Friday, 5 February 2021

លោក ហ៊ុន សែន ថា​ការប្រញាប់​យក​វ៉ាក់សាំង​ចិន ដោយសារ​រឿង​នយោបាយ


ដោយ មួង ណារ៉េត
2021-02-05
លោក​​​ ហ៊ុន សែន (ស្ដាំ) លោក​ ស៊ី ជីនពីង (កណ្ដាល) និង​លោក ហ៊ុន ម៉ាណែត។
 រូប​ពី​ហ្វេសប៊ុក


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ការណ៍​ដែល​កម្ពុជា ប្រញាប់​យក​វ៉ាក់សាំង​ចិន ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ ទោះ​អង្គការ​សុខភាព​ពិភពលោក​មិន​ទាន់​ទទួលស្គាល់​វ៉ាក់សាំង​នេះ គឺ​ដោយសារ​រឿង​នយោបាយ​។ ប៉ុន្តែ​អ្នក​ជំនាញ ថា​កម្ពុជា​មិនគួរ​ណា​ប្រញាប់ប្រញាល់ និង​ប្រថុយប្រថាន​យក​វ៉ាក់សាំង ដែល​គ្មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ បែបនេះ​នោះ​ឡើយ ព្រោះ​វា​អាច​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ពលរដ្ឋ។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ថ្លែង​តាម​សារ​សំឡេង​ពី​គេហដ្ឋាន​របស់​លោក​ថា រឿង​ប្រញាប់ប្រញាល់​ទទួល​យក​វ៉ាក់សាំង ដោយ​មិន​រង់ចាំ​ការ​ទទួល​ស្គាល់ ពី​អង្គការ​សុខភាព​ពិភពលោក គឺ​ដោយសារ​លោក​ចាត់​ទុក​វ៉ាក់សាំង​ចិន​នេះ ថា​មានតម្លៃ​ជា​យុទ្ធសាស្ត្រ និង​ពាក់ព័ន្ធ​រឿង​នយោបាយ៖ «មិន​ត្រូវ​រង់ចាំ​ទេ គឺ​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា នេះ​វា​ជា​ទំនិញ​យុទ្ធសាស្ត្រ ហើយ​វា​បាន​ក្លាយ​ជា​បញ្ហា​នយោបាយ​ក្នុងស្រុក​ផង នយោបាយ​ក្រៅ​ប្រទេស​ផង​។ ដូច្នេះ​យើង​ត្រូវ​ប្ដូរផ្ដាច់​ធ្វើការ​ងារ​នេះ​ឱ្យ​បាន ដោយ​ដណ្ដើម​ពេលវេលា​។ បើសិនជា​បណ្ដោយ​តទៅទៀត អាល័យ​តែ​ចូលឆ្នាំ​ចិន​អីចេះ​អី​ចុះ គឺ​មាន​ការ​លំបាក»។

លោក ហ៊ុន សែន បាន​បង្ហាញ​ជំហរ​ងាក​ខ្លាំង​ទៅ​រក​ប្រទេស​ចិន រហូតដល់​ធ្វើ​សកម្មភាព​ផ្នែក​ការទូត​ជាច្រើន ដើម្បី​បង្ហាញ​និន្នាការ​នេះ ដូចជា​លោក​ត្រូវ​ប្រថុយ​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ដោយ​ដឹក​ដៃ​កូនប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ទៅ​ឱ្យ​ជួប​ប្រធានាធិបតី​ចិន ទាំង​ជំងឺ​កូវីដ​-១៩ កំពុង​ផ្ទុះ​រាលដាល​ពេញបន្ទុក​នៅ​ទីនោះ​។ ក្រោយ​មក​ទៀត លោក​បង្ហាញ​ការ​ផ្តល់​កម្លាំងចិត្ត​ដល់​រដ្ឋាភិបាល​ចិន ដោយ​អំពាវនាវ​ឱ្យ​និស្សិត​ខ្មែរ​ដែល​ជាប់​ផុង​នៅ​ទីក្រុង​វូហាន និង​ដែល​គ្នា​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​បាន​មក​ខ្មែរ​វិញ​នោះ ឱ្យ​នៅ​បន្ត​ខាំ​ស្មៅ នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយ​ជនជាតិ​ចិន ដែល​កំពុង​ភ័យខ្លាច​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ​ដែរ។


ចំណែក​ភាគី​ចិន​ឯណោះ​វិញ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បាន​ធ្វើ​នយោបាយ​ការទូត ដោយ​យក​វ៉ាក់សាំង​ជា​ត្រីមុខ ដើម្បី​ស្អំ​ចិត្ត​ពិភពលោក ឱ្យ​មើល​ឃើញ​ចិន​ថា​ជា​តួអង្គ​អ្នក​សង្គ្រោះ មិនមែន​ជា​ប្រភព​នៃ​ជំងឺ​កូវីដ​-១៩ ដ៏​កាច​សាហាវ​នេះ​នោះ​ទេ។

ជា​ផ្នែក​មួយ​នៃ​នយោបាយ​ការទូត ដោយ​យក​វ៉ាក់សាំង​ជា​ត្រីមុខ​នេះ ប្រទេស​ចិន​បាន​ផ្តល់​អាទិភាព​ឱ្យ​ប្រទេស​នៅ​អាស៊ាន​ចំនួន ៥ មាន​ទាំង​ប្រទេស​កម្ពុ​ជាមួយ​ផង ដែល​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ចិន​។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក មិនបាន​ទទួលស្គាល់​វ៉ាក់សាំង​ចិន​នេះ​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ដល់​ដើមខែ​មីនា ទើប​សម្រេច​អំពី​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​គុណភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ។

តាមពិត​លោក ហ៊ុន សែន ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​រឿង​ចាក់​វ៉ាក់សាំង​ចិន​ដែរ​។ ម្ដង​លោក​ថា​លោក​នឹង​ចាក់​វា​មុនគេ​។ ម្ដង​លោក​ថា ចាំ​ទុក​ឱ្យ​បុគ្គលិក​ពេទ្យ​ចាក់​មុន​សិន​។ ម្សិលមិញ លោ​កថា​លោក​ចាក់​មុន​ក៏​បាន​។ ជំហរ​ស្ទាក់ស្ទើរ និង​ប្រែប្រួល​មិន​ទៀង​របស់​មេដឹកនាំ​នៃ​របប​ក្រុងភ្នំពេញ​នេះ ធ្វើឡើង​ក្រោយ​វ៉ាក់សាំង​ចិន​ចំនួន ៦ សែន​ដូស នៃ​ក្រុមហ៊ុន ស៊ីណូហ្វាម (Sinopharm) នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី៧ ខែ​កុម្ភៈ ចុង​សប្ដាហ៍​នេះ។

លោក ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃ​ទី១០ កុម្ភៈ ជា​ថ្ងៃ​ដែល​លោក និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត នឹង​ទទួល​ចាក់​វ៉ាក់សាំង​នេះ​មុនគេ «​ខ្ញុំ​មិន​អាច​ត្រូវ​រង់ចាំ​ថា ឱ្យ​គ្រូពេទ្យ​យើង​ទទួល​វ៉ាក់សាំង​សិន ចាំ​ទទួល​ក្រោយ​ទេ។ មុន ឬ​ក្រោយ​គង់តែ​ដូចគ្នា​ទេ អ៊ីចឹង​ទេ គឺ​ខ្ញុំ​នឹង​ទទួល​វ៉ាក់សាំង​នៅ​ថ្ងៃ​ទី១០ គឺ​ធ្វើ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត»។

ក្រៅពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ដែល​ត្រូវ​បាន​វ៉ាក់សាំង​មុនគេ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (The Phnom Penh Post) ដកស្រង់​ប្រសាសន៍ កាលពី​ថ្ងៃ​ទី៣ ខែ កុម្ភៈ ថា​វ៉ាក់សាំង​នេះ ចំនួន​ពាក់កណ្ដាល គឺ ៣ សែន​ដូស នឹង​ត្រូវ​ចាក់​ជូន​កងទ័ព និង​ក្រុម​គ្រួសារ​កងទ័ព ពាក់​កណ្ដាល​ទៀត​ត្រូវ​ប្រគល់​ជូន​ក្រសួង​សុខាភិបាល។

ប៉ុន្តែ​ពេល​ឆ្លើយតប​នឹង​សំណួរ​របស់​អាស៊ីសេរី កាលពី​ថ្ងៃទី៤ ខែ​កុម្ភៈ លោក ទៀ បាញ់ ថា​លោក​មិន​បាន​និយាយ​ដូច្នេះ ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​នោះ​ឡើយ៖ «ការសម្រេច​ចាក់ ការ​សម្រេច​ប្រើប្រាស់ ឬ​ការសម្រេច​នាំមក​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ទាំងអស់​ហ្នឹង គឺ​វា​សិទ្ធិ​អំណាច វា​ត្រូវតែ​អ្នក​ដែល​ដឹកនាំ​កំពូល ទើប​គេ​មាន​សិទ្ធិ​បកស្រាយ និង​បញ្ជាក់​។ ដូច្នេះ​ខ្ញុំ​ហាក់​ដូចជា​ពុំ​មាន​លទ្ធភាព​ទេ សូម​បញ្ជាក់​ឱ្យ​បាន​ជាក់លាក់​របៀប​ណា​ហ្នឹង គឺ​វា​មិន​ជា​ការ​សមរម្យ​ទេ ហើយ​អា​ភ្នំពេញ​ប៉ុស្តិ៍​ថា យ៉ាងម៉េច​យ៉ាងណា​ហ្នឹង គឺ​គ្មាន​ទេ​។ អាហ្នឹង​មិន​ដឹង​យក​មក​ពី​ណា​ទេ​។ ខ្ញុំ​អត់​មាន​ទេ​ណា»។

ជុំវិញ​ភាព​ប្រញាប់ប្រញាល់​ទទួលយក​វ៉ាក់សាំង​ចិន ដែល​គ្មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នេះ អ្នក​ជំនាញ​ផ្នែក​ឱសថ​សាស្ត្រ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ជំនួស​ប្រជាពលរដ្ឋ​ខ្មែរ​។ ឱសថការី​ខ្មែរ​អូស្ត្រាលី​លោក លឹម សួរ ថា​គ្មាន​មូលហេតុ​អ្វី ដែល​កម្ពុជា​រង់ចាំ​មិនបាន​នោះ​ទេ ព្រោះ​ស្ថានភាព​ឆ្លង​ជំងឺ​នៅ​កម្ពុជា មិនទាន់​ធ្ងន់ធ្ងរ​ដូច​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​។ ម្យ៉ាងវិញទៀត លោក​ថា វ៉ាក់សាំង​ចិន​នេះ ក៏​គ្មាន​ការ​ទទួលស្គាល់​ជា​អន្តរជាតិ ហើយ​ប្រសិទ្ធភាព និង​ផលវិបាក​របស់​វា ក៏​មិនទាន់​ដឹង​នៅឡើយ​ដែរ ព្រោះ​វ៉ាក់សាំង​ចិន​ខ្លះ ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​លឿន និង​ឱ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​ចិន​ភ្លាមៗ តាំងពី​ផ្ទុះ​ជំងឺ​នេះ​បាន​ជិត​កន្លះ​ឆ្នាំ​មក​ម្ល៉េះ៖ «វ៉ាក់សាំង​ចិន​នេះ គឺថា​ការប្រញាប់​ប្រញាល់​យ៉ាង​លឿន ដើម្បី​បង្កើត​វ៉ាក់សាំង​ហ្នឹង ដើម្បី​ចាក់​ការពារ​ប្រជាជន​ចិន​។ ធ្វើ​ហ្នឹង​គឺ​លឿន​ប្រញាប់ប្រញាល់​ពេក​។ ជា​ករណី​មួយ ដែល​យើង​មិន​ដឹង​ថា​គុណវិបត្តិ​ទៅ​អនាគត​មិន​ដឹង​យ៉ាងម៉េច ព្រោះ​វា​រហ័ស​ពេក»។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឯណោះ ថាបើ​ជ្រុល​ជា​ពេញ​ចិត្តនឹង​វ៉ាក់សាំង​ចិន ដែល​គ្មាន​ការ​ទទួលស្គាល់​គុណភាព​ពី​អង្គការ​សុខភាព​ពិភពលោក និង​កំពុងតែ​ស្ថិត​ក្នុង​ភាព​ប្រថុយប្រថាន​បែបនេះ លោ​កថា​របប​ក្រុងភ្នំពេញ គួរ​ចាក់​ឱ្យ​តែ​មន្ត្រី​របប​នេះ​ជា​មុន​សិន ដើម្បី​ធានា​ថា វ៉ាក់សាំង​នេះ​ពុំ​មាន​ប្រតិកម្ម ឬ​ផល​ប៉ះពាល់​ណាមួយ មុន​ចាក់​ជូន​កងទ័ព ក្រុម​គ្រូពេទ្យ និង​ពលរដ្ឋ៖ «​គាត់​មិនបាន​គិត​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាធំ ព្រោះ​អា​វ៉ាក់សាំង​របស់​ចិន​ហ្នឹង​វា​មាន​ហានិភ័យ​ខ្ពស់​ណាស់ សម្រាប់​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។ បាន​ន័យថា លោក ហ៊ុន សែន កំពុង​យក​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ពិសោធន៍​វ៉ាក់សាំង​ចិន ជំនួស​សត្វ​កណ្ដុរ»។

