ដោយ មាន ឫទ្ធិ
2021-04-10 rfa
(រូបស្តាំ) នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) ដែលទើបត្រូវបានជ្រើសតាំងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
រូប៖ RFA
មិត្តភាពបងប្អូនរួមអាវុធជាប្រពៃណីម៉ឺនឆ្នាំរវាងកម្ពុជានិងវៀតណាម នៅទីបំផុតទៅទំនងជាមិនអាចយកឈ្នះលើមិត្តភាពដែកថែបរវាងកម្ពុជានិងចិនបានឡើយ។ ការមិនអាចយកឈ្នះបាននេះ ស្តែងឲ្យឃើញនិងលេចចេញជារូបរាងបន្តិចម្តងៗតាមរយៈកត្តាពេលវេលា ក្រោយប្រទេសទាំងពីរបានចងក្រងចំណងការទូតប្រើពេលអស់ ៥៤ ឆ្នាំមក។ អតីតសត្រូវប្រវត្តិសាស្ត្រដែលធ្លាប់លើកបន្តុបលោក ហ៊ុន សែន ឲ្យឡើងកាន់អំណាចកាលពីដើមទសវត្សទី៨០ ហើយជាអ្នកឈ្នះសង្គ្រាមឥណ្ឌូចិនចុងក្រោយនៅសមរភូមិកម្ពុជានេះ ហាក់កំពុងថមថយឥទ្ធិពលរបស់ខ្លួនជាលំដាប់ នៅក្រោមការពង្រីកឥទ្ធិពលឥតឈប់ឈររបស់មិត្តដែកថែបចិនលើគ្រប់វិស័យនៅកម្ពុជា។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា យល់ឃើញថា ទំនាក់ទំនងរវាងកម្ពុជាជាមួយវៀតណាមនិងចិននៅមិនទាន់ស៊ីសង្វាក់គ្នាដែលកាលពីមុនកម្ពុជាធ្លាប់ប្រកាន់ជំហរនយោបាយការបរទេសស្របតាមវៀតណាមតែមួយ៖ «បើយើងនិយាយពីទិដ្ឋភាពនៅពេលដែលចិនមុននឹងមានឥទ្ធិពលមកលើកម្ពុជាខ្លាំង គឺកម្ពុជាឈរជំហរនយោបាយការបរទេសជាមួយវៀតណាមតែមួយ។ ក៏ប៉ុន្តែ នៅពេលដែលចិនមានឥទ្ធិពលមកលើនយោបាយកម្ពុជាជាងវៀតណាម កម្ពុជាឈរនយោបាយការបរទេសជាមួយចិនវិញ។ អ៊ីចឹង ទំនាក់ទំនងនេះ វារយៀល វាមិនដូចកាលពីមុនដែលគេហៅថា មិត្តម៉ឺនឆ្នាំនោះ។ វាចាញ់មិត្តដែកថែបបើយើងនិយាយឲ្យមែនទែនទៅ»។
លោក ឯម សុវណ្ណារ៉ា ពន្យល់ថា ដោយឃើញមើលឃើញពីភាពល្អូកល្អឺនខ្លាំងក្រោយកម្ពុជាជ្រើសរើសយកចិនធ្វើជាខ្នងបង្អែកបងធំទីមួយនេះ វៀតណាមបានបង្ហាញពីការមិនពេញចិត្តរបស់ខ្លួន តាមរយៈការលួចចូលបោះតង់នៅលើទឹកដីកម្ពុជា និងការប្រកាសបិទច្រកព្រំដែនជាឯកតោភាគីកាលពីឆ្នាំទៅ ដោយមិនបានជូនដំណឹងជាមុនដល់ភាគីកម្ពុជាជាដើម៖ «កង្វល់នេះ វាជាការពិត ធ្វើឲ្យពាក់ព័ន្ធ ធ្វើឲ្យមានក្តីបារម្ភ អញ្ចឹងហើយបានជាយើងឃើញមានឥទ្ធិពលនៃការពង្រាយ ឬក៏ការសង់តូបនៅតាមព្រំដែន ឬស្តង់ ដែលវៀតណាមថា ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងកូវីដជាដើម។ នេះជាហេតុផលដែលវៀតណាមលើកឡើងជាឯកតោភាគី។ វៀតណាមក៏ធ្វើការបិទច្រកព្រំដែនជាឯកតោភាគី កាលពីខ្ទង់ខែមីនា ឆ្នាំមុន ២០២០។ ទាំងនេះ ក៏ជាកិច្ចការមួយដែលវៀតណាមពញ៉ាក់ស្មារតីកម្ពុជាយើងដែរ ពីព្រោះកម្ពុជាយើងត្រូវការនាំទំនិញនាំចេញនាំចូលតាមច្រកវៀតណាមច្រើន ជាពិសេសទំនិញកសិកម្ម យើងនៅពឹងផ្អែកពីខាងវៀតណាមច្រើនមែនទែន។ យើងមិនទាន់ម្ចាស់ការ ឯករាជ្យខ្លួនឯងទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុងជំនួបជាមួយលោក ស៊ី ជីនពីន ប្រធានាធិបតីចិន នាទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ (Photo AFP)
ស្រដៀងគ្នានេះដែរ អ្នកជំនាញកិច្ចការអន្តរជាតិមួយរូបទៀត គឺបណ្ឌិត អៀ សុផល មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ធានាថា អតីតចៅហ្វាយនាយរបស់លោក គឺប្រទេសវៀតណាម ដឹងថាលោកនៅតែដឹងគុណ និងចង់រក្សាទំនាក់ទំនងល្អជាមួយវៀតណាមដដែល។ លោកពន្យល់ថា មានរឿងរ៉ាវមិនល្អជាច្រើនសម្រាប់ប្រទេសទាំងពីរ ដោយសារតែកម្ពុជាបានបន្តភាពល្អូកល្អឺនជាមួយប្រទេសចិន និងការសង្ស័យថា កម្ពុជាលួចចុះកុងត្រាយោធាសម្ងាត់ជាមួយចិនឲ្យប្រើប្រាស់កំពង់ផែរាម ដែលធ្វើឲ្យវៀតណាមមិនសប្បាយចិត្ត។ លោកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះទំនងជាបន្តស្ថិតក្នុងភាពតានតឹងពីខាងក្នុង បើទោះជាសម្បកខាងក្រៅ ប្រទេសទាំងពីរព្យាយាមបិទបាំងថា មិនមានអ្វីខុសប្លែកពីប្រក្រតីក៏ដោយ។
កាលពីថ្ងៃទី០៥ ខែមេសា ភ្លាមៗក្រោយសភាកុម្មុយនិស្តវៀតណាមជ្រើសតាំងមេដឹកនាំថ្មីមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំដំបូងគេដែលបានចេញមុខចេញមាត់អបអរសាទរប្រធានាធិបតី និងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះមុនគេ ទាំងតាមលិខិតផ្លូវការការទូត និងតាមកិច្ចសន្ទនាផ្ទាល់តាមទូរស័ព្ទ។ លោក ហ៊ុន សែន បានប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយសមភាគីវៀតណាមដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាមឲ្យកាន់តែស៊ីជម្រៅ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធទាំងថ្នាក់ទ្វេភាគី ក្នុងតំបន់ និងពហុភាគីលើគ្រប់វិស័យ។ លោក ហ៊ុន សែន ជឿថា កម្ពុជា និងវៀតណាម នឹងអាចជម្នះបាននូវបញ្ហាប្រឈមជាច្រើនដែលលោកថា ប្រទេសទាំងពីរមិនធ្លាប់ជួបប្រទះ ពិសេសគឺបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំដំបូងគេដែលបានចេញមុខចេញមាត់អបអរសាទរប្រធានាធិបតី និងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសវៀតណាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
អ្នកជំនាញកិច្ចការអន្តរជាតិមួយរូបទៀតនិងជានាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (ហៅកាត់ថា AVI) បណ្ឌិត ឈាង វណ្ណារិទ្ធិ វាយតម្លៃជាទូទៅថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានសភាពល្អ ហើយកម្ពុជាកំពុងតែចង់ពង្រឹងទំនាក់ទំនងនេះជាមួយវៀតណាមឲ្យកាន់តែល្អថែមទៀត៖ «វៀតណាមក៏បារម្ភដែរចំពោះឥទ្ធិពលចិននៅកម្ពុជា។ ក៏ប៉ុន្តែ គេមិនចង់ឲ្យបញ្ហាហ្នុង មកជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគីទេ។ និយាយឲ្យចំ គេអត់ចង់ឲ្យមានកត្តាខាងក្រៅមកជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគី។ អញ្ចឹង បញ្ហាទ្វេភាគី យើងនិយាយទ្វេភាគី ដោះស្រាយបែបទ្វេភាគី។ ចំពោះឥទ្ធិពលចិននៅកម្ពុជា វាជាការបារម្ភមួយ ក៏ប៉ុន្តែ វៀតណាមក៏មិនទៅប្រកួតជាមួយចិនជាចំហរដែរ ពីព្រោះប្រកួតជាមួយចិនម៉េចកើត បើប្រទេសមួយរាងតូច ប្រទេសមួយធំជាងឆ្ងាយណាស់...។ វៀតណាមមើលទៅគឺបារម្ភ ក៏ប៉ុន្តែ គាត់នឹងជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀតជាមួយកម្ពុជា»។
ក្រៅពីកត្តាឥទ្ធិពលចិន បណ្ឌិត ឈាង វណ្ណារិទ្ធិ មើលឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានបញ្ហាប្រឈមមួយចំនួនជាពិសេសបញ្ហាអន្តោប្រវេសន៍វៀតណាម បញ្ហាព្រំដែនដីគោកមិនទាន់វាស់វែងរួចចំនួន ១៦ភាគរយ និងបញ្ហាព្រំដែនទឹកមិនទាន់ដោះស្រាយរួចជាដើម។ លោកថា ក្រុមមេដឹកនាំកម្ពុជាសព្វថ្ងៃចង់ដោះស្រាយបញ្ហាព្រំដែនទឹកជាមួយវៀតណាមហើយសព្វគ្រប់ដោយមិនចង់បន្សល់ទុកបញ្ហានេះដល់កូនចៅជំនាន់ក្រោយរបស់ពួកគេឡើយ ព្រោះអាចនឹងយ៉ាប់ក្នុងការចរចាជាមួយភាគីវៀតណាម។
យ៉ាងណាអ្នកជំនាញសេដ្ឋកិច្ចនយោបាយ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University College London នៃចក្រភពអង់គ្លេសបណ្ឌិត យង់ សុភា មើលឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះហាក់មិនមានអ្វីប្រែប្រួល ព្រោះលោកថា ជារឿងធម្មតាក្នុងនយោបាយការបរទេស៖ «ខ្ញុំគិតថា វាអត់មានអីប្រែប្រួលទេ ប៉ុន្តែវាទៅតាមបរិបទនយោបាយក្នុងតំបន់ និងភូមិសាស្ត្រដែរ។ ទំនាក់ទំនងរបស់គាត់ប្រហែលជាអាចនៅដដែល ពីព្រោះប្រទេសនីមួយៗមានជម្រើសផ្សេងៗគ្នា។ ឧទាហរណ៍ថា វៀតណាមជ្រើសរើសធ្វើការជាមួយនឹងអាមេរិក ហើយកម្ពុជាជ្រើសរើសធ្វើការជាមួយចិន ឬក៏លើវិនិយោគ ឬក៏អ្នកវិនិយោគពីក្រៅប្រទសណាមួយ។ អញ្ចឹងទំនាក់ទំនងហ្នុងវាហាក់ដូចជាអត់មានបញ្ហា ពីព្រោះប្រទេសមួយៗ មានអធិបតេយ្យភាពខ្លួនឯង ក្នុងការជ្រើសរើសដៃគូ។ កម្ពុជាខ្លួនឯងក៏គាត់បាននិយាយដែរថា គាត់ balance ទាំងអស់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) អតីតនាយករដ្ឋមន្ត្រីវៀតណាម ដែលទើបត្រូវបានជ្រើសតាំងជាប្រធានរដ្ឋ ឬប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
បើទោះបីអ្នកជំនាញការបរទេសភាគច្រើនហាក់យល់ស្របស្រដៀងគ្នាថា វៀតណាមកំពុងបារម្ភពីឥទ្ធិពលខ្លាំងរបស់ចិននៅកម្ពុជាក៏ដោយ សម្រាប់លោក ឯម សុវណ្ណារ៉ា លោកនៅតែយល់ថា មហាយក្សចិននៅមិនទាន់អាចជំនួសវៀតណាមបាននៅឡើយទេ ក្នុងការជួយឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន អាចរក្សាអំណាចផ្ទៃក្នុងបក្សបាន៖ «តុល្យភាពទំនាក់ទំនងរវាងចិន និងកម្ពុជា ហើយនឹងកម្ពុជានិងវៀតណាមបានន័យថា កម្ពុជានៅចន្លោះចិននិងវៀតណាម កម្ពុជាអត់ទាន់រក្សាបានតុល្យភាពទេ។ ទីមួយដោយសារឥទ្ធិពលចិនខ្លាំងនៅកម្ពុជា ហើយឥទ្ធិពលវៀតណាមនៅកម្ពុជាថយចុះ។ ក៏ប៉ុន្តែ គណបក្សកាន់អំណាចត្រូវការពឹងឥទ្ធិពលវៀតណាមច្រើនជាងឥទ្ធិពលចិននៅក្នុងការរក្សាអំណាចផ្ទៃក្នុង។... ចង់និយាយថា ការគាំទ្រការបោះឆ្នោត ឬក៏ការរៀបចំឲ្យមានលំនឹងនៅក្នុងផ្ទៃក្នុងបក្ស គណបក្សកាន់អំណាចត្រូវការការជួយជ្រោមជ្រែងច្រើនពីភាគីវៀតណាមច្រើនណាស់។ ភាគីចិនដូចជាអត់ទាន់មានឥទ្ធិពលទេ។ ភាគីចិន មានឥទ្ធិពលទៅលើនយោបាយការបរទេស ប៉ុន្តែនយោបាយនៅក្នុងស្រុក គឺឥទ្ធិពលវៀតណាមខ្លាំងជាង។ ពលរដ្ឋវៀតណាមនៅកម្ពុជាច្រើនជាង វាត្រូវការសំឡេងពលរដ្ឋវៀតណាម»។
គិតរហូតមកទល់ពេលនេះ ទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម មានរយៈពេល ៥៤ឆ្នាំហើយ។ ប្រទេសទាំងពីរបានឆ្លងកាត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើន ជាពិសេសក្រោយវៀតណាមបានលើកទ័ពជាង ២ សែននាក់ មកឈ្លានពានកម្ពុជាដោយដាក់អាណានិគមរយៈពេលមួយទសវត្សក្រោមហេតុផលថាដើម្បីសង្គ្រោះកម្ពុជាពីរបបខ្មែរក្រហម។ ៥៤ឆ្នាំ បានកន្លងផុតទៅ សមិទ្ធផលចម្បងមួយដែលប្រទេសទាំងពីរសម្រេចបាននោះ គឺការបោះបង្គោលខណ្ឌសីមាព្រំដែនដីគោកបាន ៨៤ ភាគរយជាស្ថាពរ ដោយតាមរយៈការចរចាដោយសន្តិវិធី។ យ៉ាងណា លទ្ធផលនៃការបោះបង្គោលព្រំដែននេះនៅតែរងការរិះគន់ពីសំណាក់គណបក្សប្រឆាំងថា ធ្វើឡើងដោយរណបវៀតណាម ដោយកម្ពុជាត្រូវបាត់បង់ទឹកដីកេរដំណែលដូនតាជាច្រើនគីឡូម៉ែត្រក្រឡាទៅឲ្យភាគីវៀតណាម។ ចំពោះទំនាក់ទំនងទ្វេភាគីផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគវិញ វៀតណាមបច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបី និងដៃគូវិនិយោគធំជាងគេទីប្រាំនៅកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង ៥ ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩ ហើយទំហំពាណិជ្ជកម្មនេះបន្តកើនឡើងដល់ជាង ៥,៣ ពាន់លានដុល្លារនៅឆ្នាំ២០២០៕
1 comment:
Mind your own business the evil Yuon/Vietnam.
Post a Comment