Friday, 19 February 2021

គណៈកម្មការ​ជាតិ​រក​ឃើញ​មាន​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​ក្នុង​ព្រៃឡង់ ខណៈ​ក្រសួង​ថា គ្មាន​បទល្មើស

Khmer Circle:

Even passing tourists and foreigners know that the country's forests are on the verge of extinction. Yet, the authorities keep killing and persecuting those few brave environmental activists to prevent them from exposing the extent of the crime committed against nature and the environment.

To even say that Cambodia is experiencing ‘eco-genocide’ is perhaps an understatement. ‘Eco-holocaust’ is probably a more accurate designation!

🔺🔺🔺
 

ដោយ ហេង រ​ស្មី
2021-02-19 rfa
គណៈកម្មការ​ជាតិ​រក​ឃើញ​មាន​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​ក្នុង​ព្រៃឡង់ ខណៈ​ក្រសួង​ថា គ្មាន​បទល្មើស 

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី។
Photo courtesy of Eng Hy Facebook


គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រក​ឃើញ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់​ទាំង​៤ ខេត្ត ស្រប​ពេល​ដែល​ក្រសួងបរិស្ថាន តែងតែ​និយាយ​ថា គ្មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​ព្រៃ​អភិរក្ស​នេះ​ទេ​។ អ្នកឃ្លាំមើល​ព្រៃឈើ​សង្ឃឹមថា គណៈកម្មការ​ជាតិ​ជំនាញ​មួយ​នេះ​នឹង​អាច​សង្គ្រោះ​ព្រៃឈើ​ក្នុង​ព្រៃ​ឡង់ ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ទ្រង់ទ្រាយ​ធំ។

មន្ត្រី​ជំនាញ​កំពុង​ពង្រាយ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ព្រៃឡង់​ទាំង​បួន​ខេត្ត ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​មក​អនុវត្ត​ច្បាប់។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១៨ កុម្ភៈ​ថា កម្លាំង​អាវុធហត្ថ​បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ឡង់​នៃ​ខេត្ត​ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និង​ខេត្ត​កំពង់ធំ។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​កំពុង​វាស់វែង គំនរ​ឈើ​ដែល​គេ​កាប់​នៅ​សល់​តែ​គល់ និង​ចម្រៀក​ឈើ​ជាច្រើន​ទៀត ដើម្បី​ជា​ភស្តុតាង ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ យក​មក​អនុវត្ត​ច្បាប់​៖ «លើក​នេះ​យើង​ស្រាវជ្រាវ​កម្លាំង​របស់​យើង មើលឃើញ​ថា មាន​ឈើ​មានអី​ដែល​ត្រូវ​កាប់ ដូច្នេះ​កម្លាំង​របស់​យើង​បាន​ចុះទៅ​ធ្វើការ​បង្ក្រាប ហើយ​ការ​បង្ក្រាប​នោះ​គឺ ខេត្ត​ដែល​ពាក់ព័ន្ធ ជាមួយ​ហ្នឹង​គឺ​ទីតាំង​តំបន់​អភិរក្ស​នោះ​តែម្ដង គឺ​ព្រៃឡង់​ហ្នឹង មាន​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង»។


លោក អេង ហ៊ី បន្ថែម​ថា គណៈកម្មការ​ជាតិ​ពុំ​ទាន់​បង្ហាញ​របាយការណ៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​ណាមួយ មក​អនុវត្ត​ច្បាប់​នៅឡើយ​ទេ ព្រោះ​កំពុង​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បន្ថែម។ លោក​ព្រមាន​ថា ក្រុមហ៊ុន​ឯកជន​ណា​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ទាំងនេះ នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់។

កាល​ពី​ពេល​ថ្មីៗ​នេះ កងរាជអាវុធហត្ថ និង​កម្លាំង​ជំនាញ​មួយ​ចំនួន​ទៀត បាន​រក​ឃើញ​គល់ឈើ​ជា​រណ្តៅ​ជ័រ​ច្បោះ ដែល​មាន​មុខកាត់​ធំៗ ជិត ២​រយ​គល់ (១៧៨) ឋិត​ក្នុង​ដែន​ជម្រកសត្វព្រៃ​ឡង់​។ បទល្មើស​ព្រៃឈើ​ទាំងនេះ ឋិត​នៅ​ចំណុច​ខ្សាច់​ស្វា អូរ​តាពណ៌ ផ្លូវបំបែក​ជា​បី​ចូល​ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech) ចំណុច​ភ្នំ​ក្រហម ផ្លូវ​ចូល​ទៅ​បុសខ្នុរ និង ផ្លូវបំបែក​អូរឡង់។ កងរាជអាវុធហត្ថ​ឱ្យ​ដឹង​ថា ពលរដ្ឋ​ប្រហែល ២០​នាក់ ដែល​ធ្វើ​ចម្ការ និង​កាប់​ឈើ​នៅ​តំបន់​ទាំងនោះ បាន​ប្រាប់​ថា ពួកគាត់​កាប់​ឈើ​លក់​ឱ្យ​ឈ្មួញ​ម្នាក់​ឈ្មោះ​តា​ហៃ នៅ​ចំណុច​អូរ​គ្រាក់​ជាប់​ក្រុមហ៊ុន​ស៊ីងបាយអូថេក ដោយ​ក្នុង​ឈើ​មួយ​ម៉ែត្រ​គូប​តម្លៃ ៦ សែន​រៀល ( ៦០០.០០០​រៀល)។

អាស៊ីសេរី​ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១៨ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នក​លើក។

អ្នកឃ្លាំមើល​ព្រៃឈើ លោក សាន់ ម៉ាឡា កោតសរសើរ​គណៈកម្មការ​ជំនាញ ដែល​មាន​ឆន្ទៈ​ស្វែងរក​ការពិត​ក្នុង​រឿង​នេះ​។ លោក​ថា កន្លង​មក​ក្រសួង​បរិស្ថាន​តែងតែ​ព្យាយាម​លាក់បាំង​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​រឹតត្បិត​អ្នក​ខាងក្រៅ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ឡង់​។ លោក​សង្កត់ធ្ងន់​ថា ការ​រកឃើញ​បទល្មើស​ព្រៃឈើ​ដោយ​មន្ត្រី​អាវុធហត្ថ​នេះ​បង្ហាញ​ថា ក្រសួង​បរិស្ថាន​គ្មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ការពារ​ព្រៃ​នោះ​ទេ៖ «ស្នើ​ឱ្យ​កម្លាំង​ប៉េអិម​ហ្នឹង មេត្តា​ស្រាវជ្រាវ​រក​មន្ត្រី​ដែល​ពាក់ព័ន្ធ​ដែរ ព្រោះ​ការប្រព្រឹត្ត​បទល្មើស​នេះ មិន​អាច​ភាគី​ឧក្រិដ្ឋជន អាច​ប្រព្រឹត្ត​ម្នាក់ឯង​បានទេ វា​ទាល់តែ​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​មូលដ្ឋាន»។

ចំណែក សកម្មជន​ការពារ​ព្រៃឈើ លោក ម៉ា ចិត្រា វិញ លោក​ថ្លែង​ថា បទល្មើស​ព្រៃឈើ​កើន​ឡើង​ច្រើន អាច​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ បាន​ជា​មន្ត្រី​បរិស្ថាន​ព្យាយាម​លាក់បាំង​ព័ត៌មាន និង​ចាប់ចង​សកម្មជន​ការពារ​បរិស្ថាន។ លោក​ថា កន្លង​ទៅ​ក្រសួង​បរិស្ថាន​តែងតែ​ច្រានចោល របាយការណ៍​ទាំងឡាយ​របស់​សង្គម​ស៊ីវិល និង​សហគមន៍​ព្រៃ​ឡង់ ដែល​រក​ឃើញ​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ ក្នុង​ព្រៃ​អភិរក្ស​នេះ៖ «គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ចុះទៅ​ចាប់​បាន ដូចជា​មិន​ទំនង ព្រោះ​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​ហ្នឹង គឺ​ក្រសួងបរិស្ថាន និង​មន្ត្រី​បរិស្ថាន​នៅ​ហ្នឹង តើ​គាត់​ធ្វើ​អី បានជា​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ដល់​ថ្នាក់​ហ្នឹង»?

កាល​ពី​ពេល​ថ្មីៗ​នេះ ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន បាន​ឃាត់ខ្លួន លោក អ៊ូច ឡេង ជា​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize និង​សកម្មជន​ការពារ​ព្រៃឈើ ៤​រូប​ទៀត នៅ​ពេល​ដែល​ពួកគេ​ដើរ​ប្រមូល​ភស្តុតាង​បទល្មើស​ព្រៃឈើ ព្រមទាំង​បំបួស​ដើមឈើ និង​ដាក់​ស្លាក​សញ្ញា​តាម​ដើមឈើ​ធំៗ កុំ​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ស្ថិត​ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ ជាប់​ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech)។

ប្រធាន​សមាគម​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត មាន​ជំនឿ​ថា គណៈកម្មាធិការ​ជាតិ​នឹង​ស៊ើបអង្កេត​អ្នក​ពាក់ព័ន្ធ​ដែល​កាប់​បំផ្លាញ​ព្រៃ​ឡង់​ខុសច្បាប់ មក​ផ្ដន្ទាទោស​តាមច្បាប់​។ លោក​ថា ក្រសួង​ជំនាញ គួរតែ​ស៊ើបអង្កេត​អំពើពុករលួយ​របស់​មន្ត្រី​ជំនាញ ដែល​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ មក​អនុវត្ត​ច្បាប់ ដើម្បី​ព្រមាន​ដល់​មន្ត្រី​ផ្សេងៗ​ទៀត​៖ «មាន​អារម្មណ៍​ថា វា​ពិតជា​សោកសៅ​មែនទែន ក្រសួង​បរិស្ថាន​ទាំងមូល មិន​មាន​អ្វី​ដែល​អើពើ​ឈឺឆ្អាល និង​ការពារ​ព្រៃឈើ​ទាំងនោះ រឹតតែ​ធ្វើ​ឱ្យ​ព្រៃឈើ​ទាំងនោះ បាត់​បង់​ហើយ បាត់បង់​ទៀត ហើយ​ក្រសួង​បរិស្ថាន​ផ្ទាល់ បិទ​ភ្នែក​ទាំងសងខាង មិន​មើល​ឃើញ​អ្វី​ទាំងអស់»។

អង្គការ​ជាតិ និង​អន្តរជាតិ​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ ទំហំ​ព្រៃ​ឡង់​ជាង​១​សែន​ហិកតារ (១០២ ៤៣៦) ឬ​ស្មើនឹង​២៤% ត្រូវ​បាន​បាត់បង់ ក្លាយ​ជា​វាលរហោឋាន​។ បន្ថែម​ពី​នេះ​ទៀត គិត​ត្រឹម​ឆ្នាំ​២០១៩ ព្រៃ​ឡង់​ទំហំ​ជិត ៦​ម៉ឺន​ហិកតារ (៥៨ ១៣៨ ) ត្រូវ​បាន​បំប្លែង​ទៅជា​ដីចម្ការ​ដំណាំ ហើយ​មាន​ផ្ទៃដី​តែ​ជាង ១ ពាន់​ហិកតារ (១ ១១១) ប៉ុណ្ណោះ ត្រូវ​បាន​ដាំ​ដុះ​កូនឈើ​ឡើងវិញ​។

ទាក់ទង​នឹង​រឿង​ព្រៃ​ឡង់​នេះ​ដែរ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត បាន​មូលមតិ​គ្នា​ធ្វើបុណ្យ​ព្រៃ​ឡង់ និង​បំបួស​ដើមឈើ ចាប់ពី​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី២៦ កុម្ភៈ នៅ​ចំណុច​តំបន់​ភ្នំ​ជី ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​។ ពិធីបុណ្យ​នេះ ធ្វើឡើង​ក្នុង​បំណង​រំឭក​គុណ​ព្រៃឈើ និង​បួងសួង​សុំ​ឱ្យ​ព្រៃ​ឡង់​ស្ថិតនៅ​គង់វង្ស ដើម្បី​រក្សា​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​មាន​ជីវភាព​ពឹង​ផ្អែកលើ​ព្រៃឈើ ក្នុង​ព្រៃ​ឡង់៕

No comments: