ដោយ សន ចាន់រដ្ឋា
2021-04-08 rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុងជំនួបជាមួយលោក ស៊ី ជីនពីន ប្រធានាធិបតីចិន នាទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។
Photo AFP
សាធារណរដ្ឋប្រជាមានិតចិនបានចេញមុខជួយបណ្ដាប្រទេសមួយចំនួននៅអាស៊ី ដែលរងគ្រោះដោយជំងឺកូវីដ ១៩ លើវិស័យសេដ្ឋកិច្ច ការទូត និងយោធា ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។ ប្រការនេះ អាចជាការចូលជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់កម្ពុជា ដើម្បីពង្រីកឥទ្ធិពល និងផលប្រយោជន៍របស់ខ្លួន។ ស្ថានទូតចិនប្រចាំកម្ពុជាបានបង្ហោះសារក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដាសតឿនឱ្យរបបក្រុងភ្នំពេញ កុំភ្លេចដឹងគុណដល់អ្នករក្សាសន្តិភាព ជាពិសេសគឺយោធាចិនបានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ទី ៩០។
តើឥទ្ធិពលរបស់ចិន មានទំនាក់ទងដូចម្តេចខ្លះ? ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន?
អស់រយៈពេលជាច្រើនទសវត្សរ៍កម្ពុជាមានទំនាក់ទំនងមិត្តភាពជាមួយចិនចាក់ទឹកមិនលិច។ ទំនាក់ទំនងនោះមានដូចជាការផ្ដល់ទីកន្លែងដល់អតីតព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ ក្រោយរដ្ឋប្រហារទម្លាក់ពីដំណែងរបស់សេនាប្រមុខ លន់ ណុល ការគាំទ្ររបបដឹកនាំខ្មែរក្រហមឱ្យប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមប្រល័យពូជសាសន៍ ហើយបច្ចុប្បន្ននេះរដ្ឋាភិបាលក្រុងប៉េកាំងបានងាកមកគាំទ្ររបប ក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ម្តងទៀត។
ការគាំទ្ររបស់រដ្ឋាភិបាលចិន ហាក់មិនខ្វល់ពីការគោរពសិទ្ធិមនុស្ស និងច្បាប់របស់កម្ពុជានោះទេ ពោលគឺគេគិតតែកិច្ចព្រមព្រៀងរវាងប្រទេសនិងប្រទេស ដើម្បីផលប្រយោជន៍របស់ខ្លួន។ ក្រោមរូបភាពការអភិវឌ្ឍ លើដីក៏ហិន ក្រោមដីក៏ហោច ឈូសឆាយព្រៃឈើ លុបបឹង ទន្លេ សមុទ្រ លើសពីនេះ ប្រទេសចិនជួយកម្ពុជា ក្នុងទម្រង់ជាការវិនិយោគ ឥណទានប្រាក់កម្ចីដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ជាថ្នូរមកវិញរដ្ឋាភិបាលធ្វើការសម្បទានឱ្យក្រុមហ៊ុនចិនដែលអាចមានរយៈពេល ៩៩ ឆ្នាំ ហើយការបើកដៃឱ្យវិនិយោគចិនចូលមកនេះ បង្កឱ្យមានការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ ការបណ្ដេញចេញពីលំនៅឋាន វិនាសកម្មព្រៃឈើ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។
លោក ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលកម្ពុជាខ្ចីលុយចិន ដើម្បីវិនិយោគក្នុងប្រទេសកម្ពុជា ហើយបានចាត់ទុកការរិះគន់ទាំងឡាយ ជាការបន្ទច់បង្អាក់ទំនាក់ទំនងរវាងកម្ពុជា-ចិន។ តែលោកថា កម្ពុជាបច្ចុប្បន្នមិនមែនខ្ចីតែប្រទេសចិននោះទេ គឺបានខ្ចីពីប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនថែមទៀត ការខ្ចីនេះទៀតសោត កម្ពុជាបានគិតគូរល្អិតល្អន់ និងច្បាស់លាស់ណាស់ ហើយប្រាក់កម្ចីដែលកម្ពុជាខ្ចីមានអត្រាការប្រាក់ទាប៖ «ធនាគារពិភពលោកត្រឹមឱ្យយើង ១ពាន់លានដុល្លា (១០០០) ធនាគារអាស៊ី ៦ រយលាន (៦០០) ជប៉ុនក៏មានមួយផ្នែក ចិនក៏មានមួយផ្នែក ធនាគារអឺរ៉ុបក៏មានមួយផ្នែក បារាំង និងអង់គ្លេសក៏មានមួយផ្នែកអាហ្នឹងវាគឺជាតម្រូវការ»។
ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ទង្វើរបស់ចិនហាក់ងប់ងុលនូវអន្ទាក់ដើម្បីធ្វើអាណានិគមលើកម្ពុជា ជាប្រយោលតាមរយៈការផ្តល់កម្ចីដ៏ច្រើនលើសលុប។ ផ្អែកតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីឆ្នាំ២០២០ កម្ពុជាជំពាក់ចិនដល់ទៅជាង ៣.៧០០លានដុល្លារ ឬស្មើនឹងជិត ៤៧ ភាគរយនៃទំហំបំណុលសរុបដែលកម្ពុជាជំពាក់បរទេស។ លុយដែលខ្ចីពីចិនភាគច្រើនផ្ដោតលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពាន ជាដើម។
របបក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន បង្ហាញគោលជំហរចេញមុខការពាររបបក្រុងប៉េកាំង ដែលប្រកាន់លទ្ធិកុម្មុយនិស្ត។
ការលើកឡើងនេះបន្ទាប់ពី មន្ត្រីគ្រាក់ៗរបបក្រុងភ្នំពេញបានសម្ដែងការមិនពេញចិត្តចំពោះទណ្ឌកម្មអាមេរិកលើក្រុមហ៊ុនចិន យូឌីជី (UDG) Union Development Group) ដែលវិនិយោគលើគម្រោងអភិវឌ្ឍខ្នាតធំនៅខេត្តកោះកុង ដោយសារតែពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងដីធ្លី កាលពីខែកញ្ញា ឆ្នាំ២០២០។
លោក ហ៊ុន សែន ចាត់ទុកថា របាយការណ៍របស់អាមេរិកជាទណ្ឌកម្មប្រជែងឥទ្ធិពលនយោបាយមកលើកម្ពុជា និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ ទោះបីជាយ៉ាងណាអ្នកឃ្លាំមើលបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលវិភាគថា នេះជាការជួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិរបស់ក្រុមហ៊ុនបរទេស ជះឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជា។ ជំនួយរបស់ចិនមកកម្ពុជា ក៏ដូចជាជំនួយរបស់ចិនដល់លើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃដែរ ផ្ដោតសំខាន់ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បំណងអាចដឹកជញ្ជូនធនធានធម្មជាតិ រួមមាន លោហធាតុ រ៉ែមាស ថ្មម៉ាប និង រ៉ែដែក ជាដើម ទៅកាន់ប្រទេសចិន។
ក្រោមហេតុផលដើម្បីរក្សាសន្តិសុខប្រទេសជាមិត្តក្នុងតំបន់ ចិនបានពង្រីកវត្តមានយោធារបស់ខ្លួននៅកម្ពុជាដោយតម្កើងខ្លួនថា អ្នកបង្កើតសន្តិភាព ក្នុងនាមជាបងធំចាំកាងការពារកម្ពុជាមិនឱ្យប្រទេសទីបីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដាច់ខាត។
ជាការដឹងគុណចំពោះមហាមិត្តដែកថែបចិន ហាក់ជាការសងមកសហរដ្ឋអាមេរិកវិញ នូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់នៃរបបសន្តិភាពក្រុងភ្នំពេញ អគារមួយក្នុងចំណោមអគារជាច្រើននៅក្នុងមូលដ្ឋានទ័ពរាម ដែលសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិកកាលពីខែ សីហាឆ្នាំ ២០១២ត្រូវបានរបបក្រុងភ្នំពេញកម្ទេចចោល កាលពីដើមខែកញ្ញា ឆ្នាំ២០២០។ ការបំផ្លាញអគារ ដែលជាជំនួយថវិការបស់សហរដ្ឋអាមេរិក ទំនងជារដ្ឋាភិបាល របស់លោក ហ៊ុន សែន ចង់បង្ហាញប្រាប់ភក្ដីភាពរបស់ខ្លួន ដល់ចិនពីចំណងមិត្តភាពអមតៈ ស្ថានទូតចិន តែងតែបង្ហោះសារជារឿយៗ។
ចំណែកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិថា ការវាយកម្ទេចអគារជាជំនួយរបស់សហរដ្ឋអាមេរិកគឺជាសញ្ញាបង្ហាញកាន់តែច្បាស់បន្ថែមទៀតពីទំហំនៃទំនាក់ទំនងរបស់ចិនទៅក្នុងវិស័យយោធាមកលើកម្ពុជា។
ហេតុផលដែលជំរុញឱ្យរបបលោក ហ៊ុន សែន ខំប្រឹងរណបអែបអបចិន ដើម្បីឲ្យជួយគាំទ្រ និងការពារអំណាច មិនស្របច្បាប់របស់ខ្លួន បានមកពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនោះ គឺជាការនាំទុក្ខមកដល់ពលរដ្ឋខ្មែរទាំងមូល។ អ្វីដែលរបបនេះ កំពុងធ្វើសព្វថ្ងៃ គឺជាជំងឺតួឯកដើរបញ្ច្រាសទិសនៃគោលការណ៍អន្តរជាតិដែលធ្វើឲ្យពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិមិនទទួលស្គាល់ និងមិនអាចទទួលយកបាន ធ្វើឱ្យរបបលោក ហ៊ុន សែន កាន់តែឯកោ បាក់មុខលើឆាកអន្តរជាតិ។ លើសពីនេះទៀត អ្វីដែលគ្រោះថ្នាក់បំផុត របបលោក ហ៊ុន សែន គឺបម្រើតែបក្សពួក និងក្រុមរបស់ខ្លួន ប្រែក្លាយប្រទេសកម្ពុជា ជាអាណាចក្រគ្រួសារ និងបក្សពួកនិយមផ្ដាច់មុខ ពិបាកឲ្យអ្នកដទៃចូលចុះ ប្រយោជន៍សេដ្ឋកិច្ច ប្រយោជន៍សង្គម បរិស្ថានជាដើម ត្រូវគេយកទៅជាន់ឈ្លី ហើយបម្រើតែប្រយោជន៍ក្រុមបុគ្គល។ អ្វីៗ ក្លាយជាទំនាស់រវាងក្រុមលោក ហ៊ុន សែន និងគោលការណ៍ជាអន្តរជាតិ ដែលគេមិនអាចលូកដៃធ្វើទំនាក់ទំនងបានជាមួយក្រុមលោក ហ៊ុន សែន។
សរុបសេចក្ដីមកឃើញថា គុណស្រ័យរបស់រដ្ឋអំណាចចិនស្ទើរតែគ្មានផលប្រយោជន៍អ្វីដល់ប្រជាជនកម្ពុជានោះទេ ផ្ទុយទៅវិញចិនបានខិតខំការពារអំណាចផ្ដាច់ការនៃរបបក្រុងភ្នំពេញដើម្បីបានមូលដ្ឋានសម្រាប់តាំងកងទ័ព សម្រាប់ប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសលោកខាងលិចតែប៉ុណ្ណោះ៕
2 comments:
Ah Kwak Hun Sen is neither a human being nor a normal animal, he is an enraged crazy dog.
Khmer people must find a way to deal with this devil Hun Sen, otherwise Cambodia will become a part of the evil Vietnam - Hun Sen's master.
The dumb China was also tricked by the evil Vietnam.
Hun Sen will always look out for himself and his gang. His secret deals to allow foreign military so he and his gang can hold on to power forever. His son will take over when he is in hell. The people will suffer until Cambodia is no more.
Post a Comment