ដោយ មាន ឫទ្ធិ
2021-02-17
វីដេអូដែលចងក្រងដោយក្រុមយុវជនចលនាមាតាធម្មជាតិបង្ហាញថា មាសសុទ្ធជាង ១រយតោន នាំចូលពីប្រទេសសិង្ហបូរីមកកម្ពុជា ដោយមិនត្រូវបានបង់ពន្ធចូលរដ្ឋទាល់តែសោះ។
រូប៖ ក្រុមយុវជនចលនាមាតាធម្មជាតិ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
វីដេអូជិត៣នាទី ចងក្រងដោយក្រុមយុវជនចលនាមាតាធម្មជាតិ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ បង្ហាញថា មាសសុទ្ធជាង ១រយតោន(១១៤) តម្លៃ១៦ពាន់លានដុល្លា(១៦.០០០.០០០.០០០) នាំចូលពីប្រទេសសិង្ហបូរីមកកម្ពុជាចាប់ពី ឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៩ មិនត្រូវបានបង់ពន្ធចូលរដ្ឋទាល់តែសោះ។
ក្រុមយុវជនចលនាមាតាធម្មជាតិអះអាងថា ទិន្នន័យមាសក្នុងវីដេអូនេះធ្វើឡើងដោយផ្អែកតាមប្រព័ន្ធនិន្នន័យស្ថិតិពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UN COMTRADE) ដែលស៊ីសង្វាក់គ្នានឹងទិន្នន័យរបស់រដ្ឋាភិបាលថៃ(Thailand) រដ្ឋាភិបាលសិង្ហបូរី(Singapore) និងរដ្ឋាភិបាលស្វីស(Switzerland)។ លើសពីនេះទៀត គេហទំព័រអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ច្បាស់ថា រដ្ឋមិនយកពន្ធលើការនាំចេញនិងនាំចូលមាសដុំនោះទេ។
ក្រុមចលនាមាតាធម្មជាតិ ថ្លែងក្នុងវីដេអូដោយមិនបង្ហាញអត្តសញ្ញាណឱ្យដឹងថា រដ្ឋាភិបាលមិនយកពន្ធនាំចេញនិងនាំចូលមាសដុំធ្វើឱ្យរដ្ឋបាត់បង់ចំណូលជាតិជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំៗ។ លើសពីនេះទៀត ប្រសិនបើរដ្ឋតម្រូវឱ្យបង់ពន្ធត្រឹមតែ ១០ភាគរយ នៃតម្លៃមាសសុទ្ធ ដូចផលិតផលផ្សេងៗទៀតនោះ រដ្ឋនឹងទទួលបានថវិកា ១៦០លានដុល្លា ក្នុងរយៈពេល ៥ឆ្នាំ៖ «វាដូចជាមិនស្មើភាពនោះទេ ចំពោះការមិនយកពន្ធលើការនាំចេញនិងនាំចូលមាស ដែលអាចផ្តល់ថវិកាដ៏ច្រើនជូនរដ្ឋ និងប្រជាជនក្នុងកំឡុងវិបត្តិកូវីដនេះ។ ប្រសិនបើរដ្ឋតម្រូវឱ្យបង់ពន្ធត្រឹមតែ ១០ភាគរយ នៃតម្លៃមាសដុំ ដូចផលិតផលដទៃទៀតនោះ រដ្ឋនឹងទទួលថវិកាបង់ពន្ធចំនួន ១.៦ពានលានដុល្លារ គិតត្រឹមរយៈពេល ៥ឆ្នាំ កន្លងមក»។
អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន អគ្គនាយកគយកម្ពុជា លោក គុណ ញឹម និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បាននៅឡើយទេ នៅថ្ងៃទី១៧ ខែកុម្ភៈ ព្រោះទូរសព្ទហៅចូលតែគ្មានអ្នកលើក។ ចំណែកអ្នកនាំពាក្យអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ ក៏អាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ។
កាលពីចុងខែមករារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក វង្សី វិស្សុត បានថ្លែងក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច កម្ពុជាក្នុងឆ្នាំ២០២០ ថាការនាំចេញមាសរបស់កម្ពុជាក្នុងឆ្នាំ២០២០មានតម្លៃ ៣ពាន់លានដុល្លារ។ ក៏ប៉ុន្តែលោកពុំបានបញ្ជាក់ពីតម្លៃមាសនាំចូលសរុបនោះទេ៖ «ហើយការនាំចេញក៏ចឹងដែរ ការនាំចេញរបស់យើងកាត់ដេរធ្លាក់ ១០ភាគរយ។ ប៉ុន្តែមិនមែនកាត់ដេរកើន ២៦ភាគរយ។ អ៊ីចឹងចុងបំផុតការនាំចេញរបស់កម្ពុជាធ្លាក់តែ ១ភាគររយទេ។ ដកមួយភាគរយទេ។ នេះយើងអត់ទាន់រាប់ការនាំចេញរបស់មាសផង។ បើយើងគិតមាសនាំចេញឆ្នាំ២០២២ទៀតការនាំចេញរបស់យើងឡើង ១៦,៧ភាគរយ ព្រោះ ៣ពាន់លានដុល្លារ ឆ្នាំទៅមាសនាំចេញ ដែលធ្វើឲ្យ Balance of Payment របស់យើង Reserve របស់យើង strong ជាងមុន។ អ៊ីចឹងបាន reserve យើងដល់ ២១ពាន់លាន គឺកត្តាមាសធំដែរ។ ប៉ុន្តែកត្តាដកមាសចេញក៏យើងនៅតែគ្រាន់បើដែរ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីចុងឆ្នាំ២០២០ ធ្លាប់អះអាងថា កម្ពុជាមានមាស ៤៤តោន៤០០គីឡូ តម្កល់ជាទុនបម្រុងអន្តរជាតិ។ ក្នុងនោះតម្កល់នៅស្វីស ១២តោន៤០០គីឡូ ជាមរតកពីសម័យសង្គមរាស្ត្រនិយម តម្កល់នៅធនាគារកណ្តាលអង់គ្លេស ១៧តោន ជាមាសទិញថ្មីនិងតម្កល់នៅធនាគារជាតិកម្ពុជា ១៥តោន។
ទោះបីជាយ៉ាងណា អង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយបញ្ហាខាតបង់ពន្ធដោយសារការមិនយកពន្ធលើការនាំចូល និងការនាំចេញមាសនេះជាបន្ទាន់។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថារដ្ឋាភិបាលគួរតែគិតគូប្រមូលពន្ធនាំចេញ និងនាំចូលមាសមកកម្ពុជាឡើងវិញ ដើម្បីជាប្រយោជន៍ជាតិ៖ «ការស្មើមុខគ្នាចំពោះផ្លូវច្បាប់ មូលហេតុអ្វីបានជាទំនិញដូចជាមាស ដែលនាំចូលមកមិនមានការគិតពន្ធ ហេតុអ្វីបានជាអាផ្សេងទៀត ដូចជារថយន្តហ្នឹងគិតពន្ធថ្លៃកប់ពពកបែបនេះ? ចំណុចនេះ វាគួរតែរបៀបវារៈនៃការជជែក»។
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzales Davidson) ឆ្ងល់ថា អ្នកមានអំណាច និងមហាសេដ្ឋីកំពូលៗបាននាំចូល និងនាំចេញមាសពីកម្ពុជា តម្លៃរាប់ពាន់លានដុល្លារ ហេតុអ្វីរដ្ឋាភិបាលមិនតម្រូវឱ្យពួកគេបង់ពន្ធ? លោកថា បញ្ហានេះកម្រមាននរណាតាមដាន និងឃ្លាំមើលឱ្យដិតដល់ណាស់ ព្រោះមន្ត្រីរដ្ឋាភិបាលបានព្យាយាមលាក់បាំងពីឧក្រិដ្ឋកម្មហិរញ្ញវត្ថុនេះ៖ «អ្នកមានអំណាចកំពូលៗ មហាសេដ្ឋីកំពុងតែនាំចូល និងនាំចេញមាសដុំតម្លៃរាប់ពាន់លានដុល្លារអត់បង់ពន្ធមួយរៀលសោះ ខណៈពេលដែលប្រជាជនខ្មែរបង់ពន្ធកាន់តែច្រើនទៅៗ វាអត់មានយុត្តិធម៌សោះ។ បើសិនជាយើងជំរុញឱ្យមានដំណោះស្រាយ បើសិនជារដ្ឋយកពន្ធមាសតែ ១០ភាគរយដូចផលិតផលផ្សេង ស្មើនឹងរដ្ឋនឹងទទួលបាន ១រយលានដុល្លារ ហើយលុយហ្នឹងជាលុយរបស់ប្រជាជនខ្មែរទាំងអស់តើ»។
ក្រុមយុវជនចលនាមាតាធម្មជាតិទាមទារឱ្យរដ្ឋាភិបាលត្រូវយកពន្ធលើការនាំចេញ ឬនាំចូលមាសដុំ ដូចផលិតផលផ្សេងៗទៀតដែរ ដើម្បីឱ្យរដ្ឋអាចដោះស្រាយបញ្ហាចាំបាច់នានាជូនពលរដ្ឋបាន។ កាលពីឆ្នាំ២០១៨ ចលនាមាតាធម្មជាតិបានបង្ហាញវីដេអូ រកឃើញាថា មាសសុទ្ធជិត ៤រយតោន(៣៧០) មានតម្លៃជាង ១៥ ពាន់លានដុល្លារ ត្រូវបាននាំចូលមកកម្ពុជាក្នុងឆ្នាំ២០១២ ដល់២០១៧ ដោយមិនបានកត់ត្រាពីសំណាក់ស្ថាប័នជំនាញរបស់រដ្ឋាភិបាលនោះទេ៕
No comments:
Post a Comment