Monday, 15 February 2021

មេធាវីថា ​លោក ​កឹម​ សុខា​ នឹងមិន​ប្តឹង​​សើរើ​ទាមទារ​សំណង​ទេ​ ​បើតុលាការលើកលែង​ការចោទប្រកាន់លោក កឹម សុខា


ដោយ យន់ សាមៀន
2021-02-14
មេធាវីថា ​លោក ​កឹម​ សុខា​ នឹងមិន​ប្តឹង​​សើរើ​ទាមទារ​សំណង​ទេ​ ​បើតុលាការលើកលែង​ការចោទប្រកាន់លោក កឹម សុខា 

លោកមេធាវី ផែង ហេង និងលោក កឹម សុខា។
រូប៖ ហ្វេសប៊ុកលោក កឹម សុខា ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។


លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រកាន់​ជំហរថា ​លោក​នឹងមិន​ប្តឹងទាមទារសំណងនោះទេ ប្រសិន​បើ​តុលាការ​ទម្លាក់​ចោល​បទចោទប្រកាន់​លើរូបលោក។ ​ទោះជា​បាន​ជាប់​ឃុំទាំង​អយុត្តិធម៌ក៏ដោយ ​លោក កឹម សុខា​ ចាត់ទុកថា នេះ​ជាការ​យល់​ច្រឡំ​មក​លើ​រូប​លោក​​ ហើយលោក​​មានគោលការណ៍​ចង់ផ្សះផ្សាជាតិ ​និង​អភិ​វឌ្ឍ​ជាតិ​ខ្មែរ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្តី ១រូប​ក្នុងចំណោម ៤រូប​របស់​លោក​ កឹម​ សុខា​ គឺ​លោក​ ផែង​ ហេង។

លោកមេធាវី​ ផែង​ ហេង​ ប្រាប់​អាស៊ីសេរីនៅថ្ងៃទី១៣ កុម្ភៈ​​ថា ​ ​លោក​ កឹម ​សុខា ​គ្មាន​បំណង​ប្តឹង​ទាមទារ​សំណង​ ចំពោះ​ការ​ឃុំខ្លួន​លោក​ទាំង​គ្មាន​កំហុសក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង (ម៣)​ រយៈពេល​​មួយឆ្នាំនោះឡើយ។ លោក​បកស្រាយ​ថា ជំហរបែបនេះ​ គឺផ្តោតទៅលើ​តែសំណុំ​រឿងលោក កឹម សុខា មួយប៉ុណ្ណោះ​ ពោលគឺ​មិន​ជាប់ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះទេ៖ «ន័យនេះ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណងនៃការខូចខាតព្រោះនៅក្នុងច្បាប់ ជនរងគ្រោះអាច​ទាមទារសំណងការខូចខាត ចឹងការដែល​ឃុំខ្លួន បាត់បង់សេរីភាពនេះ គឺតាមពិតបើសិនជាបែរជាមិនមានទោសពៃរ៍វិញ ដូច្នេះអ្វីដែលបាត់បង់សិទ្ធិសេរីភាពជាង ១ឆ្នាំនោះ ក្នុងកំណត់ច្បាប់ គឺគាត់អាចប្តឹងទាមទារ​សំណង»។


លោក​ ផែង ​ហេង ​បន្តថា ​លោក ​កឹម ​សុខា​ នៅតែ​អះអាងថា ​អ្វីៗ​ ដែល​លោក​បានធ្វើ​កន្លងមក​ មិន​មែន​ជាបដិវត្តន៍ពណ៌​ ឬអំពើ​ក្បត់ជាតិទេ ​ហើយ​សម្តី​ដែលលោក​និយា​យ​ក្នុងវីដេអូ​ជាង​ ២នាទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ជាភស្តុ​តាង​ក្នុងការ​ចោទប្រកាន់នោះ​ គឺជា​វីដេអូ​កាត់​ត​ធ្វើឲ្យ​មាន​ការភ័ន្តច្រឡំ ​និង​ខុសគោល​បំណង​ពិត​របស់​លោក៖ «រឿងក្តីនេះអ្នកនយោបាយជម្រើសល្អបំផុតមួយទៀតនោះ គឺគាត់អាចចរចារគ្នាដូចករណីសម្តេចក្រុមព្រះកាលអាណត្តិទី១ អ៊ីចឹង ផ្តន្ទាទោសអី​អ៊ីចឹងមែន ប៉ុន្តែអ្នកនយោបាយត្រូវគ្នាទៅ ក៏ដោះស្រាយមួយប៉ប្រិចភ្នែកទៅ វាចប់។ ដូច្នេះលំនាំអស់នេះ មិនមែនខ្ញុំជាមេធាវីនិយាយតែពីរឿងនយោបាយ​មិននិយាយ​ពីបច្ចេកទេសទេ ប៉ុន្តែរឿងខ្លះវាផុតពីដៃបច្ចេកទេសច្បាប់ត្រូវនិយាយដែរ។ អ៊ីចឹង យើងត្រូវតែមានការអន្តរាគមន៍ពីភាគីពាក់ព័ន្ធផ្សេងទៀត មិនថា អ្នកនយោបាយ ឬស្ថាប័នធំៗ ផ្សេងៗ ទេ»។

លោក​ កឹម​ សុខា​ ត្រូវ​សមត្ថកិច្ច​សម្រុកចូល​ចាប់ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៧​ ក្នុង​ពេល​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​។ តុលា​ការបាន​ចោទប្រកាន់​លោក​ពី​បទ​ ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ និងបាន​ឃុំខ្លួន​លោក​​ជាង ១ឆ្នាំ ​និងបន្តឃុំខ្លួន​ក្នុងផ្ទះរបស់​លោកមួយឆ្នាំទៀត។ ក្រោយ​ពី​មានសម្ពាធ​ និង​ការ​រិះគន់​ពីសហគមន៍ជាតិ​និង​អន្តរជាតិជាបន្តបន្ទាប់នោះ​ តុលាការ​ក្រុង​ភ្នំពេញ​ បានអនុញ្ញាត​ឱ្យ​លោក​ អាច​ធ្វើដំណើរ​ក្នុង​ប្រទេស​ ប៉ុន្តែ​មិន​ឱ្យ​ចាក​ចេញ​ពីកម្ពុជាឡើយ​ ហើយក៏​មិនឲ្យ​លោក​ធ្វើសកម្មភាព​នយោបាយ​​ដែរ​។

អាស៊ីសេរី ​មិនអាច​ទាក់ទង​អ្នកនាំពាក្យក្រសួងយុត្តិធម៌ ​លោក ​ជិន ​ម៉ាលីន ​និងប្រធានសា​លា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​តាំង ​ស៊ុនឡាយ ​ដើម្បីឆ្លើយ​តបរឿង​នេះ​បានទេ ​ដោយ​ទូរស័ព្ទ​ចូល ពុំមាន​អ្នក​ទទួល។ ប៉ុន្តែលោក ជិន ម៉ាលីន ធ្លាប់លើកឡើងថា សំណុំ​រឿងលោក កឹម សុខា ស្ថិត​ក្នុង​ដៃតុលាការ​ ហើយ​ការ​សម្រេច​យ៉ាងណា​នោះជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។ ក្រៅពីនេះ លោក​បញ្ជាក់ថា ប្រសិនចង់​ឱ្យ​សំណុំ​រឿងលោក កឹម សុខា ​មាន​ដំណើរការ​ឆាប់រហ័សនោះ លោក កឹម សុខា ត្រូវវិល​ទៅជាប់​ពន្ធនាគារត្រពាំងផ្លុងវិញ។ សង្គមស៊ីវិលធ្លាប់សំដែងការហួសចិត្តនឹងសំដីរបស់លោក ជិន ​ម៉ាលីន។

ចំណែក​អ្នកនាំ​ពាក្យគណបក្សប្រជាជនកម្ពុជា ​លោក ​ឈឹម ​ផលវរុណ​ វិញ ​លោក ​នៅតែ​ឆ្លើយតបថា ការអះអាង​របស់​មេធាវី​លោក ​កឹម ​សុខា​ នេះ​ មិនមែន​ជាមូលដ្ឋាន​ច្បាប់​សម្រាប់​ជួយ​​ការពារ​ភាព​សុចរិត​របស់​លោក ​កឹម ​សុខា ​ឡើយ៖ «វិជ្ជាជីវៈមេធាវី ដើម្បីការពារកូនក្តីត្រូវស្វែងរកនូវភស្តុតាងដោះបន្ទុក ប្រសើរជាង​យកការអះអាងជាពាក្យសម្តីរបស់កូនក្តីខ្លួន អាហ្នឹង​បាន​គេហៅ​ថា មេធាវីដែលមានវិជ្ជាជីវៈដ៏ពូកែក្នុងការការពារក្តី»។

លោក ​ឈឹម ​ផលវរុណ ក៏ធ្លាប់លើកឡើងថា គណបក្សកាន់អំណាចជ្រើសរើសយក​ប្រព័ន្ធតុលាការ​ដោះស្រាយ​ករណីលោក កឹម សុខា ហើយនឹងគ្មានដំណោះស្រាយ​នយោបាយ​​ណាមួយលើ​ករណីនេះដែរ។ លោក ​ឈឹម ​ផលវរុណ ឆ្លើយតបដូច្នោះចំពោះសំណូមពររបស់​មេធាវីលោក កឹម សុខា ដែលថា ការដំណោះស្រាយនយោបាយ ជាគន្លឹះមួយសម្រាប់ដោះស្រាយរឿងក្តីលោក កឹម សុខា។  

ផ្ទុយពីការលើកឡើងនេះ ​អ្នកឃ្លាំមើល​យល់ថា ​សំណុំរឿង​មេ​បក្ស​ប្រឆាំង​នេះ ​គឺជា​សំណុំរឿង​នយោ​បាយ​ដែលកាត់​ក្ដី​ដោយ​តុលាការ​ដែលស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច​ ​ដូច្នេះ​ទោះបីជាមា​ន​មេធាវីដែល​ជំនាញ​ខ្លាំងយ៉ាងណា​ក៏ដោយ ​ក៏មិនអាច​ការពារ​ឈ្នះ​ក្តី​បានដែរ ។

 អ្នកសិក្សាផ្នែកច្បាប់ ​លោក​ វ៉ន ​ចាន់ឡូត​ ថ្លែងថា​ ការ​លើកឡើង​របស់​​មេធាវីលោ​ក កឹម សុខា នេះ នឹងគ្មាន​ឥទ្ធិពល​អ្វី​ដើម្បី​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​លោក​ កឹម​ សុខា​ នោះ​ទេ​។ លោក​​​បន្តថា ​ប្រសិនបើ​គ្មាន​សម្ពាធ​នានា ​ដែល​ធ្វើឲ្យ​ប៉ះពាល់​គណបក្ស​កាន់អំណាច​ធ្ងន់ធ្ងរទេ ​ក្រុម​អ្នក​កាន់អំណាច​​ នៅ​តែ​រក​លេស​ដោះសា​បន្តទៅទៀត ​ហើយ​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​នឹង​ត្រូវ​អូស​បន្លាយ​ពេល​កាន់តែយូរ​៖ «គណបក្សប្រជាជនមានទំនុកចិត្តថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាជោគជ័យមួយដ៏ធំធេងដែលខ្លួនអាចបន្តដឹកនាំ​ប្រទេស​ដោយគ្មានវត្តមានគណបក្សប្រឆាំងដោយទោះបីជាមានសម្ពាធឬការស្តីបន្ទោស ឬក៏ការរិះគន់អីខ្លះៗ អ៊ីចឹងទៅ ប៉ុន្តែគណបក្សប្រជាជននៅតែអាចដឹក​នាំប្រទេសបាន។​ យើងមើលទៅមានអីមានអីប្រែប្រួលជាដំកំភួន ចាប់តាំងពីការ​រំលាយ​មក។ ដូច្នេះកម្លាំងមួយ ដែលអាចរុញច្រានឲ្យមានការសម្របម្រួលនយោបាយបាន  គឺមានតែកម្លាំង​ផ្ទៃក្នុងទេ គឺមេដឹកនាំគណបក្សសង្គ្រោះជាតិហ្នឹង ត្រូវក្លាហាន ហើយរកវិធីធ្វើយ៉ាងម៉េចអាចដាស់កម្លាំងដែលគាំទ្រខ្លួនមកវិញ»។

សហគមន៍​អន្តរជាតិ ​និង​តំណាងប្រទេស​ប្រជា​ធិប​តេយ្យ​ធំៗ​រួមមានឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ​និងសហភាពអឺរ៉ុបជា​ដើម​ នៅតែ​បន្ត​ទៅ​ជួបលោក ​កឹម ​សុខា ​ដល់ផ្ទះ​ និង​បន្តទាមទារ​ឱ្យរដ្ឋាភិបាល​​ទម្លាក់​បទ​ចោទ​និង​ផ្ដល់​សេរីភាព​ឱ្យ​បាន​ពេញលេញ​ជូន​លោ​កកឹម​ សុខា វិញ​ ។ ពួក​គេ​ចាត់ទុកថា ​សំណុំរឿង​នេះ​ជា​សំណុំរឿង​នយោ​បាយ ហើយការពន្យារពេលសវនាការលោកកឹម សុខា ស្មើនឹងការមិនផ្តល់យុត្តិធម៌​ដល់រូបលោកដូច្នោះដែរ៕

No comments: