Monday 15 March 2021

បក្សកាន់អំណាច​ ចោទប្រកាន់​សភាអឺរ៉ុប​ថា ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ដែល​កំពុង​មាន​សន្តិភាព


ដោយ មាន ឫទ្ធិ
2021-03-13
បក្សកាន់អំណាច​ ចោទប្រកាន់​សភាអឺរ៉ុប​ថា ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ដែល​កំពុង​មាន​សន្តិភាព 

លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
រូប៖ ហ្វេសប៊ុក


អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថា ​​គណបក្សនេះ​នឹង​​មិន​ចោទ​ប្រកាន់​​តំណាងរាស្ត្រអឺរ៉ុប​ជាង ៦រយ​នាក់ ពីបទ «​រួមគំនិតក្បត់​» នោះទេ ក្រោយ​សភាអឺរ៉ុប​បាន​ចេញ​សេចក្តីសម្រេច​គាំទ្រ​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ​ និង​ជំរុញ​ឲ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​រដ្ឋាភិបាល។ មន្រ្តីនាំពាក្យរូបនោះចោទថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបជាការជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ដែលកំពុងតែមានសន្តិភាព។

ពាក្យ «​ឧទ្ទាម​ក្រៅ​ច្បាប់​»​ ឬ​​ពាក្យ​​ថា​ «​មិនមែន​​ប្រជាជន​»​ គឺ​ជា​ពាក្យ​​ដ៏​ពេញ​និយម​​របស់​​មន្ត្រី​នាំពាក្យ​​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ដែល​​លោក​​តែង​​យក​​មក​​និយាយ​​កប់ៗ​​មាត់​​ ចោទប្រកាន់​​ពលរដ្ឋ​​ខ្មែរ​​ខ្លួន​ឯង​​ទាំងឡាយ​ណា​​ ដែល​​បាន​​គាំទ្រ​​ទង្វើ​​របស់​​មេដឹកនាំ​​គណបក្ស​​សង្គ្រោះជាតិ។​ ក៏ប៉ុន្តែ​ ពាក្យ​​ទាំង​នេះ ​លោក​​ពុំ​ហ៊ាន​​និយាយ​​សំដៅ​ដល់​​តំណាង​រាស្ត្រ​អឺរ៉ុប​​ជាង ​៦០០នាក់ ​ដែល​បាន​​រួម​គ្នា​​បោះឆ្នោត​​អនុម័ត​​សេចក្តី​សម្រេច​​របស់​​សភាអឺរ៉ុប​ គាំទ្រ​​មេដឹកនាំ​​ជាន់ខ្ពស់​​គណបក្ស​​សង្គ្រោះជាតិ ​និង​​ជំរុញ​​ឲ្យ​​ក្រុមប្រឹក្សា​​​អឺរ៉ុប​​ដាក់​ទណ្ឌកម្ម​​ជាក់លាក់​​បន្ថែម​​លើ​​ក្រុម​​មន្ត្រី​​ជាន់ខ្ពស់​​រដ្ឋាភិបាល​ និង​​យោធា​កម្ពុជា​​នោះទេ។​


ផ្ទុយ​ទៅ​វិញលោក ​សុខ ឥសាន ​ប្រាប់​អាស៊ីសេរី កាល​ពី​​ថ្ងៃទី១២ ខែមីនា ថាគណបក្ស​​កាន់​អំណាច​​របស់​លោក​​នឹង​​មិន​​ចោទ​ប្រកាន់ ​ឬ​​កាត់ទោស​​អូស​ដំណើរ​​តំណាង​រាស្ត្រ​អឺរ៉ុប​​ទាំងនោះ​ពីបទ​ «​រួម​គំនិតក្បត់​» ​នោះទេ៖ «​អាហ្នុង​​ខ្ញុំ​អត់ចោទ​​ទេ ​តាម​​ទង្វើ​​របស់​គាត់ ​ទុក​​ឲ្យ​​ប្រជាជន​​ពិភពលោក​​គេ​មើល​ទៅ។​ តុលាការ​​កម្ពុជា​ ប្អូន​​ឯង​​យល់ទេ ​តុលការ​​កម្ពុជា​​មិនមែន​​កាត់ទោស​​ពួក​​សភា​​អឺរ៉ុប​​ឯណា​?​ តុលាការ​​កម្ពុជា​​កាត់​ទោស​​ពួក​ជន​ក្បត់​​នៅក្នុង​​ប្រទេស​​កម្ពុជា​ សញ្ជាតិ​​កម្ពុជា​។ ​តុលាការ​​កម្ពុជា​ធ្វើការ​ក្នុង​​ក្របខណ្ឌ​​ឯករាជ្យ ​អធិបតេយ្យភាព​​របស់​ខ្លួន​។ ​អាហ្នុង​ គេ​ហៅ​ថា​វិសាលភាព​​នៃ​​ការដឹកនាំ​គ្រប់គ្រង​​របស់​​កម្ពុជា​។ ​សភា​កម្ពុជា​​ក្តី ​តុលាការ​​កម្ពុជា​​ក្តី​ មាន​​សិទ្ធិ​អី​​ទៅ​កាត់​ទោស​​សភាអឺរ៉ុប​​អីឯណា​​ទៅវិញ?​ អ៊ីចឹង ​យើង​និយាយ​​ថា​​ឡងទៅវិញ​​វា​​អត់ត្រូវ​។​ សភា​អឺរ៉ុប​​ហ្នុង​​គ្មាន​​សិទ្ធិ​អី​​មក​​លូកដៃ​​ជ្រៀត​ជ្រែក​​កិច្ចការ​​ផ្ទៃក្នុង​​របស់​​កម្ពុជា​ទេ»​។

ប្រតិកម្ម​​របស់​​អ្នកនាំពាក្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​រូបនេះ ​កើតមាន​​ឡើង​​ក្រោយ​ពេល​​តំណាងរាស្ត្រ​​អឺរ៉ុប​​ជាង ​៦០០នាក់ ​បាន​​បោះឆ្នោត​​អនុម័ត​​សេចក្តី​សម្រេច​​ ២៥ចំណុច​ ​របស់​​សភា​អឺរ៉ុប​​ កាលពី​ថ្ងៃទី​១១ ខែមីនា ថ្កោលទោស​​អំពើ​រំលោភ​​សិទ្ធិ​មនុស្ស ​និង​ការ​ធ្លាក់ចុះ​​ដុនដាប​​នៃ​​លទ្ធិប្រជាធិបតេយ្យ​​នៅ​កម្ពុជា​។ ​ការចេញ​​សេចក្តី​សម្រេច​​ចុងក្រោយ​​របស់​​សភា​អឺរ៉ុប​នេះ​ កើតមាន​ឡើង​​ក្រោយ​​តុលាការ​​នៃ​​របប​​ក្រុង​ភ្នំពេញ​​បាន​កាត់ទោស​​មេដឹកនាំ​​ជាន់ខ្ពស់​​គណបក្ស​​សង្គ្រោះជាតិ ​៩រូប​ ក្នុង​នោះ​រួម​​ទាំង​​លោក​ សម រង្ស៊ី ​ផង​​ឲ្យ​ជាប់គុក​​រហូត​ដល់​ ២៥ឆ្នាំ ​ពីបទ​ «​ឧបឃាត​» ​ឬ «​​ប៉ុនប៉ង​​ផ្តួល​រំលំ​​រដ្ឋាភិបាល»។

[សូម​ចុច​តំណភ្ជាប់​នេះ ដើម្បី​ទស្សនា​វីដេអូ​​ទាំងស្រុង​នៃ​​កិច្ចពិក្សា​​របស់​តំណាងរាស្ត្រ​អឺរ៉ុប​អំពី​បញ្ហា​ធ្លាក់ចុះប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។]

