Wednesday, 31 March 2021

លោក សម រង្ស៊ី បន្ត​ចោទ​លោក ហ៊ុន សែន ថា ជា​មេ​ភេរវករ​សម្លាប់​បាតុករ​នៅ​មុខ​រដ្ឋសភា​ចាស់


ដោយ ខែ សុណង
2021-03-30
លោក សម រង្ស៊ី បន្ត​ចោទ​លោក ហ៊ុន សែន ថា ជា​មេ​ភេរវករ​សម្លាប់​បាតុករ​នៅ​មុខ​រដ្ឋសភា​ចាស់

លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​ (ស្ដាំ) ទិដ្ឋភាពនៅ​សួន​មុខ​រដ្ឋសភាចាស់ នារាជធានី​ភ្នំពេញ ក្រោយពី​គេ​គប់គ្រាប់បែកចូល​ហ្វូង​បាតុកម្ម​ដឹកនាំដោយ​លោក សម រង្ស៊ី ​បណ្ដាល​ឱ្យ​ផ្ទុះ​សម្លាប់​បាតុករជា​ច្រើន​នាក់​ស្លាប់ និង​របួស កាល​ពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ១៩៩៧។
រូប៖ RFA និង Reuters



មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បន្ត​ចោទ​ប្រកាន់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ហ៊ុន សែន ថា ជា​មេ​ភេរវករ​ដែល​បញ្ជា​ឲ្យ​បោក​គ្រាប់​បែក​សម្លាប់​ក្រុម​បាតុករ​នៅ​មុខ​រដ្ឋសភា​ចាស់ ក្បែរ​ព្រះ​បរម​រាជវាំង​ កាល​ពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ១៩៩៧។ គ្រួសារ​ជន​រង​គ្រោះ​នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌ ទោះ​បី​ជា​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី។ សង្គម​ស៊ីវិល​យល់​ថា ​ប្រសិន​បើ​សំណុំ​រឿង​ដ៏​រសើប​នេះ នៅ​តែ​បន្ត​ជាប់​គាំង​មិន​អាច​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​បាន​ទេ នឹង​នាំ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ។

គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២១ គឺ​ជា​ខួប ២៤ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ទៅ​លើ​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ ក្បែរ​ព្រះ​បរម​រាជវាំង ដែល​កាល​ណោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ១៦នាក់ និង​រង​របួស​ប្រមាណ ២០០នាក់។ មក​ទល់​បច្ចុប្បន្ន​នេះ ឃាតក​គប់​គ្រាប់​បែក​នេះ ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​បាតុករ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​កាល​ពី​ឆ្នាំ១៩៩៧ នោះ ជា​អ្នក​ដែល​លះ​បង់​ជីវិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម។ គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី៣០ មីនា​ថា រយៈពេល២៤​ឆ្នាំ​មក​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មិន​បាន​ស្វែង​រក​ចាប់​ជន​ដៃ​ដល់ និង​អ្នក​បញ្ជា មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ។


គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ នៅ​តែ​ប្ដេជ្ញា​ចិត្ត​ស្វែងរក​យុត្តិធម៌​ជូន​រង​គ្រោះ​ជា​និច្ច ហើយ​អ្វី​ដែល​គណបក្ស​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​យុទ្ធនាការ “បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា”។

ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ដោយ​ចោទ​ត្រង់ៗ តែ​ម្ដង​ថា មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ហ៊ុន សែន គឺ​ជា​មេ​ភេរវករ​បញ្ជា​ឲ្យ​រៀបចំ​អំពើ​ភេរវកម្ម​ដោយ​បោក​គ្រាប់បែក​ចំនួន ៤គ្រាប់​ទៅ​លើ​ហ្វូង​បាតុករ ដែល​បាន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ស្លាប់​យ៉ាង​តិច ១៦នាក់ និង​របួស​ធ្ងន់​រាប់​សិប​នាក់។ លោក សម រង្ស៊ី ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ដែរ​នោះ បន្ត​ថា បើ​ទោះ​បី​ជា​លោក បាន​ចោទ​ប្រកាន់​ជាច្រើន​លើក​ច្រើន​សា​ថា ​លោក ហ៊ុន សែន ​ជា​មេ​ភេរវករ​ក្នុង​រឿង​នេះ​ក្ដី ក៏​លោក​លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​ប្តឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​នៅ​ចំពោះ​មុខ​តុលាការ​ឯករាជ្យ​ណា​មួយ​ទេ។ មេ​បក្ស​ប្រឆាំង​រូប​នេះ ជឿ​ជាក់​ថា ថ្ងៃ​ណា​មួយ តុលា​ការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​យក​លោក ហ៊ុន សែន ​ទៅ​កាត់​ទោស​ឲ្យ​ទាល់​តែ​បាន។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ថា ការ​ចោទ ប្រកាន់​របស់​លោក សម រង្ស៊ី មិន​អាច​យកជាការ​បាន​ឡើយ ព្រោះ​កាល​ពី​ឆ្នាំ​២០១៦ លោក សម រង្ស៊ី ធ្លាប់​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន ​និង​សន្យា​ឈប់​ចោទ​ប្រកាន់​តទៅ​ទៀត។ លោក​បន្ត​ថា ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​រក​យុត្តិធម៌​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​គ្រាន់តែ​ជា​សារ​នយោបាយ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មិន​ហ៊ាន​សន្យា​ថា រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​អាច​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​នេះ​បាន​ឡើយ៖ «អា​ហ្នឹង​ជា​ការ​និយាយ​ជា​ឯកជន​របស់​ទណ្ឌិត មេ​ឧទ្ទាម ក្រៅច្បាប់​ អ្នក​និយាយ​តើ។ ខ្ញុំ​សួរ​ថា អ្នក​ណា​ជឿ បើ​និយាយ​គេ​អត់​ជឿ​ផង អ្នកឯង​និយាយ​ប៉ុន្មាន​ដង ប៉ុន្មាន​ឆ្នាំ ក៏​គ្មាន​អ្នក​ណា​ជឿ​ដដែល​ហ្នឹង យក​ជា​ការ​វា​មិន​បាន»។

កាល​ពី​ឆ្នាំ​១៩៩៧ លោក សម រង្ស៉ី ធ្វើ​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ។ លោក​បាន​ដឹក​នាំ​កម្មករ និង​សិស្ស​និស្សិត ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​រដ្ឋសភា​ចាស់ នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ១៩៩៧ ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម ​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​។ បាតុកម្ម​ពេល​នោះ ​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ជន​មិន​ស្គាល់​មុខ​គប់​គ្រាប់​បែក​ចំនួន​៤គ្រាប់​បណ្ដាល​ឲ្យ​មនុស្ស​១៦ស្លាប់​នាក់ និង​រង​របួស​ប្រមាណ ២០០នាក់​ផ្សេង​ទៀត ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នៅ​តែ​ឋិត​ក្នុង​ទី​ងងឹត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​តែ​ប្រ​កាស​ទាមទារ​រក​យុត្តិធម៌ និង​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​បើក​ការ​ស៊ើបអង្កេត​ដោយ​ស្មោះ​ត្រង់ ដើម្បី​នាំ​យក​អ្នកបញ្ជា និង​ឃាតក​ពិត​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

ម្ដាយ​ជន​រងគ្រោះ​មួយ​រូប គឺ​លោកស្រី លី នារី អាយុ ៧៨ឆ្នាំ ថ្លែង​ថា លោកស្រី  បាត់បង់​កូន​ប្រុស​បង្កើត​ម្នាក់ ជា​វេជ្ជបណ្ឌិត​ក្នុង​វ័យ ២៩ឆ្នាំ​នៅ​ក្នុង​ហេតុការណ៍​បោក​គ្រាប់​បែក​នោះ។ លោកស្រី​រៀបរាប់​ថា លោកស្រី នៅ​តែ​នឹក​ដល់​កូន​ជានិច្ច និង​ខក​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​គ្រា​ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នៅ​តែ​ពុំ​មាន​លទ្ធ​ផល។ លោកស្រី​ឲ្យ​ដឹង​ថា​អាជ្ញាធរ ​មិន​ដែល​ជូន​ដំណឹង​ង​ដល់​គ្រួសារ​ជន​រង​គ្រោះ​អំពី​ដំណើរ​ការ​ស៊ើបអង្កេត​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ៖ «២៤ឆ្នាំ​កន្លង​ផុត​ទៅ​វា​ដូច​ជា​យូរ​ណាស់​ អ្នក​ផ្សេងៗ គេ អាច​ភ្លេច​បាន ប៉ុន្តែ​ចំពោះ​យើង​ខ្ញុំ​ទាំង​អស់​គ្នា ហាក់​ដូច​ជា​ព្រឹត្តិការណ៍​វា​នៅ​ថ្មីៗ នៅ​នឹង​ភ្នែក​ខ្លួន​ឯង នៅ​នឹង​ខួរក្បាល​នៅ​គិត នៅ​ក្ដុកក្ដួល ទៅ​ជួត​រូបថត​កូន មើល​ទៅ​អាឡោះ អាល័យ​កូន​ជា​ទី​បំផុត»។

ម្ដាយ​របស់​ជន​រង​គ្រោះ​រូប​នេះ ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ពន្លឿន​បើក​ការ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​ច្បាស់លាស់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ជន​រង​គ្រោះ​ទាំងអស់​៖«ទោះ​បី​ជា ២៤ ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ យុត្តិធម៌​ នឹង​មាន​សម្រាប់​ក្រុម​គ្រួសារ​របស់​យើង​ខ្ញុំ តែ​ឥឡូវ​នេះ​មិន​អាច​រក​អី​ឃើញ​ទេ។ ខ្ញុំ​ចង់​បាន​យុត្តិធម៌​ឆាប់ៗ ដែរ ​ទាន់​ខ្ញុំ​នៅ​រស់»។

ពាក់ព័ន្ធ​បញ្ហា​នេះ អាស៊ី​សេរី ​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​ទាំង​លោក ខៀវ សុភ័គ និង​លោក ជិន ម៉ាលីន ធ្លាប់​ប្រាប់​អ្នក​កាសែត​ជា​ដដែលៗ ថា សំណុំ​រឿង​នេះ​ មិន​ទាន់​បិទ​ទេ ប៉ុន្តែ​អះអាង​ថា ការ​ស៊ើប​អង្កេត​រក​ឃាតក​ត្រូវ​បាន​ជាប់​គាំង ព្រោះ​បាត់​តម្រុយ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​អង្គការ​ផ្នែក​សិទ្ធិមនុស្ស គឺ​ចង់​ឱ្យ​យុត្តិធម៌​កើត​មាន​សម្រាប់​ជន​រង​គ្រោះ​គ្រប់​រូប។ លោក​ចាត់​ទុក​ថា សំណុំរឿង​គប់​គ្រាប់​បែក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​និទ្ទណ្ឌភាព​ ដោយសារ​ឃាតក នៅ​តែ​មាន​សេរីភាព មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​អនុវត្ត​ទោស​តាម​ច្បាប់​នៅ​ឡើយ៖«បើ​យើង​មើល​ទៅ​លើ​ការ​ទទួល​ខុសត្រូវ​ ​គឺ​រដ្ឋាភិបាល ត្រូវ​ស៊ើប​អង្កេត ​ស្រាវជ្រាវ​លើ​រឿង​ហ្នឹង ហើយ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ដោយ​អំពើ​នៃ​ការ​គប់​គ្រាប់​បែក​នោះ។ អ្វី​ដែល​សំខាន់​ បើ​សិន​ជា​យើង​មិន​បាន​ស្វែងរក​យុត្តិធម៌​លើ​រឿង​នេះ​ទេ​ យើង​ក៏​បារម្ភ​ដែរ​ ព្រោះ​នេះ​ជា​មេរៀន​ប្រវត្តិសាស្ត្រ មួយ​ដែរ គឺ​ការ​ដែល​ស្វែង​រក​យុត្តិធម៌​នៅ​ក្នុង​សង្គម ការ​ដែល​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ គឺ​ជា​ការ​បំបាត់​និទណ្ឌភាព ឬ​ជា​ការ​ទប់​ស្កាត់ ដើម្បី​កុំ​ឲ្យ​មានអំពើ​និង​ព្រឹត្តិការណ៍​ត​ទៅ​ទៀត»។

ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​លើ​ក្រុម​បាតុករ​កាល​ណោះ ក៏​ធ្លាប់​ត្រូវ​ការិយាល័យ​សហ​ព័ន្ធ​ស៊ើប​អង្កេត​របស់​អាមេរិក ឬ អេហ្វ.ប៊ី.អាយ (FBI) មក​ធ្វើ​ការ​ស៊ើប​អង្កេត​ដែរ តែ​បាន​បញ្ឈប់​បេសកកម្ម​របស់​ខ្លួន​វិញ​មុន​កាល​កំណត់ ក្រោម​ហេតុផល​ថា អាជ្ញាធរ​កម្ពុជា មិន​សហការ​ស្វែងរក​ភស្តុតាង​ទាំង​នោះ​ឡើយ។

ករណី​បោក​គ្រាប់​បែក​នេះ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ ក៏ប៉ុន្តែ​ដោយសារ​កត្តា​នយោបាយ​មិន​អំណោយ​ផល​សម្រាប់​បុគ្គល លោក សម រង្ស៊ី ដក​ពាក្យ​បណ្ដឹង​នេះ​វិញ ដែល​គេ​ដឹង​ថា ការ​ដក​ពាក្យ​បណ្ដឹង​របស់​លោក សម រង្ស៊ី កាល​ណោះ គឺ​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​របស់​លោក ហ៊ុន សែន ឲ្យ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ខណៈ​លោក​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ មាន​ចំណង​ជើង​ថា ឧក្រិដ្ឋជន​ពី​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​លើ​ក្រុម​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ១៩៩៧ នៅ​មិន​ទាន់​ផ្ដន្ទាទោស​បង្ហាញ​ថា នៅ​ថ្ងៃ​បោក​គ្រាប់​បែក​នោះ កម្លាំង​មក​ពី​កងពល "ង៧០" ដែល​ជា​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរ​ទៀត​ថា មេ​បញ្ជាការ​កង​អង្គរក្ស​នៃ​កងពល "ង៧០" លោក ហ៊ុយ ពិសិដ្ឋ ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​កង​អង្គរក្ស​នៅ​ថ្ងៃ​កើត​ហេតុ ហើយ​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​បញ្ជាការ​រង​នៃ​កង​អង្គរក្ស​ពេល​នោះ ធ្លាប់​បាន​គំរាម​បាញ់​សម្លាប់​អ្នក​កាសែត​ណា​ដែល​ចោទ​ប្រកាន់​ថា កង​អង្គរក្ស​លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់​បែក​នោះ​ថែម​ទៀត​ផង។

យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​បន្ត​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ទៅ​លើ​ក្រុម​បាតុករ​នៅ​ពេល​នោះ គឺ​ក្រុម​ប៉ូលិស​ដែល​ឋិត​នៅ​ទី​នោះ​ពី​ដំបូង បាន​រារាំង​មិន​ឲ្យ​សង្គ្រោះ​អ្នក​រង​គ្រោះ។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ កត់​សម្គាល់​ថា ក្រោយ​ការ​វាយ​ប្រហារ​នេះ លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ត្រូវ​បាន​លោក ហ៊ុន សែន ដំឡើង​តួនាទី​ជា​បន្ត​បន្ទាប់។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ ហៅ​ការ​បណ្ដែតបណ្ដោយ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ក្នុង​ករណី​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​កាល​ពី ២៤ឆ្នាំ​មុន​នោះ គឺ​ជា​ការ​ព្យាយាម​ការពារ និង​លើក​ទឹក​ចិត្ត​ដល់​ជន​ប្រព្រឹត្តិ​បទ​ល្មើស ដែល​ធ្វើ​ឱ្យ​អំពើ​និទណ្ឌភាព​បន្ត​ញាំញី​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

1 comment:

Anonymous said...

This monster Hun Sen has never hesitated to kill Khmer people or destroy Cambodia to please his master Yuon who put him in power to implement the Yuonization of Cambodia.

Hopefully, Ah Roleuy Hun Sen will go to hell soon after Khmer people emulate the courage from Myanmar people.