ដោយ សុជីវី
2021-04-12
ក្រុមគ្រូពេទ្យរៀបចំដឹកបញ្ជូនអ្នកជំងឺម្នាក់ដើម្បីទៅព្យាបាលនៅក្នុងរាជធានីភ្នំពេញ។
រូប៖ ហ្វេសប៊ុកនាយកដ្ឋានចត្តាឡីស័ក
អ្នកជំងឺម្នាក់ទៀតហើយបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឲ្យតួលេខអ្នកស្លាប់កើនដល់ ៣០ នាក់គិតត្រឹមថ្ងៃទី១២ ខែមេសា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺរូបនោះ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ រស់នៅសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។ គាត់បានស្លាប់នៅយប់ថ្ងៃទី១១ ខែមេសា នៅក្នុងមន្ទីរពេទ្យហ្លូងម៉ែដោយសារវិបត្តិផ្លូវដង្ហើមនិងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។
នៅថ្ងៃដដែលនេះ ក្រសួងក៏បានរកឃើញអ្នកឆ្លងថ្មីក្នុងសហគមន៍ជិតបីរយ (២៧៧) នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន ៦០នាក់។ អ្នកឆ្លងថ្មីទាំង ជិតបីរយនាក់នេះ ភាគច្រើនរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង។
ទន្ទឹមគ្នានេះ អាជ្ញាធររាជធានីភ្នំពេញឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន ៩រូប ដែលបានគេចវេសចាប់តាំងពីថ្ងៃទី៩ ខែមេសា នោះ គឺមានអ្នកជំងឺចំនួន ៤រូប បានយល់ព្រមបង្ហាញខ្លួនហើយ នៅថ្ងៃទី១២ ខែមេសា និងទាក់ទងឲ្យអាជ្ញាធរទៅយកដើម្បីព្យាបាល ក្រោយពេលអាជ្ញាធរព្រមានដាក់ទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។ ក្នុងចំណោម ៤ នាក់ នេះ មាន ៣ នាក់ ជាកម្មករនៅរោងចក្រឌីនហាន (DIN HAN)។ ចំណែកអ្នកជំងឺ ៥ រូបទៀត ពួកគេ មិនទាន់បង្ហាញខ្លួននៅឡើយ។ អាជ្ញាធររាជធានីភ្នំពេញ ទុកពេលឲ្យពួកគេបីថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ហើយបើនៅតែមិនបង្ហាញខ្លួនទៀត អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់។
គិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសា កម្ពុជាបានរកឃើញអ្នកឆ្លងសរុបជាង ៤ពាន់ ៥រយ (៤.៥១៥) នាក់ ក្នុងនោះ ករណីក្នុងសហគមន៍លើកទី ៣ មានជិត៤ពាន់ (៣.៩៨២) នាក់។ អ្នកកំពុងសម្រាកព្យាបាលមានជាង ២ពាន់ ២រយ (២.២៦៨) នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដចំនួន ៣០ នាក់៕
No comments:
Post a Comment