ដោយ សេក បណ្ឌិត
2021-01-31
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី។
RFA
លោក សម រង្ស៊ី ចោទប្រកាន់ថា មូលហេតុដែលរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើយុទ្ធនាការប្រមូលលុយញឹកញាប់ព្រោះរដ្ឋកំពុងខ្វះលុយដោយសារគ្រួសារ និងបក្សពួករបស់គាត់លួចបន្លំធនធានរដ្ឋ។ អ្នកនាំពាក្យកាន់អំណាចឆ្លើយតបវិញថា ក្រុមប្រឆាំងមិនដែលឃើញទង្វើល្អរបស់រដ្ឋាភិបាលនោះទេ ហើយតែងតែនិយាយខុសពីការពិត។
មេដឹកនាំបក្សប្រឆាំងចោទប្រកាន់ថា ចំណូលថវិការបស់ជាតិសព្វថ្ងៃត្រូវបែងចែកទៅប្រភពសំខាន់ៗ បី គឺលុយជាតិប្រមាណ ៦០ភាគរយត្រូវកូនប្រុស កូនស្រីលោក ហ៊ុន សែនគ្រប់គ្រង មួយផ្នែកទៀតចូលទៅគណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាល ហើយនៅសេសសល់តិចតួចទើបចូលទៅក្នុងថវិកាជាតិ។ លោក សម រង្ស៊ី ហៅរដ្ឋាភិបាល លោក ហ៊ុន សែន ថា ជារបបកញ្ជើធ្លុះ ពេលគ្មានលុយប្រើប្រាស់ត្រឹមត្រូវ៖ «ពុករលួយដល់ឆ្អឹងពេលត្រូវការលុយទៅរៃអង្គាស ទៅសុំពីពលរដ្ឋហើយបើសុំមិនគ្រប់គ្រាន់ជំរិតកាត់ប្រាក់ខែគេ។ ឥឡូវដើរខ្ចីលុយគេមូលប័ត្របំណុលរដ្ឋគឺខ្ចីលុយពីពលរដ្ឋដើម្បីចាយវាយតាមអ្វីដែលរដ្ឋគេថា គេត្រូវការគេថាគេសងប៉ុន្តែមិនដឹងថា សងពេលណាយ៉ាងម៉េចទេ?»។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងតាមហ្វេសប៊ុករបស់លោកកាលពីយប់ទី៣០ មករា ថា មូលហេតុទាំងនេះហើយធ្វើឱ្យរដ្ឋខ្សោះលុយ ទើបរដ្ឋាភិបាល ហ៊ុន សែន លើកដៃសុំលុយពីបរទេស ក្រុមឈ្មួញ និងពលរដ្ឋ។ លោកព្រមានថា បើរដ្ឋក្ស័យធន ក្រុមគ្រួសារលោក ហ៊ុន សែន ក៏ត្រូវដួលរលំ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ និយាយថា នេះជាចរិតរបស់ក្រុមប្រឆាំង។ លោកអះអាងថា រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហា៖ «នេះជាការកិច្ចការការពិតដែលប្រជាជនខ្មែរគាត់ដឹងច្បាស់ មិនមែនប្រជាពលរដ្ឋខ្មែរគាត់មិនដឹងអំពីការពិត ហើយស្ដាប់បុគ្គលម្នាក់ ដែលនិយាយតាំងពីដើមមិនដែលពិត មានតែចរិតវាយប្រហារទេបាទ»។
មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់ខ្វះខាតថវិកាយ៉ាងសន្ធឹកសន្ធាប់ ហើយបានចាត់វិធានការផ្សេងៗ និងផ្ទួនៗ គ្នាក្នុងការរិះរកប្រាក់យកមកទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច។ រដ្ឋាភិបាលបានសុំជំនួយ ឬខ្ចីបុលពីបរទេសផង ព្រមទាំងរៃអង្គាសពីឧកញ៉ាមហាសេដ្ឋី និងពីពលរដ្ឋនៅក្នុងស្រុកផង ថែមទាំងកាត់ប្រាក់ខែពីមន្ត្រីរាជការផង ដើម្បីបំពេញការខ្វះខាតនេះ។
អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា សព្វថ្ងៃរដ្ឋាភិបាលលោក ហ៊ុន សែន គ្មានលុយបើកប្រាក់ខែឱ្យមន្ត្រីរាជការទេ ទើបប្រើល្បិចទាក់ទាញមន្ត្រីឱ្យបរិច្ចាគប្រាក់ខែទិញវ៉ាក់សាំងកូវីដ-១៩ និងការប្រមូលលុយពីក្រុមឈ្មួញធំៗ។ លោក គឹម សុខ យល់ថា នេះជាឱកាសរបស់គណបក្សប្រឆាំងក្នុងការរៀបចំយុទ្ធសាស្ត្រ ដើម្បីកៀរគរកម្លាំងកម្មកររោងចក្រ និងមន្ត្រីរាជការដាក់សម្ពាធឱ្យមានការចរចានយោបាយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ៖ «រដ្ឋាភិបាលលោក ហ៊ុន សែន មិនមែនអត់លុយធម្មតាទេ គឺជួបវិបត្តិគ្មានលុយតែម្ដង ពីព្រោះលោក ហ៊ុន សែន លែងក្អេងក្អាងពីការធានាបើកប្រាក់គ្រប់ចំនួនជួនមន្ត្រីរាជការទៀតហើយ»។
ពេលនេះ ទោះមិនទាន់បានទិញវ៉ាក់សាំងពីប្រទេសណាក្ដី រដ្ឋាភិបាលលោក ហ៊ុន សែន បានរៃអង្គាសលុយពីពលរដ្ឋ មន្ត្រីរាជការ ជាពិសេស ក្រុមឈ្មួញធំៗ បានជិត ៥៧លានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលកំពុងទទួលបានរាប់លានរៀលពីការកាត់ប្រាក់ខែពីមន្ត្រីរាជការ។ រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្ហើបអំពីវិធានការប្រមូលប្រាក់ថ្មីមួយបែបទៀត គឺការលក់មូលប័ត្របំណុលរដ្ឋាភិបាលដែលគម្រោងនេះរដ្ឋ ខ្ចីលុយពីពលរដ្ឋ ឬពីបុគ្គលឯកជនដោយផ្ទាល់ដោយផ្ដល់ការប្រាក់ទាប។ ប៉ុន្តែលោក សម រង្សី ថា អ្នកឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ខ្ចីលុយតាមវិធីមូលប័ត្របំណុលរដ្ឋាភិបាលនេះ អាចនឹងបាត់បង់ប្រាក់របស់ខ្លួន ពីព្រោះលោកយល់ថា រដ្ឋាភិបាលកញ្ជើធ្លុះរបស់លោក ហ៊ុន សែន នេះ ទំនងជាគ្មានលុយសងត្រឡប់មកវិញទេ៕
No comments:
Post a Comment