Tuesday, 16 March 2021

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម


Khmer Circle

Once CNRP activists will have been rounded up, will the regime then target all those who had voted for the opposition party as well? Not inconceivable given the regime's KR-Viet Cong mindset!

🔺🔺🔺

ដោយ ហេង រស្មី
2021-03-15


អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី១៤ មីនា ដោយ​មិន​បង្ហាញ​ដីកា​ពី​តុលាការ។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់​ខ្លួន​ដោយ​មិន​បង្ហាញ​ដីកា និង​មិន​បង្ហាញ​នូវ​ព័ត៌មាន​ជាក់លាក់​ណាមួយ​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន គឺ​ជា​ការ​បំពាន​ច្បាប់ និង​រំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ខ្លួន គឺ​អ្នកស្រី ថន គឹមសាន ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត ឃុំ​កោះទន្ទឹម ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

កូនស្រី អ្នកស្រី ថន គឹមសាន គឺ​កញ្ញា ហន សុមេធា ប្រាប់​អាស៊ី​សេរី​ថា កាល​ពី​ថ្ងៃ​ទី១៤ មីនា ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល​មួយ​ក្រុម បាន​ចាប់​ម្ដាយ​របស់​កញ្ញា ដោយ​ពុំ​​មាន​ដីកា និង​មិន​បាន​ប្រាប់​អំពី​មូល​ហេតុ​ច្បាស់លាស់​ដល់​សាច់​ញាតិ​នោះ​ទេ ខណៈ​ម្ដាយ​របស់​កញ្ញា កំពុង​ធ្វើការ​នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​រាជធានី​ភ្នំពេញ ហើយ​​បញ្ជូន​​​ទៅ​សួរ​នាំ​អធិការ​ខណ្ឌ​ទួលគោក កញ្ញា បាន​ព្យាយាម​ទាក់ទង​ទៅ​អាជ្ញាធរ ប៉ុន្តែ​មិន​ទទួល​បាន​ដំណឹង​អំពី​ម្ដាយ​អ្វី​ឡើយ កាល​ពីថ្ងៃទី១៤ រហូត​ដល់​ព្រឹក​ថ្ងៃទី១៥ មីនា។


កញ្ញា​បន្ត​ថា ទើប​តែ​នៅ​ពេល​រសៀល​ថ្ងៃទី១៥ មីនា មាន​អាជ្ញាធរ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ប្រាប់​ថា អាជ្ញាធរ​កំពុង​សាក​សួរ​ម្ដាយ តែ​មិន​ប្រាប់​ទីកន្លែង​សាក​សួរ​នោះ​ទេ ហើយ​ក៏​បាន​អនុញ្ញាត​ឱ្យ​កញ្ញា​និយាយ​ទូរស័ព្ទ​ជាមួយ​ម្ដាយ​មួយ​ភ្លែត ហើយ​ម្ដាយ​បាន​ប្រាប់​ថា កំពុង​នៅ​តុលាការ។ កញ្ញា ចាត់​ទុក​ថា ការ​ចាប់​ខ្លួននេះ គឺ​ដោយ​សារ​មូលហេតុ​នយោបាយ និង​ជា​រឿង​អយុត្តិធម៌​បំផុត។ កូន​ស្រី​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ កំពុង​បារម្ភ​អំពី​សុខ​ទុក្ខ និង​ចង់​ជួប​យក​ថ្នាំ​ទៅ​ឱ្យ​ម្ដាយ កំពុង​មាន​ជំងឺ លើស​សម្ពោធ​ឈាម លើស​ជាតិ​ខ្លាញ់ ត្រូវ​ហូប​ថ្នាំ​រាល់ថ្ងៃ៖ «រយៈ​ពេល​មួយ​យប់​ហើយ​អត់​ទាន់​ឃើញ​គាត់​មក ក្នុង​នាម​ជា​កូន​បារម្ភ​ពី​ម្ដាយ ចាប់​ម្ដាយ​ទាំង​មិន​ដឹង​មូលហេតុ អយុត្តិធម៌​សម្រាប់​ខ្ញុំ​ដែល​គេ​ចាប់​ម្ដាយ​ទៅ​នៅ​ពីមុខ យើង​សួរ​នាំ​គេ អត់​មាន​និយាយ​អ្វី គ្រាន់​តែ​ថា យក​ទៅ​ខណ្ឌ​ទទួល​គោក ខ្ញុំ​ចង់​ឱ្យ​ពូ​សមត្ថកិច្ច​ទាក់ទង​មក​ក្រុម​គ្រួសារ​ដើម្បី​ផ្តល់​ដំណឹង​ខាង​ក្រុម​គ្រួសារ​កុំ​ឱ្យ​បារម្ភ​ពី​គាត់»។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បញ្ជាក់​ប្រាប់​ថា សមត្ថកិច្ច​ចោទប្រកាន់​ពី​បទ​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្រោយ​ពី​អ្នកស្រី ថន គឹមសាន បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី១២ មីនា​ថា វ៉ាក់សាំង​ចិន​គ្មាន​គុណភាព ចាក់​ទៅ​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ពលរដ្ឋ។ លោក​ថា សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ តែ​មិន​ទាន់​ដឹង​ថា​តុលាការ​សម្រេច​ឃុំ​នៅ​ឡើយ​ទេ៖ «គាត់​មាន​ទាំង​ផ្ញើ​សារ​ជា​សំឡេង ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា វ៉ាក់សាំង​របស់​ចិន​បាន​ធ្វើ​ឱ្យ ចាក់​ទៅ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់ អ៊ីចឹង​អ្វី​ដែល​គាត់​និយាយ​ហ្នឹង​ខុស​ពី​ការពិត លក្ខណៈ​ញុះញង់​សុទ្ធ ញុះញង់​បង្ក​ភាព​វឹកវរ បង្ក​ឱ្យ​មាន​ការយល់​ច្រឡំ ជាក់​ស្ដែង​អត់​មាន​បញ្ហា​អ្វី​ទាំង​អស់​រហូត​មក​ដល់​ថ្ងៃ​ហ្នឹង​រដ្ឋាភិបាល បាន​ធ្វើ​សន្និស័ទ​កាសែត​អ៊ីចឹង»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​​​ អ្នកនាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក គុជ គឹមឡុង តែ​លោក​មិន​លើក​ទូរស័ព្ទ។

កន្លង​មក​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​ចាប់​ខ្លួន សកម្មជន​នយោបាយ សកម្មជន​សង្គម និង​យុវជន ធ្វើ​ឡើង​ដោយ​លាក់​បាំង​ព័ត៌មាន មិន​បង្ហាញ​ដីកា និង​ជូន​ដំណឹង​ទៅ​ក្រុម​គ្រួសារ​ពួកគេ ​ឱ្យ​បាន​ដឹង​នោះ​ឡើយ  ដែល​ធ្វើ​ឲ្យ​សាច់​ញាតិ​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណ មាន​​ប្រសាសន៍​ថា តាម​ច្បាប់​ការ​ចាប់​ខ្លួន​លើ​បុគ្គល​ណាមួយ​មិន​មែន​ជា​បទល្មើស​ជាក់​ស្តែង គឺ​សមត្ថកិច្ច​ត្រូវ​បង្ហាញ​ដីកា​ឲ្យ​បាន​ត្រឹមត្រូវ មុន​នាំ​ខ្លួន​បញ្ជូន​ទី​កន្លែង​សមត្ថកិច្ច ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿ​ង​បញ្ជូន​ទៅ​តុលាការ។ លោក​កត់​សម្គាល់​ថា អាជ្ញាធរ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង គឺ​មាន​ការ​លាក់​បាំង​ព័ត៌មាន​ចំពោះ​ក្រុម​គ្រួសារ អ្នក​សារ​ព័ត៌មាន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។ លោក​បន្ត​ទៀត​ថា ការ​ចាប់​ខ្លួន​ដែល​មិន​បាន​បង្ហាញ​ដីកា​គឺជា​ការរំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ៖ «គាត់​ត្រូវ​បាន​ចាប់​ខ្លួន​អំពី​អ្វី ហើយ​នីតិវិធី​គេ​ត្រូវ​បន្ត​របៀប​មិច ហើយ​ក្នុង​ករណី​នេះ​ យើង​គិត​ថា​គួរ​មាន​ការ​គិតគូរ​អំពី​ការ​ចាប់​ខ្លួន និង​បង្ហាញ​នូវ​ព័ត៌មាន​ខ្លះ ដែល​មិន​ប៉ះពាល់​ទៅ​ដល់​នីតិវិធី ក្នុង​ការ​អនុវត្តន៍​ច្បាប់​គួរ​មាន​ការ​ផ្តល់​ដើម្បី​កុំ​ឱ្យ​មានការ​លាក់បាំង​បែប​ហ្នឹង»។

ចាប់​តាំង​ពីឆ្នាំ២០២០ មកដល់ថ្ងៃទី១៥ មីនា មាន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ និង​យុវជន​ជិត ៨០នាក់ហើយ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅ​ក្នុង​សង្គម និង​តាម​បណ្ដាញ​អ៊ីនធឹណិត។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ រួម​គំនិត​ក្បត់ ញុះញង់ និង​ប្រមាថ​ថ្នាក់​ដឹក​នាំ​ជា​ដើម ។

អ្នក​តាម​ដាន​ស្ថានការណ៍​យល់ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​ជា​បន្តបន្ទាប់​នេះ ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដើម្បី​កម្ទេច​សំឡេង​ប្រឆាំង ដែល​នៅ​សល់​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​អស់​ពី​កម្ពុជា៕

No comments: