ដោយ មាន ឫទ្ធិ
2021-04-02
អ្នកនេសាទកម្ពុជាកំពុងនេសាទត្រីនៅលើទន្លេមេគង្គ ក្រុងភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
រូប៖ AP Photo/Heng Sinith
អ្នកជំនាញតំបន់មេគង្គលើកឡើងថា ភាគីពាក់ព័ន្ធនៅក្នុងតំបន់មេគង្គ កំពុងចាប់អារម្មណ៍ខ្លាំងទៅលើការចូលរួមពាក់ព័ន្ធរបស់អាមេរិកនៅក្នុងតំបន់មេគង្គ តាមរយៈយន្តការភាពជាដៃគូរវាងតំបន់មេគង្គ និងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់នេះ។ ការលើកឡើងនេះ កើតមានឡើងស្របពេលតំបន់មេគង្គកំពុងតែប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសបញ្ហាសន្តិសុខទឹកនៅតាមប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គ ដោយសារប្រទេសចិនរាំងខ្ទប់ទឹកដោយប្រើវារីអគ្គិសនីខ្នាតយក្សរបស់ខ្លួន។ ថ្មីៗនេះ មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ ស្ទីមសុន សេនធឺរ (Stimson Center) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន បានរៀបចំឲ្យមាននូវកិច្ចសន្ទនាគោលនយោបាយមួយ ក្រោមយន្តការភាពជាដៃគូរវាងតំបន់មេគង្គ និងសហរដ្ឋអាមេរិកនេះ។
នេះបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ ជាមួយនាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ ស្ទីមសុន សេនធឺរ (Stimson Center) លោក ប្រាយ អ៊ិន អាយល័រ (Brian Eyler) ជុំវិញលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយនេះដូចតទៅ៖
មាន ឫទ្ធិ៖ តើអ្វីខ្លះទៅជាលទ្ធផលដែលទទួលបានពីកិច្ចសន្ទនាគោលនយោបាយ ក្រោមយន្តការភាពជាដៃគូរវាងតំបន់មេគង្គ និងសហរដ្ឋអាមេរិក ដែលមជ្ឈមណ្ឌលរបស់លោកទើបបានរៀបចំឡើងនេះ?
ប្រាយអ៊ិន អាយល័រ៖ យើងបានស្វែងយល់ថា មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភាគីពាក់ព័ន្ធក្នុងតំបន់នេះ មកលើការចូលរួមកាន់តែខ្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មេគង្គ តាមរយៈយន្តការភាពជាដៃគូរវាងតំបន់មេគង្គ និងសហរដ្ឋអាមេរិក។ សន្និសីទនេះធ្វើឡើងភាគច្រើនដើម្បីស្តាប់ និងប្រមូលមតិយោបល់នានា ដើម្បីឲ្យអ្នកជំនាញ និងមន្ត្រីក្នុងជួររដ្ឋាភិបាលអាមេរិក អាចស្តាប់ពីតម្រូវការ និងផលប្រយោជន៍នានារបស់ភាគីពាក់ព័ន្ធនៅក្នុងតំបន់មេគង្គ។ យើងស្វែងយល់បានច្រើនអំពីតម្រូវការ ចង់ឲ្យមានការអភិវឌ្ឍន៍ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អការភ្ជាប់ទំនាក់ទំនងក្នុងតំបន់ មធ្យោបាយនានាដើម្បីកែលម្អអភិបាលកិច្ច ឬការគ្រប់គ្រងទឹកឆ្លងដែន និងការបែងចែកធនធានទឹកប្រកបដោយសមធម៌សម្រាប់ប្រទេសក្នុងតំបន់ខ្សែទឹកខាងក្រោមទន្លេមេគង្គ។ ក្រៅពីនោះ ក៏មានការជជែកអំពីភាពចាំបាច់ និងមធ្យោបាយនានាដើម្បីកែលម្អការអនុវត្តច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំទុកជាមុន។ ចុងក្រោយនោះ គឺការជជែកគ្នាជុំវិញប្រធានបទនៃវិធីសាស្ត្រដោះស្រាយបញ្ហា ដែលគេហៅថា ដំណោះស្រាយផ្តោតលើកត្តាធម្មជាតិ។ វិធីសាស្ត្រដោះស្រាយបែបនេះ ពិតជាល្អមែនទែនសម្រាប់តំបន់មេគង្គ ដោយផ្អែកលើកត្តាធម្មជាតិជាគោល។
មាន ឫទ្ធិ៖ ផ្អែកលើការពាក់ព័ន្ធដោយផ្ទាល់របស់លោកក្នុងគម្រោងកិច្ចសន្ទនាគោលនយោបាយនេះ ក្រោមយន្តការភាពជាដៃគូរវាងតំបន់មេគង្គ និងសហរដ្ឋអាមេរិកនេះ តើលោកមើលឃើញថា សហរដ្ឋអាមេរិកកំពុងចូលរួមពាក់ព័ន្ធក្នុងតំបន់មេគង្គនេះបានខ្លាំងប៉ុណ្ណាដែរ បើប្រៀបធៀបនឹងពេលកន្លងទៅ?
ប្រាយអ៊ិន អាយល័រ៖ យន្តការភាពជាដៃគូរវាងតំបន់មេគង្គនិងសហរដ្ឋអាមេរិកនេះ ជួយពង្រីកគោលនយោបាយការបរទេសសហរដ្ឋអាមេរិកនៅក្នុងតំបន់នេះកាន់តែខ្លាំង តាមរយៈការពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ សំខាន់ជាងនេះទៀត តាមរយៈការបង្កើតឲ្យមាននូវវិធីសាស្ត្ររួមមួយរបស់អាមេរិកសម្រាប់តំបន់នេះ។ យើងតែងតែនិយាយអំពីភាពចាំបាច់ ឲ្យមានវិធីសាស្ត្ររួមរបស់រដ្ឋាភិបាលអាមេរិកទៅលើបញ្ហាមួយចំនួន។ ក៏ប៉ុន្តែភាពប្រសើរនៃយន្តការភាពជាដៃគូតំបន់មេគង្គ និងអាមេរិកនេះ គឺថា វាអាចជំរុញទឹកចិត្តដល់ភាគីពាក់ព័ន្ធដែលជាអង្គការមិនមែនរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក មិនថាពួកគេមកពីក្រុមអ្នកសិក្សាស្រាវជ្រាវ ស្ថាប័នស្រាវជ្រាវ ឬវិស័យឯកជននោះទេ ឲ្យអាចបង្កើនទំនាក់ទំនងកាន់តែជ្រាលជ្រៅនៅក្នុងតំបន់នេះបាន។ សំខាន់ជាងនេះ យើងត្រូវទទួលស្គាល់ថា ភាគីពាក់ព័ន្ធមិនមែនរដ្ឋាភិបាលដែលមកពីសហរដ្ឋអាមេរិក កំពុងតែធ្វើការយ៉ាងស្វាហាប់នៅក្នុងតំបន់នេះ ដោយផ្តោតលើបញ្ហាមួយចំនួនក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងទៅនេះ។ យន្តការភាពជាដៃគូរវាងតំបន់មេគង្គ និងសហរដ្ឋអាមេរិកនេះ គឺជាវិធីសាស្ត្រមួយក្នុងការបង្កើតឲ្យបាននូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្រោមក្របខណ្ឌតែមួយ។
មាន ឫទ្ធិ៖ បាទមុនហ្នឹង លោកបានលើកឡើងពីការផ្តោតលើវិធីដោះស្រាយដោយផ្អែកលើកត្តាធម្មជាតិជាគោល សម្រាប់ដោះស្រាយបញ្ហានានាក្នុងតំបន់មេគង្គ។ តើលោកគិតថា តាមរយៈកិច្ចសន្ទនានេះ វាអាចជួយដល់ប្រទេសក្នុងតំបន់ ឲ្យជ្រើសរើសយកវិធីសាស្ត្រនេះមកដោះស្រាយចំពោះបញ្ហាប្រឈមនានាបង្កឡើងដោយប្រទេសចិនដែរឬទេ?
ប្រាយអ៊ិន អាយល័រ៖ ដំណោះស្រាយផ្អែកលើកត្តាធម្មជាតិជាធំ ផ្តល់ឲ្យនូវវិធីសាស្ត្រដោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងតែកើតមានឡើងក្នុងសង្គម។ មានដូចជាប្រព័ន្ធធ្វើកសិកម្មដែលមានលក្ខណៈសម្របសម្រួលដែលអាចជួយឲ្យសហគមន៍មូលដ្ឋានមានភាពរឹងមាំទាំងអស់គ្នា និងដែលអាចការពារពួកគេពីភាពងាយរងគ្រោះនានា ដូចជាការធ្វើចំណាកស្រុកដោយបង្ខំ ការជួញដូរមនុស្សខុសច្បាប់ ការអនុវត្តកម្មវិធីអភិរក្សត្រី ដែលការពារទន្លេ និងតំបន់ដីសំណើមជាដើម។ មិនត្រឹមតែប៉ុណ្ណេះ វិធីដោះស្រាយបែបនេះ ក៏ចូលរួមកែលម្អប្រព័ន្ធអេកូឡូស៊ី ដើម្បីឲ្យមនុស្សបន្តពឹងផ្អែកលើធម្មជាតិ និងធនធានធម្មជាតិជាបន្តទៅទៀត។ ទាំងអស់នេះ គឺសុទ្ធសឹងតែជាការសន្យាផ្តល់ដោយវិធីសាស្ត្រដោះស្រាយដោយផ្តោតលើកត្តាធម្មជាតិជាធំនេះឯង។ ខ្ញុំគិតថា វាជាវិធីសាស្ត្រដោះស្រាយថ្មីមួយ ដែលសាកលលោកទាំងមូល និងតំបន់នេះ កំពុងតែដាក់ចេញ។ យើងចង់ឃើញវិធីសាស្ត្រដោះស្រាយបែបនេះស្តែងចេញជារូបរាងឡើង និងចូលរួមចំណែកដល់ការដាក់ចេញនូវគម្រោង និងកម្មវិធីនានា ពីសំណាក់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធក្នុងមូលដ្ឋាន ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធ និងស្ថាប័ននៅអាមេរិក នឹងផ្តោតលើអត្ថប្រយោជន៍នៃដំណោះស្រាយដែលផ្តោតលើកត្តាធម្មជាតិជាធំនេះ។
មាន ឫទ្ធិ៖ តើលោកសង្កេតឃើញមានការប្រែប្រួលដែរឬទេ ទៅលើឥរិយាបថរបស់រដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះ ក្រោយពេលដែលមានយន្តការភាពជាដៃគូរវាងតំបន់មេគង្គនិងសហរដ្ឋអាមេរិកនេះ និងការបង្កើតឲ្យមាននូវកម្មវិធីឃ្លាំមើលទំនប់វារីអគ្គិសនីនៅតំបន់មេគង្គ?
ប្រាយអ៊ិន អាយល័រ៖ បាទ! កម្មវិធីឃ្លាំមើលទំនប់វារីអគ្គិសនីនៅតំបន់មេគង្គនេះ ត្រូវបានលើកយកមកពិភាក្សាគ្នាយ៉ាងយូរក្នុងកិច្ចប្រជុំរបស់យើង ក្នុងចំណោមអង្គពិភាក្សាផ្សេងៗគ្នា។ ខ្ញុំពិតជារីករាយណាស់ដែលបានឃើញថា កម្មវិធីនេះ ត្រូវបានគេយកមកពិភាក្សាគ្នាបែបនេះ ក្នុងនាមខ្ញុំជាសហប្រធានមួយរូបនៃគម្រោងនេះ។ វាត្រូវបានពិភាក្សាយ៉ាងវិជ្ជមានឆ្ពោះទៅរកការពិតដែលថា កម្មវិធីឃ្លាំមើលនេះ កំពុងជួយពង្រឹងសមត្ថភាពចរចារបស់ប្រទេសតាមខ្សែទឹកខាងក្រោម ដោយតម្រូវឲ្យប្រទេសចិន មានការទទួលខុសត្រូវជាងមុន និងផ្តល់ឲ្យស្ថាប័ន ព្រមទាំងសហគមន៍នានានៅតាមប្រទេសខ្សែទឹកខាងក្រោម នូវភស្តុតាងដើម្បីឲ្យពួកគេអាចចរចាជាមួយប្រទេសចិន បានយ៉ាងមានប្រសិទ្ធភាពជាងមុន៕
No comments:
Post a Comment