Sunday, 24 January 2021

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ វាយ​ដំ​ផ្ទួនៗ នៅ​ខណ្ឌ៧មករា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ដោយ យន់ សាមៀន
2021-01-23
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​រាជធានី​ភ្នំពេញ លោក ទេស សារឿន ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួចវាយប្រហារ​​ពីរ​លើក​ផ្ទួនៗគ្នា ​ស្ថិត​នៅ​ក្នុង​ខណ្ឌ៧មករា ​រាជធានី​ភ្នំពេញុ។
Photo Provided


សកម្មជន​​​​​​​​​​​​បក្ស​ប្រឆាំង​ម្នាក់ទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ​លួចវាយប្រហារ​​ពីរ​លើក​ផ្ទួនៗ គ្នា ​ស្ថិត​នៅ​ក្នុង​ខណ្ឌ ៧មករា ​រាជធានី​ភ្នំពេញ ក្រោយ​លោក​ទៅ​ចូលរួម​ឃ្លាំ​មើល​សវនា​សំណុំ​រឿង​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ មន្ត្រី​សង្គម​ស៊ីវិល​ យល់ថា ​ករណី​ហិង្សា​លើ​សកម្ម​ជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ ​ហើយ​សមត្ថកិច្ច​មិន​អាច​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នេះ ​នឹង​នាំ​ឲ្យ​សហគមន៍​ជាតិ ​និង​អន្តរជាតិ​ វាយ​តម្លៃ​ថា​ ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​រាជធានី​ភ្នំពេញ លោក ទេស សារឿន ប្រាប់​អាស៊ី​សេរី​ថា ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់ ​បាន​ជិះ​ម៉ូតូ​មក​ក្បែរ​ហើយ​បាន​ប្រើ​ដុំ​ថ្ម​វាយ​ក្បាល និង​ដង​ខ្លួន​របស់​លោក ​បណ្ដាល​ឲ្យ​លោក​រង​របួស​ដេកពេទ្យ។ លោក ទេស សារឿន បញ្ជាក់​ថា អំពើ​ហិង្សា​នេះ​ កើត​ឡើង​នៅ​ម៉ោង​ជិត ១០ព្រឹក​ថ្ងៃ​ទី២២ ​ខែមករា នៅ​ជិត​សាលា​បាក់​ទូក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​​មករា រាជ​ធានី​ភ្នំពេញ ខណៈ​លោក​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ឃ្លាំមើល​សវនាការ​សំណុំ​រឿង​មន្ត្រី​ប្រឆាំង ១២រូប និង​ការ​តវ៉ា​របស់​ក្រុម​ស្ត្រី​ថ្ងៃសុក្រ ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ៖ «ដំបូង ​វា វាយ​ក្បាល​ខ្ញុំ តែ​ខ្ញុំ​ពាក់​មួក​សុវត្ថិភាព ហើយ​បន្ត​វាយ​ត្រូវ​ស្មា និង​ខ្នង​របស់​ខ្ញុំ​ទៀត ​ដោយ​ប្រើ​ដំ​ថ្ម​វាយ។ ជន​ដៃ​ដល់​តែម្នាក់​ឯង​ទេ ជិះ​ម៉ូតូ​អាសង់ ហើយ​ពាក់​មួក​ការពារ និង​អាវ​ខាង​ក្រៅ​ហ្នឹង​ឃើញ​អក្សរ​ដាក់​ថា ប៉ូលិស​ ប៉ុន្តែ​យើង​មិន​ចម្លែក​ទេ ព្រោះ​អាវ​ចឹងៗ លក់​ទីផ្សារ​ច្រើន​ ។ យើង​មិន​ចោទ​ថា ប៉ូលិស ឬ​អី​ទេ តែ​អាវ​ដាក់​ថា ប៉ូលិស។ ខ្ញុំ​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ ​ហើយ​ជន​នោះ​មិន​ដែល​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ស្គាល់​ជន​នោះ​ទេ ​តែ​ក្រោយ​ពី​ខ្ញុំ​ចេញ​ពី​កន្លែង​ស្ត្រី​តវ៉ា​នោះ ​ស្រាប់តែ​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង»។


ជន​រង​គ្រោះ​រូប​នេះ ​បញ្ជាក់​ថា​ នេះ​គឺ​ជា​អំពើ​ហិង្សា​លើក​ទី២ហើយ។ លោក​ថា ​កាល​ពី​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ​២០​២០ ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ ក៏​បាន​ជិះ​ម៉ូតូ​មក​ក្បែរ​ ហើយ​ប្រើ​ដំបង​ដែក​វាយ ត្រូវ​ដើម​ដៃ ​និង​ក​ដៃ​ឆ្វេង​របស់​លោក​ជិត​បាក់​ម្ដង​ដែរ​ បន្ទាប់ពី​លោក​ទៅ​ចូល​រួម​ឃ្លាំ​មើល​សវនាការ​សំណុំ​រឿង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គ្នា​នេះ។ លោក ទេស សារឿន បញ្ជាក់​ជំហរ​ថា បើ​ទោះ​បី​ជា​លោក ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ដំ​ពីរ​លើក​ផ្ទួនៗ គ្នា​ក្តី ​ក៏​លោក​មិន​បាក់​ស្មារតី​នោះ​ទេ ហើយ​លោក ក៏​មិន​ប្ដឹង​ទៅ​អាជ្ញាធរ​ដែរ​ ព្រោះ​លោក ​គ្មាន​ជំនឿ​ថា ​នឹង​ទទួល​បាន​យុត្តិធម៌៖ «វាយ​សកម្មជន​តាម​ដង​ផ្លូវ​នេះ ជាង ២០ ទៅ ៣០​ករណី​ហើយ ​តែ​អត់ ឃើញ​អាជ្ញាធរ ​ចាប់​ជន​ដៃ​ដល់​បាន​ផង ​រហូត​ដល់​មាន​ទាំង​ថត​បាន​ស្លាក​លេខ​ម៉ូតូ​របស់​ជន​ល្មើស​អី​ជា​ហូរហែ ​តែ​សំណុំ​រឿង​នេះ អត់​មាន​បំបែក​បាន​មួយ​ករណី​ណា​សោះ ដូច្នេះ​ខ្ញុំ​មិន​មាន​ជំនឿ​ចិត្ត ហើយ​មិន​ប្ដឹង​ទៅ អាជ្ញាធរ​ទេ»។

អធិការ​នគរបាល​ខណ្ឌ ៧មករា លោក នេត ស៊ីថុន វិញ លោក​បដិសេធ​ឆ្លើយ​តប​ជាមួយ​អាស៊ី​សេរី ​ដោយ​លោក​ប្រាប់​ថា ជាប់​រវល់​ការងារ​ ហើយ​បិទ​ទូរស័ព្ទ ប៉ុន្តែ មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​វាលវង់ ​ដែល​បដិសេធ​ប្រាប់​ឈ្មោះ ​និង​តួនាទី ​ថ្លែង​ថា លោក​មិន​បាន​ដឹង​ករណី​ហិង្សា​នេះ​ទេ ​ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​ស៊ើប​អង្កេត​ដែរ៖ «ស្រាវជ្រាវ​ បើ​ខ្ញុំ​អត់​ដឹង​ផង​ បាន​អី​ស្រាវជ្រាវ។ ចាំ​មើល​ខ្ញុំ​ស៊ើបសួរ​មើល មើល​ ព្រោះ​ខ្ញុំ​អត់​ដឹង​រឿង​នេះ​ផង»។

ការ​ចាប់​ខ្លួន ​និង​អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​កក្រើក​ឡើង​វិញ​ ក្នុង​ពេល​មាន​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​ថ្នាក់​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង​ទ្រង់ទ្រាយ​ធំ ​ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០​២០ មក។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​អង្គការ​ច្រាក (CHRAC)  លោក​ រស់ ​សុដ្ឋា ថ្លែង​ថា  អំពើ​ហិង្សា​នេះ ​ត្រូវ​បាន​សាធារណជន ​ពិនិត្យ​ឃើញ​ថា ​មាន​ការរៀបចំ​ជា​ប្រព័ន្ធ​ និង​មាន​គោលដៅ​ចំពោះ​តែ​សកម្មជន​បក្ស​ប្រឆាំង​ ដូច្នេះ​រដ្ឋាភិបាល ​មិន​អាច​បដិសេធ​ក្នុង​ការ​ទទួលខុស​ត្រូវ​បាន​ឡើយ។ លោក​បន្ត​ថា ​ទោះ​បី​ជា​ជន​រងគ្រោះ​មិន​ដាក់​បណ្ដឹង​ក៏ដោយ ​ក៏​អាជ្ញាធរ​រដ្ឋាភិបាល ​មាន​កាតព្វកិច្ច​ស្រាវជ្រាវ​ស្វែង​រក​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដែរ ​ដើម្បី​ធានា​ការ​ពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៖ «រាជរដ្ឋាភិបាល​ ឬ​អាជ្ញាធរ​អី ​មិន​ខ្វល់​ពី​ការ​រិះគន់​ទេ​ ព្រោះ​គាត់​គិត​ថា ​​មិន​ដឹង​ជា​អ្នក​ណា​ជា​អ្នក​ធ្វើ​ ប៉ុន្តែ​មហាជន​គេ​អាច​វាយ​តម្លៃ​ចំពោះ​អ្នកណា​ គេ​អាច​វាយ​តម្លៃ​បាន។ នេះ​ហើយ​ខ្ញុំ​មើល​ឃើញ​ថា​ វា​ជា​ការ​ធ្លាក់​ចុះ​នូវ​ធម្មានុរូប ​ (សិទ្ធិ​ស្រប​ច្បាប់) ​របស់​រាជរដ្ឋាភិបាល ​។ បើ​សិន​ជា​រាជរដ្ឋាភិបាល​មិន​ដោះ​ស្រាយ​ទេ​ ពិន្ទុ​របស់​រាជរដ្ឋាភិបាល ត្រូវ​ធ្លាក់​ទៅៗ។ ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ទៅ​រាជរដ្ឋាភិបាល ​ត្រូវតែ​គិតគូរ​ដោះ​ស្រាយ ​ដើម្បី​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​ប្រជា​ពលរដ្ឋ ​និង​សហគមន៍​អន្តរជាតិ»។

គិត​ត្រឹម​ថ្ងៃ​ទី២៣ មករា​ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​សាច់​ញាតិ​របស់​ពួក​គេ ​និង​អ្នកតស៊ូ​មតិ​ជាង ៣០នាក់​ហើយ ត្រូវ​បាន​ជន​អនាមិក​លួច​វាយ​ដំ​បណ្ដាល​ឲ្យ​​របួស​ធ្ងន់ធ្ងរ ហើយ​ក្នុង​ចំណោម​នោះ ​ក៏​មាន​ករណី​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ ​និង​កង​សន្តិសុខ​ក្រុងភ្នំពេញ​ដែរ។ ករណី​ភាគ​ច្រើន​បំផុត គឺ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជន​ប្រព្រឹត្ត យក​មក​ដាក់ទោស​តាមច្បាប់​នៅ​ឡើយ​ទេ៕

1 comment:

Anonymous said...

The perpetrators kept committing crimes against innocent people because they have never been punished.
Khmer people must have the courage to force Ah Roleuy Yuon's slave Hun Sen to abandon the impunity policy.