Saturday, 30 January 2021

អ្នក​ជំនាញ​ថា ល្មម​ដែល​អាមេរិក​លើក​ពី​បញ្ហា​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មក​និយាយ មុន​បន្ត​GSP


ដោយ មាន ឫទ្ធិ
2021-01-29
លោក​នាយករដ្ខមន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក


អ្នក​ជំនាញ​លើកឡើង​ថា ដល់ពេល​វេលា​ហើយ​ដែល​សមាជិកសភា​អាមេរិក លើក​យក​បញ្ហា​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មក​និយាយ មុននឹង​សម្រេច​បន្ត​ផ្ដល់​សុពលភាព​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា​។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​គូស​បញ្ជាក់​ថា គណបក្ស​នេះ មិន​ចង់​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក​នេះ​ឡើយ។

គិត​រហូត​មក​ទល់​ពេល​នេះ សហរដ្ឋអាមេរិក​នៅ​ពុំ​ទាន់​បន្ត​ផ្ដល់​សុពលភាព​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា​នៅឡើយ​ទេ ក្រោយ​ប្រព័ន្ធ​នេះ​បាន​ផុត​សុពលភាព​កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ​។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ឱ្យ​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ អាច​នាំចេញ​ទំនិញ​មួយ​ចំនួន​ទៅកាន់​សហរដ្ឋអាមេរិក ដោយ​ពុំ​ចាំបាច់​បង់ពន្ធ។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល យល់ថា ដល់ពេល​វេលា​ហើយ​ដែល​សមាជិក​តំណាងរាស្ត្រ​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក លើក​យក​បញ្ហា​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ មក​និយាយ​ជាមួយ​នឹង​សេត​វិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ក្រសួងការបរទេស​អាមេរិក មុននឹង​សម្រេច​បន្ត​ផ្ដល់​សុពលភាព​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​នេះ​ដល់​កម្ពុជា​តទៅ​ទៀត​។ សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក និង​ការទូត​រូប​នេះ ថា កម្ពុជា​បាន​អួតអាង​ពី​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ដ៏​សម្បើម​ជាមួយ​សហរដ្ឋអាមេរិក ដោយសារតែ​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ ក៏ប៉ុន្តែ លោក​ព្រមាន​ថា អ្វីៗ​អស់ទាំង​នេះ អាច​នឹង​ត្រូវ​បាត់បង់​នា​ពេល​អនាគត ប្រសិនបើ​កម្ពុជា​នៅតែ​ពន្យាត​ពេល​មិន​ព្រម​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ។


ជុំវិញ​ការព្រមាន​ពី​ការ​អាច​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន គូស​បញ្ជាក់​ថា គណបក្ស​កាន់អំណាច​មិន​ចង់​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទេ។ លោក​សង្ឃឹមថា សហរដ្ឋអាមេរិក នឹង​បន្ត​ផ្ដល់​សុពលភាព​ឱ្យ​ប្រព័ន្ធ​នេះ​ដល់​កម្ពុជា​តទៅទៀត​៖ «​រឿង​ដែល​បាត់ GSP គឺជា​ទស្សនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​ចង់​បាន​ទេ​។ អ៊ីចឹង យើង​មានការ​លើកទឹកចិត្ត យើង​មាន​សុទិដ្ឋិនិយម​ថា សហរដ្ឋអាមេរិក​នឹង​ពិនិត្យ​ដល់​សច្ចធម៌​ដល់​កម្ពុជា​ដើម្បី​ផ្ដល់​ឡើងវិញ​បន្ត​ទៅ​ទៀត​ឱ្យ​ដល់ GSP ដល់​កម្ពុជា»។

រីឯ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក សៀង ថៃ វិញ លោក​ពន្យល់​ប្រាប់​អាស៊ីសេរី តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា កម្ពុជា បាន​ស្នើ​សុំ​ទៅ​សហរដ្ឋអាមេរិក​ឱ្យ​បន្ត​ផ្ដល់​សុពលភាព​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដល់​កម្ពុជា​តទៅ​ទៀត​៖ «​កម្ពុជា ក៏​ដូចជា​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ទទួល​បាន​នូវ​ភាព​អនុគ្រោះ​នេះ បាន​ស្នើ​សុំ​ទៅ​សហរដ្ឋអាមេរិក ឱ្យ​ពិនិត្យ​ពិចារណា​ដើម្បី​ផ្ដល់​សុពលភាព​នេះ ឱ្យ​មក​ខ្លួន​ទៀត​។ ក៏ប៉ុន្តែ ដូច​យើង​បាន​ដឹង​ហើយ​ថា នៅ​ចុង​ឆ្នាំ​២០២០ សហរដ្ឋអាមេរិក មានការ​រវល់​នៅ​ក្នុង​ការបោះឆ្នោត ដូច្នេះ សុពលភាព​នេះ ក៏​ត្រូវ​បាន​ផុត​រលត់​ទៅ​។ យើង​ក៏​សង្ឃឹមថា នឹង​មាន​ការ​បន្ត​សុពលភាព​នេះ ឱ្យ​មក​ប្រទេស​ក្រីក្រ​តទៅ​ទៀត ពីព្រោះ​ថា កាលពី​ចុង​ឆ្នាំ​២០១៧​នោះ កម្មវិធី​អនុគ្រោះ​នេះ បាន​ផុត​រលត់​ម្ដង ប៉ុន្តែ​ខែ​មេសា ឆ្នាំ​២០១៨ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​បន្ត​សុពលភាព​ហ្នឹង​ឱ្យ​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០២០​។ ខែ​មេសា​ហើយ​បាន​ប្រកាស​បន្ត​សុពលភាព ពី​ខែ​មករា ឆ្នាំ​២០១៨ រហូតដល់ ៣១ ធ្នូ ឆ្នាំ​២០២០​។ អ៊ីចឹង រយៈពេល ពី​ខែ​មករា ដល់​ខែ​មេសា អ្នក​នាំចេញ​ដែល​បាន​នាំចេញ​ហួស​ទៅ​ហើយ​ទៅកាន់​សហរដ្ឋអាមេរិក ហើយ​បាន​បង់ពន្ធ​ហួស​ទៅ​ហើយ​នោះ ត្រូវ​បាន​សហរដ្ឋអាមេរិក បង្វែរ​ប្រាក់​ពន្ធ​ទាំងអស់​នោះ​ឱ្យ​មក​អ្នក​នាំចូល​ទាំងអស់​វិញ»។

ការ​មិន​ទាន់​បន្ត​សុពលភាព​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដល់​កម្ពុជា​តទៅទៀត ត្រូវ​អ្នក​ជំនាញ​មួយ​ចំនួន​មើល​ឃើញ​ខុសគ្នា។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​មួយ​រូប​ទៀត និង​ជានា​យក​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) នៅ​កម្ពុជា បណ្ឌិត ឈាង វណ្ណារិទ្ធ មើល​ឃើញ​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក​នេះ ផ្ដល់​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការនាំចេញ​នូវ​ផលិតផល​របស់​កម្ពុជា​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក ជាពិសេស ផលិតផល​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ជាដើម​។ លោក​ថា ការ​ផុត​សុពលភាព​នេះ ប៉ះពាល់​ដល់​ប្រទេស​ជាង ១០០ នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​ប្រព័ន្ធ​នេះ ដែល​ក្នុង​នោះ​ក៏​រួម​ទាំង​កម្ពុជា​ផង។ លោក​ថា យ៉ាងណា សហរដ្ឋអាមេរិក នឹង​នៅតែ​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដល់​កម្ពុជា​ជា​បន្ត​ទៅ​ទៀត ដោយសារ​សហរដ្ឋអាមេរិក គិតគូរ​ពី​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ឆ្លើយតប​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន ស្រប​ពេល​ដែល​ឆ្នាំ​២០២២ ខាងមុខនេះ កម្ពុជា​នឹង​ក្លាយ​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​៖ «​ពិត​ហើយ​ក្រោម​រដ្ឋាភិបាល​ថ្មី របស់​លោក​ប្រធានាធិបតី ចូ បៃ​ឌិន (Joe Biden) ឃើញ​ថា គាត់​ឱ្យ​តម្លៃ​ខ្ពស់​ទាក់ទង​ទៅ​នឹង​លទ្ធិប្រជាធិបតេយ្យ ហើយ​នឹង​សិទ្ធិមនុស្ស​។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ក៏​មាន​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ដែរ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ​។ ដូច្នេះ ក្នុង​ការ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ក្តី ពហុភាគី​ក្តី ប្រហែលជា​សហរដ្ឋអាមេរិក​មានការ​ប្រុងប្រយ័ត្ន​ខ្លះ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ប៉ះពាល់​ទៅដល់​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អាមេរិក​នៅ​ក្នុង​តំបន់​។ យើង​ឃើញ​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ដូច្នេះ ទម្ងន់​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា​ក៏​មាន​សារសំខាន់​ដែរ ចំពោះ​សហរដ្ឋអាមេរិក​។ ដូច្នេះ​តាម​ការយល់ឃើញ​របស់​ខ្ញុំ គឺថា សហរដ្ឋអាមេរិក​នៅតែ​បន្ត និង​ជំរុញ​បន្ថែម​ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា​ដើម្បី​ប្រកួតប្រជែង​អំណាច​ជាមួយ​ចិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហ្នុ​ង​តែម្ដង»។

រីឯ អ្នក​ជំនាញ​វិស័យ​សិទ្ធិ​ការងារ និង​ជានា​យក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿ​ន តុលា វិញ លោក​មើលឃើញ​ថា រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក នឹង​យក​បញ្ហា​បន្ត​សុពលភាព​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​នេះ ធ្វើជា​បញ្ហា​គន្លឹះ​មួយ​តម្រូវ​ឱ្យ​កម្ពុជា​ស្តា​ប្រជាធិបតេយ្យ​ឡើងវិញ​នៅមុន​ពេល​ព្រឹត្តិការណ៍​បោះឆ្នោត​ខាងមុខ​៖ «​បើសិនជា​មានការ​ប្រែប្រួល​រឿង​ការបោះឆ្នោត ដែល​អាច​មាន​ការប្រកួត​ប្រជែង​គ្នា​ពិតប្រាកដ ហើយ​អាច​មាន​ការចូលរួម​ពី​គ្រប់​អ្នកនយោបាយ​ទាំងអស់ ខ្ញុំ​គិត​ថា គឺ GSP អាច​រក្សា​បាន ហើយ​សម្រាប់​ខ្ញុំៗ​ជឿ​ថា រដ្ឋបាល​របស់​លោក ចូ បៃឌិន អាច​ប្រហែលជា​សម្លឹង​ឃើញ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ជា​គន្លឹះ​មួយ​សម្រាប់​ចរចា ឬក៏​ជជែក​ជាមួយ​ខាង​រដ្ឋាភិបាល​កម្ពុជា​ដែរ»។

លោក មឿន តុលា ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា ពិបាក​នឹង​រស់​បាន​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ នៅ​ពេល​ដែល​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋអាមេរិក​នេះ​មួយទៀត​៖ «​អ៊ីចឹង ក្នុង​ពេល​ដែល​កម្ពុជា​កំពុងតែ​រងគ្រោះ រង​វិបត្តិ​ដោយសារ​ករណី​កូវីដ​-១៩​ផង ហើយ​នឹង​រង​នូវ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ២០% ផង បើសិនជា​កម្ពុជា​បាត់បង់ GSP មួយទៀត ខ្ញុំ​មើល​ទៅ​សេដ្ឋកិច្ច​កម្ពុជា​ពិបាក​ណាស់ ពិបាក​នឹង​លោត​។ ហើយ​បើ​ងាក​ទៅ​ពឹង​រឿង​ប្រេងកាត​វិញ ខ្ញុំ​អត់​មាន​សង្ឃឹមថា កម្ពុជា​អាច​យក​ចំណូល​ពី​ប្រេង​មក​គ្រប់គ្រង​មក​ទប់​នូវ​សេដ្ឋកិច្ច​របស់​ខ្លួន​បានទេ»។

មន្ត្រី​សិទ្ធិ​ការងារ​រូប​នេះ បន្ត​ថា កូន​សោរ​ដែល​ជា​ដំណោះស្រាយ នៅតែ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គណបក្ស​កាន់អំណាច​ដដែល ប្រសិនបើ​គណបក្ស​នេះ​មិន​ចង់​ឃើញ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អាមេរិក​នេះ​៖ «​បើសិនជា​គណបក្ស​កាន់អំណាច គណបក្ស​ប្រជាជន លោក​ពិតជា​ស្រលាញ់​ប្រយោជន៍​ជាតិ ស្រលាញ់​ប្រយោជន៍​ប្រជាពលរដ្ឋ ស្រលាញ់​ប្រយោជន៍​ពលករ​ដូចដែល​មេដឹកនាំ​គណបក្ស​កាន់អំណាច​តែងតែ​លើកឡើង​កាល​ពី​ពេល​កន្លងមក អ៊ីចឹង ខ្ញុំ​គិត​ថា គួរតែ​ងាក​មក​ដោះស្រាយ​រឿង​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ប្រជាធិបតេយ្យ ជាពិសេស​គឺ​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​មួយ​ដើម្បី​ឱ្យ​គេ​អាច​ជឿជាក់​បាន​នៅ​ក្នុង​ការបោះឆ្នោត​នា​ពេល​ខាងមុខនេះ គឺ​ការបោះឆ្នោត​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ឆ្នាំ​២០២៣»។

កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ពី​សហរដ្ឋអាមេរិក ជា​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៧។ សហរដ្ឋអាមេរិក​គឺជា​ប្រទេស​គោលដៅ​នាំចេញ​ធំ​ជាងគេ​បង្អស់​តែមួយគត់​របស់​កម្ពុជា​។ ក្នុង​នោះ ការនាំចេញ​ប្រមាណ​២០​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា គឺ​ទៅ​កាន់​សហរដ្ឋអាមេរិក​។ ទំនិញ​ទាំងនោះ មាន​ជាពិសេស ផលិតផល​សំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​។ កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំ​ចេញទៅ​សហរដ្ឋអាមេរិក សរុប​ក្នុង​តម្លៃ​ជិត ៤​ពាន់​លាន​ដុល្លារ (៣,៨២ ពាន់​លាន​ដុល្លារ​) ខណៈ​សហរដ្ឋអាមេរិក​នាំ​ចេញ​មក​កម្ពុជា​វិញ​មានតែ​ជិត ៤៥០ លាន​ដុល្លារ (៤៤៧ លាន​ដុល្លារ​)​។ ក្នុង​នោះ ទំនិញ​ដែល​មាន​តម្លៃ​ជាង ១៨០​លាន​ដុល្លារ ទៅ​សហរដ្ឋអាមេរិក មិន​ត្រូវ​បាន​គិត​ពន្ធ​ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ GSP នេះ​ឡើយ​។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ផ្ដល់​ឱ្យ​ក្រោម​លក្ខខណ្ឌ​ដែល​ប្រទេស​ទទួល ត្រូវ​ធានា​គោរព​សិទ្ធិ​ការងារ និង​លប់​បំបាត់​នូវ​គ្រប់​ទម្រង់​នៃ​ពលកម្ម​កុមារ ព្រមទាំង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន មាន​ប្រទេស​អភិវឌ្ឍន៍​តិចតួច ៤៤ ប្រទេស រួម​ទាំង​កម្ពុជា​ផង ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក​នេះ ចំពោះ​មុខ​ទំនិញ ៥​ពាន់ (៥.០០០) មុខ​ដោយ​ឥត​បង់​ពន្ធ។

កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក​នេះ បង្កើត​ឡើង​ក្នុង​គោលដៅ​ជួយ​អភិវឌ្ឍន៍ និង​ពង្រឹង​ការលូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រីក្រ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក ដើម្បី​សុំ​ជំហរ​របស់​រដ្ឋបាល​ថ្មី​នៃ​លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) ជុំវិញ​បញ្ហា​បន្ត​សុពលភាព​នៃ​ប្រព័ន្ធ GSP ដល់​កម្ពុជា ឬ​យ៉ាងណា​នោះ​។ ក៏ប៉ុន្តែ អាស៊ីសេរី នៅ​ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅឡើយ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ រីឯ តំណាងរាស្ត្រ​អាមេរិក លោក អាឡាន់ ឡូ​វែន​ថ​ល (Alan Lowenthal) ដែល​ជា​សមាជិក​នៃ​ក្រុម​សភាតំណាងរាស្ត្រ​អាមេរិក​ស្ដីពី​បញ្ហា​កម្ពុជា (Congressional Cambodia Caucus-CCC) ប្រាប់ អាស៊ីសេរី ថា លោក​នឹង​​ដាក់​ស្នើ​ឡើង​វិញ​នូវ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​(Cambodia Trade Act) ដែល​នឹង​សើរើ​ឡើងវិញ​នូវ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដល់​កម្ពុជា ដើម្បី​ឱ្យ​រដ្ឋសភា​អាមេរិក​បច្ចុប្បន្ន​អនុម័ត​។ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ តំណាងរាស្ត្រ​អាមេរិក ៨​រូប បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​បន្ថែម​មក​​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ឱ្យ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP នេះ​ផង បើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​មិន​ព្រម​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ៕

2 comments:

Anonymous said...

Prime Mormiss Kdor Hun Sen is the right title for this savage person.

Ah Sdach Chkuot Sihanouk should not have bestowed the title Samdach to any of these asshole ignorant Khmer Rouge.

Anonymous said...

https://www.google.com/amp/s/www.voacambodia.com/amp/cambodian-govt-says-mu-sochua-free-to-come-back-but-wont-issue-visa-/5723860.html

This means she can fly to Cambodia on any airline but she won't be allowed to enter Cambodia. Do not let Singapore Airline lying to you. zHun Sen must have threatened Singapore... Sue them.