ដោយ ម៉ៅ សុធានី
2021-03-07
លោក ហ៊ុន សែន និងភរិយា ក្នុងឯកសណ្ឋាន និងគ្រឿងអលង្ការមានតម្លៃថ្លៃ។
រូបពីហ្វេសប៊ុក
ពលរដ្ឋមួយចំនួនយល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា គ្មានបំណងលើកស្ទួយផលិតផល នៅក្នុងស្រុកទេ ស្របពេលអ្នកទាំងពីរអួតកំពុងអួតបង្ហាញសម្ភារៈបរទេស ដែលជាម៉ាកយីហោល្បីៗពាក់ជាប់ខ្លួន។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា អ្នករិះគន់រឿងសម្ភារៈផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី នេះគឺកំពុងរំលោភលើសិទ្ធិបុគ្គល។
ប្រជាពលរដ្ឋមួយចំនួនបញ្ចេញមតិថា ជារឿងអាម៉ាស់បំផុតដែលមានដឹកនាំមិនយកចិត្តទុកដាក់ប្រជាពលរដ្ឋខ្លួន និងកំពុងកុហកពួកគេ។ ពួកគេ មិនជឿថា ថាលោក ហ៊ុន សែន មានចេតនា ចង់លើកទឹកចិត្ត ដល់សិប្បកម្មកែច្នៃ និងផលិតផលស្នាដៃកូនខ្មែរឱ្យប្រសើរឡើងនោះទេ។
ប្រជាពលរដ្ឋខេត្តសៀមរាប លោក យាយ យឺន រិះគន់ថា លោក ហ៊ុន សែន និងគ្រួសារមិនមានទម្លាប់ប្រើប្រាស់ផលិតផលក្នុងស្រុកដូចការអះអាងឡើយ។ លោកបន្តថាអ្នកស្រី ប៊ុន រ៉ានី ថតរូបសម្ញែងដោយកាន់កាបូបក្នុងស្រុកមានតម្លៃមិនដល់មួយរយដុល្លារ គ្រាន់តែចង់ជួយផ្សព្វផ្សាយឈ្មោះហាងបក្ខពួកតែប៉ុណ្ណោះ៖ «សម្ភារៈក្នុងខ្លួនវិញសុទ្ធតែ របស់មានតម្លៃ ហើយទំនើបៗហើយដល់សម្ដី ថាលើស្ទួយផលិតផលខ្មែរ ប៉ុន្តែដល់ប្តីនោះ ពាក់នាឡិកា តម្លៃរាប់លាន ឯប្រពន្ធ ក្នុងខ្លួនស្គុះស្គាយ មើលទៅដូចជាអាណោចអាធ័មជីវិតខ្មែរណាស់អ្នកក្រីក្រ ដល់ទៅខ្លួនឯងល្អណាស់ ខោសុទ្ធតែរាប់ពាន់ដុល្លារ អាវសុទ្ធតែរាប់រយ រាប់ពាន់ដុល្លារ កាបូបស្ពាយបង្ហាញសម្ញែង រាស្ត្រខ្មែរគ្មានអ្នកណាគេសប្បាយចិត្តជាមួយទេ បង្ហាញមួយភ្លេតដើម្បីឱ្យគេឯងចាប់អារម្មណ៍ជាហាងនោះផង»។
ប្រតិកម្មរបស់ពលរដ្ឋនេះ ធ្វើឡើងក្រោយពេល លោក ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួន លើកសរសើរអ្នកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងអ្នកហែហមផ្សេងទៀត កាន់កាបូបដៃ ដែលជាផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែមីនា។
រូបថតបានបង្ហាញពីស្លៀកពាក់ហឺហា របស់អ្នកស្រី ប៊ុន រ៉ានី។ អ្នកស្រី ប្រើប្រាស់សម្ភារៈ រួមមាន អាវយឺតម៉ាក វ័រស៍ហ្សេ (Versace) មួយតម្លៃជិត៧រយ (៦៣០) ដុល្លារ និងខ្សែក្រវ៉ាត់ម៉ាក ហេមេស (Hemes) មួយតម្លៃជិត១ពាន់ (៨៤៥) ដុល្លារ ស្បែកជើងម៉ាក បាលេនស៊ីអេហ្គា (Balenciaga Triple S sneakers) មួយតម្លៃជាងមួយពាន់ (១០៩០) ដុល្លារ និងនាឡិកាម៉ាក រីឆាត មៀល (Richard Mille) មួយតម្លៃចន្លោះ ១សែន ទៅ៤សែនដុល្លារ ដែលជាម៉ាក់យីហោល្បីៗ នៅលើពិភពលោក រួមទាំងគ្រឿងអលង្ការដ៏មានតម្លៃផ្សេងទៀត។ ជាមួយគ្នានេះ កាបូបយួរដៃផលិតផលកែច្នៃពីកំប្លោក ដែលប្ដីអ្នកស្រីអួតសរសើរនោះមួយតម្លៃជិតមួយរយដុល្លារ (៧៦.៥០) ជាផលិតផលហាងឈ្មោះ បាលិលេយ្យ (Palilay) ទំនងជាហាងរបស់អ្នកស្រី ទាង អេង ភរិយាលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាកូនប្រសារលោក ទៀ បាញ់។
ការប្រើប្រាស់សំលៀកបំពាក់ និងសម្ភារៈមានតម្លៃដល់រាប់សែនដុល្លារនេះ បង្កើតជាចម្ងល់ជាច្រើនដល់ពលរដ្ឋជាច្រើនផងដែរថា តើអ្នកទាំងពីរបានប្រាក់មកពីណា ហើយថាហេតុអ្វីបានជាមេដឹកនាំប្រទេសបន្តអួតអាងពីទ្រព្យសម្បត្តិ នៅពេលមនុស្សខ្លះរកតែបាយសឹងមិនមានហូបដូច្នោះ?
ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ ផន សុភាព យល់ថា លោក ហ៊ុន សែន និងភរិយាចូលចិត្តបង្អួតសម្ភារៈ ស្បែកជើង នាឡិកា កាបូប វែនតា និងខោអាវ ដែលមានតម្លៃខ្ពស់កប់ពពក ហួសពីប្រាក់ខែរបស់ខ្លួន។ លោកនិយាយថា លោក ហ៊ុន សែន មិនមានគំនិត លើកតម្កើងផលិតផលខ្មែរ និងស្វែងរកទីផ្សារលក់ដូរផលិតផលឱ្យពលរដ្ឋទេ៖ «បើចេញវិញ ព្រៃឈើ រ៉ែ ខ្សាច់ អីជាដើម យើងមើលឃើញហើយហែដូចកឋិន តើមានសមត្ថភាពគ្រប់គ្រងបានទេ? ផលិតផលល្អណាស់របស់ខ្មែរ អីខ្មែរ តែពេលលទ្ធភាពប្រជាពលរដ្ឋខ្មែរធ្វើបាន មានបាននាំចេញយកជាស្នាដៃ គេឃើញជាស្នាដៃរបស់ខ្មែរល្អទេ? អត់ទេ បំបិទ តែដល់ពេលនិយាយល្អណាស់ តែអនុវត្តផ្សេងអ៊ីចឹង»។
ជាមួយគ្នានេះដែរ ពលករខ្មែរកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង លោក ឯក ចេស្តារ មិនគាំទ្រការលើកឡើងរបស់លោក ហ៊ុន សែន នោះទេ ព្រោះវាគ្រាន់តែជាការសម្តែង យករូបភាពមកដាក់នៅក្នុងបណ្ដាញផ្សព្វផ្សាយ ដើម្បីបង្ហាញទៅដល់ប្រជាពលរដ្ឋ ដែលមិនបានដឹងនិងស្គាល់តម្លៃសំលៀកបំពាក់នៅបរទេសតែប៉ុណ្ណោះ៖ «ប្រើប្រាស់នូវនាឡិកា របស់លោក ហ៊ុន សែន ក្តី ទាំងខោអាវ ទាំងកាបូប ទាំងស្បែកជើងរបស់ភរិយាគាត់ក្តី គឺសុទ្ធសឹងតែជារបស់បរទេសទាំងស្រុង អ៊ីចឹងអត់មានចំណុចណាដែលគាត់លើកឡើងមកជាការពិតទេ គឺជាការនិយាយកុហក និយាយបំផ្លើសតែម្ដង»។
មិនមែនតែអ្នកស្រី ប៊ុន រ៉ានី ទេ ដែលនិយមប្រើប្រាស់របស់ថ្លៃ ចំណែកប្តីអ្នកស្រី គឺលោក ហ៊ុន សែន ក៏ធ្លាប់រងការរិះគន់ដែរថា ប្រើប្រាស់របស់របរថ្លៃហួសសមត្ថភាពនិងប្រាក់ខែ។
កាលពីខែកក្កដា ឆ្នាំ២០២០ សារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតឈ្មោះ វ៉ាយស៍ (VICE) បានចេញផ្សាយអត្ថបទមួយថា លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃប្រទេសក្រីក្រមួយមានប្រាក់ខែជាង១០លានរៀល ឬប្រមាណ ២ពាន់៥រយ (២៥០០) ដុល្លារអាមេរិកនោះ បែរជាមាននាឡិកាដៃប្រណិតជាច្រើនគ្រឿង ក្នុងតម្លៃរាប់លានដុល្លារ។ សារព័ត៌មាននេះ សរសេរយ៉ាងលម្អិតថា នាឡិកាដ៏ប្រណិតមួយគ្រឿងថ្មីទៀត ដែលលោក ហ៊ុន សែន បានពាក់ជាប់នឹងដៃ គឺជាប្រភេទនាឡិកាម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិតនៅប្រទេសស្វីសអំឡុងឆ្នាំ២០១៤-២០១៦ មានតម្លៃ ១លាន ២សែនដុល្លារ ហើយបច្ចុប្បន្ន នាឡិកាប្រភេទនេះ មានតម្លៃដល់ ៣លានដុល្លារ នៅពេលគេដាក់ឱ្យដេញថ្លៃ។ ជាមួយគ្នានេះគេក៏ប្រទះឃើញថា លោក ហ៊ុន សែន ធ្លាប់ពាក់នាឡិកាជាច្រើន ដែលមានតម្លៃសរុបដល់ទៅ៩លានដុល្លារ ក្នុងនោះក៏មាននាឡិកាម៉ាក រីឆាត មៀល (Rechard Mille Sapphire Dragon Tuorbilon) ដែលជាប្រភេទកម្រ គឺមានតែ ៥៥គ្រឿងលើពិភពលោក។
ពាក់ព័ន្ធនឹងការរិះគន់របស់ពលរដ្ឋនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត លើកឡើងថា រដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា មានគោលនយោបាយ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក។ លោកថា អ្នកស្រី ប៊ុន រ៉ានី ប្រើប្រាស់របស់បរទេសនោះដោយសារស្រុកខ្មែរមិនផលិតដូចស្រុកគេ។ លោកជឿជាក់ថា អ្នកស្រី ប៊ុន រ៉ានី នឹងប្រើប្រាស់ផលិតផលក្នុងស្រុកប្រសិនមានការផលិតនៅក្នុងស្រុក។ លោកយល់ថា ការរិះគន់របស់ពលរដ្ឋជារឿងច្រណែននឹង លោក ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី៖ «ការទិតៀន និងវាយប្រហារចំពោះប្រមុខរាជរដ្ឋាភិបាល និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នេះ ខ្ញុំយល់ថាជាការយល់ឃើញរបស់បងប្អូនមួយចំនួនទេ បើគាត់និយាយថា សម្លេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រើតែរបស់បរទេស គឺខ្ញុំយល់ថា របស់បរទេសនោះ ដែលគាត់ប្រើនោះ ដោយសារអត់មានផលិតផលក្នុងស្រុកធ្វើដូចគេ បើធ្វើឧបមាថា ធ្វើដូចជា កាបូប ឬមួយស្បែកជើង ឬមួយវ៉ែនតាអី បើយើងមានផលិតផលក្នុងស្រុក ខ្ញុំជឿជាក់គាត់ប្រាកដជាប្រើរបស់ក្នុងស្រុកហើយ»។
ទោះបីជាយ៉ាងណា អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា ផលិតផលរបស់ខ្មែរ មិនមានទីផ្សារច្បាស់លាស់ និងមិនសូវទទួលបានការគាំទ្រ មិនផ្ដល់តម្លៃ និងមិនមានទីផ្សារនោះទេ។ លោកថាមេដឹកនាំខ្មែររវល់តែសម្ងែងរបស់មានតម្លៃ ស្រុកគេ ហាក់មិនខ្វាល់ខ្វាយស្វែងរកទីផ្សារលក់ផលិតផលក្នុងស្រុក។ លោកយល់ថា អ្នកនយោបាយមិនគួរសម្ញែងសម្ភារៈ ដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ដែលកំពុងជួបទុក្ខលំបាកបែបនេះទេ៖ «គិតថាមហាជនគាត់យល់ ហើយគាត់យល់ច្បាស់ពីការបង្ហាញ ពីនៅរបស់ទំនើបៗ ដែលមានតម្លៃថ្លៃហ្នឹង តែផលិតផលដែលជារបស់ខ្មែរ ហាក់មិនសូវបានយកចិត្តទុកដាក់ ឬក៏ផ្ដល់តម្លៃប៉ុន្មានទេ ពីអ្នកដឹកនាំ អ្នកនយោបាយ យើងឃើញតែរូបភាពនៃការអំពាវនាវ នៃការបង្ហាញបន្តិចបន្តួច ប៉ុន្តែធាតុពិត នៅតែជួបនូវបញ្ហាដដែលហ្នឹង បញ្ហាគឺខ្វះទីផ្សារ ខ្វះការលើកទឹកចិត្ត ទំនុកបម្រុង»។
អង្គការឃ្លាំមើលពិភពលោក គ្លូបល វីនេស (Global Witness) កាលពីឆ្នាំ២០១៦ រកឃើញថា ត្រកូល «ហ៊ុន» កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន។ គ្រួសារត្រកូល «ហ៊ុន» បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើន ដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារ ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗ។
កាលពីថ្មីៗនេះ អង្គការតម្លាភាពអន្តរជាតិ (Transparency International) ក៏បានឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៦០ ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន១៨០ ដែលចំណាត់ថ្នាក់នេះ អន់ជាងប្រទេសមីយ៉ាន់ម៉ា ឬភូមា(Myanmar) វៀតណាម និងឡាវ ទៅទៀត ក្នុងការវាយតម្លៃពីអំពើពុករលួយឆ្នាំ២០២០៕
3 comments:
Hell should select these 2 devils - Mi Kanhchrouk Bun Rany and Ah Kwack Hun Sen - as their celebrities.-
These 2 Khmer traitors ( Bun Rashit and Ah Sen ) show off their fortune at the time that Khmer people suffer miserably from the loss of their job.
If these 2 devils are Khmer, they would not have the gut to behave this way.
Don't count on hell or haven to deal with dictators. Count on people power to bring down dictators.
Post a Comment