Saturday, 23 January 2021

តុលាការ​​ជំនុំជម្រះ​មន្ត្រី​បក្ស​ប្រឆាំង ​១២​នាក់ ​ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធ​បទល្មើស​៣ ​ធំៗ


ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​ខែ សុណង
2021-01-22
ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​ នាំ​គ្នា​កាន់​បដា​ទាមទារ​ដោះលែង​​​​​​​​​​​​​​​​​​​ស្វាមី នៅ​ថ្ងៃ​សវនាការ​ជំនុំ​ជម្រះ​ ថ្ងៃ​ទី​២២ ​មករា​ ២០២១។
រូប​ផ្ដល់ឱ្យ

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា បាន​បើកសវនាការ​ជំនុំជម្រះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ១២​នាក់ ដែល​កំពុង​ជាប់​បទល្មើស​៣ ធំៗ ​រួម​មាន​ ​បទ​រួមគំនិត​ក្បត់ ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់​។ មេធាវី​ការពារ​ក្ដី​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ចៅក្រម​បាន​ប្រើ​សំណួរ​ដែល​មាន​ភាព​លម្អៀង​ដោយ​ហាក់​សន្និដ្ឋាន​ថា កូនក្ដី​លោក​មាន​ទោស។

សវនាការ​ជំនុំជម្រះ​នេះ​មាន​ជនជាប់ចោទ​ទាំងអស់ ២១​នាក់ រួមមាន លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ និង​ភរិយា​លោក លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​មន្ត្រី​គណបក្ស​នេះ​ផ្សេង​ទៀត​។ ប៉ុន្តែ ពេល​សួរដេញដោល​មាន​ជនជាប់ចោទ​ ១២​នាក់​មាន​វត្ត​មាននៅ​តុលាការ​ពួកគេ​ជា​ប្រធាន​ប្រតិបត្តិ​ស្រុក ខណ្ឌ និង​ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ។

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ សុគង់ ឱ្យ​ដឹង​ថា សវនាការ​ថ្ងៃនេះ​ចែកចេញជា​ពីរ​វគ្គ​គឺ​ពេលព្រឹក និង​ពេល​ថ្ងៃ​។ លោក​ឱ្យ​ដឹង​ថា ពេល​ព្រឹក​តុលាការ​សួរដេញដោល​កូនក្ដី​លោក​ ៣​នាក់ ​គឺ​លោក យឹម សារ៉េត លោក ឃុត ច្រិក និង​លោក សុខ ចាន់ថា រីឯ​ពេល​រសៀល ៣​នាក់​ទៀត​គឺ ​លោក ថៃ សុគន្ធា លោក ញ៉ែម វាន និង​លោក ឃឹម ភាណា។ លោក​ឱ្យ​ដឹង​ទៀត​ថា អ្នក​ទាំង​ ៦​នាក់​នេះ ត្រូវ​តុលាការ​ចោទប្រកាន់​ចំនួន​ ៣បទ​ល្មើស​ដូចគ្នា​គឺ ​​បទ​រួមគំនិត​ក្បត់ ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់​​។ លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា សំណួរ​របស់​ព្រះរាជអាជ្ញា និង​ចៅក្រម​ពាក់ព័ន្ធ​ការចូលរួម​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​​​ក្រៅ​ស្រុក ពាក់ព័ន្ធ​ជំងឺ​កូវីដ និង​ការ​កៀរគរ​កម្លាំង​ទៅ​ទទួល​លោក សម រង្ស៊ី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​ជាដើម​៖ «សួរ​ទៅ​ហាក់​ដូច​សន្មត​ទុកជាមុន​ថា មានទោស​ដូច​មាន​ភាព​លំអៀង​អ៊ីចឹង​គេ  (ចៅក្រម​) ​សួរ​ផ្ដោត​គោលបំណង​ប្រមូល​មនុស្ស​ទៅ​ចូលរួម​ទទួល​ឯកឧត្ដម សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ក៏​ដូច​ការ​បញ្ជា​ផ្សេងៗ ​ទៀត ប៉ុន្តែ​ពួកគាត់​ (​កូន​ក្ដី​) គាត់​បាន​បដិសេធ​មិន​បាន​ទទួលបញ្ជា​ពី​អ្នកណា​ទេ គឺ​អ្វី​ដែល​គាត់​ធ្វើ​គឺ​ដោយ​ឆន្ទៈ​និង​គំនិត​គាត់​ផ្ទាល់​ទេ»។


លោក​មេធាវី​ដដែល​ឱ្យ​ដឹង​ថា កូនក្ដី​របស់​លោក​ភាគច្រើន​នៅតែ​បដិសេធ​​​​​​​​​​​​​​​​​​​​​ថា ពួកគេ​មិន​​​​បាន​ប្រព្រឹត្តិ​ល្មើស​ដូច​ការចោទ​ប្រកាន់​ទេ។ លោក​បន្ត​ថា ក៏​មាន​កូនក្ដី​ផ្សេងទៀត បដិសេធ​មិន​ឆ្លើយ​សំណួរ​តុលាការ​ព្រោះ​ពួកគេ​មាន​បញ្ហា​សុខភាព និង​មាន​ការ​ភ្លេចភ្លាំង​ច្រើន​ ព្រោះ​សារធាតុ​វិទ្យុ​សកម្ម​នៅ​ក្នុង​ពន្ធនាគារ​៖ «​គេ​ដាក់​ប្រព័ន្ធ​ទូរស័ព្ទ​ណា​ធ្វើ​ឱ្យ​គាត់​  (សកម្មជន ​និង​មន្ត្រី​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ​) ​ជួប​បញ្ហា​ភ្លេចភ្លាំង​ច្រើន​ ហើយ​អ្នក​ផ្សេងៗ​ គាត់​​បាន​ឆ្លើយ​ថា គាត់​មិន​មាន​ទំនាក់ទំនង​អី​ចលនា​សង្គ្រោះ​ជាតិ​ទេ។ ពួកគាត់​គ្រាន់តែ​អតីត​សកម្មជន អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ផែន​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទេ»។

ពាក់ព័ន្ធ​នឹង​ការ​បន្ត​ដំណើរការ​កាត់​ក្តី​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ក្នុង​ពេល​តែមួយ​នេះ នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ទាមទារ​ឱ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​បង្ក្រាប​ឥត​ឈប់ឈរ​មក​លើ​ក្រុម​អ្នក​រិះគន់ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​ជនជាប់ចោទ​ទាំងនេះ​។ លោក​ថា មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ ត្រូវ​បាន​យាយី​ដោយ​ប្រព័ន្ធ​យុត្តិធម៌ ដោយសារ​តែ​​ការ​​ជាប់​​ពាក់ព័ន្ធ​របស់​ពួកគេ​ទៅ​នឹង​វិស័យ​នយោបាយ និង​ការ​បន្ត​ទាមទារ​នូវ​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ជួប​ប្រជុំ និង​សម្ដែង​មតិ​ជា​សាធារណៈ​ដោយ​សន្តិវិធី​។​

មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ មាន​ប្រសាសន៍​ថា គោលដៅ​នៃ​ការ​កាត់ក្តី​មនុស្ស​ដ៏​សម្បើម​បែបនេះ គឺ​ដើម្បី​កម្ទេច​ចោល​ទាំងស្រុង​នូវ​អ្វី​ដែល​នៅ​សេសសល់​ចុងក្រោយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស និង​ដើម្បី​បំបិទមាត់​អ្នក​រិះគន់​ទាំងអស់ ដែល​នៅ​ក្លាហាន​ហ៊ាន​បញ្ចេញ​បញ្ចេញ​មតិ ប្រឆាំង​នឹង​ការដឹកនាំ​បែប​ឯក​បក្ស និង​ផ្ដាច់ការ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹង​ច្បាស់​ណាស់​ថា ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខនេះ នឹង​ចូល​មកដល់​នា​ពេល​ឆាប់ៗ​នេះ​។ ហេតុ​ដូច្នេះ​ហើយ លោក ហ៊ុន សែន មាន​បំណង​ចង់​ធានា​ថា គ្មាន​នរណា​ម្នាក់​អាច​ចេញមុខ​ប្រឈម​ទៅ​នឹង​ការ​កាន់អំណាច​រយៈពេល ៣៥​ឆ្នាំ របស់​លោក​បាន​ឡើយ​។ លោក ហ្វីល រ៉ូប៊ើតសុន គូស​បញ្ជាក់​ថា ដំណើរការ​កាត់​ក្តី​ទាំងនេះ គ្មាន​ភាព​ជឿ​ទុកចិត្ត​បាន​ទាល់តែសោះ ដោយសារតែ​ផ្អែកលើ​បទ​ចោទ​បែប​ប្រឌិត បង្កើត​ឡើង​ក្នុង​គោលដៅ​នយោបាយ ដើម្បី​កម្ចាត់​ដៃគូ​ប្រកួតប្រជែង​តែប៉ុណ្ណោះ។

អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួន​សកម្មជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បន្តបន្ទាប់​ដាក់​ពន្ធនាគារ​កាលពី​អំឡុង​ឆ្នាំ​២០១៩ ជា​ពេល​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​។ កាលនោះ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​កង​ទាហាន និង​ប៉ូលិស​បង្វែរ​ចុង​កាណុង​ភ្ជង់ ឬ​បាញ់ លោក ហ៊ុន សែន វិញ បើសិនជា​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ពួកគេ​បាញ់​បង្ក្រាប​ពលរដ្ឋ​ស្លូតត្រង់​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​។

នៅ​រយៈពេល​ចុងក្រោយ​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មី​ត (Rhona Smith) បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា អ្នកស្រី​នៅ​តែ​មាន​កង្វល់​អំពី​ការ​ជំនុំ​​​​​​ជម្រះ​ក្តី​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​បែបនេះ។

លោក​មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​ជំនុំជម្រះ​លើ​សំណុំ​រឿង​នេះ​បន្ត​ទៀត​នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ​ខាង​មុខ៕

No comments: