Friday, 12 February 2021

តើ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ថ្មី​ប្រចាំ​​កម្ពុជា​ជំនួស​អ្នកស្រី រ៉ូណា ស្មីត ជា​នរណា?

Khmer Circle

All these highly qualified international academics and experts chosen by the UN to monitor and report on Cambodia's human-civil rights situation can't seem to identify or publicly acknowledge the country's real underlying problems, much less offer realistic solutions which they all know is out of their hands?

The UN's own flaws are, perhaps, the fundamentals that render it the 'paper-tiger' that it is and will need to be addressed first. If not, we will see more of the same. The body could even start by making use of its own 1993 experience with Cambodia, for instance.

🔺🔺🔺

ដោយ ទីន ហ្សាការីយ៉ា
2021-02-11
តើ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ថ្មី​ប្រចាំ​​កម្ពុជា​ជំនួស​អ្នកស្រី រ៉ូណា ស្មីត ជា​នរណា?

តើ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ថ្មី​ប្រចាំ​​កម្ពុជា​ជំនួស​អ្នកស្រី រ៉ូណា ស្មីត ជា​នរណា? លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) នឹង​ក្លាយ​ទៅ​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ពិសេស ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការ​សហប្រជាជាតិ។
Photo courtesy of United Nations Free & Equal


ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ជ្រើស​អ្នក​ជំនាញ​ខាង​ច្បាប់ និង​សិទ្ធិមនុស្ស​អន្តរជាតិ មក​កាន់​តួនាទី ជា​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ជំនួស​អ្នកស្រី រ៉ូណា ស្មីត។

លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) នឹង​ក្លាយ​ទៅ​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ពិសេស ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជ្រើសរើស​ពី​ក្នុងចំណោម​មនុស្ស​៣​នាក់​ចុងក្រោយ ដើម្បី​យក​មក​ជំនួស​អ្នកស្រី រ៉ូណា ស្មីត។

តើ​លោក វិទិត ម៉ុនតារបន ជា​នរណា ហើយ​មាន​ប្រវត្តិ​ការងារ​ដូចម្ដេច​ខ្លះ?

លោក វិទិត ម៉ុនតារបន គឺជា​មនុស្ស​ទី​៧​ ហើយ ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​ជ្រើសរើស​មក​កាន់​តួនាទី​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ពិសេស ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ជំនួស​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​នឹង​ផុត​អាណត្តិ។


ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នឹង​ប្រកាស​តែងតាំង លោក វិទិត ម៉ុនតារបន ជា​អ្នករាយការណ៍​ពិសេស​ទទួល​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ផ្លូវការ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ខែ​មីនា​ ឆ្នាំ​២០២១ ខាងមុខ។

លោក វិទិត ម៉ុនតារបន គឺជា​អ្នក​មនុស្ស​លេចធ្លោ​ជនជាតិ​ថៃ ដែល​ធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍​ការងារ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាច្រើន​នៅ​លើ​ឆាក​អន្តរជាតិ​។ លោក​ក៏​កំពុង​កាន់​តំណែង​នៅ​ក្នុង​ស្ថាប័ន​មួយ​ចំនួន នៅ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​ រួមមាន ជា​សមាជិក​គណៈកម្មាធិការ​ជំនាញ​ស្ដីពី​ការអនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ។ លោក​ត្រូវ​បាន​អង្គការ​ស​អង្គការសហប្រជាជាតិ​តែងតាំង​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ឆ្នាំ​២០១៨ ជា​អ្នក​ជំនាញ​ឯករាជ្យ ប្រឆាំង​នឹង​អំពើ​ហិង្សា​ និង​ការរើសអើង​ផ្លូវ​ភេទ និង​យេនឌ័រ​។ លោក​ក៏​ធ្លាប់​បំពេញ​មុខងារ​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ផ្នែក​សិទ្ធិមនុស្ស នៅ​ប្រទេស​កូរ៉េខាងត្បូង មុន​នឹង​ទទួល​ការតែងតាំង​សម្រាប់​ស៊ើបអង្កេត​បញ្ហា​សិទ្ធិមនុស្ស​នេះ​នៅ​កម្ពុជា។

ក្រៅ​ពី​នេះ​ទៀត លោក​ជា​សាស្ត្រាចារ្យ​ច្បាប់​អន្តរជាតិ សិទ្ធិមនុស្ស នៅ​សាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn University) ប្រទេស​ថៃ។ លោក​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ពី​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ ២០០៤ «​ស្ដីពី​ការអប់រំ​សិទ្ធិមនុស្ស​»​។ លោក​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ឥស្សរជន​ឆ្នើម​នៅ​ឆ្នាំ២០១៨ សម្រាប់​ការ​លះបង់​របស់​លោក​លើ​វិស័យ​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​។​

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ស្វាគមន៍​លោក វិទិត ម៉ុនតារបន ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ជ្រើសតាំង​ជា​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ជំនួស​អ្នកស្រី រ៉ូណាស្មីត ដែល​នឹង​ផុត​អាណត្តិ​នេះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា លោក វិទិត ម៉ុនតារបន សម​នឹង​ជា​អ្នក​រាយ​ការ​ពិសេស​របស់​អង្គការសហប្រជាជាតិ ព្រោះ​គាត់​មាន​ជំនាញ និង​បទពិសោធន៍​ច្បាស់លាស់​លើ​កិច្ចការ​សិទ្ធិមនុស្ស ៖ «ការងារ​ក៏​លំបាក​មួយ​សម្រាប់​កម្ពុជា​ក្នុង​ស្ថានភាព​មួយ ដែល​ស្ថានភាព​សិទ្ធិមនុស្ស​កំពុង​ធ្លាក់​ចុះ​នេះ លោក​ត្រូវតែ​បំពេញការងារ​យ៉ាង​លំបាក​បន្ត​ពី​លោកស្រី រ៉ូណា ស្មីត បន្ត​ទៅ​ទៀត ប៉ុន្តែ​សង្ឃឹម​ថា ក្នុង​អាណត្តិ​របស់​លោក​នេះ​នឹង​អាច​ជួយ​ស្តារ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​ឱ្យ​ល្អ​ប្រសើរ»។

លោក វិទិត ម៉ុនតារបន កើត​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​១៩៥២​។ លោក​បាន​បញ្ចប់​ការសិក្សា ផ្នែក​ច្បាប់ ពី​សាកលវិទ្យាល័យ អុកហ្វូដ (Oxford) នៃ​ចក្រភព​អង់គ្លេស និង​ពី​សាកលវិទ្យាល័យ ប្រ៊ុចសែល (Brussels) នៃ​ប្រទេស​បែលហ្សិក (Belgium)។

លោក វិទិត ម៉ុនតារបន បាន​សរសេរ ក្នុង​លិខិត​ស្នើសុំ​ធ្វើការ​ជា​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នោះ​ថា កម្ពុជា​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សំគាល់​លើ​វិស័យ​មួយ​ចំនួន ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ​មក ដូចជា​សេដ្ឋកិច្ច វិស័យ​វប្បធម៌ និង​អប់រំ​ជាដើម​។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិមនុស្ស ឱ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ។

លោក​សង្កត់ធ្ងន់​ទៅលើ​ការអនុវត្ត​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ លោក​អំពាវនាវ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ។ ជាពិសេស គឺ​ការធានា និង​ការ​ពង្រឹង​លំហ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ ការចូលរួម​របស់​ពលរដ្ឋ និង​តុល្យភាព​នៃ​អំណាច​ជាដើម។

លោក វិទិត ម៉ុនតារបន បាន​បញ្ជាក់​ជំហរ​របស់​លោក លើ​ការ​ប្ដេជ្ញាចិត្ត លើ​បញ្ហា​សិទ្ធិមនុស្ស​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ស្ថាបនា ស្របតាម​គោលការណ៍​នៃ​អាណត្តិ​របស់​លោក និង​​ប្រកប​ដោយ​​ការ​​គោរព។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ តែងតាំង​លោក វិទិត ម៉ុនតារបន មក​ជំនួស​អ្នកស្រី រ៉ូ​ណា​ស្មី​ត​នេះ នៅ​ស្រប​ពេល​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុងតែ​ធ្លាក់​ចុះ​ដុនដាប​។ រីឯ​អ្នកស្រី រ៉ូណា ស្មីត វិញ បាន​មក​កាន់​តួនាទី​ជា​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ជំនួស លោក សូរីយ៉ា សូប៊ែឌី (Soriya Suberdy) ដែល​ផុត​អាណត្តិ​កាលពី​ខែ​មីនា ​ឆ្នាំ​២០១៥ ​នោះ ក៏​ក្នុង​ពេល​កម្ពុជា កំពុងតែ​ជួប​វិបត្តិ​នយោបាយ និង​រំលោភ​សិទ្ធិមនុស្ស​ដែរ។

អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ឬ​អ្នក​អង្កេត​ការណ៍ នៃ​អង្គការសហប្រជាជាតិ មាន​អាណត្តិ​ជា​កំណត់ ដែល​អង្គការសហប្រជាជាតិ​បាន​ជួល​មក​ធ្វើការ​តាមដាន​និង​ស៊ើបអង្កេត​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​។ អ្នករាយការណ៍​ពិសេស​នេះ មិនមែន​ជា​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ទេ ប៉ុន្តែ​ជា​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ តំណាង​ឱ្យ​អង្គការសហប្រជាជាតិ ដែល​បំពេញ​តួនាទី​ជា​អ្នកស៊ើប​អង្កេត​ឯករាជ្យ និង​តាមដាន​ការ​គោរព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ដើម្បី​ធ្វើ​របាយការណ៍ និង​ផ្ដល់​អនុសាសន៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស សម្រាប់​ដាក់​ជូន​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ។

ទាក់ទង​នឹង​បញ្ហា​នេះ នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សង្ឃឹម​ថា លោក វិទិត ម៉ុនតារបន នឹង​អាច​ធ្វើការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា ដើម្បី​ស្ដារ​សិទ្ធិមនុស្ស​ឱ្យ​ប្រសើរ​ឡើងវិញ។

រីឯ​លោក អំ សំអាត​ វិញ ក៏​សង្ឃឹម​ដែរ​ថា លោក វិទិត ម៉ុនតារបន នឹង​បន្ត​បេសកកម្ម​ពី​អ្នកស្រី រ៉ូ​ណា​ស្មីត ដែល​មិនទាន់​ជោគជ័យ​ទាំងស្រុង​លើ​ការងារ​ស៊ើបអង្កេត​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​នេះ​៖ «អ្វី​ដែល​ចង់​ឃើញ​បន្ត​ទៅ​ទៀត​នេះ គឺ​ចង់​ឱ្យ​អ្នករាយការណ៍​ពិសេស​ខិតខំ​ធ្វើ​ការ​បន្ត​ពី​អ្នកស្រី រ៉ូណា ស្មីត ហើយ​ត្រូវ​ខិតខំ​ធ្វើការ​បន្ត​ទៀត ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​នេះ ហើយក៏​មិន​មែន​​ជា​រឿង​ងាយស្រួល​ទេ សម្រាប់​កិច្ចការ​នេះ»។

លោក វិទិត ម៉ុនតារបន នឹង​ចាប់ផ្ដើម​បំពេញ​តួនាទី​ថ្មី​នេះ​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ​ឆ្នាំ​២០២១​ ខាងមុខ។ ក្រុម​ការពារ​សិទ្ធិមនុស្ស​ស្រុក​រំពឹង​ថា អ្នករាយការណ៍​សិទ្ធិមនុស្ស​ថ្មី​នេះ នឹង​ខិតខំ​បន្ត​ទៀត ដើម្បី​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ងាក​មក​គោរព​សិទ្ធិមនុស្ស និង​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ៕

1 comment:

Anonymous said...

He is a Thai national.