Friday, 29 January 2021

មន្ត្រី​សង្គម​ស៊ីវិល​មិន​ជឿ​លើ​ការ​អួតអាង​ដែល​ថា សេដ្ឋកិច្ច​កម្ពុជា​២០២០​ទទួល​បាន​កំណើន​ប្រសើរ​ជាង​ការ​រំពឹង​ទុក


ដោយ មាន ឫទ្ធិ
2021-01-28
រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៦ នា​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA


មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ កន្លងទៅ ទទួល​បាន​កំណើន​ជាង -៣% ប្រសើរ​ជាង​ការ​រំពឹងទុក​។ មន្ត្រី​រូប​នោះ គូស​បញ្ជាក់​ថា ការណ៍​ដែល​កំណើន​សេដ្ឋកិច្ច​មិន​ធ្លាក់​ចុះ​ទាប​ជាង​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​បាន​អន្តរាគមន៍​ទាន់​ពេល​វេលា​។ ក៏ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការ​លើកឡើង​នេះ គឺជា​ការ​អួតអាង ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​រាប់មិនអស់។

បើ​ទោះ​បី​ជា​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ទទួលរង​នូវ​ការ​ដាំ​ក្បាល​ចុះ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយសារ​វិបត្តិ​ផ្ទួនៗ​ក៏ដោយ ក៏​ហេតុការណ៍​នេះ មិន​បាន​ធ្វើ​ឲ្យ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ឈប់​និយាយ​ល្អ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ​ឡើយ។ កំណើន​សេដ្ឋកិច្ច​ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​ក្នុង​រង្វង់ ៧% ហើយ​ពេលនេះ ធ្លាក់​ចុះ​រហូតដល់​ជាង -៣% ឯណោះ ត្រូវ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច បកស្រាយ​ថា កម្ពុជា​នៅតែ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក ឬ​ព្យាករណ៍​ពីមុន។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ មាន​ភាព​ប្រសើរ​ជាង​ប្រទេសជិតខាង​ក្នុង​តំបន់​រួមមាន ម៉ាឡេស៊ី (Malaysia) និង​សិង្ហបុរី (Singapore) ទៅទៀត​៖ «​ដូច្នេះ សេដ្ឋកិច្ច​យើង​ធ្វើ​បាន​ល្អ​មែនទែន​។ កំណើន​យើង ៣,១% អ្វីដែល​គ្រោង​នឹង​ធ្លាក់​ដល់ ៥% មក​នៅ ៣,១% ដោយសារ​អន្តរាគមន៍​។ UNDP គាត់​ថា គាត់​ធ្វើ impact assessments តាម​ម៉ូឌែល​របស់​គាត់ គាត់​គិត​ថា សេដ្ឋកិច្ច​របស់​កម្ពុជា បើ​អត់​មាន​អន្តរាគមន៍ ហើយ​អន្តរាគមន៍​មាន​ប្រសិទ្ធភាព​ដូច​នេះ​ទេ កំណើន​យើង​មកដល់​ថ្ងៃ​នេះ អាច​ធ្លាក់​ដល់ -៤,១%​។ ប៉ុន្តែ ដោយសារតែ​អន្តរាគមន៍​របស់​យើង​មាន​ប្រសិទ្ធភាព ដក​តែ ៣,១% ទេ​។ លេខ ៣,១% ជា​លេខ​កណ្ដាល​របស់​អាស៊ាន​។ អាស៊ាន -៣,៣% ហើយ​យើង -៣,១%​។ យើង​ជា​ប្រទេស​មួយ​ដែល exposure ធំ​ជាងគេ​ទៅ​ក្រៅ យើង​ធ្លាក់​តិច​ជាងគេ​។ យើង​កុំ​និយាយ​វៀតណាម​ជាពិសេស ប៉ុន្តែ​បើ​យើង​មើល​ថៃ មើល​សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន វិញ គឺ​ធ្លាក់​ខ្លាំង​ជាង​យើង»។


ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ មិន​អាច​ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​មាន​ទំនុក​ចិត្ត ឬ​ជឿជាក់​បាន​ឡើយ​។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ហាក់​អស់សំណើច​ទៅ​នឹង​ការ​បកស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល​រូប​នោះ​។ លោក​ហៅ​ការ​បកស្រាយ​របស់​មន្ត្រី​សេដ្ឋកិច្ច​ខ្មែរ ថា ជា​ការ​អួតអាង​ជ្រុល​ហួសហេតុ ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ត្រដាបត្រដួស​៖ «​ការ​លើកឡើង​នេះ ខ្ញុំ​ថា គ្រាន់តែ​ជា​សារ​នយោបាយ​ច្រើនជាង ច្រើនជាង​ព័ត៌មាន​ពិតប្រាកដ ពីព្រោះ​សេដ្ឋកិច្ច​ខ្មែរ​យើង​ផ្ដោត​តែ​ទៅលើ​វិស័យ​ដែល​ធំ​ជាងគេ គឺ​វិស័យ​កាត់ដេរ សំលៀកបំពាក់​។ បន្ទាប់​មក​ទេសចរណ៍ ហើយ​និង​កសិកម្ម​។ បើ​ទេសចរណ៍​ដួល​បាត់​ហើយ កាត់ដេរ​ហ្នឹង​ក៏​ឃើញ​មាន​ការ​ធ្លាក់​ចុះ​ដែរ កសិកម្ម​យើង​ក៏​វា​អត់​ទាន់​ដើរ​ឲ្យ​ពេញលេញ​ដែរ​។ អ៊ីចឹង ដូចជា​មិន​មាន​ហេតុផល​អី​ថា​សេដ្ឋកិច្ច​យើង​មាន​ស្ថានភាព​ធម្មតា ឬក៏​ប្រសើរ​ជាង​ប្រទេស​ផ្សេង​នោះ​ទេ»។

លោក មឿន តុលា បន្តថា មន្ត្រី​រដ្ឋាភិបាល​គួរ​ក្រឡេក​មើល​បញ្ហា​ដែល​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ប្រថុយប្រថាន​គ្រោះថ្នាក់​ទៅ​លួច​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ករណី​អ្នក​ជាប់ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ទទូច​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ក្នុង​ការ​ពន្យារ​ពេល​សងបំណុល ក្នុងពេលដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​បង្កឡើង​ដោយ​ជំងឺ​កូវីដ​១៩ និង​កត្តា​រួមផ្សំ​ដទៃ​ទៀត​៖ «​មន្ត្រី​រដ្ឋាភិបាល មុននឹង​ផ្ញើ​សារ​ចេញ​អី យើង​គួរ​គិតគូរ​ចំណុច​ហ្នឹង​ផង​។ ចង់​និយាយ​ថា យ៉ាងហោចណាស់​ក៏​ខ្មាស​សម្ដី​ខ្លួនឯង​ផង​មែន​ទែន​ទៅ​។ នៅ​ពេល​ដែល​ពលរដ្ឋ​នាំគ្នា​តវ៉ា​រឿង​ឲ្យ​រដ្ឋាភិបាល អន្តរាគមន៍​ឲ្យ​មានការ​ពន្យារ​ពេល​ក្នុង​ការ​បង់​ធនាគារ ប្រជាពលរដ្ឋ​នាំគ្នា​ប្រថុយប្រថាន ហើយ​ថៃ​គេ​ដាក់​ស្រាស់​របង​ជុំវិញ​ព្រំដែន​របស់​គេ​កុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ទៅ​ប្រទេស​ខុសច្បាប់​អី​។​ល​។ ហើយ​គេ​ចាប់​បញ្ជូន​មកវិញ​រាល់ថ្ងៃ ហើយ​មាន​ពលករ​ឆ្លងដែន​ខុសច្បាប់​រាល់ថ្ងៃ។ យើង​ថា សេដ្ឋកិច្ច​យើង​រីកចម្រើន ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​គួរ​ឲ្យ​អស់សំណើច​ដែរ»។

ដូចគ្នា​នេះ​ដែរ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​ទៀត​ដែលជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី យល់​ថា ការ​និយាយ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​ថ្នាក់​ជាតិ​យ៉ាងណា​នោះ មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ពិតប្រាកដ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល​នោះ​ទេ​៖ «​ទោះបីជា​យើង​ធ្លាក់​ចុះ ៣,១ នៅ​ក្នុង​កម្រិត​មួយ​ដែល​យើង​ថា ល្អ​ប្រសើរ ប៉ុន្តែ​យើង​ធ្លាក់​ចុះ​រួច​ទៅ​ហើយ​នៅ​ក្នុង​បរិបទ​មួយ​ដែល​ប្រទេស​យើង​ស្ថិត​ក្នុង​ប្រទេស​មួយ​ដែល​មាន​ភាព​ក្រីក្រ​រហូត​ដល់ ១១ ដល់ ១៣% ឯណោះ​។ មួយវិញ​ទៀត យើង​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​បន្ទាត់​នៃ​ភាព​ក្រីក្រ គឺ ៤​លាន​៥​សែន​នាក់​ឯណោះ​។ អ៊ីចឹង​ដោយសារ​ជំងឺ​កូវីដ​១៩​នេះ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​បន្ទាត់​ភាព​ក្រីក្រ គាត់​អាច​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ ពីព្រោះ​គាត់​នៅ​ប្របេះ​ពី​ភាព​ក្រីក្រ​នៅឡើយ​ទេ អត់​ទាន់​ចេញ​ផុត​ឆ្ងាយ​ទេ។ ដូច្នេះ កាលណា​យើង​មាន​ជំងឺ​កូវីដ​១៩ ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​ដំណើរការ​រកស៊ី​របស់​ពួកគាត់ គឺ​ពួកគាត់​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ហើយ​ធ្វើ​ឲ្យ​គាត់​ត្រលប់​ទៅ​ក្រ​វិញ ជាពិសេស​បងប្អូន​ដែល​រកស៊ី​ក្រៅ​ប្រព័ន្ធ បងប្អូន​ដែល​ធ្វើ​អាជីវកម្ម​រក​មួយ​ថ្ងៃ​រស់​មួយថ្ងៃ គឺ​គាត់​ងាយ​រងគ្រោះ​ណាស់»។

សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​ផ្ទួនៗ ក្នុង​ឆ្នាំ​២០២០ និង​បន្ត​អូស​បន្លាយ​រហូតដល់​ពេល​បច្ចុប្បន្ន​។ វិបត្តិ​ទាំងនោះ រួម​មាន វិបត្តិ​ជំងឺ​រាតត្បាត​សាកល​កូវីដ​១៩ វិបត្តិ​សហភាព​អឺរ៉ុប​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% វិបត្តិ​សហភាព​អឺរ៉ុប​ដាក់បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាងលុយ​កខ្វក់ និង​វិបត្តិ​ទឹកជំនន់​ជាដើម​។ លើស​ពី​នេះ​ទៀត សហរដ្ឋអាមេរិក ក៏​កំពុង​ពិចារណា​ឡើង​វិញ ថា​តើ​ត្រូវ​បន្ត ឬ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ពី​កម្ពុជា ឬ​យ៉ាងណា​នោះ​។ ទន្ទឹម​នឹង​ការ​អួតអាង​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ប្រសើរ​ជាង​ការ​រំពឹងទុក ពលរដ្ឋ​ខ្មែរ​ជាង ២​លាន​៤​សែន​គ្រួសារ​កំពុង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​។ នេះ គេ​នៅ​មិនទាន់​គិត​ពី​ចំនួន​ពលករ​ចំណាកស្រុក​ខ្មែរ​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស រួច​រត់​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ នៅ​ក្រៅ​ប្រទេស ដែល​មាន​ដល់​ទៅ​រាប់​សែន​នាក់​នៅឡើយ​ផង។ រីឯ រដ្ឋ​វិញ ក៏​កំពុង​ជាប់ជំពាក់​បំណុល​បរទេស​ជិត ៨​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​បំណុល​ស្ទើរ​តែ​ជិត​ពាក់​កណ្ដាល​ជា​របស់ «​មហាមិត្ត​» ចិន៕

1 comment:

Anonymous said...

Ah Kwak Hun Sen's government has no money to pay its employees.
The repercussion of no EBA is far beyond Ah LeuKeu James Sok's assessment. It is good that Ah Kwak has used Ah James Sok as his advisor.

Actually, Ah James Sok has only "Kdor Bey", this implied that what kind of person James Sok is.