ដូចគ្នា​នេះ​ដែរ យុវជន​ខ្មែរ ក៏​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់ ដែល​អាច​កើតមាន​ជាយថាហេតុ ព្រោះតែ​ភាព​គ្មាន​ការ​ទទួលស្គាល់ ពី​អង្គការ​សុខភាព​ពិភពលោក​។ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ព្រួយបារម្ភ​ថា កម្ពុជា​អាច​នឹង​មាន​គ្រោះ​មហន្តរាយ​កើតឡើង ក្រោយ​ប្រើប្រាស់​វ៉ាក់សាំង ដែល​ពុំ​មាន​ការ​ទទួលស្គាល់​ត្រឹមត្រូវ​នេះ​។ លោក​បន្ត​ថា ការប្រកាស​ចាក់​វ៉ាក់សាំង​នេះ​មុនគេ របស់​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់ មួយ​ចំនួន​ទៀត គឺ​គ្រាន់តែ​ជា​ការ​ផ្គាប់ចិត្ត​មិត្ត​ចិន ដែល​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​នេះ តែ​លោក មិន​បាន​គិតគូរ​ដល់​សុវត្ថិភាព​សុខភាព​ពលរដ្ឋ​ឡើយ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​ពិចារណា​ឡើងវិញ និង​មិន​គួរ​ប្រញាប់ប្រញាល់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នេះ ជូន​ពលរដ្ឋ​ឡើយ៖ «​ប្រសិនបើ​វ៉ាក់សាំង​នេះ ចាក់​ទៅ​មាន​ប្រសិទ្ធភាព អា​ហ្នឹង​មិន​អី​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​វ៉ាក់សាំង​នេះ​ចាក់​ទៅ​មាន​បញ្ហា តើ​រដ្ឋាភិបាល​ហ៊ាន​ទទួលខុសត្រូវ​ដែរ​ឬទេ​? នេះ​គឺជា​បញ្ហា»។

គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៤ កុម្ភៈ កម្ពុជា​មាន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​ទូទាំង​ប្រទេស​កើន​ដល់​ចំនួន ៤៦៧​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ ៤៥១​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន ១៦​នាក់៕

1 comment:

Anonymous said...

It is highly likely that Yuon and its slave Ah Kwack Hun Sen will release Kem Sokha and let him resume his job as President of the CNRP and let the CNRP participate in the next election without Sam Rainsy. And the result the CNRP will get shit from that election.

To counter the problem, in the present, the CNRP's leaders need to act swiftly to remove Kem Sokha as President of the CNRP to prevent Yuon and Ah Kwack from materializing their plan.

Ah sex maniac Kem Sokha has betrayed Khmer people and Cambodia. The CNRP's leaders need to launch a preemptive strike to remove Kem Sokha to strengthen the CNRP. The fight for the CNRP's reinstatement must go on.

Just remember that we cannot win our struggle without losing any people. Through our ultimate sacrifice that Cambodia will survive the onslaught deployed by the evil Vietnam. Ah Kwack Hun Sen is just a tool (no life) for the evil Yuon to use to accomplish its goal of swallowing Cambodia.

Bun Thoeun