ដោយ សុជីវី
2021-03-21
(ឆ្វេង) លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងលោកបណ្ឌិត ឡៅ ម៉ុងហៃ។
រូប៖ RFA
អ្នកវិភាគនយោបាយមួយចំនួនបញ្ចេញទស្សនៈថា ការបង្កើតគណបក្សនយោបាយថ្មីនៅក្នុងស្ថានភាពពេលនេះ មិនមានផលប្រយោជន៍អ្វីជាដុំកំភួនឡើយ ពោលគឺគ្រាន់ចូលរួមលម្អសួនប្រជាធិបតេយ្យក្លែងក្លាយប៉ុណ្ណោះ។
អ្នកវិភាគនយោបាយចាស់វស្សាមួយរូបគឺលោកបណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា អ្វីដែលគណបក្សសង្គ្រោះជាតិគួរធ្វើនៅពេលនេះ គឺរួបរួមគ្នាទាមទារឲ្យរដ្ឋាភិបាលស្តារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងរៀបចំស្ថាប័នរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវនិងឯករាជ្យឡើងវិញ។ លោកទទួលស្គាល់ថា ការបង្កើតគណបក្សនយោបាយ គឺជាសិទ្ធិរបស់បុគ្គលគ្រប់រូប ប៉ុន្តែលោកថា សង្គមសព្វថ្ងៃនេះ មិនទាន់មានលក្ខណៈងាយស្រួលសម្រាប់ឲ្យគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយសេរី និងយុត្តិធម៌បាននៅឡើយទេ៖ «វាបាត់បង់នូវលំហប្រជាធិបតេយ្យ លំហសិទ្ធិមនុស្ស ហើយវាសុទ្ធតែជាការខ្វះខាតហើយមិនជួយឲ្យមានការបោះឆ្នោតសេរី និងយុត្តិធម៌ទេ រួចប្រព័ន្ធគ្រប់គ្រងរដ្ឋយើងជាប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សធានាសិទ្ធិមនុស្ស និងគោរពច្បាប់ ដូច្នេះជាដំបូងដៃគេត្រូវទាមទារអាហ្នឹងសិន ហើយរឿងបង្កើតបក្ស ឬមិនបង្កើតបក្សជារឿងបន្ទាប់សន្សំក្រោយទៅទេ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា ការបន្តកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសង្គ្រោះជាតិនឹងមិនអត់ប្រយោជន៍នោះទេ ព្រោះមកទល់នឹងពេលនេះក្រុមប្រទេសប្រជាធិបតេយ្យធំៗ មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង បានចាប់ផ្ដើមចេញវិធានការជាក់លាក់ជាបណ្ដើរៗហើយ ក្នុងការដាក់គំនាបដល់រដ្ឋាភិបាល អោយស្ដារស្ថានការណ៍ក្នុងប្រទេសឡើងវិញ។ អ្នកវិភាគចាស់វស្សារូបនេះយល់ថា ប្រសិនបើរដ្ឋាភិបាលមិនឆ្លើយតបជាវិជ្ជមានទេ នឹងទទួលរងការថ្កោលទោស និងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៀត៖ «គេអាចដាក់ទណ្ឌកម្ម និងថ្កោលទោសជាបន្តទៀតទៅ ហើយរដ្ឋាភិបាលដែលលេចចេញពីការបោះឆ្នោតអត់សេរី អត់យុត្តិធម៌នេះ អាហ្នឹងគឺគេថា ជារដ្ឋាភិបាលស្របច្បាប់វាតិច»។
គិតត្រឹមដើមឆ្នាំ២០២១នេះ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ១១៨នាក់ ដែលត្រូវតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយ គឺមានចំនួន១៤នាក់ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយសារមានការគាប់សង្កត់ពីគណបក្សកាន់អំណាចផង និងអស់សង្ឃឹមថា គណបក្សសង្គ្រោះជាតិមិនអាចរស់ឡើងវិញផង។ ក្នុងចំណោមទាំង ១៤នាក់ មានអ្នកខ្លះចុះចូលជាមួយគណបក្សកាន់អំណាច និងមួយចំនួនទៀត សម្រេចបង្កើតបក្សថ្មីដូចជា លោក រៀល ខេមរិន្ទ បង្កើតគណបក្សខ្មែរអភិរក្សនិយម។ លោក ជីវ កត្តា និងលោក កង គឹមហាក់ រួមគ្នាបង្កើតគណបក្សខ្មែរស្រលាញ់ជាតិ ហើយលោក អ៊ូ ច័ន្ទរ័ត្ន បង្កើតគណបក្សកែទម្រង់កម្ពុជា។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា មានទស្សនៈស្រដៀងលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែរ។ លោកថា បើទោះបីជាពេលនេះមិនទាន់មានពន្លឺអ្វីសម្រាប់គណបក្សសង្គ្រោះជាតិរស់ឡើងវិញក៏ដោយ ក៏អ្នកនយោបាយបក្សប្រឆាំងមិនគួរអស់សង្ឃឹម ហើយទៅបង្កើតបក្សថ្មីទៀតនោះទេ ព្រោះយន្តការនៃការបង្កើតបក្សថ្មីនេះ នឹងមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិឡើយ៖ «យើងមើលការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ គឺការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ គឺមាន ១៩ គណបក្ស ចូលរួម តែអត់ទទួលបានសំឡេងទេ អាហ្នឹងសបញ្ជាក់ពីការមិនឲ្យតម្លៃនិងការគាំទ្ររបស់ប្រជាពលរដ្ឋ។ ចំណែកឯការផ្គើនរបស់គណបក្សកាន់អំណាចទៅនឹងសហគមន៍អន្តរជាតិលើកឡើងនេះ ខ្ញុំថាយុទ្ធសាស្ត្រនេះ កាលណាពុំទាន់មានទណ្ឌកម្មឬសម្ពាធណាមួយពីសហគមន៍អន្តរជាតិ គឺធម្មតាអ្នកនយោបាយក្អេងក្អាងចឹងហើយ។ ខ្ញុំគិតថា យន្តការឬសម្ពាធអន្តរជាតិដាក់ចេញមកហ្នឹង ខ្ញុំថារដ្ឋាភិបាល អាចឆ្លើយតបក្នុងន័យវិជ្ជមានច្រើនជាង»។
លោកពិនិត្យឃើញថា មកទល់ពេលនេះ ថ្វីដ្បិតតែគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយហើយមានគណបក្សនយោបាយផ្សេងៗទៀតជាច្រើនក្តី ក៏គណបក្សសង្គ្រោះជាតិនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងឆាកនយោបាយកម្ពុជា ហើយថែមទំាងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទៀតផង៖ «ខ្ញុំថា គណបក្សកាន់អំណាចគេមិនងាយសម្បទានឲ្យទេ ហើយកន្លែងនេះ គណបក្សប្រឆាំងគួរតែទាមទារអ្វីដែលខ្លួនឯងមាន ព្រោះបទចោទនេះ សហគមន៍អន្តរជាតិកំពុងតែទាមទារ និងលើកឡើងច្រើនណាស់ ហើយសហរដ្ឋអាមេរិក ក៏លើកឡើងដែរ។ បទចោទលើលោក កឹម សុខា ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនេះ វានៅខ្វះអំណេះអំណាងឬភស្តុតាងដែលបង្ហាញថា គេជាប់ពាក់ព័ន្ធ ដូច្នេះនេះគឺជាចំណុចអវិជ្ជមានមួយធំសម្រាប់កម្ពុជាដែរ បើសិនបើមិនបានបកស្រាយ ឬធ្វើបញ្ហានេះឲ្យជ្រះស្រលះទេ ធ្វើឲ្យទំនាក់ទំនងការទូតរវាងកម្ពុជានិងអាមេរិកមានភាពល្អក់កករហើយសហភាពអ៊ឺរ៉ុប នឹងឈានដល់រាជកាលមួយដែលនឹងផ្តោតដាក់សម្ពាធលើកម្ពុជាទៀត ដូច្នេះទីផ្សារលោកខាងលិច គឺកម្ពុជាអាចបាត់បង់ច្រើន»។
ជុំវិញករណីនេះ អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញលោក ម៉ន ផល្លា ថ្លែងថា ទោះបីជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយត្រូវប្រឈមការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង និងការអូសទាញបែបណាក្តី ក៏រចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិនៅតែរឹងមាំនិងកំពុងបន្តបេសកកម្មទាមទារសិទ្ធិនិងប្រជាធិបតេយ្យជូនប្រជាពលរដ្ឋឡើងវិញដដែល។ លោកបញ្ជាក់ថា មកទល់ពេលនេះ មានសមាជិកថ្នាក់មូលដ្ឋាន និងមន្ត្រីបក្សប្រឆាំងតិចតួចប៉ុណ្ណោះ ដែលបង្ខំចិត្គលាលែងពីគណបក្សពីព្រោះមានការគំរាមគំហែងផ្សេងៗពីរបបក្រុងភ្នំពេញ។ លោកយល់ស្របថា ការចាកចេញទៅបង្កើតបក្សថ្មីនោះ គឺមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានបានទេ ប៉ុន្តែជាការបំពេញបំណងរបស់មេដឹកនាំរបបក្រុងភ្នំពេញដែលចង់ក្រាញអំណាចតវង្សត្រកូលប៉ុណ្ណោះ៖ «សម្ពាធអន្តរជាតិ វាជាចំណែកមួយយ៉ាងធ្ងន់ សម្រាប់ជំរុញឲ្យមេដឹកនាំរបបក្រុងភ្នំពេញ ធ្វើការផ្លាស់ប្តូរជំហរហើយធ្វើឲ្យមានឯកភាពជាតិ និងផ្សះផ្សារជាតិពិតប្រាកដនាពេលអនាគត ដូច្នេះហើយការតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងទទួលបានផ្លែផ្កាជាវិជ្ជមាននៅពេលអនាគតដ៏ខ្លីខាងមុខនេះ»។
កាលពីថ្ងៃទី១១ ខែមីនា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចំនួន ២៥ចំណុច ថ្កោលទោសអំពើរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅក្នុងនោះ សហភាពអឺរ៉ុបបានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលនូវច្បាប់និងបទបញ្ញត្តិទាំងឡាយណាដែលគាបសង្កត់ និងមានទិសដៅគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋ និងត្រូវគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។ ជាពិសេសសហភាពអឺរ៉ុបទាមទារឱ្យអាជ្ញាធរកម្ពុជា លុបចោលសាលក្រមផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដោះលែង និងទម្លាក់ចោលបទចោទប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញផងដែរ៕
1 comment:
The former CNRP's members who just created a new party are Yuon and Hun Sen's spy agents.
No surprise.
Post a Comment