Saturday, 20 March 2021

បទ​វិភាគ​៖ តើ​ពិចារណា​ជា​ថ្មី​ឡើងវិញ​លើ​គោលការណ៍​អាស៊ាន​ដែរ​ឬ​ទេ?


ដោយ ជុន ច័ន្ទបុត្រ
2021-03-20
បទ​វិភាគ​៖ តើ​ពិចារណា​ជា​ថ្មី​ឡើងវិញ​លើ​គោលការណ៍​អាស៊ាន​ដែរ​ឬ​ទេ?
បទ​វិភាគ​៖ តើ​ពិចារណា​ជា​ថ្មី​ឡើងវិញ​លើ​គោលការណ៍​អាស៊ាន​ដែរ​ឬ​ទេ? កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
AFP

 

សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោលបំណង​រួមគ្នា​ទប់ស្កាត់​ការ​រាតត្បាត​នៃ​របប​កុម្មុយនីស្ត​ផ្ដាច់ការ និង​ដើម្បី​បញ្ចៀស​ពី​ការ​វាយ​លុក​ផ្នែក​សេដ្ឋកិច្ច​ពី​សំណាក់​មហា​ប្រទេស​ក្នុង​តំបន់។

តើ​មក​ទល់​នឹង​ពេល​នេះ​អាស៊ាន បាន​សំរេច​គោលបំណង​នេះ​ដែរ​ឬទេ​? បើ​មិនទាន់​សំរេច​បាន តើ​អាស៊ាន​អាច​នឹង​ពិចារណា​ជាថ្មី​ឡើងវិញ​លើ​គោលការណ៍​អាស៊ាន​ដែរ ឬទេ​?

ឆ្នាំ​២០២២ ខាងមុខនេះ ប្រទេស​កម្ពុជា នឹង​ធ្វើជា​ប្រធាន​ប្តូរ​វេន​របស់​សមាគម​អាស៊ាន ជា​លើក​ទី​បី​។ ១០​ឆ្នាំមុន គឺ​នៅ​ឆ្នាំ​២០១២ ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​ដែរ កម្ពុជា​បាន​ទទួល​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​។ តែ​កិច្ចប្រជុំ​នោះ​មិន​សំរេច​បាន​លទ្ធផល​អ្វី​ឡើយ។


នោះ​គឺជា​បរាជ័យ​ដ៏​ធំ​មួយ មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​កន្លះ​សតវត្ស​របស់​អាស៊ាន ដែល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់​ខ្លួន មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​បាន។

សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា មូលហេតុ​សំខាន់​នៃ​ការ​ខកខាន​មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នោះ គឺ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ចិន​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អាស៊ាន។

អ្នក​ដែល​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នោះ ឱ្យ​ដឹង​ថា មន្ត្រី​កម្ពុជា បាន​លួច​ផ្តល់​សេចក្តី​ព្រាង​នៃ​សេចក្ដីថ្លែងការណ៍​រួម​នោះ ទៅ​ឱ្យ​មន្ត្រី​ចិន​ត្រួត​ពិនិត្យមើល​ជាមុន។

ចិន​តែង​រារាំង​មិន​ឱ្យ​យក​បញ្ហា​ជំលោះ​ប្រជុំ​កោះ​ប៉ារ៉ាសែល នៅ​សមុទ្រ​ចិន​ខាងត្បូង ទៅ​ជជែក​គ្នា​ក្នុង​វេទិកា​តំបន់​បែបនេះ​ទេ។ ចិន​ចង់​ដោះស្រាយ​បញ្ហា​ទំនាស់​ដែនទឹក​នេះ តែ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ផ្ទាល់​។ ប្រទេស​ដែល​ចិន​មាន​ទំនាស់​ដែនទឹក​ជាមួយ​នោះ​គឺ វៀតណាម និង​ហ្វីលីពីន ដែល​ជា​ប្រទេស​សមាជិក​ពីរ​ក្នុងចំណោម​សមាជិក​ទាំង​១០ នៃ​សមាគមន៍​អាស៊ាន។

ដោយហេតុ​ថា នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ភ្នំពេញ​នា​ពេល​នោះ វៀតណាម និង​ហ្វីលីពីន បាន​លើក​យក​បញ្ហា​ជំលោះ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង ទៅ​ដាក់​ចូលក្នុង​របៀបវារៈ ហើយដោយ​ភាគី​កម្ពុជា​លួច​បង្ហើប​ឱ្យ​ចិន​មុន​ដឹងផង ចិន​ក៏​ខ្ទប់​មិន​ឱ្យ​សេចក្ដីថ្លែងការណ៍​រួម​នោះ​ចេញរួច​តែម្តង។

អាស៊ាន​ដែល​តែងតែ​ប្រកាស​ថា ប្រកាន់​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូចគ្នា ស្រាប់តែ​បណ្តោយ​ឱ្យ​ប្រទេស​ចិន​លូកដៃ​កកូរកកាយ​បាន​ទៅវិញ។

ក៏ប៉ុន្តែ​១០​ឆ្នាំ​កន្លង​មក​នេះ ស្ថានការណ៍​ផ្លាស់ប្ដូរ​ច្រើន​។ ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ដែល​មាន​ទំនោរ​ទៅ​ការគ្រប់គ្រង​រដ្ឋ​បែប​ប្រជាធិបតេយ្យ ចាប់ផ្តើម​ហ៊ាន​ចេញមុខ​ប្រកាស​ថ្កោលទោស​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត ដែល​រំលោភ​បំពាន​ពលរដ្ឋ​ខ្លួនឯង ឬក៏​រំលោភបំពាន​លើ​សិទ្ធិ​នយោបាយ​របស់​អ្នក​នយោបាយ​ប្រឆាំង។

ព្រឹត្តិការណ៍​រដ្ឋប្រហារ និង​ការ​បាញ់​សម្លាប់​បាតុករ នៅ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា នា​ពេល​ថ្មីៗ​នេះ ជា​ឧទាហរណ៍​ស្រាប់​។ ប្រទេស​ជា​សមាជិក​អាស៊ាន​កាន់តែ​ច្រើនឡើង បាន​អំពាវនាវ​ដល់​មេដឹកនាំ​យោធា​ភូមា ឬ​មីយ៉ាន់ម៉ា ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ដោះលែង​អ្នកនយោបាយ​ប្រឆាំង និង​ឱ្យ​ឈប់​បាញ់សម្លាប់​បាតុករ​។ ពួកគេ​ក៏​ជំរុញ​ឱ្យ​មេដឹកនាំ​យោធា បើក​ទ្វារ​ទទួល​យក​ប្លុក​អាស៊ាន ជួយ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រទេស​ភូមា​ដែល​កាន់តែ​តឹងតែង​ទៅៗ​នេះ។

ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ក៏​ធ្លាប់​ធ្វើ​មិន​ដឹង​មិនឮ ចំពោះ​ការ​តវ៉ា​របស់​លោក ហ៊ុន សែន ដែល​លោក​ធ្វើ​ឡើង​ផ្អែក​លើ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អាស៊ាន​នេះ​ដែរ​។ កាលពី​ចុងឆ្នាំ​២០១៩ នៅ​ពេល​ដែល​លោក សម រង្ស៊ី ប្រកាស​ពី​គំរោង​វិល​ត្រលប់​ចូល​ប្រទេស​វិញ លោក ហ៊ុន សែន បាន​ប្តឹង​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន បិទ​ច្រក​ទ្វារ​កុំឱ្យ​លោក សម រង្ស៊ី ឆ្លង​កាត់។

ទោះបី​ជា​មាន​ប្រទេស​ខ្លះ​ដូចជា​ប្រទេស​ថៃ​ជាដើម ព្រម​ធ្វើតាម លោក ហ៊ុន សែន ប្រទេស​ដ៏ទៃ​ទៀត មាន ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ជាដើម មិន​គ្រាន់​តែ​មិន​បិទទ្វារ​ទេ ថែមទាំង​អញ្ជើញលោក សម រង្ស៊ី ឱ្យទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ទាំងនោះ​ថែម​ទៀត​ផង ដោយ​មិន​ខ្វល់​ពី​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​នោះ​ឡើយ។

កាយវិការ​ទាំងនេះ អាច​ជា​តឹកតាង​បញ្ជាក់​ថា មាន​និន្នាការ​កាន់តែ​កើនឡើង ក្នុង​ការ​ពិចារណា​ឡើងវិញ នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​របស់​អាស៊ាន​នេះ​។​

តាមពិត គោលបំណង​សំខាន់​នៃ​ការបង្កើត​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នេះ​កាលពី ៥៤​ឆ្នាំមុន គឺ​កាលពី​ថ្ងៃទី​៨ សីហា ឆ្នាំ​១៩៦៧ គឺ​ដើម្បី​រួមគ្នា​រក្សា​សន្តិសុខ ជាពិសេស គឺ​ដើម្បី​ទប់ស្កាត់​ការ​គំរាមកំហែង​ពី​លទ្ធិកុម្មុយនីស្ដ​ផ្ដាច់ការ ក្នុង​តំបន់​នេះ​តែម្តង។

ប្រទេស​ជា​ស្ថាបនិក​អាស៊ាន​នា​ពេល​នោះ​មាន​៥ គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ ដែល​សុទ្ធតែ​ជា​ប្រទេស​សេរី។ ស្ថាបនិក​ទាំង​៥​នេះ សំរេចចិត្ត​រួមដៃគ្នា ដើម្បី​ធានា​ឱ្យ​បាន​ថា លទ្ធិកុម្មុយនីស្ដ​ផ្ដាច់ការ មិនអាច​រាតត្បាត​ក្នុង​តំបន់​បាន ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំងនេះ អាច​អភិវឌ្ឍន៍​ប្រទេសជាតិ​បាន ដោយ​មិន​ខ្វល់​ពី​ការគំរាមកំហែង​នៃ​លទ្ធិកុម្មុយនីស្ដ​ផ្ដាច់ការ​។ ទីបំផុត​គ្រោះ​គំរាមកំហែង​ពី​របប​កុម្មុយនីស្ត​ក្នុង​តំបន់ ក៏​ថមថយ​បន្ទាប់ពី​សហភាពសូវៀត​ដែល​ជា​ប្រទេស​មេ​កុម្មុយនីស្ត​ក្នុង​ពិភពលោក និង​ដែល​ជា​ខ្នងបង្អែក​ដ៏​ធំ​រលំរលាយ​ទៅ។ សង្គ្រាមត្រជាក់ ដែល​ជា​សង្គ្រាម​ដណ្តើម​ឧត្តមភាព​ផ្នែក​មនោគមន៍វិជ្ជា​រវាង​របប​សេរី​ពហុបក្ស និង​របប​កុម្មុយនីស្ត​ឯក​បក្ស ក៏​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​នា​ពេល​នោះ។

ដោយ​លែង​មាន​ការ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​លទ្ធិ​កុម្មុយនីស្ត​ផ្ដាច់ការ​តទៅទៀត​ហើយ​នោះ អាស៊ាន​ក៏​សំរេច​ធ្វើ​សមាហរណកម្ម ដាក់បញ្ចូល​ប្រទេស​ដែល​នៅ​សេសសល់​មាន កម្ពុជា ភូមា ឡាវ និង វៀតណាម មក​នៅក្នុង​សមាគមន៍​ជាមួយគ្នា ថ្វីដ្បិត​តែ​ប្រទេស​ទាំងនេះ​នៅ​ជាប់​កម្អែល​កុម្មុយនីស្ត និង​របៀប​ដឹកនាំ​បែប​ផ្ដាច់ការ​យោធានិយម​នៅឡើយ​ក្តី។

កាលណោះ ការ​រួមដៃគ្នា​នៃ​ប្រទេស​ទាំង​១០​នេះ បាន​ធ្វើ​ឱ្យ​អាស៊ាន​ក្លាយជា​ប្លុក​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​មួយ​នៅក្នុង​តំបន់​។ សម្ព័ន្ធភាព​នេះ ចាប់ផ្តើម​បង្ហាញ​សក្ដានុពល​ភាព ជាពិសេស​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​កើនឡើង​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​។​

ទាំង​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី​នាំគ្នា​ងាក​មក​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន តាមរយៈ​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អាមេរិក កិច្ចប្រជុំ​កំពូល អាស៊ាន​-​អឺរ៉ុប (Asem) កិច្ចប្រជុំ​កំពូល អាស៊ាន​-​អូស្ត្រាលី ជា​ហូរហែ​។ ប្រទេស​ដែល​មាន​ឥទ្ធិពល​ក្នុង​តំបន់​មាន​ចិន ជប៉ុន កូរ៉េ និង​ឥណ្ឌា ក៏បាន​ក្លាយជា​ដៃគូ​នឹង​អាស៊ាន ហើយ​ពាក្យ​ថ្មីៗ​ក៏​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​សម្គាល់​ដៃគូ​ទាំងនោះ​មាន​ដូចជា អាស៊ាន ១០ បូក ៣ ដើម្បី​ហៅ​កិច្ចប្រតិបត្តិការ​រវាង​សមាគមន៍​អាស៊ាន​ជាមួយ និង​ប្រទេស​បី ទៀត គឺ ចិន ជប៉ុន និង កូរ៉េ​ជាដើម​។ កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ក្នុង​តំបន់ ដូចជា​តំបន់​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​សេរី ឬ ASEAN Free Trade Area ហៅ​កាត់​ថា (AFTA) គំរោង​ផ្សារភ្ជាប់​អាស៊ាន ឬ Asean Connectivity Initiative ត្រូវ​បាន​គេ​បង្កើត​ឡើង។

ក៏ប៉ុន្តែ​ក្តី​ស្រមៃ​ថា ការ​រួម​គ្នា​រវាង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នេះ អាច​ជួយ​បញ្ចៀស​ឱ្យ​ផុត​ពី​គ្រោះ​គំរាមកំហែង​នៃ​របប​ផ្ដាច់ការ និង​គ្រោះ​គំរាមកំហែង​នៃ​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាង ចាប់​ប្រឈមមុខ​នឹង​បញ្ហា។

ប្រទេស​ជា​សមាជិក​ដែល​ទើប​បញ្ចូល​ថ្មី​ភាគច្រើន នៅតែ​មាន​និន្នាការ​ទៅ​រក​លទ្ធិកុម្មុយនីស្ដ​ផ្ដាច់ការ ហើយ​នៅតែ​មាន​ប្រទេស​រុស្ស៊ី​ដែល​បាន​ក្លាយជា​ប្រទេស​ផ្ដាច់ការ​ឡើងវិញ ជា​ខ្នងបង្អែក​ដដែល​។ ប្រទេស​កុម្មុយនីស្ត​ចិន ក៏​នៅតែ​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ជា​សមាជិក រហូត​លូកដៃ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​អាស៊ាន ដូចជា​រារាំង​មិន​ឱ្យ​អាស៊ាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ជា​ឧទាហរណ៍​ស្រាប់។

ចិន ដែល​ជា​ប្រទេស​មាន​ទំហំ​សេដ្ឋកិច្ច​ធំ បាន​ដាក់​ចេញ​នូវ ផែនការ​សេដ្ឋកិច្ច​ថ្មី ដូចជា​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់ និង ផ្លូវ ឬ Belt and Road Initiative ដែល​វាយលុក​ដោយ​ផ្ទាល់​ទៅលើ​ផែនការ​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​ស្រាប់ ដូចជា​ផែនការ AFTA និង Asean Connectivity ជាដើម​។ ទោះជា​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ផ្នែក​សេដ្ឋកិច្ច​ពី​មហា​យក្ស​ចិន​យ៉ាងនេះ​ក្តី អាស៊ាន​ហាក់​នៅ​មិនទាន់​បង្កើត​យន្តការ​រួម​ថ្មី​ណាមួយ​ដើម្បី​ទប់ទល់​នៅឡើយ​ទេ​។ មិនតែប៉ុណ្ណោះ​ប្រទេស​នីមួយៗ បែរជា​នាំគ្នា​ចូលរួម​ក្នុង​ផែនការ ខ្សែក្រវាត់​និង​ផ្លូវ​នេះ ជា​លក្ខណៈ​ឯកជន​តែ​រៀងៗ​ខ្លួន​ទៅវិញ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​ពីរ​នៃ​កម្មវិធី ខ្សែក្រវាត់​និង​ផ្លូវ នៅ​ក្រុង​ប៉េកាំង កាលពី​ខែមេសា ឆ្នាំ​២០១៩ លោក ហ៊ុន សែន ប្រកាស​នៅ​ចំពោះមុខ​មេដឹកនាំ​ចិន និង​អ្នកចូលរួម​ថា លោក​ទុកចិត្ត​ទាំងស្រុង​ទៅ​លើ​កម្មវិធី​នេះ ដ្បិត​វា​នឹង​នាំមក​នូវ​ភាព​ចំរុងចំរើន​ដល់​មនុស្សជាតិ​៖ «ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ កំពុង​បង្កើត​នូវ​កម្លាំង​ចលករ​ថ្មី សំដៅ​បន្ត​ពង្រឹង​និង​ពង្រីក​សហប្រតិបត្តិការ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​នៅ​លើ​សាកលលោក ដើម្បី​បុព្វហេតុ​សន្តិសុខ សន្តិភាព ភាព​សុខដុមរមនា វិបុលភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព»។

នៅ​កម្ពុជា ភស្តុតាង​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​នេះ គឺ​ការ​ប្រែ​ទីក្រុង​ព្រះសីហនុ ឬ​ក្រុង​កំពង់សោម ឱ្យទៅ​ជា​ក្រុង​ស៊ីហ្សាង (Xigang) របស់​ចិន​។ ជនជាតិ​ចិន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​រកស៊ី នៅ​ក្រុងព្រះសីហនុ មាន​ចំនួន​ច្រើនជាង​ម្ចាស់​ស្រុក​ដល់​ទៅ​ជាង​៩០% មិន​ហៅ​ទីនេះ តាម​សូរសៀង​ខ្មែរ​ទេ គេ​ហៅ​ជា​ឈ្មោះ​ចិន​ថា ស៊ីហ្សាង។

ខុសពី​ការប្រកាស​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​នេះ អាច​នឹង​ធ្វើ​ឱ្យ​មាន​សន្តិសុខ សន្តិភាព ភាព​សុខដុមរមនា វិបុលភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព ក្រុងព្រះសីហនុ ឥឡូវ​ខុសពី​មុន​ឆ្ងាយ​ដូច​មេឃ​នឹង​ដី។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ តែង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កើនឡើង​នូវ​អំពើ​ឧក្រិដ្ឋកម្ម ពាក់ព័ន្ធ​នឹង​ជន​ជាតិចិន​ជានិច្ច​។ របាយការណ៍​ប្រចាំត្រីមាស​ទីមួយ​ឆ្នាំ​២០១៩ របស់​ក្រសួង​មហាផ្ទៃ​ជា​ឧទាហរណ៍ បង្ហាញថា​ឧក្រិដ្ឋកម្ម​កើនឡើង​ជាង​៥០%​ធៀប​ទៅ​នឹង​ឆ្នាំមុន ហើយ​ថា ក្នុងចំណោម​ជនបរទេស ៣៤១​នាក់​ដែល​គេ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម ក្នុង​រយៈពេល​នេះ មាន​២៤១​នាក់​ជា​ជនជាតិ​ចិន។

ក្រៅ​ពី​ការ​កើនឡើង​នូវ​អំពើ​ឧក្រិដ្ឋកម្ម និង​អំពើ​ហិង្សា នៅ​ក្រុងព្រះសីហនុ​ទំនិញ​គ្រប់​ប្រភេទ​ឡើងថ្លៃ​។ បន​ល្បែងស៊ីសង បន​ពេស្យាចារ​កើនឡើង​ដូច​ផ្សិត នៅក្នុង​ទីក្រុង​ដែល​ដាក់ឈ្មោះ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​នេះ។ អំពើពុករលួយ​រាតត្បាត​ដល់​ខួរឆ្អឹង ដែល​ជា​បច្ច័យ​មួយ​ធ្វើ​ឱ្យ​អគារ​៧​ជាន់​របស់​ចិន​បាក់​រលំ ផ្តាច់​ជីវិត​ពលរដ្ឋ​ខ្មែរ​ចំនួន​២៨​នាក់ កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៩​កន្លង​ទៅ។

ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ ប្រាកដជា​កំពុង​សម្លឹង​មើល​ការវិវត្តន៍​នានា នៅក្នុង​ក្រុងព្រះសីហនុ ហើយ​អាច​នឹង​ថ្លឹងថ្លែង​លើ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​នេះ ថា​តើ​វា​ខាត ឬ​ចំណេញ​បែប​ណា​ចំពោះ​ប្រទេស​របស់​ខ្លួន។

ក្រុម​បញ្ញវ័ន្ត និង​អ្នកការទូត​នៃ​ប្រទេស​អាស៊ាន​មួយចំនួន នាំគ្នា​ខ្វល់ខ្វាយ​ពី​បញ្ហា​អាស៊ាន ហើយ​នាំគ្នា​រិះរក​វិធី​ធ្វើ​យ៉ាងណា​ឱ្យ​ប្លុក​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នេះ រឹងមាំ​ឡើងវិញ ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ការ​កាន់អំណាច​ផ្ដាច់ការ និង​ការ​វាយ​លុក​ខឿនសេដ្ឋកិច្ច​ទៅលើ​ប្រទេស​របស់​ខ្លួន​ពី​សំណាក់​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ដូចជា​ប្រទេស​ចិន​ជាដើម។

អ្នកការទូត​ខ្លះ បាន​លើកឡើង​ថា ដើម្បី​ពង្រឹង​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នេះ​ឡើងវិញ​បាន គេ​គួរ​គិត​គូរ​ដក​ប្រទេស​ជា​សមាជិក​ណា​ដែល​ដើរតួ​ជា​កូនអុក​របស់​ប្រទេស​ចិន ចេញពី​សមាគមន៍​អាស៊ាន​នេះ​ផង​។ អតីត​អ្នកការទូត​សិង្ហបុរី លោក ប៊ីឡាហារី កូស៊ីកាន (Bilahari Kausikan) កាលពី​ចុង​ឆ្នាំ​ទៅ​មិញ លើកឡើង​ថា សមាគមន៍​អាស៊ាន​គួរ​ពិចារណា​ដក​ប្រទេស​កម្ពុជា និង​ឡាវ ចេញពី​សមាគមន៍​នេះ ដោយហេតុថា​ប្រទេស​ទាំងពីរ​នេះ​បាន​អនុញ្ញាត​ឱ្យ​ចិន លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​អាស៊ាន។

តែ​បញ្ញវន្ត និង​អ្នកការទូត​ភាគច្រើន ចង់​ឃើញ​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នេះ​ធ្វើការ​កែទម្រង់​ជាក់លាក់​មួយ​ចំនួន ដើម្បី​ឱ្យ​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​។ ឥស្សរជន​នៃ​ប្រទេស​អាស៊ាន​មួយចំនួន លើក​សំណើ​ថា អាស៊ាន​គួរ​ដោះស្រាយ​បញ្ហា​ខ្វះ​ជំហរ​ជាក់លាក់ និង​បញ្ហា​ខ្វះ​ការ​ចូលរួម​ពី​តំណាង​ពលរដ្ឋ ទាំង​កំរិត​តំបន់ និង​កំរិត​ជាតិ​។ ពួកគេ​ចង់ឱ្យ​មេដឹកនាំ​អាស៊ាន​ផ្តល់​ឱកាស​ឱ្យ​ក្រុម​បញ្ញវ័ន្ត សហគ្រិន អង្គការ​សង្គម​ស៊ីវិល យុវជន ចូលរួម​ជា​ដៃគូ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​។​

អាស៊ាន​បាន​បង្កើត​គណៈកម្មការ​សិទ្ធិមនុស្ស​មួយ​របស់​ខ្លួន​។ តែ​គណៈកម្មការ​នេះ រង​ការរិះគន់​ច្រើន​ណាស់ ថា​នៅ​មិនទាន់​បង្ហាញ​ជំហរ​របស់​ខ្លួន​ឱ្យ​រឹងមាំ នៅពេល​មានការ​រំលោភ​សិទ្ធិមនុស្ស ដែល​ពេលខ្លះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដូចជា​ការ​កាប់សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភូមា ឬ​មីយ៉ាន់ម៉ា ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ដល់​អ្នកកាសែត សង្គម​ស៊ីវិល និង​អ្នកនយោបាយ​ប្រឆាំង នៅ​កម្ពុជា​ជា​ដើម។

ទោះជា​យ៉ាងណា អ្នកនយោបាយ​ធំៗ​នៃ​ប្រទេស​អាស៊ាន​មួយចំនួន បាន​នាំមុខ​ក្នុង​ការ​បង្ហាញ​ជំហរ ឬក៏​ចាប់ផ្តើម​បែក​ចែក​ឱ្យដាច់​ពី​គ្នា រវាង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ករណី​រំលោភ​សិទ្ធិមនុស្ស​។ ប្រការ​ដែល​ប្រទេស​មួយ​ចំនួន ហ៊ាន​ចេញមុខ​ថ្កោលទោស​ការ​សម្លាប់​បាតុករ​នៅ​ភូមា ឬ​មីយ៉ាន់ម៉ា និង​ការ​ហ៊ាន​បើកទ្វារ​ទទួល​លោក សម រង្ស៊ី ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​មួយ​ប្តឹង​ឱ្យ​ចាប់ខ្លួន ឬ​ហាម​មិន​ឱ្យ​ចូល​ស្រុក​នោះ អាច​ជា​ភស្តុតាង​បង្ហាញ​យ៉ាង​ច្បាស់​ថា គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អាស៊ាន កំពុង​តែ​មាន​និយមន័យ​ថ្មី​ហើយ៕

2 comments:

Anonymous said...

ASEAN should expel Ah Chker Chkuot Hun Sen out of ASEAN.
Under China's influence, Ah Chker Chkuot Hun Sen has troubled ASEAN.

And under Yuon's influence, in Cambodia, Ah Chker Chkuot Hun Sen has terrified Khmer people and destroyed Cambodia.

When will Hell take Ah Hun Sen ?

Anonymous said...

He is so bad,hell won't take him. He had to go else where.