Sunday 21 March 2021

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អនុវត្ត​ច្បាប់​លើ​ឈ្មួញ​ចាក់​ដី​លុប​ព្រៃ​កោងកាង​ក្នុង​ខេត្ត​កោះ​កុង​

Khmer Circle: Yet another tragedy in the making...


🔺🔺🔺

ដោយ ហេង រស្មី
2021-03-20
សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អនុវត្ត​ច្បាប់​លើ​ឈ្មួញ​ចាក់​ដី​លុប​ព្រៃ​កោងកាង​ក្នុង​ខេត្ត​កោះ​កុង​​ ​

ព្រៃ​កោងកាង​ដែល​ជា​ជម្រក​ជី​វ​ចម្រុះ​សមុទ្រ​ ​និង​ជា​កន្លែង​នេសាទ​ត្រី​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅ​ខេត្ត​កោះ​កុង​ ​កំពុង​ឈាន​ទៅ​រកការ​បាត់បង់​ ​ដោយសារ​បុគ្គល​មានអំណាច​ ​ចាក់​ដី​លុប​ ​និង​ទន្ទ្រាន​យកជា​សម្បត្តិ​ឯកជន​។​
រូប៖ គេ​ផ្ដល់​ឱ្យ

 

មន្ត្រី​សង្គម​ស៊ីវិល​ ​និង​ប្រជា​សហគមន៍​ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះ​កុង​​ស៊ើប​អង្កេត​ឱ្យ​គ្រប់ជ្រុងជ្រោយ​ ​និង​អនុវត្ត​ច្បាប់​ចំពោះ​ជនល្មើស​ ​រួម​ទាំង​អាជ្ញាធរ​ដែល​ឃុបឃិត​ ​ទន្ទ្រាន​ដី​ព្រៃ​កោងកាង​ដោយ​ខុសច្បាប់​។​  ​ការ​ទាមទារ​នេះ​ ​ក្រោយ​ពី​ព្រៃ​កោង​កាងទំហំ​ ​១​២​ហិកតារ​ ​ជាប់ដៃ​ព្រែក​ពាម​ក្រសោប​ ​នៃ​ឃុំ​ទួល​គគីរ​ ​ស្រុក​មណ្ឌល​សីមា​ ​ត្រូវ​ឈ្មួញ​ចាក់​ដី​លុប​អស់​មួយ​ផ្នែក​ធំ​។​

មន្ត្រី​សម្របសម្រួល​សមាគម​អា​ដ​ហុ​ក​ខេត្ត​កោះ​កុង​លោក ថោ​ង​ ​ច័ន្ទ​តារា​ ​ថ្លែង​នៅ​ថ្ងៃ​ទី​១​៩​ ​ខែមីនា​ថា​ ​លោក​សោកស្តាយ​ដែល​អាជ្ញាធរ​ខេត្ត​កោះ​កុង​ ​បណ្តែត​បណ្តោយ​ឱ្យ​ឈ្មួញ​បំផ្លាញ​ព្រៃ​កោងកាង​ដ៏​ធំសម្បើម​នេះ​ ​ព្រោះ​ប៉ះពាល់​ជម្រក​ត្រី​ពង​កូន​ ​និង​មុខរបរ​នេសាទ​របស់​អ្នកស្រុក​។​ ​ម្យ៉ាង​វិញទៀត​ ​លោក​សោកស្តាយ​ដែល​អាជ្ញាធរ​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​រួចហើយ​ ​ក៏ប៉ុន្តែ​មិន​ឃាត់ខ្លួន​ពួកគេ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​ ​លោក​ពន្យល់​ថា​  ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​សមត្ថកិច្ច​​ដែល​ឃុបឃិតជាមួយ​ឈ្មួញ​បំពាន​ដី​សាធារណៈ​របស់​រដ្ឋ​ក៏​ត្រូវ​មានទោស​ដូចគ្នា​៖​ ​«​ជនល្មើស​ដឹង​ហើយ​ ​ស្គាល់​ហើយ​ខេត្ត​នេះ​ហាក់ដូចជា​ ​ប៉ុន្មាន​ករណី​ហើយ​ ​គាត់​អត់មាន​ចំណាត់​ការ​ផ្លូវច្បាប់​អី​ទេ​។​ ​គាត់​ទុក​ភារកិច្ច​ទៅ​ព្រះរាជអាជ្ញា​ ​តាមពិត​អាជ្ញាធរ​ខេត្ត​ ​គាត់​អាច​ប្តឹង​បញ្ជូន​ទៅ​តុលាការ​។​ ​តែ​គាត់​គ្រាន់តែ​យ​កករណី​របៀប​ដោះស្រាយ​ ​របៀប​រដ្ឋបាល​យកទៅ​​ធ្វើជា​មួយ​នេះ​ត្រឹម​កាយ​ដី​ ​តែ​គាត់​អត់មាន​ចំណាត់​ការ​ផ្លូវច្បាប់​ ​ទោះបី​រក​ឃើញ​ ​ឬ​មិន​ឃើញ​។​ ​បើ​ពលរដ្ឋ​តូចតាច​ ​អា​ហ្នឹង​ដឹង​តែ​ជាប់​ហើយ​ »​។​


មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា​ ​ក្នុង​ខេត្ត​កោះ​កុង​ ​មាន​ព្រៃ​កោងកាង​ជាច្រើន​តំបន់​ទៀត​ ​ក៏​ទទួលរង​ការ​ចាក់​ដី​លុប​បែប​អនាធិបតេយ្យ​ដូចគ្នា​នេះ​ដែរ​។​ ​លោក​ថា​ ​ករណី​ទាំងនេះ​ ​ក​ម្រ​ឃើញ​អាជ្ញាធរ​ដោះស្រាយ​ ​និង​អនុវត្ត​ច្បាប់​ណាស់​ ​ព្រោះ​អ្នក​ដែល​រំលោភ​ដី​ព្រៃ​កោងកាង​ ​សុទ្ធតែ​អ្នកមាន​លុយ​មានអំណាច​។​

មេឃុំ​ទួល​គគីរ​អ្នកស្រី​ ​គឹម​ ​សុខ​ខេ​ម​ ​បដិសេធ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ​ ​ដោយ​អ្នកស្រី​ថា​ ​កំពុង​ជាប់រវល់​៖​ ​«​ខ្ញុំ​ជាប់​ប្រជុំ​ហើយ​»​។​

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​រង​ ​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កោះ​កុង​លោក​ ​សុខ​ សុទ្ធី ​ដើម្បី​បកស្រាយ​រឿង​នេះ​បានទេ​ ​នៅ​ថ្ងៃ​ទី​១​៩​ ខែ​មីនា​ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។​

ក៏ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ (​F​RS​H​ ​NEWS​) ​ថា​  ​ឈ្មួញ​ដែល​ចាក់​ដី​លុប​ព្រៃ​កោងកាង​នោះ​ ​មានឈ្មោះ​ ​លាង​ ​ហ៊ី​ម​។​ ​លោក​ថា​ ​ឈ្មួញ​រូប​នេះ​អះអាង​ថា​ ​បាន​ទិញ​ដី​ពី​ប្រជាជន​ពលរដ្ឋ​ ​និង​មេឃុំ​ទំហំ​ ​១​២​ហិកតា​ ​ជា​ថ្នូរ​នឹង​កសាង​ផ្លូវ​និង​លូ​រំដោះ​ទឹកប្រៃ​។​ ​លោក​ ​សុខ​ សុទ្ធី ​អះអាង​ថា​ ​អាជ្ញាធរ​នឹង​ដកហូត​ដី​ព្រៃ​កោង​កាង​​ទាំងនោះ​ មក​ជា​សម្បត្តិ​រដ្ឋ​វិញ​ ​ហើយ​បញ្ជា​ឱ្យ​ឈ្មួញ​​កាយ​ដី​ទាំងនោះ​ឱ្យ​អស់​ ​ដើម្បី​ដាំ​កូន​កោងកាង​ប៉ះប៉ូវ​វិញ​។​ ​លោក​បញ្ជាក់​ទៀត​ថា​ ​ក្រៅពី​វិធានការ​រដ្ឋបាល​ហើយ​ ​អាជ្ញាធរ​ក៏​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​ដែរ​ ​ដើម្បី​ដាក់ទោស​ជនល្មើស​។​

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អយ្យការ​អម​តុលាការ​ខេត្ត​កោះ​កុង​លោក​ ​អ៊ុន​ ​សុវណ្ណ​ធានី​ ​ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បានទេ​ ​ប៉ុន្តែ​លោក​ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​ថា​ ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ការស៊ើបអង្កេត​ហើយ​។​ ​អាស៊ី​សេរី​ក៏​មិនទាន់​អាច​ទាក់ទង​បុគ្គល​ឈ្មោះ​ ​លាង​ ​ហ៊ី​ម​ ​ដែល​រង​ការ​ចោទ​ថា​ ​ជា​អ្នក​ចាក់​ដី​លុប​ព្រៃ​កោងកាង​នោះ​បាន​ដែរ​។​

ប្រជា​សហគមន៍​នេសាទ​ខេត្ត​កោះ​កុង​លោកស្រី​ ​ស៊ី​ន​ ​សារី​ ​ថ្លែង​ថា​ ​ព្រៃ​កោងកាង​ទាំងនោះ​ ​ជា​ប្រភព​ចំណូល​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ ​ដែល​ជា​អ្នកនេសាទ​ហើយ​ការ​ទន្ទ្រាន​នេះ​ ​នឹង​បា​ង់​បង់​ទីកន្លែង​អាស្រ័យផល​របស់​ពួកគេ​។​ ​ជាង​នេះ​ទៅទៀត​ ​លោកស្រី​បារម្ភ​ថា​ ​ការ​បំផ្លាញ​ព្រៃ​កោងកាង​នេះ​ ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ ​និង​បាត់បង់​ជម្រក​សត្វស្លាប​៖​ ​«​​ប៉ះពាល់​ព្រោះ​ប្រជាពលរដ្ឋ​ដាក់​ក្តាម​ ​និង​បង្គា​រ​នៅ​ព្រៃ​កោងកាង​ហ្នឹង​ ​ដាក់លប​អី​ហ្នឹង​ ​បើ​គេ​លុប​អស់​អ៊ីចឹង​ដាក់​អត់​បានទេ​ ​ហើយ​ប្រជាជន​ក៏​គ្នា​រក​អី​អស់​សូវ​បាន​ ​»​។

ប្រជា​សហគមន៍​នេសាទ​រូប​នេះ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ ​និង​អាជ្ញាធរ​ខេត្ត​កោះ​កុង​  ​ពង្រឹង​យន្ត​ការ​ការពារ​ ​និង​អភិ​រក្ស​ព្រៃ​កោងកាង​ឱ្យ​គង់វង្ស​ ​ដើម្បី​ជា​ប្រយោជន៍​យូរអង្វែង​របស់​ពលរដ្ឋ​ ​និង​សុវត្ថិភាព​បរិស្ថាន​ ​ព្រោះ​ពួកគេ​សង្កេតឃើញ​ថា​ ​អាជ្ញាធរ​ខេត្ត​កោះ​កុង​ហាក់​មិនបាន​យកចិត្តទុកដាក់​ ​ការពារ​ព្រៃ​កោងកាង​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​៕​

1 comment:

Anonymous said...

The evil Yuon will steal everything. Khmers will lose everything. In the end, Khmers have only themself to blame for allowing this theft. If Khmers are not going to defend the homeland, then Khmers won't have a homeland anymore. People who don't defend and fight for their homeland don't deserve to have one.