Wednesday, 17 March 2021

អង្គការ​អន្តរជាតិ​ជិត​ ​៥​០​ ​គាំទ្រ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (​I​CC) ​ដែល​នឹង​សម្រេច​លើ​សំណុំរឿង​រំលោភ​ដីធ្លី​នៅ​កម្ពុជា​ឆាប់ៗ​


2021-03-16
អង្គការ​អន្តរជាតិ​ជិត​ ​៥​០​ ​គាំទ្រ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (​I​CC) ​ដែល​នឹង​សម្រេច​លើ​សំណុំរឿង​រំលោភ​ដីធ្លី​នៅ​កម្ពុជា​ឆាប់ៗ​ 

មេធាវី​អង់គ្លេស​ ​លោក​ ​រី​ឆាត​ ​រ៉​យ​ជើ​ស៍ (​Rich​ar​d​ Ro​g​e​rs) ​នៃ​ក្រុមហ៊ុន​មេធាវី​ ​G​l​ob​a​l​ ​Diligence​  ​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី​ ​នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​សហរដ្ឋអាមេរិក​ ​កាលពី​ថ្ងៃ​ទី​ ​១​៨​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២​០​១​៥​។
RFA



អង្គការ​អន្តរជាតិ​ជិត​ ​៥​០​ ​គាំទ្រ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (​I​CC) ​ដែល​នឹង​សម្រេច​លើ​សំណុំរឿង​រំលោភ​ដីធ្លី​នៅ​កម្ពុជា​ ​នៅ​ពេល​ឆាប់ៗ​ ខាងមុខ​។​ ​លិខិត​គាំទ្រ​នេះ​ ​ធ្វើឡើង​ក្រោយ​ព្រះរាជអាជ្ញា​នៃ​តុលាការអន្តរជាតិ​នេះ​ ​បាន​ប្រកាស​កាលពី​ខែ​កុម្ភៈ​​ថា ​អ្នកស្រី​នឹង​ពិនិត្យមើល​រឿង​នេះ​ ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។

តាមរយៈ​លិខិត​ចំហ​ ​កាលពី​ថ្ងៃ​ទី​​១​៦​ ​ខែ​មីនា​ ​ដែល​ផ្ញើ​ជូន​ទៅ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​អ្នកស្រី​ ​ហ្វា​ទូ​ បិ​ន​ស៊ូ​ដា​ (​Fat​ou ​Ben​so​u​d​a​) ​ដែល​មាន​អង្គការ​អន្តរជាតិ​ចំនួន​ ​៤​៤​​ស្ថាប័ន​គាំទ្រ​ ​រួម​មាន​ទាំង​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ផង​ ​ថា​ស្ថានភាព​រំលោភ​ដីធ្លី​នៅ​កម្ពុជា​ ​ជា​ឱកាស​ពិសេស​មួយ​ ​សម្រាប់​ឲ្យ​តុលាការអន្តរជាតិ​នេះ​ ​ដោះស្រាយបញ្ហា​គម្រាម​កំហែង​ដ៏​ធំបំផុត​មួយ​ ​ដែល​ប៉ះពាល់​ដល់​មនុស្សលោក​។​


លិខិត​នោះ​បន្ត​ថា​ ​បញ្ហា​រំលោភ​ដីធ្លី​ ​មិនមែន​ពាក់ព័ន្ធ​តែ​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ដោយបង្ខំ​ពី​លំនៅ​ដ្ឋា​ន​ ​ការ​វាយដំ​ ​ការ​សម្លាប់​មនុស្ស​ ​ឬ​ការ​ចាប់​សកម្មជន​ដាក់​ពន្ធ​នាគា​រ​តែប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​បណ្ដាល​ឱ្យ​មាន​បញ្ហា​ជាច្រើន​ផ្សេងទៀត​។​ ​នៅ​ប្រទេស​ជាច្រើន​ ​លើ​ពិភពលោក​ ​អំពើ​រំលោភ​ដីធ្លី​នេះ​ ​វា​ជា​ស្ពាន​ចម្លង​នាំឲ្យ​មានការ​កេងប្រវ័ញ្ច​ធនធាន​ដោយ​ខុសច្បាប់​ ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​ដើម​ភាគតិច​ ​និង​ការ​បំ​ផ្លេច​បំផ្លាញ​បរិស្ថាន​។​ ​លិខិត​ដដែល​បន្ថែម​ថា​ ​កាលណា​មាន​ចំណាត់​ការបញ្ឈប់​ការរំលោភ​ដីធ្លី​ ​គឺ​នឹង​ជួយការ​ពារ​បរិស្ថាន​ ​និង​បង្ការ​ការ​ប្រែប្រួល​អាកាសធាតុ។​

លិខិត​ចំហ​នេះ​ ​ធ្វើឡើង​ដោយ​មេធាវី​អន្តរជាតិ​លោក​ ​រី​ឆាត​ ​រ៉​ជើ​ស៍ (​Rich​ar​d​ Ro​g​e​rs) ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​ ​Climate​ ​Counsel​។​ ​លោក​បាន​ដាក់ពាក្យបណ្តឹង​មួយ​ទៅ​តុលាការអន្តរជាតិ​នេះ​ ​កាលពី​ឆ្នាំ​២​០​១​៤​ ​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​ការរំលោភ​ដីធ្លី​ ​ប្តឹង​របប​លោក​ ​ហ៊ុន​ ​សែន​ ​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ ​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយបង្ខំ​ចេញពី​លំនៅឋាន​។​

នៅ​ក្នុង​ពាក្យបណ្តឹង​កាលពី​ឆ្នាំ​​២​០​១​៤​ ​នោះ​ ​លោក​ ​រី​ឆាត​ ​រ៉​ជើ​រ​ (​Rich​ar​d​ Ro​g​e​rs) ​បាន​បញ្ចូល​ភ័ស្តុ​តាង​ជាច្រើន​ ​ដែល​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ ​ថា​នៅ​កម្ពុជា​ពិតជា​មាន​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ​ ​ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​ដីធ្លី​ ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ ​រង​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​ ​ដែល​ធ្វើឲ្យ​មនុស្ស​រាប់​សែន​នាក់​ ​រួម​មាន​ទាំង​ជនជាតិ​ដើម​ភាគតិច​ផង​ ​ត្រូវ​គេ​បណ្តេញ​ចេញពី​លំនៅ​ដ្ឋា​ន​ទាំង​បង្ខំ​។​

អ្នកចូលរួម​ធ្វើ​លិខិត​នេះ​ពីរ​រូប​ទៀត​ ​គឺ​សហ​ស្ថាបនិក​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក​ (​G​l​ob​a​l​ ​Witness​) ​លោក​ ​ផែ​ទ្រិ​ក​ ​អា​លី​ (​P​a​trick​ ​Alley​) ​និង​ប្រធាន​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ (​F​I​D​H​) ​អ្នកស្រី​ អេ​លី​អូ​ណូ​រ៉េ​ ម៉ូ​រ៉ែ​ល​ (​E​l​éo​nor​e​ ​More​l​)​។​ ​ក្រៅពីនោះ​ ​នៅ​មាន​អង្គការ​ជាតិ​មួយ​ចំនួន​ទៀត​ ​ក៏បាន​ចូលរួម​គាំទ្រ​លិខិត​នេះ​ដែរ​ ​ប៉ុន្តែ​ ​មិនបាន​រាយ​នាម​នោះ​ទេ​ ​ដោយសារតែ​មូលហេតុ​សន្តិសុខ​ ​និង​សុវត្ថិភាព​។​

លោក​ ​ផែ​ទ្រិ​ក​ ​អា​លី​ (​P​a​trick​ ​Alley​) ​ថា ​ពួក​អភិជន​ដែល​ពុករលួយ​នៅ​កម្ពុជា​ ​កើន​ទ្រព្យ​មហាសាល​ ​ដោយសារតែ​លក់​កេរ​តំ​ណែ​ល​ធម្មជាតិ​របស់​ប្រទេស​ ​ដោយធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​អាស្រ័យផល​នឹង​ធនធាន​ទាំងនេះ​។​ ​លោក​ថា​ដល់​ពេលវេលា​ហើយ​ ​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​បញ្ចប់​វប្បធម៌​និ​ទណ្ឌ​ភាព​ ​ដែល​ជាដើម​ចម​នៃ​ឧក្រិដ្ឋកម្ម​ទាំងនេះ​។​

ខ្លឹមសារ​លិខិត​ចំហ​ដដែល​នោះ​ ​សង្កត់ធ្ងន់​បន្ថែម​ទៀត​ថា​ ​ការ​ចាត់ការ​លើ​សំណុំរឿង​រំលោភ​ដីធ្លី​នៅ​កម្ពុជា​នេះ​ ​គឺជា​ការ​ពញ្ញាក់​ស្មារតី​ ​និង​ផ្ញើ​សារ​ឲ្យ​ពិភពលោក​បាន​ដឹងឮ​​​ថា ​បទ​ឧក្រិដ្ឋ​ពាក់ព័ន្ធ​ការរំលោភ​ដីធ្លី​ ​គឺ​ពាក់ព័ន្ធ​គ្នា​ទៅ​នឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​ ​ការ​ចាត់ការ​រឿង​នេះ​ ​ក៏​ជា​សារ​ឲ្យ​ឮ​ដល់​អ្នកនយោបាយ​ ​និង​អ្នកជំនួញ​ ​ឲ្យ​ពួកគាត់​ញញើត​ ​លែង​ហ៊ាន​ប្រព្រឹត្ត​បំពាន​សិទ្ធិមនុស្ស​ ​និង​បំផ្លាញ​បរិស្ថាន​តទៅទៀត​។​

អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​គឺ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​បាន​នៅឡើយ​ទេ។​ ប៉ុន្តែ​​កន្លងមក​ ​លោក​តែងតែ​ថា​លោក​មិន​ចាប់អារម្មណ៍​ ​ឬ​ឲ្យ​តម្លៃ​រឿង​នេះ។​ ​លោក​ធ្លាប់​លើកឡើង​ថា​ ​នេះ​គ្រាន់តែ​ជា​យុទ្ធនាការ​ដើម្បី​បង្អើល​ ​ហើយ​ឲ្យ​គេ​ចាប់អារម្មណ៍​ ​និង​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​ខ្លួន​គាត់​ល្បី​ប៉ុណ្ណោះ​។​

កម្ពុជា​បាន​ចុះហត្ថលេខា​ទទួលស្គាល់​លក្ខ​ន្តិកៈ​ទីក្រុង​រ៉ូ​ម​ (Ro​me​ ​Statue​) ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (​I​CC) ​កាលពី​ឆ្នាំ​២​០​០​២​។​ ​ដូច្នេះ​ ​តុលាការអន្តរជាតិ​នេះ​ ​មាន​ដែន​សមត្ថកិច្ច​ ​ក្នុង​ការ​កាត់ទោស​មេដឹកនាំ​កម្ពុជា​ណា​ ​ដែល​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ ​ដែល​មាន​ចែង​ក្នុង​លក្ខ​និ្តកៈ​ទីក្រុង​រ៉ូ​ម​នោះ​ ​ប្រសិនបើ​មាន​ភ័ស្តុ​តាង​ចោទប្រកាន់​គ្រប់គ្រាន់។​

​លោក​ ​រី​ឆាត​ ​រ៉​ជើ​ស៍ (​Rich​ar​d​ Ro​g​e​rs) ​ថា​សំណុំរឿង​កម្ពុជា​នេះ​ ​គឺជា​ឱកាសល្អ​បំផុត​ ​និង​ចុងក្រោយបង្អស់​មួយ​ ​សម្រាប់​អ្នកស្រី​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ក្នុង​ការ​បង្ហាញ​ថា​ ​អ្នកស្រី​ពិតជា​មាន​ឆន្ទៈ​ចង់​បញ្ឈប់​សកម្មភាព​រំលោភ​របស់​រដ្ឋាភិបាល​ ​និង​ពួក​ឈ្មួញ​៕

No comments: