ដោយ អាស៊ីសេរី
2021-03-13
មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅតាមអគារនានា។
រូប៖ នាយកដ្ឋានចត្តាឡីស័កនៃក្រសួងសុខាភិបាល។
អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ កើនដល់ជាង ៧រយនាក់ (៧៥១) ហើយ ក្រោយក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងថ្មីចំនួន ៣៩ករណី បន្ថែមទៀត នៅថ្ងៃទី១៣ ខែមីនា។ អ្នកទាំងនោះត្រូវបានរកឃើញក្នុងខេត្តដែលមានការរីករាលដាលធ្ងន់ធ្ងរជាងគេ រួមមាន ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
បច្ចុប្បន្នអ្នកជំងឺទាំងនោះកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលចត្តាឡីស័កក្នុងរាជធានី-ខេត្តមួយចំនួន ដូចជា មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង មណ្ឌលសុខភាពចាក់អង្រែ និងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១២ ខែមីនា ថាប្រធានសាលាឧទ្ធរណ៍ភ្នំពេញលោក យូ ប៊ុនឡេង និងមន្ត្រីម្នាក់នៅក្រសួងបរិស្ថានបានឆ្លងជំងឺកូវីដ-១៩។ ក្រសួងបានបញ្ជូនមន្ត្រីទាំងពីររូបទៅសម្រាកព្យាបាល និងយកសំណាកអ្នកពាក់ព័ន្ធទៅពិនិត្យ និងដាក់ពួកគេឱ្យធ្វើចត្តាឡីស័ក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយបន្ថែមទៀតកាលពីថ្ងៃទី១២ ខែមីនា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។ អនុក្រឹត្យនេះ តំរូវឲ្យប្រជាពលរដ្ឋ សហគ្រាស ឬគ្រិះស្ថានឯកជន ម្ចាស់អាជីវកម្ម ត្រូវអនុវត្តវិធានការសុខាភិបាលជាចាំបាច់ មានដូចជា ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ធ្វើអនាម័យ និងវាស់កម្តៅ ធ្វើចត្តាឡីស័ក ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យកសំណាកទៅវិភាគ ព្រមទាំងការគ្រប់គ្រង និងចាត់ចែង សាកសពដែលមានផ្ទុកជំងឺនេះជាដើម។
អ្នកដែលល្មើសនឹងអនុក្រឹត្យនេះ អាចប្រឈមនឹងការផាកពិន័យទៅតាមអំពើរបស់ខ្លួន ដូចជា ការមិនពាក់ម៉ា់ក់អាចរងពិន័យពី ២សែន (២០០.០០០) រៀល ទៅ ១លាន (១.០០០.០០០) រៀល។ អ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំ ឬសកម្មភាពសង្គមផ្សេងទៀតត្រូវពិន័យពី ១លាន (១.០០០.០០០) ទៅ ៥លាន (៥.០០០.០០០) រៀល ហើយសហគ្រាស ឬគ្រិះស្ថានឯកជន និងម្ចាស់អាជីវកម្មដែលមិនអនុវត្តកាតព្វកិច្ចទាំងនោះ នឹងត្រូវពិន័យជាប្រាក់ពី ២លាន (២.០០០.០០០) ទៅ ១០លាន (១០.០០០.០០០) រៀល។
គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមីនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបជិត ១ពាន់៣រយនាក់ (១.២៦៤) ។ ក្នុងនោះ អ្នកជាសះស្បើយជាង ៦រយនាក់ (៦២៣) កំពុងសម្រាកព្យាបាលជាង ៦រយនាក់ (៦៣៩) និងស្លាប់ម្នាក់៕
No comments:
Post a Comment