ខ្លឹមសារ​​សំខាន់​ៗ​​មួយ​ចំនួន​​នៃ​​សេចក្តី​សម្រេច​នោះ​ ទាមទារ​​ឲ្យ​​អាជ្ញាធរ​​កម្ពុជា​​លុបចោល​​​សាលក្រម​​​សម្រេច​​កាត់ទោស​​មន្ត្រី​​ជាន់ខ្ពស់​​បក្ស​ប្រឆាំង​​ទាំងនោះ ​ដោះលែង​​និង​​ទម្លាក់ចោល​​បទចោទ​​ប្រឆាំង​នឹង​​សកម្មជន​​គណបក្ស​​សង្គ្រោះជាតិ​​ជាបន្ទាន់​​ និង​​ដោយ​​ឥត​លក្ខខណ្ឌ​ ព្រមទាំង​​ទាមទារ​​ឲ្យ​​គណបក្ស​​សង្គ្រោះជាតិ​​រស់​​ឡើង​វិញ​​ជាដើម​។ ​ក្រៅពីនេះ ​សេចក្តី​សម្រេច​​របស់​​សភាអឺរ៉ុប​​ ក៏​បាន​​បញ្ជាក់​ដែរ​​ថា​ គណបក្ស​​ប្រជាជនកម្ពុជា ​មិន​គួរ​​ត្រូវ​​បាន​​ចាត់ទុក​​ថា ​ជា​​គណបក្ស​​កាន់អំណាច​​ «​ស្របច្បាប់​»​ នៅ​​កម្ពុជា​​នោះឡើយ ​ព្រោះ​ការ​បោះឆ្នោត​​មិន​ត្រូវ​​បាន​​ធ្វើឡើង​​ដោយសេរី ​ត្រឹមត្រូវ​ និង​​យុត្តិធម៌​​នោះទេ។​ ចំណុច​ទី​២២ ​នៃ​​សេចក្តី​សម្រេច​​របស់​​សភា​អឺរ៉ុប​​ ក៏​​បាន​​ជំរុញ​​ឲ្យ​ក្រុម​ប្រឹក្សា​​អឺរ៉ុប ​អនុម័ត​​វិធានការ​​រឹតត្បិត​​នានា​​ប្រឆាំង​​នឹង​​ក្រុម​មេដឹកនាំ​​នយោបាយ ​និង​​កងកម្លាំង​​ប្រដាប់​អាវុធ​​នៅ​​កម្ពុជា​​ដែល​​ទទួល​​ខុសត្រូវ​​ចំពោះ​​អំពើ​រំលោភ​សិទ្ធិ​​មនុស្ស​ «ធ្ងន់ធ្ងរ​»​ ចំពោះ​​ការ​រម្លាយ​​គណបក្ស​​សង្គ្រោះជាតិ ​និង​​ចាត់វិធានការ​​ប្រឆាំង​នឹង​​ផល​ប្រយោជន៍​​ផ្នែក​​សេដ្ឋកិច្ច​​របស់​​មន្ត្រី​​កម្ពុជា​​ទាំងនោះ ​ដោយ​ប្រើច្បាប់​​ដាក់ទណ្ឌកម្ម​​ជាសាកល​​របស់​​សហភាព​​អឺរ៉ុប​​ប្រឆាំង​នឹង​​អំពើ​រំលោភ​សិទ្ធិមនុស្ស។​ សភាអឺរ៉ុប ​ជឿជាក់ថា​ ការដាក់​ទ​ណ្ឌកម្ម​​ជាក់លាក់​ ក្នុងនោះ​​រួមមាន ​ការហាម​ប្រាម​​ធ្វើដំណើរ​​មក​​ជាន់ដី​​អឺរ៉ុប ​និង​ការ​បង្កក​​ទ្រព្យ​សម្បត្តិ ​ប្រឆាំង​​នឹង​​ក្រុមមេដឹកនាំ​​កម្ពុជា ​និង​​ផល​ប្រយោជន៍​​ផ្នែក​​សេដ្ឋកិច្ច​​របស់​​ពួកគេ ​ថាជា​រឿង​ «​គួរតែ​ត្រូវ​បាន​​ធ្វើឡើង​​តាំងពី​​ពេល​មុន​» ​មក​ម៉្លេះ​។

​អាស៊ីសេរី ​មិន​អាច​​ទាក់ទង​​អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​លោក កុយ គួង ​អ្នកនាំពាក្យ​​ក្រសួង​​ការពារជាតិ​លោក ឈុំ សុជាតិ និង​​រដ្ឋមន្ត្រី​​ក្រសួង​​ការពារជាតិ ​លោក ទៀ បាញ់ ​ដើម្បី​សុំ​​ប្រតិកម្ម​​ជុំវិញ​​ការជំរុញ​​របស់​​សភាអឺរ៉ុប​​ឲ្យ​ក្រុម​ប្រឹក្សា​អឺរ៉ុប​​ដាក់ទណ្ឌកម្ម​​ជាក់លាក់​​បន្ថែម​​​លើ​​មន្ត្រី​ជាន់ខ្ពស់​​នយោបាយ ​និង​​កងកម្លាំង​​ប្រដាប់​អាវុធ​​របស់​​កម្ពុ​ជា​​នេះ​បាននៅឡើយទេ ​គិតត្រឹម​ល្ងា​ចថ្ងៃទី១២ ខែមីនា ​ដោយសារ​​ពួក​លោក​​មិន​លើក​ទូរស័ព្ទ​។​

យ៉ាងណា​ អ្នកនាំពាក្យ​​គណបក្ស​​ប្រជាជន​កម្ពុជា ​លោក សុខ ឥសាន​ ថា​គណបក្ស​​របស់​​លោក​​ពុំព្រួយ​បារម្ភ​​ទៅនឹង​​សេចក្តីសម្រេច ​និង​​ការ​ជំរុញ​​ឲ្យ​ដាក់​ទណ្ឌកម្ម​​លើ​​មន្ត្រី​កម្ពុជា​​ពី​សំណាក់​​សភា​​អឺរ៉ុប​​នេះ​ទេ៖​ «បញ្ហា​សំខាន់​នៅលើ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​របស់​កម្ពុជា​រឹងមាំ។ មិន​ដែល​សភា​អឺរ៉ុប​លើកទ័ព​មកវាយ​កម្ពុជា​តទៅទៀតទេ...។ យើង​ចាំមើល​ទៅ! ដូច​ខ្ញុំ​អី​ តាំងពី​ដើម​មក ខ្ញុំ​មាន​ដែល​ទៅ​អឺរ៉ុប​អី មាន​ងាប់​ខ្ញុំ​ឯណា។ មិនដែល​ទៅ​ជាន់​ដី​អឺរ៉ុប​អី វា​មាន​ទៅ​ងាប់អី អត់ទេ»។

ផ្ទុយ​ទៅនឹង​​ការលើកឡើង​ថា​ ​កម្ពុជា​មិន​ព្រួយ​បារម្ភ​​នេះ ​អង្គការ​​ឃ្លាំមើល​សិទ្ធិ​​មនុស្ស​​អន្តរជាតិ ​យូមែន រ៉ៃត៍ វ៉ច្ឆ​ (Human Rights Watch)​ ហៅ​​សេចក្តី​សម្រេច​​របស់​​សភាអឺរ៉ុប​​នេះ ​ថា​​ជា​ «​ពន្លឺ​​នៃ​​ក្តីសង្ឃឹម​» ​ដែលអាច​​ទម្លុះទម្លាយ​​ស្រមោល​អន្ធការ​ ឬ​​ភាពខ្មៅង​ងឹត ​​​ដែល​​កំពុង​​តែ​រីកដុះដាល​​​នៅ​​កម្ពុជា​​ក្រោម​​របប​ដឹកនាំ​​ផ្តាច់ការ​​ឯកបក្ស​​របស់​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន។​

នាយករង​​ទទួល​​បន្ទុក​កិច្ច​ការ​​តំបន់​​អាស៊ី​នៃ​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងក្នុង​សេចក្តីថ្លែងការណ៍​ផ្សាយ​កាលពី​ថ្ងៃទី១២ ខែមីនា ថាសភា​អឺរ៉ុបបាន​ចេញ​នូវ​សេចក្តីសម្រេច​មួយ​ ដែល​គេ​អាច​ចាត់ទុកថា​ ជា​ការស្តីបន្ទោស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅលើ​ក្រុមមេដឹកនាំ​នៅ​កម្ពុជា ដោយសារ​តែ​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក ហ្វីល រ៉ូបឺតសុន ហៅ​សេចក្តីសម្រេច​របស់​សភាអឺរ៉ុប​នេះ ថា​មាន​លក្ខណៈ​ម៉ឺងម៉ាត់ ដែល​បាន​ថ្កោលទោស​ដំណើរការ​កាត់ក្តី​ជា​ឆាក​ល្ខោន​នៅ​ក្រុងភ្នំពេញ​ ប្រឆាំងនឹង​ក្រុមមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ និង​ប្រឆាំង​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ដែល​កំពុង​តែ​រីករាលដាល​កាន់តែ​ខ្លាំង​ប្រព្រឹត្តិ​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ លោក​ថា តាមរយៈ​ការអនុម័ត​សេចក្តីសម្រេច​នេះ សភាអឺរ៉ុប បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​គោលនយោបាយ​ការបរទេស​បែប «​បញ្ចេញ​សាច់ដុំ​»​ របស់​​សហភាព​អឺរ៉ុប ​ក្នុងការ​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា​​បញ្ឈប់​​នូវ​រាល់​ដំណើរការ​កាត់ក្តី​ដែល​មាន​ចរិក​​នយោបាយ​ ដោះលែង​សកម្មជន​កំពុង​ជាប់ឃុំ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើងវិញ និង​បញ្ឈប់​ការវាយប្រហារ​មកលើ​សង្គមស៊ីវិល ក្រុមអ្នកការពារ​សិទ្ធិ​មនុស្ស​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សេចក្តីសម្រេច​របស់​សភាអឺរ៉ុប​នោះ​ក៏​បាន​ទាមទារ​ឲ្យ​​អឺរ៉ុប ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​មេដឹកនាំ​នយោបាយ និង​មន្ត្រី​យោធា​នៅ​កម្ពុជា​ដោយសារ​តែ​ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស។ មន្ត្រី​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូបនេះ​គូសបញ្ជាក់​ថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ តែងតែ​ធ្វើ​ការតស៊ូ​មតិ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ជាក់លាក់​ប្រឆាំងនឹង​នាយឧត្តមសេនីយ៍ «បាតដៃ​កខ្វក់» ១២រូប ដែល​បាន​ជួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​អាច​រក្សា​អំណាច​បាន​អស់​រយៈពេល ៣៦ឆ្នាំ​មកហើយ៕

1 comment:

Anonymous said...

Ah Yuon's slave Hun Sen had to select Ah Nguyen Van Shit aka Sok Ey San as the spokesman for his Gorr ment.
Notice puppet made some moves according to its master.