Wednesday, 24 March 2021

អ្នក​វេជ្ជសាស្ត្រព្រួយ​បារម្ភ​ពី​ស្ថានភាព​​អ្នក​ជំងឺ​កូវីដ​១៩ធ្លាក់​ខ្លួន​ឈឺកាន់​តែ​ធ្ងន់ធ្ងរ​ក្រោយ​ពេល​​អ្នក​ស្លាប់កើន​ដល់​៥នាក់​


ដោយ ខែ សុណង
2021-03-23
អ្នក​វេជ្ជសាស្ត្រព្រួយ​បារម្ភ​ពី​ស្ថានភាព​​អ្នក​ជំងឺ​កូវីដ​១៩ធ្លាក់​ខ្លួន​ឈឺកាន់​តែ​ធ្ងន់ធ្ងរ​ក្រោយ​ពេល​​អ្នក​ស្លាប់កើន​ដល់​៥នាក់​

រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក


អ្នក​វេជ្ជសាស្ត្រ​ ​​ព្រួយ​បារម្ភ​​ពី​ស្ថានភាព​អ្នក​​​ជំងឺ​កូវីដ​១៩ (Covid-19) វិវត្តន៍​កាន់​តែ​ធ្ងន់ធ្ងរ ​ក្រោយ​​​ពី​អ្នក​ជំងឺ​ មាន​រោគ​ប្រចាំ​កាយ​ស្លាប់​ជា​បន្ត​បន្ទាប់ស្រប​ពេល មន្ត្រី​ក្រសួង​សុខាភិបាល ថា អ្នក​ជំងឺ​​កូវីដ​១៩ ចំនួន​ ៣នាក់​ទៀត កំពុង​​ស្ថិត​ក្នុង​សភាព​​ធ្ងន់ធ្ងរ​។ អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ និង​ពលរដ្ឋ បង្កើន​វិធានការ​​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។

អ្នក​ស្លាប់​ ដោយ​សារ​ជំងឺ​កូវីដ-​១៩បាន​កើន​ដល់ ​​៥នាក់​ ហើយ​ ដោយ​អ្នក​ស្លាប់​ចុង​ក្រោយ គឺ​ជា​​ស្ត្រី​វ័យ​​៦២​ឆ្នាំត្រូវ​ជា​ម្ដាយ​របស់​តារា​កំប្លែងកញ្ញា អ៊ិន ស្រីពីន។ ក្រសួង​សុខាភិបាលប្រកាស​ថា អ្នក​ជំងឺ​​កូវីដ​-១៩​រូប​នេះ ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត កាលពីថ្ងៃ​ទី​២០ ​ខែមីនា ​ក្នុង​ស្ថានភាព​​អាការៈ​ហត់ជាច្រើន​ថ្ងៃ​មក​ហើយ​​។ ​គ្រូពេទ្យ​បានធ្វើតេស្ត​​រក​ឃើញ​មានជំងឺ​​កូវីដ-១៩​ កាលពីថ្ងៃទី២១ ខែមីនា។

ក្រុម​គ្រូពេទ្យ​​​សន្និដ្ឋាន​ថា ស្ត្រី​រូប​នេះ ​​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ វាយលុក​សួត​ទាំង​សង​ខាង​ធ្ងន់ធ្ងរ ​​ស្ទះ​សរសៃ​ឈាម​បេះដូង ពិសេស​​​អ្នក​​ស្លាប់មាន​ជំងឺ​ទឹក​នោម​ផ្អែម​ លើស​ឈាម និង​ធាត់​ខ្លាំង​​។


រយៈ​ពេល​ ២​ សប្ដាហ៍ចុង​ក្រោយ​នេះ កម្ពុជាមាន​​មនុស្ស​​ចំនួន​​ ៥នាក់ បាន​​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ​-១៩ ខណៈ​អ្នក​ឆ្លង​ក្នុង​​​ព្រឹត្តិការណ៍​សហគមន៍ចាប់​ពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ​ មក​កើន​ដល់​ជាង ១​ពាន់​ (១.២៦៦)​ នាក់​ហើយ​។ អ្នកស្លាប់ទាំង ៥នាក់ នេះមិនរាប់បញ្ចូលអ្នកស្លាប់ ២នាក់ ទៀត ពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ និងម្នាក់ទៀតស្លាប់ពេលកំពុងធ្វើចត្តាឡីស័ក​នោះទេ។ ទន្ទឹមនឹងគ្នានេះអ្នក​វេជ្ជសាស្ត្រ​ ព្រួយ​បារម្ភ​អំពី​ការ​ព្យាបាល ការ​ប្រើប្រាស់​ថ្នាំ និង​ការ​ចម្លង​នៃ​ជំងឺ​កូវីដ-​១៩​ នៅ​កម្ពុជាកាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា (CVMA) លោក​វេជ្ជ​បណ្ឌិត​ អ៊ូច វុឌ្ឍី សង្កេត​ឃើញ​ថា គ្រូ​ពេទ្យ​​​ស្ម័គ្រ​ចិត្តភាគច្រើន​មាន​វ័យ​ក្មេងៗបាន​ខិតខំ​ប្រឹងប្រែង​​ សង្គ្រោះ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-​១៩។ ប៉ុន្តែលោក​ព្រួយ​បារម្ភ​ អំពី​ការ​ប្រើ​ប្រាស់​ថ្នាំក្នុង​ការ​ព្យាបាល​ជំងឺ​នេះ ដោយសារថ្នាំ​ខ្លះប្រតិកម្ម​នឹង​មនុស្ស​វ័យ​ចំណាស់។

លោក​វេជ្ជ​បណ្ឌិតក៏​ព្រួយ​បារម្ភ​ អំពី​​កត្តា​ឧបករណ៍​សម្រាប់​ជួយ​សង្គ្រោះ​អ្នក​ជំងឺនៅ​មាន​កម្រិត​ទាប ខណៈ​​ឧបករណ៍​វេជ្ជសាស្ត្រ និង​សំលៀក​បំពាក់​ពេទ្យ ដើម្បី​​ទប់​ស្កាត់​ជំងឺ​កូវីដ-​១៩ គឺ​កម្ពុជាទទួល​បាន​ពី​ប្រទេស​ចិន៖ «ពេទ្យ​របស់​យើង​ ក៏​មាន​កម្រិត​ទៀត។ កន្លែង​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​បារម្ភ​។ ទី​១ មិន​ដឹង​ថា ពួកគាត់​ខ្វះ​អនាម័យ ឬ​យ៉ាង​ម្ដេច​ជាមួយ​អ្នក​ជំងឺ​​អ្វី​ហ្នឹង ហើយ​ការ​ប៉ះពាល់​គាត់ ព្រោះ​បច្ចេកវិទ្យា​យើងយក​ពី​គេ​ប្រើ​ទាំង​អស់។ យក​ពី​ចិន ​ប្រើ​ទាំង​អស់​​ ដូច​ជា ខោ​អាវ ម៉ាស់​ពាក់​អ្វី​ហ្នឹង មក​ពី​ចិន​ទាំង​អស់។ យើង​មើល​ស្ថានភាពដែល​ត្រូវ​មើល​អ្នក​ជំងឺ​ទាំង​អស់​ហ្នឹង ដែល​មើល​ទៅ​គ្រោះ​ថ្នាក់​ណាស់។ គ្រោះ​ថ្នាក់​ទាំង​ពេទ្យ គ្រោះ​ថ្នាក់​ទាំង​អ្នក​ជំងឺ​ ព្រោះ​យើង​ វា​អត់​មាន​វិជ្ជាសាស្ត្រ​អ្វីឲ្យ​បាន​ជឿនលឿន​ទំនើប​ដូច​គេ​ទេ ដែល​ការពារ​ខ្លួន​ឯង​។ ក្រុម​ពេទ្យ​ហ្នឹង ឃើញ​គាត់​តស៊ូ​ណាស់ ក្មេងៗ​ហ្នឹង គាត់​ចេញ​ក្រោយ​ហ្នឹង តស៊ូ​​ជួយ​ពលរដ្ឋ​»។

លោក​វេជ្ជ​បណ្ឌិត អ៊ូច វុឌ្ឍី ពន្យល់​ទៀតថា ការ​ចាក់​​វ៉ាក់សាំងលើ​អ្នក​មាន​ជំងឺ​​​ផ្លូវ​ដង្ហើម​ ឬ​អ្នក​មាន​ជំងឺ​កូវីដ-​១៩ ដោយ​មិន​ដឹង​ខ្លួន​ ក៏​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ដល់​សុខភាព​ដែរ។ ចំពោះ​វិធានការ​​ទប់​ស្កាត់​ជំងឺ​កូវីដ-​១៩​វិញ លោកសង្កេត​ឃើញ​ថា រដ្ឋាភិបាល​ បាន​ដាក់​ចេញ​វិធានការ​​ល្អ​ តែ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាលផ្អាក​​​ឲ្យ​ជន​បរទេស​ចូលមក​កម្ពុជា​មួយ​រយៈ​សិន​ ដើម្បី​ជា​ផ្នែក​មួយជួយ​ទប់​ស្កាត់​ការឆ្លង​រាលដាលចូលក្នុង​​សហគមន៍​៖ «ទី​៣ គាត់​អត់​ដឹងថា​ គាត់​មាន​ជំងឺ​ហ្នឹង​ហើយ គាត់​ទៅ​ចាក់​វ៉ាក់សាំង​។ អា​វ៉ាក់សាំង វា​សម្រាប់​តែ​មនុស្ស​ ដែល​អត់​ទាន់​មាន​ជំងឺ​ទេ អត់​ឈឺ។ តែ​គាត់​អត់​​បាន​ដឹងថា​ គាត់​​មាន​ជំងឺ​ហ្នឹងនៅ​ក្នុង​ខ្លួន​ផង​ហ្នឹង។ ដល់​ចាក់​ទៅ​ អា​ហ្នឹង វា​ប្រឆាំង​គ្នា វា​អត់ ​run។ វា​ទៅ​ប្រឆាំង​វា វា​វាយ​គ្នា លុក​ពេញ​សួត​យើង​។ ធ្វើ​ឲ្យ​គាត់​ស្ទះ​ ដូច​វេជ្ជ​បណ្ឌិត​មួយ ដែល​គាត់​ស្លាប់​ប៉ុន្មាន​ថ្ងៃ​មុន ដោយសារ​ គាត់​មាន​ជំងឺ​ផ្លូវ​ដង្ហើម ហើយ​គាត់​ចាក់​ទៅគាត់​មាន​ជំងឺ​ហ្នឹង គាត់​មាន​អា​មេរោគ​ហ្នឹង កាន់​តែ​ធ្ងន់​តែ​ម្ដង។ អ៊ីចឹង គេ​ខ្លាច​បំផុត អ្នក​ដែល​ផ្ទុក​អា​មេរោគ​កូវីដ​១៩​ហ្នឹង នៅ​ក្នុង​ខ្លួន មើល​អត់​ឃើញ​ ហើយ​ចាក់​វ៉ាក់សាំង។ អា​ហ្នឹង គ្រោះ​ថ្នាក់ ជាង​អ្នក​កើត​ទៀត»។

ជុំវិញ​ស្ថានភាព​​​ជំងឺ​កូវីដ-​១៩ នៅ​កម្ពុជា​នេះ​ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែមីនា។ តែ​យ៉ាង​ណា អ្នកស្រីបាន​ប្រាប់​វិទ្យុក្នុងស្រុកថា ​ក្រៅពី​​​ស្ត្រី​វ័យ​ ៦២​ឆ្នាំ ស្លាប់​ នៅ​ថ្ងៃដដែល​នេះ​​ ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​កូវីដ​-១៩ ចំនួន​៣​នាក់​ទៀត ដែលកំពុងស្ថិតនៅក្នុងស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​​។

ចំណែក​អ្នក​ឃ្លាំមើលសង្គមជំរុញ​ឲ្យ​អាជ្ញាធរនិង​ពលរដ្ឋ សហការ​គ្នា​ឲ្យ​ដិតដល់ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-​១៩ នេះ។ ​នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត (MDO) លោក សេក សុជាតិ សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្លះ នៅ​តែ​មិនអនុវត្តតាមការ​ណែនាំ​របស់​​ក្រសួង ដោយបន្ត​ការ​ជួបជុំ​គ្នា តាម​កន្លែង​មួយ​ចំនួន​ដដែល​។ លោកព្រួយបារម្ភ​ថា បើ​សិនការ​ឆ្លង​ជំងឺ​នេះកាន់​តែ​ធ្ងន់ធ្ងរ​ទៅ កម្ពុជានឹង​ពិបាក​ទប់​ស្កាត់ និង​ព្យាបាល៖ «យើង​ពិបាក​បន្ទោស​អំពី​​ថា វិធានការ ឬ​ប្រសិទ្ធភាព​​ព្យាបាល​ជំងឺ​របស់​ពេទ្យ​កម្ពុជា​យើង​ វា​អន់​ពេក​ ឬ​យ៉ាង​ម្ដេច​ទេ គឺ​ខ្ញុំ​ពិបាក​មែន​ទេ។ ខ្ញុំ​មិន​អាច​វាយ​តម្លៃ​​បាន​ ព្រោះ​ដោយសារ​យើង​ ផ្ទៀងផ្ទាត់​ជាមួយ​ប្រទេស​ជឿន​លឿន​ដទៃ សុទ្ធ​តែ​មាន​អ្នក​ស្លាប់​ នៅ​ពេល​អ្នក​ជំងឺ​កូវីដ​១៩ ឈាន​ទៅ​ដល់​ដំណាក់​កាល​មួយ ដែល​គាត់​មាន​ការ​ពិបាក​ដក​ដង្ហើម​ខ្លាំង​ ហើយ​ជំងឺ​នេះ វា​វាយ​លុក​លឿន​ទៅ​លើ​បញ្ហា​សួត​របស់​អ្នក​ជំងឺ»។

នៅ​ថ្ងៃ​ដដែលនេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​​បាន​ចាប់​ផ្ដើម​​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​ អាល់ស្ត្រាហ្សេណេកា( Astra​ Zeneca ) របស់​អង់គ្លេស ឲ្យ​​ពលរដ្ឋ​មាន​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ។

តាម​​គម្រោង​ក្រសួង​សុខាភិបាល នឹង​​ចាក់​វ៉ាក់សាំង ឬ​ថ្នាំ​បង្ការ​កូវីដ​១៩ ​​​​ជំហាន​ដំបូង លើ​មនុស្ស​ចាស់​ជាង ៥​ម៉ឺន៥ពាន់ ​​​(៥៥.៧០០) ​នាក់ នៅ​តាម​មណ្ឌល​​សុខភាព​​​ដែល​បាន​កំណត់​ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រសួង​សុខាភិបាលបញ្ជាក់​ថា ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ដំបូង​នៅ​ភ្នំពេញ ដោយសារជា​កន្លែង​រង​​ការ​រាតត្បាត​ជំងឺ​កូវីដ-​​១៩ ធ្ងន់ធ្ងរ​ជាង​គេ។

គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែមីនា កម្ពុជា​មាន​អ្នក​កើត​​ជំងឺ​កូវីដ-​១៩ ជិត ២​ពាន់​ (​១.៧៨៨)​នាក់។​ អ្នក​ជា​សះ​ស្បើយ​ ​ជិត​១​ពាន់​(៩៩៩)នាក់ ​ស្លាប់​៥នាក់ និង​អ្នក​ជំងឺ​៨​រយ​​​ (៧៨៣)​​ ផ្សេង​ទៀត កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរ​ពេទ្យ​​នានា​ និង​ សណ្ឋាគារ​ឌឺហ្គ្រេត​ឌូក (The Great Duke) ​ភ្នំពេញ៕​​​

No comments: