Wednesday, 3 March 2021

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ហួសចិត្ត​នឹង​របប​ក្រុង​ភ្នំពេញ ដែល​ព្រាង​ច្បាប់​ដាក់​ពិន័យ និង​ទោស​ទណ្ឌ​កម្រិត​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ ដោយ​បញ្ហា​ជំងឺ​កូវីដ-១៩


ដោយ មួង ណារ៉េត
2021-03-03
មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ហួសចិត្ត​នឹង​របប​ក្រុង​ភ្នំពេញ ដែល​ព្រាង​ច្បាប់​ដាក់​ពិន័យ និង​ទោស​ទណ្ឌ​កម្រិត​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ ដោយ​បញ្ហា​ជំងឺ​កូវីដ-១៩ 

លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
រូប៖ RFA


 

មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ ហួសចិត្ត​នឹង​របប​ក្រុង​ភ្នំពេញ ដែល​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ពិន័យ និង​ទោស​ទណ្ឌ​កម្រិត​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ ​ ដោយ​បញ្ហា​ជំងឺ​កូវីដ-១៩។ ការ​យល់​ឃើញ​បែប​នេះ ធ្វើ​ឡើង​ក្រោយ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ពិន័យ និង​ទោស​ទណ្ឌ​កម្រិត​ធ្ងន់ លើ​អ្នក​គេច​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក បាន​ដល់​ដៃ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ហើយ កាល​ពី​ថ្ងៃ​ទី២ ខែ​មីនា។ ក្រៅ​ពី​បង់​ប្រាក់​ពិន័យ សេចក្ដី​ព្រាង​ច្បាប់​កំណត់ អ្នក​មាន​ចេតនា​ចម្លង​នូវ​ជំងឺ​កូវីដ១៩ ដល់​អ្នក​ដទៃ អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៦ខែ ដល់ ២០ឆ្នាំ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ច្បាប់​នេះ​ថា ជា​ការ​ប្រញាប់។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ហួសចិត្ត​ដែល​របប​ក្រុង​ភ្នំពេញ ជ្រើសរើស​យក​វិធី​ដាក់​ទណ្ឌកម្ម​ពលរដ្ឋ​ខ្លួន​ឯង យ៉ាង​ចាស់​ដៃ​យ៉ាង​នេះ បើ​ទោះ​បី​កម្រិត​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា មាន​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូច​គ្នា។ រហូត​មកដល់ពេលនេះ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ផ្លូវ​ការ​ណា​មួយ​ថា មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នេះ​នៅ​ឡើយ​ទេ។


ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា លោក​មិន​ភ្ញាក់​ផ្អើល​ទេ ដែល​របប​ក្រុង​ភ្នំពេញ រិះរក​វិធី​យ៉ាង​ណា​ដើម្បី​ដាក់​ទោស​ពលរដ្ឋ​ខ្លួន​ឲ្យ​បាន​ខ្លាំង​ជា​អតិបរមា តាម​ដែល​អាច​ធ្វើ​បាន។ លោក​បន្ត​ថា នេះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ចរិត​នៃ​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ ព្រោះ​ក្នុង​ស្ថានភាព​មាន​វិបត្តិ​សុខភាព​ជា​សាកល​បែប​នេះ ពលរដ្ឋ​នៅ​ទូទាំង​ពិភព​លោក នាំ​គ្នា​បង្ហាញ​សមានចិត្ត​ឈឺឆ្អាល ជួយ​យក​អាសា​គ្នា និង​មាន​ចិត្ត​សប្បុរស​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​ស្នើ​ឲ្យ​ធ្វើ​ច្បាប់ ដែល​ដាក់​ទោស​ទណ្ឌ​មនុស្ស​ធ្ងន់​បំផុត​ជាង​គេ​លើ​លោក​ទៅ​វិញ។ លោក​បន្ត​ថា គេ​ធ្វើ​ច្បាប់​ដើម្បី​ប្រយោជន៍​សុខភាព​សាធារណៈ ប៉ុន្តែ​លោក ហ៊ុន សែន វិញ​ស្នើ​ច្បាប់​ចាប់​មនុស្ស​ដាក់គុក។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ និង​ជំងឺឆ្លង​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​នោះ មាន ៦ ជំពូក និង​ ១៨ មាត្រា និង​ចែង​អំពី​ការ​ដាក់​ពិន័យ និង​ទោស​ទណ្ឌ​កម្រិត​ធ្ងន់ មិន​ចំពោះ​តែ​តែ​ជន​ណា ដែល​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក ឬ​គេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នោះ​ទេ គឺ​ជន​ណា​គេចវេះ​ពី​ការ​ព្យាបាល ឬ​គេច​ចេញ​ពី​កន្លែង​ព្យាបាល ឬ​ចម្លង​ជំងឺ​កូវីដ-១៩ ដោយ​ចេតនា​ដល់​អ្នក​ដទៃ ក៏​ត្រូវ​ទទួល​ពិន័យ និង​ទោស​ទណ្ឌ​ទាំង​នេះ​ដែរ។

មាត្រា ៩ នៃ​ច្បាប់​នេះ ចែង​ថា​អំពើ​ចម្លង​ដោយចេតនា​នូវ​ជំងឺ​កូវីដ-១៩ ដល់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០ឆ្នាំ ដល់ ២០ឆ្នាំ កាល​បើ​អំពើ​ខាង​លើ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​រៀបចំ​ជា​ក្រុម ឬ​អង្គការ​ចាត់​តាំង។

ត្រង់​ចំណុច​នេះ​ដែរ លោក ប្រ៊ែដ អាដាម (Brad Adams) ថា លោក​ពិបាក​នឹង​រកនឹក​ទៅ​រួច ថា តើ​មាន​នរណា​គេ ដែល​មាន​ចេតនា​ចម្លង​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​ទៅ​អ្នក​ដទៃ​នោះ។ លោក​ថា បើ​មាន​​មែន ក៏​ជន​នោះ​ឯង មិន​មែន​ជា​មនុស្ស​ដែល​មាន​សតិ​នឹងន​នោះ​ដែរ។ ដូច្នេះ ជន​នោះ​ត្រូវ​ការ​ព្យាបាល​ផ្លូវ​ចិត្ត មិន​មែន​ត្រូវ​ចាប់​ដាក់​គុក​នោះ​ទេ។ លោក​បន្ថែម​ថា រឿង​ពលរដ្ឋ​ធ្វេស​ប្រហែស​នេះ នៅឯណា​ក៏​មាន​ដែរ។ ពួក​គាត់​បំពាន​វិធាន​សុខាភិបាល និង​បម្រាម​នានា ដូច​ជា ចេញ​ទៅ​ក្រៅ​ខុស​ពេល​វេលា ឬ​ជួបជុំ​គ្នា​ច្រើន​ជា​ដើម។ លោក​ថា រឿង​នេះ​វា​ពិត​ហើយ​ថា វា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ ប៉ុន្តែ​ពួក​គាត់​មិន​មែន​ជា​សត្វធាតុ​នោះ​ទេ៖ «ខ្ញុំ​មិន​ដែល​ដឹង​ថា មាន​ប្រទេស​ណា​មួយ ចាត់​ទុក​សកម្មភាព​បែប​នេះ​ថា បទ​ល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នោះ​ទេ។ ប្រទេស​ខ្លះ ពិន័យ​ពលរដ្ឋ ដែល​បំពាន​គោល​ការណ៍​ទាំង​នេះ ដូច​ជា ពិន័យ​អ្នក​ប្រមូល​ផ្តុំ​គ្នា​រាប់​រយ​នាក់​ជា​ដើម។ ប៉ុន្តែ​គេ​ពិន័យ​តិចតួច គ្រាន់តែ​ដើម្បី​ព្រមាន​មនុស្ស​ឲ្យ​កែ​ឥរិយាបទ ដើម្បី​ឈប់​ធ្វើ​បែប​នោះ​ទៀត​ប៉ុណ្ណោះ។ យើង​ដឹង​ហើយ​ថា ក្នុង​ស្ថានភាព​វិបត្តិ​ដោយសារ​ជំងឺ​កូវីដ-១៩ នេះ ពលរដ្ឋ​ខំ​ប្រឹង​រស់​ក្នុង​ស្ថានភាព​លំបាក ហើយ​ពេល​ខ្លះ ពួក​គាត់​ពិបាក​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន។ កម្ពុជា​គួរ​តែ​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ក្លាយ​ខ្លួន​ជា​ប្រទេស​ឈាន​មុខ​គេ​ខាង​ចំណុច​ល្អ​ខ្លះ ជា​ជាង​ធ្វើ​ខ្លួន​ឲ្យ​មាន​ឈ្មោះ​អាក្រក់​រហូត​បែប​នេះ»។

បើ​ទោះ​បី​ជា​ច្បាប់​ជា​ច្រើន ដូច​ជា ច្បាប់​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ ច្បាប់​អន្តោប្រវេសន៍ ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ច្បាប់​ស្ដីពី​តួនាទី​ចៅក្រម និង​ព្រះរាជអាជ្ញា​ជា​ដើម សុទ្ធតែ​ត្រូវ​ការ​ពេល​រាប់​ឆ្នាំ ដើម្បី​អនុម័ត មាន​ច្បាប់​ជា​ច្រើន ដូចជា ច្បាប់​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ច្បាប់​ឯក​ពន្ធភាព​ជា​ដើម ដែល​រង​ការ​រិះគន់ ថា ធ្វើ​ឡើង​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដៃ​គូ​ប្រកួត​ប្រជែង​ក្នុង​ឆាក​នយោបាយ​នោះ រដ្ឋសភា​កម្ពុជា​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើប្រាស់​វា ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង អំពី​ថា តើ​ច្បាប់​នេះ រដ្ឋសភា​នឹង​អនុម័ត​នៅ​ពេល​ណា​នោះ​ទេ។ ប៉ុន្តែ មាត្រា ១៨ នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ចែងថា​ ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់។

តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​ជា​លើក​ដំបូង កាល​ពី​ដើម​ឆ្នាំ​មុន រដ្ឋសភា​ឯក​បក្ស​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចេញ​សារាចរ សេចក្ដី​ណែនាំ និង​ច្បាប់​ជា​បន្តបន្ទាប់ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ នេះ។ ប៉ុន្តែ ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​មាន​ករណី​ចម្លង​ក្នុង​សហគមន៍​បី​លើក​កើត​ឡើង។ លើក​ទី​មួយ កើត​ឡើង​នៅ​ថ្ងៃ​ទី៣ ខែវិច្ឆិកា។ លើកទី២ កើត​នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា។ លើក​ទី​បី កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ ដែល​រហូត​មក​ដល់​ពេល​នេះ អ្នក​ឆ្លង​ក្នុង​សហគមន៍​លើក​ទី​បី​នោះ បាន​កើន​ដល់ ៣៦៦នាក់ ដែល​ក្នុង​នោះ ២៦៨នាក់​ជា​ជន​ជាតិ​ចិន។ តួលេខ​នេះ បូក​បញ្ចូល​ទាំង​ករណី​អ្នក​ផ្ទុក​ជំងឺ​នេះ ចំនួន ២៤នាក់​បន្ថែម កាល​ពី​ថ្ងៃ​ទី២ ខែមីនា​ផង។

ព្រឹត្តិការណ៍​សហគមន៍​លើក​ទីបី​នោះ កើត​ឡើង​ក្រោយ​សន្តិសុខ​នៅ​សណ្ឋាគារ​សុខា ដែល​ជា​កន្លែង​ធ្វើ​ចត្តាឡីស័ក បាន​បើក​ដៃ​ឲ្យស្រ្តី​ចិន​បួន​នាក់ ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ។ ក្រោយ​មក​ក្រសួង​សុខាភិបាល បាន​រក​ឃើញ​ស្ត្រី​ចិន​ពីរ​នាក់​ក្នុង​ចំណោម​នោះ មាន​ផ្ទុក​ជំងឺ​កូវីដ-១៩។ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មន្ត្រី​សន្តិសុខ​ទាំង​ពីរ​នាក់​នោះ និង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ សិន​មុននឹង​អនុវត្ត​វិធានការ​ផ្លូវ​ច្បាប់​លើ​ពួក​គាត់។

កន្លង​មក មាន​ករណី​ជា​ច្រើន ដែល​ពលរដ្ឋ​ទាំង​ខ្មែរ ទាំង​ជន​បរទេស លួច​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក។ លោក​គ្រូពេទ្យ ឆាន់ ទូច ដែល​ជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​នៅ​ទីក្រុង​ឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក​ថា ជួន​កាល​ការ​គេច​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក អាច​មក​ពី​ការ​ខ្វះ​ការ​យល់​ដឹង​អំពី​វិធាន​សុខាភិបាល ឬ​ដោយសារ​កន្លែង​ធ្វើ​ចត្តាឡីស័ក​គ្មាន​ផាសុកភាព ឬ​មិន​សមរម្យ​សម្រាប់​ការ​ស្នាក់​នៅ រយៈ​ពេល​យូរ​រហូត​ដល់​ទៅ ១៤ ថ្ងៃ​ជា​ដើម។

ប្រសិន​បើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​ការ​កែប្រែ​នោះ​ទេ លោក ប៊្រេដ អាដាម ថា កម្ពុជា​នឹង​មាន​ច្បាប់​ដ៏​អាក្រក់​មួយ​ទៀត សម្រាប់​គាប​សង្កត់​ប្រជាពលរដ្ឋ​ខ្លួន​ឯង៕



1 comment:

Anonymous said...

The perpetrator asshole Hun Sen kept committing crimes against Khmer people and Cambodia because he has never been punished from his traitorous acts.

It is about time that Khmer people show their courage and their spirit of nationalism by bravely defying the Law of Kdor Ah Roleuy Hun Sen such as condemning the present 25 years imprisonment sentencing of the CNRP's leaders.

We must start our resistance from somewhere.
How about making a nationwide peaceful protest against that unjust sentencing of the CNRP's leaders ? Commence our struggle to save Cambodia from there. Again, the international community cannot do anything without seeing our own efforts first. Lmorm Chhub Klach Ngorp Heuy Khmer Dombol Yor Euy !! Ah Roleuy Hun Sen just executed the evil Vietnam's orders.
Our inaction has produced nothing, enabling Ah Kwack Hun Sen to implement his Law of Kdor Ah Hun Sen at will to facilitate the Vietnamization of Cambodia.

Ah Kwack Hun Sen is simply a machine or a tool for the evil Yuon to use to absorb Cambodia. He is neither a human being nor an animal.