Sunday, 7 March 2021

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស អ.ស.ប អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ


ដោយ មាន ឫទ្ធិ
2021-03-05
ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស អ.ស.ប អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ 

អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
រូប៖ ហ្វេសប៊ុក​រដ្ឋបាលសាលារាជធានី​ភ្នំពេញ

 

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ៤រូប សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ ដែល​បាន​កាត់​ទោស​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជាប់​គុក​រយៈ​ពេល​ច្រើន​ឆ្នាំ។ ពួក​គេ​ហៅ​ការ​កាត់​ទោស​មេ​ដឹក​នាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៩រូប ដែល​រួម​មាន​ទាំង​លោក សម រង្ស៊ី ផង ឲ្យ​ជាប់​គុក​រហូត​ដល់ ២៥ឆ្នាំ ថា ជា​ការ​កាត់​ទោស​ដាក់​គុក​ក្នុង​រយៈ​ពេល​មិន​សមាមាត្រ និង​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ ពួក​គេ​សង្កត់​ធ្ងន់​ថា ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី​ទាំង​មូល មិន​មាន​ភាព​ប្រក្រតី និង​បំពាន​យ៉ាង​ជាក់​ច្បាស់​ទៅ​នឹង​ច្បាប់​អន្តរជាតិ រួម​ទាំង​ការ​ជំនុំ​ជម្រះ​មិន​បាន​ប្រព្រឹត្តិ​ទៅ​ជា​សាធារណៈ។


ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ក្នុង​នោះ​ក៏​រួម​មាន អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) ផង បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ​ឡើង​វិញ និង​ធានា​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​មាន​ឱកាស​ស្មើគ្នា ដើម្បី​ចូលរួម​ក្នុង​ជីវភាព​នយោបាយ។

កាលពី​ថ្ងៃ​ទី១ មីនា តុលាការ​នៃ​របប​លោក ហ៊ុន សែន បាន​កាត់​ទោស​កំបាំង​មុខ​មេ​ដឹក​នាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ៩រូប ក្នុង​នោះ​រួមមាន លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង អ្នកស្រី ជូឡុង សូមូរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ លោក ហូ វ៉ាន់ លោក ឡុង រី និង​លោក នុត រំដួល ឲ្យ​ជាប់​គុក​ពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ជិត​កន្លះ​លាន​ដុល្លារ ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល ឬ ឧបឃាត និង​បទ​ប៉ុនប៉ង​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ការពារ​សេរីភាព​ចងក្រង​សមាគម និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដើម្បី​ធានា​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​សកម្មភាព​នយោបាយ។

កន្លង​ទៅ​ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ តែង​លើក​ឡើង​ពី​កង្វល់​របស់​ពួកគេ​ជា​ខ្លាំង​ជុំវិញ​ការ​ធ្លាក់​ចុះ​លំហ​ប្រជាធិបតេយ្យ និង​របៀប​នៃ​ការ​ជំនុំជម្រះ​មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ទំនង​ដោយសារ​ហេតុផល​នយោបាយ៕

1 comment:

Anonymous said...

It looks like the financial crisis will force Ah Roleuy Hun Sen to soften his political stance for his survival.

However, by now Khmer people should know this crazy animal Hun Sen's behavior: he will never afraid to do something destructive to Khmer people and Cambodia in exchange for his stay in power.