក​បន្ត​ថា លោក​មិន​ខ្វល់​ចំពោះ​ការរិះគន់​ទាំងនេះ​ទេ ហើយ​លោក​នឹង​បន្ត​កាត់​ផ្ទៃ​បឹង​តា​មោក​បន្ថែម​ទៀត ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​កម្ពុជា៖ «​បើ​ត្រូវការ គឺ​ត្រូវតែ​លុប បើ​មិន​លុប ធ្វើ​ម៉េចៗ​ ចាក់​ដី​ធ្វើ​បាន​? ថា​អ្នកដទៃ​គេ​អាច​ធ្វើ​បា​ន ជំនាន់​មុន​ធ្វើ​បាន ជំនាន់​ខ្ញុំ​ធ្វើ​មិនបាន​? ប្រទេស​នានា​គេ​បូម​ដល់​ទៅ​សមុទ្រ ពង្រីង​សមុទ្រ​យក​ដី ដើម្បី​អភិវឌ្ឍន៍​ទៅ​ហើយ ម៉េច​ក៏​កម្ពុជា​ធ្វើ​នេះ​ក៏​ខុស ធ្វើ​នោះ​ក៏​ខុស​? ប្រ​ណែន​ឬអី​? យើង​មើល គេ​លុប​បឹង​ធ្វើ​ទីក្រុង​អស់​អា​លីង​ទៅ​ហើយ ឯង​មក​ជេរ ឯង​មក​ចុះ​ឡើងៗ​។ ទេ​! អា​រឿង​អ្នក​ជេរៗ​ ទៅ យើង​ធ្វើ គឺ​ធ្វើ»។


ផ្ទៃ​បឹង​តា​មោក មាន​ទំហំ​ជាង​៣ ពាន់​ហិកតារ (៣.២៣៩) តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ប៉ុន្តែ​បឹង​នេះ​បា​នរួម​តូច​បន្តិច​ម្តងៗ បន្ទាប់ពី​របប​លោក ហ៊ុន សែន សម្រេច​កាត់​ផ្ទៃ​បឹង និង​អនុញ្ញាត​ឱ្យ​ចាក់​ដី​លុប​អស់​រាប់​រយ​ហិកតារ ក្រោម​ហេតុផល​អភិវឌ្ឍន៍។

លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​សោកស្ដាយ​ ដែល​បាន​កំណត់​ផ្ទៃ​បឹង​ធម្មជាតិ​នេះ​ឱ្យ​ធំ​ទូលាយ​តាម​ការ​ស្នើសុំ​របស់​មន្ត្រី​ជំនាញ​។ ទំនងជា​ដោយសារ​​មូលហេតុ​​នេះ​​ហើយ ទើប​បុរស​ខ្លាំង​រូប​នេះ សម្រេច​កាត់​ផ្ទៃដី​បឹង​តា​មោក​ជា​បន្តបន្ទាប់​ទៅ​ឱ្យ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន និង​បុគ្គល​ឯកជន ជា​បន្តបន្ទាប់​ដោយ​មិន​ខ្វល់​ពី​ការ​ស្នើសុំ និង​ការរិះគន់​របស់​សាធារណជន។

អ្នក​ការពារ​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ប្រសាសន៍​លោក ហ៊ុន សែន បែប​នេះ។ ពួកគេ​លើកឡើង​ដូចៗ ​គ្នា​ថា លោក ហ៊ុន សែន ប្រើ​លេស​ក្នុង​ការ​អភិវឌ្ឍន៍​នេះ គិតគូរ​តែ​ប្រយោជន៍​បក្សពួក​របស់​ខ្លួន ដោយ​មិន​យកចិត្តទុកដាក់​លើ​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ចាត់​ទុក​ការ​លើកឡើង​បែបនេះ​របស់​លោក ហ៊ុន សែន គឺជា​ការ​មិន​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក​ថា លោក ហ៊ុន សែន កាត់​ដី​បឹង​តា​មោក​ក្រោម​រូបភាព​អភិវឌ្ឍន៍​នេះ គឺ​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែ​ម​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក និង​បក្សពួក ក្រោយ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩។ លោក​បន្ត​ថា ការអភិវឌ្ឍន៍​ដោយ​ការ​លុប​បឹង​កន្លងមក មិន​បាន​ផ្ដល់​ផលប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ ឬ​ជា​ចំណូល​ជូន​រដ្ឋ​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន នោះ​ទេ​។ លោក​បន្ថែម​ថា លោក ហ៊ុន សែន គួរ​បង្ហាញ​របាយការណ៍​នៃ​ផល​ប៉ះពាល់​ពិតប្រាកដ​មួយ​លើ​ការ​លុប​បឹង​ទាំងនោះ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង ដើម្បី​កុំ​ឱ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​បន្ថែម​ទៀត៖ «យើង​ឃើញ​លោក ហ៊ុន សែន ដូច​លេខ​១ ក្រោម​លេស​ថា ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មួយ​ឆ្នាំ​ ៧% ១០% ១២%​អី​ណា ប៉ុន្តែ​យើង​ឃើញ​ថា ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ជាទូទៅ ឡើង​តែ​លើ​ក្រដាស​ទេ ឡើង​តែ​ម៉ាក្រូ​សេដ្ឋកិច្ច​ប៉ុន្មាន​ភាគរយ​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ជីវភាព​រស់នៅ​ជាក់ស្ដែង​របស់​ប្រជាជន ដូចជា​អត់​ឡើង​អី​ផង​។ ចំណុច​ទី​១ គឺ​អ៊ីចឹង គឺ​លោក ហ៊ុន សែន គាត់​លេខ​១ នៅ​ក្នុង​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ ដែល​ជា​មរតក​អាក្រក់​បំផុត​របស់​គាត់​ដែរ​។ នៅ​ពេល​ដែល​គាត់​អស់អំណាច​ហ្នឹង​ក៏​ព្រៃឈើ ធនធានធម្មជាតិ បឹងបួ​ដែល​គាត់​លុប ។​ល​។ ហ្នឹង​គឺ​អត់​ត្រឡប់​មកវិញ​ទេ»។

ស្រដៀង​គ្នា​នេះ មន្ត្រី​ស៊ើបអង្កេត​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា លោក​សោកសង្រេង​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ជុំវិញ​ការ​លុប​បឹង​នេះ​។ លោក​បន្តថា ការរិះគន់​កន្លងមក​របស់​ប្រជាពលរដ្ឋ សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន សម​នឹង​ឱ្យ​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ​ចំពោះ​ការ​លុប​បឹងបួរ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​បែរជា​មិន​អើពើ​ទៅវិញ​។ លោក វណ្ណ សុផាត ចោទ​ជា​សំណួរ​ថា តើ​ប្រជាពលរដ្ឋ និង​អ្នក​ជំនាន់​ក្រោយ​នឹង​រង​ទុក្ខ ឬ​ជួប​គ្រោះ​បែប​ណា​ទៀត ក្រោយពី​រដ្ឋាភិបាល​លុប​បឹងបួ​ទាំងនោះ ដោយ​មិន​ទទួលយក​ការរិះគន់​របស់​ប្រជាពលរដ្ឋ​បែបនេះ៖ «​រាជរដ្ឋាភិបាល​ហ្នឹង​គួរតែ​គិត​ម្តង​ទៀត ពិចារណា​ម្តង​ទៀត ឃើញ​ថា វា​ជា​ការ​យកឈ្នះ យក​ចាញ់ ឬមួយ​ក៏​ជា​ការ​មិន​ស្ដាប់​យោបល់​របស់​ប្រជាពលរដ្ឋ ធ្វើ​របៀប​ហ្នឹង​គឺថា វា​អត់​បាន​រីកចម្រើន​អី​ទេ​។ ឃើញ​ថា បច្ចុប្បន្ន​នេះ ឃើញ​ថា មានការ​សាងសង់​អី​ផ្ទះល្វែង ឃើញ​មានការ​សាងសង់​អី ក៏ប៉ុន្តែ​គ្រាន់​ថា ជួន​កាល​​ទៅ​ វា​មានតែ​​ការសាងសង់​ហ្នឹង​ឡើង​អីចឹង ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ហ្នឹង គឺថា គាត់​ត្អូញត្អែរ​រាល់ថ្ងៃ​ ហើយ​អ៊ីចឹង​ទៅ យើង​សម្លឹង​ឃើញ​ថា គំលាត​រវាង​អ្នកមាន និង​អ្នកក្រ​ហ្នឹង គឺថា​ វា​ឃ្លាត​គ្នា​ខ្លាំង​មែនទែន»។

ផ្ទៃ​បឹង​តាមោក ច្រើន​រយ​ហិកតារ​ទៀត កំពុង​ប្រឈម​ការ​លុប ដោយសារ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​សាងសង់​គម្រោង​ផ្សេងៗ រួមមាន​ទាំង​រដ្ឋ និង​ឯកជន​។ ក្នុង​នោះ ក៏​មាន​ចំណែក​របស់​សមាជិក​គ្រួសា​រ​មន្ត្រី​ធំៗ ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សាច់ញាតិ​របស់​ដន្លង​លោក ហ៊ុន សែន កាន់​កាប់​ជា​កម្មសិទ្ធិឯកជន​ផង​ដែរ។

របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត ចេញ​កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩ បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩០ ​មក រដ្ឋាភិបាល​បាន​លុប​បឹង​ធម្មជាតិ នៅ​ក្នុង​​រាជធានី​​ភ្នំពេញ អស់​ចំនួន​ ១៦​បឹង​ហើយ​។ ចំណែក​បឹង​នៅសល់​ចំនួន ១០​ទៀត កំពុង​ប្រឈម​កា​រចាប់​លុប ដោយ​ផ្នែកៗ ជា​បណ្ដើរៗ៕

1 comment:

Anonymous said...

Ah Roleuy Hun Sen needs to totally destroy Cambodia first before he goes to hell.

No surprise that an asshole 8th grader Hun Sen became the Prime Minister by the evil Yuon put him in power to facilitate smoothly the Vietnamization or Yuonization of Cambodia. So the destruction of Cambodia came spontaneously by this devil Hun Sen.