Sunday, 28 February 2021

លោក​ ​សម​ ​រ​ង្ស៊ី ​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​ខ្លាច​ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ​ណាស់​


ដោយ យន់ សាមៀន
2021-02-27
លោក​ ​សម​ ​រ​ង្ស៊ី ​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​ខ្លាច​ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ​ណាស់​​ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី (ស្តាំ)
ហ្វេសប៊ុក


លោក​ ​សម​ ​រ​ង្ស៊ី ​លើកឡើងដូច្នោះនៅពេល​អ្នក​ប្រជាធិបតេយ្យ​រស់នៅ​បែកខ្ញែក​ពី​គ្នា​ ​ហើយ​រដ្ឋាភិបាល​បាន​រារាំង​មិន​ឱ្យ​លោក​ កឹ​ម​ ​សុខា​ ​ធ្វើនយោបាយ​ ​បាន​នៅឡើយ​។​ ​លោក​សម​ ​រ​ង្ស៊ី​ ថា​ជាង​ ២​៤​ឆ្នាំ ​មកនេះ​លោក​ ​ហ៊ុន​ ​សែន​ ​ប្រើ​វិធី​សម្លាប់​ ​ទិញ​ ​និង​បំបែកបំបាក់​អ្នកស្នេហាជាតិ​ ​និង​ប្រជាធិបតេយ្យ​ឱ្យ​បែកបាក់​គ្នា​។​

មេដឹកនាំ​គណបក្ស​ង្រ្គោះ​ជាតិ​ដែល​ត្រូវ​របប​លោក​ ​ហ៊ុន​ ​សែន​ ​រារាំង​មិន​ឱ្យ​ចូល​ស្រុក​រូប​នេះ​​រម្លឹក​ថា​ ​កាលពី​ឆ្នាំ​១​៩​៩​៧​ ដែល​កាលនោះ​លោក​ជា​ប្រធាន​គណបក្ស​ជាតិខ្មែរ​ ​បាន​បង្កើត​សហភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ដោយមាន​គណបក្ស​ហ្វុ​ន​ស៊ី​ន​ប៉ិច​ ​និង​​គណបក្សប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា​ចូលរួម​។​ ​លោក​បន្ត​ថា​ ​ការ​រួបរួម​នោះ​ធ្វើ​ឱ្យ​លោក​ ​ហ៊ុន​ ​សែន​ ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ហើយ​បាន​ប្រើ​យុទ្ធសាស្ត្រ​អូសទាញ​ក្រុម​របស់​គណបក្សប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា​។​ ​ជាង​នេះ​ទៅទៀត​ ​លោក​សម​ ​រ​ង្ស៊ី ​ថា​លោក​ ​ហ៊ុន​ ​សែន​បាន​ប៉ុនប៉ង​សម្លាប់​លោក​ក្នុង​ព្រឹតិ្ត​ការណ៍​គប់​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​៣​០​ ខែមីនា​ ​ឆ្នាំ១​៩​៩​៧​ ​ហើយ​លោក​ ​ហ៊ុន​ ​សែន​ ​ក៏បាន​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​ទី​៥​-​៦​ ​ខែកក្កដា​ ​ឆ្នាំ​១​៩​៩​៧​ ដដែល ​ដើម្បី​ក​ម្ចាត់​ព្រះអង្គម្ចាស់​ ​នរោត្តម​ ​រណឫទ្ធិ​ ​ពី​ឆាក​នយោបាយ​កម្ពុជា​។​លោក​សម​ ​រ​ង្ស៊ី ​ថា​ការ​ភ័យខ្លាច​របស់​លោក​ ​ហ៊ុន​ ​សែន​ ​នេះ​ក៏បាន​កើតឡើង​ម្តងទៀត​នៅពេលដែល​លោក​ ​សម​ ​រ​ង្ស៊ី ​និង​លោក​ កឹ​ម​ ​សុខា​ ​បាន​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២​០​១​៣​ ​ហើយ​លោក​ ​ហ៊ុន​ ​សែន​ ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២​០​១​៧​ ​ដែល​លោក​ហៅថា​ជា​ការ​រំលាយ​លើ​ក្រដាស​ប៉ុណ្ណោះ​។​


ទោះ​យ៉ាងណា​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក​ ​សុខ​ ​ឥ​សាន​ ​ច្រានចោល​ការ​លើកឡើង​របស់​លោក​ ​សម​ ​រ​ង្ស៊ី​។​ ​អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​មិនបាន​បំបែក​អ្នក​ប្រជាធិបតេយ្យ​ឡើយ​គឺ​ពួកគេ​បាន​បែកបាក់​ដោយខ្លួនឯង​ព្រោះ​ការ​ដណ្ដើម​ផលប្រយោជន៍​រៀងៗ ខ្លួន​៖ «បែកបាក់​តាំងពី​មុន​ការ​បង្កើត​សង្គ្រោះ​ជាតិ​ទៅ​ទៀតហើយ​ឥឡូវ​រលាយ​ហើយ​នៅតែ​បែកបាក់​គ្នា​ទៀត​ ​អញ្ចឹង​អ្នក​ប្រជាធិបតេយ្យ​បាន​អី​នឹង​រួបរួម​»។

ផ្ទុយពី​លើកឡើង​របស់​លោក​ ​សុខ​ ​ឥ​សាន​ ​បែប​នេះ​ ​អ្នកឃ្លាំមើល​សង្កេត​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ប្រើ​យុទ្ធសាស្ត្រ​សព្វ​បែបយ៉ាង​ដើម្បី​យកឈ្នះ​លើ​គូប្រកួត​។​

​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ណ័រ​វ៉េ​លោក​ ​ម៉ែន​ ​ណា​ត​ យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​របស់​លោក​ ​សម​ ​រ​ង្ស៊ី​។​ ​ប៉ុន្តែ​លោក​ក៏​រិះគន់​ដែរ​ថា​ ​រឿង​សំខាន់​មួយទៀត​ដែល​ធ្វើ​ឱ្យ​លោក​ ​ហ៊ុន​ ​សែន​ ​ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​នេះ​បាន​ជោគជ័យ​ ​ក៏​ព្រោះ​កន្លងមក​អ្នក​ប្រជា​ធិ​យ​តេយ្យ​ខ្លះ​បាន​ចូលដៃ​ជាមួយ​លោក​ ​ហ៊ុន​ ​សែន​ដែរ​៖ «​រឿង​ដែល​ខុស​ធំបំផុត​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ គឺ​ការចូលរួម​កែប្រែ​រដ្ឋធម្មនុញ្ញ​មាត្រា​ ៩​០​ថ្មី​ពី​ពីរ​ភាគ​បី​ (២​ ភាគ ​៣​)​មក​ហាសិប​បូក​មួយ​ (​៥​០​បូក​១​) ​កំហុស​ទី​២​ ​ដក​ពាក្យបណ្ដឹង​ឆ្នាំ​២​០​០​៥​ ​នៅ​តុលាការ​ទីក្រុង​ញូ​ញ៉​ក ​ហើយ​កំហុស​មួយទៀត​ទី​៣​ ​គឺ​ចូលរួម​អនុម័ត​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២​០​០​៥​ ​បី​កំហុស​ហ្នឹង​ ​អ្នក​ប្រជាធិបតេយ្យ​យើង​ទាំង​រាជា​និយម​ ​និង​បក្ស​ប្រឆាំង​ហ្នឹង​បាន​ចូលលេង​ជាមួយ​លោក​ ​ហ៊ុន​ ​សែន​ ​ធ្វើ​ឱ្យ​ខ្លួនឯង​បាត់បង់​សិទ្ធិ​តវ៉ា​សឹង​ទាំងស្រុង​ហើយ​មកទល់​សព្វថ្ងៃ​»។

​លោក​ ​ម៉ែន​ ​ណា​ត​ ​លើកឡើង​ទៀត​ថា​ ​គួរ​ដល់ពេល​អ្នក​ប្រជា​ធិតេយ្យ​ឈប់​ចាញ់​ល្បិច​លោក​ ​ហ៊ុន​ ​សែន​និង​រួប​រួមគ្នា​ឡើងវិញ​ ​បើ​មិន​ចង់ឲ្យ​គណបក្ស​ស​ង្រ្គោះ​ជាតិ​មានវាសនា​ដូច​គណបក្ស​ហ៊្វុ​ន​ស៊ិន​ប៉ិច​។​ ​លោក​ក៏​ស្នើ​ឲ្យ​ ​លោក​ កឹ​ម​ ​សុខា​ ​និង​លោក​ ​សម​ ​រ​ង្ស៊ី ​ត្រូវ​ជួប​ជជែក​គ្នា​តាមមធ្យោបាយ​ណាមួយ​ដែល​អាច​ធ្វើ​បាន​ ​ហើយ​អ្នកនយោបាយ​គណបក្ស​នេះ​ត្រូវ​ហ៊ាន​ប្រើប្រាស់​សិទ្ធិ​សេរី​របស់​ខ្លួន​ដើម្បី​ទាមទារ​យក​គណបក្ស​សង្គ្រោះ​ជាតិ​មកវិញ​៕​

No comments: