Tuesday, 23 March 2021

ពលករ​ខ្មែរ​ខ្លះ​បន្ត​រស់​នៅ​លំបាក​ក្នុង​ប្រទេស​ថៃ​​ដោយ​មិន​ត្រឡប់​ទៅ​ចូល​ឆ្នាំ​នៅ​កម្ពុជា


ដោយ ហេង រស្មី
2021-03-22
ពលករ​ខ្មែរ​ខ្លះ​បន្ត​រស់​នៅ​លំបាក​ក្នុង​ប្រទេស​ថៃ​​ដោយ​មិន​ត្រឡប់​ទៅ​ចូល​ឆ្នាំ​នៅ​កម្ពុជា 

ពលករ​ខ្មែរ​កំពុង​សែង​បន្ទះ​ក្ដារ​ពុម្ព​នៅ​ការដ្ឋាន​សំណង់​ស្ពាន​មួយ ក្នុង​ខេត្ត​ណាខនប៉ាធុម ប្រទេស​ថៃ ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។​
រូប៖ ពលករ


ពលករ​ខ្មែរ​​ជា​ច្រើន​នាក់​បន្ត​​​អត់​ទ្រាំ​រស់​នៅ​លំបាក​ក្នុង​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ក្នុង​នោះ​មាន​ពលករ​ខ្លះ​​អត់​ការងារ​ធ្វើ​ និង​ខ្លះ​ទៀត​​ធ្វើ​ការ​មិន​ទៀង​ទាត់ និង​ត្រូវ​បាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​​ពួកគាត់​។​ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រឿង​នេះ​​កើត​ឡើង​ដោយសារ​តែ​​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​មិន​​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ពលករ​។

ពលករ​ខ្មែរ​​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​ លោក ហួន ថៃឡូ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​មីនា​ថា ​​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ​ លោក​មិន​បាន​ទៅ​លេង​​ស្រុក​កំណើត​​នោះ​​ទេ ​ដោយសារ​គ្មាន​ប្រាក់​ ព្រោះ​​ថៅកែ​​ជនជាតិ​ថៃ ​មិន​បាន​បើក​ប្រាក់​ខែ​ឱ្យ​លោក​​ចំនួន ៣ខែ​មក​ហើយ​។ ពលករ​ខ្មែរ​វ័យ ​៥០​ឆ្នាំ​រូប​នេះ​​ព្រួយបារម្ភ​ខ្លាច​ដាច់​ស្បៀង​នៅ​ពេល​ខាង​មុខ​ផង​ និង​ព្រួយ​ខ្លាច​ធនាគារ​រឹបអូស​ដីធ្លី​នៅ​ស្រុក​កំណើត​ផង ដោយសារ​គ្មាន​ប្រាក់​សង​ម្ចាស់​បំណុល​ដែល​បាន​ខ្ចី​គេ​ ដាំ​ដំឡូង​មី​​កាល​ពី​ពេល​កន្លង​ទៅ៖ «យើង​រក​លុយ​អត់​សូវ​បាន​រវល់​តែ​ជួប​គេ​បោក គេ​បើក​ឱ្យ​យើង​បាន​ម៉ា​ចាយៗ អ៊ីចឹង​ទៅ​ ហើយ​គេ​ថា​ថ្ងៃ​នេះ​ថ្ងៃ​នោះ​​​រហូត​។​ខ្ញុំ​អំពាវនាវ​ដល់​ដូន​តា​ហើយ​អត់​បាន​​អត់​បាន​ទៅ​ជួប​គាត់​ទេ វា​មាន​បញ្ហា​ច្រើន​ទី​១​​ជាប់​រឿង​លុយ​ធនាគារ​ផង​ ទី​២​ បញ្ហា​រាលដាល​ជំងឺ​កូវីដ​ផង​ អីចឹង​ទៅ​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​បាន​ទៅ​ដែរ​។​ខ្ញុំ​ខាំ​ស្មៅ​ទាល់​តែ​រក​ប្រាក់​សង​គេ​រួច​បាន​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ»។


នៅ​ថ្ងៃ​ទី២២ មីនា តំណាង​ក្រុម​ពលករ ៣នាក់ បាន​នាំ​គ្នា​ទៅ​ប្ដឹង​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​ថៃ ដើម្បី​ឱ្យ​បើក​ប្រាក់​ខែ​ដល់​ពួក​គាត់។

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​សមុទ្រ សាខន (Samuth Sakorn) លោក ឆន សុខឿន ថ្លែង​ថា ​នៅ​កន្លែង​លោក​ធ្វើ​ការ​មាន​ពលករ​ខ្មែរ​ប្រមាណ ៥០នាក់ ក្នុង​ចំណោម​ពលករ​ជាង ​២០០​នាក់​អត់​ការងារ​ធ្វើ និង​ពលករ​ខ្លះ​ទៀត​ធ្វើ​ការ​មិន​ទៀង​ទាត់ ជា​ច្រើន​ខែ​មក​ហើយ បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ពលករ​វ័យ ៤១ឆ្នាំ​រូប​នេះ ប្រាប់​ថា បច្ចុប្បន្ន​មាន​ពលករ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ដើរ​បេះ​ផ្ទី និង​ដាក់​មង​តាម​អូរ​យក​ត្រី​ចម្អិន​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ ដោយសារ​គ្មាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ហូប​ចុក។ លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​រស់​នៅ​ប្រទេស​ថៃ​លំបាក​យ៉ាង​នេះ​ក្ដី ក៏​ពួក​លោក​មិន​បាន​ត្រឡប់​ទៅ​កម្ពុជា ​អំឡុង​ពេល​នេះ​​​ឡើយ ពីព្រោះ​គ្មាន​ប្រាក់​ ហើយ​ម្យ៉ាង​ទៀត​ខ្លាច​អាជ្ញាធរ​ថៃ​​​​ចាប់​ដាក់​គុក​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ៖ «តាម​ដែល​ខ្ញុំ​មើល​ទៅ​បម្រាម​ខ្លាំង​តែ​ជនជាតិ​ខ្មែរ​យើង​តែ​ម្ដង​ សូម្បី​តែ​យើង​ចង់​ចេញ​ទៅ​ណា​បើ​យើង​ជិះ​ម៉ូតូឌុប ខល​ហៅ​ម៉ូតូ​មក​យក​យើង​ក៏​គេ​អត់​ឱ្យ​ម៉ូតូ​មក​យក​ដែរ។​ប៉ុន្តែ​បើ​ជនជាតិ​ថៃ​វិញ​គេ​ឱ្យ​តាក់ស៊ី​​ជូន​ដល់​កន្លែង​ បើ​ចំពោះ​យើង​គេ​ហាម​តាក់​ស៊ី​មិន​ឱ្យ​ចូល​តែ​ម្ដង។​វា​ប៉ះពាល់​ខ្លាំង​ខាង​ទឹក​ចិត្ត យើង​អត់​ថា យើង​ជា​ពលករ​មួយ​រួប​​នៅ​តំបន់​ហ្នឹង​ហេតុ​អី​បាន​គេ​រើស​អើង​យើង​សំបើម​ម៉្លេះ បើ​មុន​ហ្នឹង​ចេញ​ទៅ​ណា​គេ​ត្រួត​យើង​គេ​ពិនិត្យ​ច្បាប់​លាស់»។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ពី​ក្ដី​កង្វល់​របស់​ក្រុម​ពលករ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

កន្លង​មក​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ ​ឱ្យ​បន្ត​ស្នាក់​នៅ​ប្រទេស​ថៃ​មួយ​រយៈ​ ដើម្បី​បង្ការ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ។ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ពី​ទុក្ខ​លំបាក​​របស់​ពលករ​ក្នុង​ពេល​ពួកគាត់​ស្នាក់​នៅ​ប្រទេស​នោះ​ឡើយ។

មន្ត្រី​អង្គការ​សង់ត្រាល់ (Central) ទទួល​បន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា យល់​ថា ពលករ​ខ្មែរ​រាប់​ពាន់​នាក់​បន្ត​​រស់​នៅ​លំបាក​​ក្នុង​ប្រទេស​ថៃ​ ដោយសារ​ពួកគាត់​អត់​ការងារ​ធ្វើ។ បន្ថែម​ពី​នេះ​មាន​ពលករ​មួយ​ចំនួន​ត្រូវ​បាន​​ថៅកែ​ថៃ​បោក​ប្រាស់​កម្លាំង​ពលកម្ម​ ដោយ​​ធ្វើ​ការ​មិន​បាន​ប្រាក់​ឈ្នួល​ជា​ដើម​។​ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ និយាយ​ថា ​​ពលករ​​ធ្វើ​ការ​ខុស​​ច្បាប់​ប្រឈម​នឹង​ថៅកែ​ថៃ​​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ច្រើន​ជាង​គេ ជា​ពិសេស ​អ្នក​ធ្វើ​ការងារ​សំណង់​។​ លោក​បញ្ជាក់​ថា ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ខ្មែរ​ និង​រដ្ឋាភិបាល​​ថៃ​គួរ​តែ​បញ្ជូន​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ជួយ​ពលករ​ជា​បន្ទាន់​ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ថៅកែ ដែល​កេង​ចំណេញ​កម្លាំង​ពលករ៖ «តួនាទី​របស់​រដ្ឋ​ហ្នឹង​ហាក់​ដូច​ជា​ផ្ដោត​ទៅ​លើ​កូវីដ ផ្ដោត​តែ​រឿង​សេដ្ឋកិច្ច​ជា​រួម អ៊ីចឹង​វា​ជា​ឱកាស​ដល់​និយោជក​ហ្នឹង​ប្រើអំណាច​កិបកេង​កម្លាំង​ពលករ។ និយាយ​ជា​រួម​មក​គឺ​ ពួកគាត់​នៅ​ហ្នឹង​ក៏​ប្រឈម​មក​វិញ​ក៏​ប្រឈម ប៉ុន្តែ​ភាព​ប្រឈម​ហ្នឹង​វា​មាន​លក្ខណៈ​ខុស​គ្នា​។ ប្រសិន​ជា​គាត់​នៅ​ហ្នឹង​អ្នក​ដែល​អត់​មាន​ការងារ​ធ្វើ​គាត់​ប្រឈម​ខ្លាំង​ណាស់​គាត់​អត់​មាន​លុយ​ចាយវាយ​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​ប្រសិន​បើ​គាត់​អស់​សុពលភាព​ឯកសារ​ទៀត​អា​ហ្នឹង​កាន់​តែ​ប្រឈម​ខ្លាំង​ហើយ»។

លោក ឌី ថេហូយ៉ា បន្ត​ថា មាន​ពលករ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ប្រថុយប្រថាន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ វិញ​ខ្លះ​ដែរ ដោយសារ​ពួកគេ​គ្មាន​លទ្ធភាព​រស់​នៅ​ប្រទេស​ថៃ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ​​​ចាប់​តាំង​ពី​ចុង​ឆ្នាំ២០២០ មក​ដល់​ខែ​មីនា​នេះ យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ​ប្រហែល ៥ម៉ឺន​នាក់ (៥០.០០០) ហើយ បាន​ត្រឡប់​ទៅ​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ បាត់​ដំបង និង​ខេត្ត​ឧត្ដរមានជ័យ​ជា​ដើម។

របាយការណ៍​អង្គការ​សង់ត្រាល់ (CENTRAL) ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​ស្រប​ច្បាប់​មិន​ស្រប​ច្បាប់​ប្រមាណ ១លាន ៨សែន​នាក់ (១.៨០០.០០០) ធ្វើ​ការ​នៅ​ប្រទេស​ថៃ៕

No comments: