ខ្មែរ | ព័ត៌មានថ្មីៗ | នយោបាយ
2021-04-03 rfa
អ្នកវិភាគលើកឡើងថាជំនួបរវាងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ អាចជាសញ្ញារួបរួមរវាងអ្នកប្រជាធិបតេយ្យនិងអ្នកប្រជាធិបតេយ្យ។ អ្នកវិភាគលើកឡើងដូច្នេះ ក្រោយពេលមេធាវីលោក កឹម សុខា បានបង្ហោះលើហ្វេសប៊ុករូបលោក កឹម សុខា និងលោក យ៉ង សាំងកុមារ ដោយសរសេរថា ឈាមរត់រកឈាម អ្នកប្រជាធិបតេយ្យពិតមិនបោះបង់ចោលគ្នាទោះក្នុងគ្រាលំបាក។
អ្នកវិភាគស្វាមគមន៍ការជួបជជែកគ្នានៃអ្នកនយោបាយប្រជាធិបតេយ្យនិងជំរុញឱ្យមានការជជែកគ្នាបែបនេះថែមទៀតដើម្បីរៀបចំកម្លាំងតតាំងជាមួយបក្សកាន់អំណាចក្នុងការបោះឆ្នោតនាពេលខាងមុខ។
អ្នកជំនាញវិទ្យាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការបង្ហាញសារនិងរូបភាពរបស់លោក កឹម សុខា និងលោក យ៉ង សាំងកុមារ អាចជារូបភាពការបង្ហាញទំនាក់ទងមិត្ត ភាពធម្មតា។ ចំណែករូបភាពមួយទៀតអាចជាការសាកល្បងស្ទង់ចិត្តអ្នកគាំទ្រ ឬអ្នកប្រជាធិបតេយ្យដើម្បីចង់ដឹងប្រតិកម្មតបចំពោះជំនួបនោះ។ លោក ឯម សុវណ្ណារ៉ា បន្តទៀតថា ប្រសិនឈានដល់ការរួបរួមគ្នារវាងអ្នកប្រជាធិបតេយ្យនិងអ្នកប្រជាធិបតេយ្យពិតមែននោះនឹងធ្វើឱ្យ កម្លាំងអ្នកប្រជាធិបតេយ្យកាន់តែខ្លាំងក្នុងការប្រកួតប្រជែងជាមួយបក្សកាន់អំណាច។
«ទីមួយគាត់ដើម្បីស្ទង់មតិការគាំទ្រពីសាធារណជនទូទៅទី២គាត់ចង់ជំរុញចលនារួបរួមហ្នឹងជាលក្ខណៈរួមគេថា គាត់ចូលរួមគាត់រួមគ្នាអញ្ចឹងកម្លាំងខ្លាំងហើយគណបក្សតូចៗផ្សេងទៀតចូលរួមនយោបាយអត់ ហ្នឹងជាចរន្តស្ទង់មតិមើលនិងពិនិត្យមើលស្ថានការណ៍ផងព្រោះលោក កឹម សុខា គាត់អត់ទាន់មានសេរីភាពនយោបាយពេញលេញទេ។»
លោក ឯម សុវណ្ណារ៉ា យល់ថា ការរួមគ្នានេះអាចកើតមានបានលុះត្រា លោក កឹម សុខា មានសេរីភាពធ្វើនយោបាយឡើងវិញ។ ការរួបរួមនោះគឺជាការបញ្ចូលគ្នានៃ គណបក្សសិទ្ធិមនុស្ស គណបក្សភ្លើងទៀន គណបក្សប្រជាជាធិបតេយ្យមូលដ្ឋាន និងគណបក្សមួយចំនួនទៀតដែលមាននិន្នាការប្រជាធិបតេយ្យរួមគ្នាជាកម្លាំងតែមួយ។ ទោះយ៉ាងណា លោកថាក្ដីសង្ឃឹមដែលគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញមានតិចតួចណាស់។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ ហើយតុលាការក៏រំលាយគណបក្សសង្រ្គោះជាតិចោលកាលពីឆ្នាំ២០១៧។ កាលពីឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យខ្លះដោយអនុញ្ញាតឲ្យលោកអាចឱ្យធ្វើដំណើរក្នុងប្រទេសប៉ុន្តែហាមធ្វើនយោបាយនិងចេញក្រៅប្រទេស។ អ្នកវិភាគលើកឡើងបែបនេះ ក្រោយមេធាវីលោក កឹម សុខា ម្នាក់ បានបង្ហោះហ្វេសប៊ុករូបលោក កឹម សុខា និងលោក យ៉ង សាំងកុមារ ជួបគ្នានិងសរសេរថា អ្នកប្រជាធិបតេយ្យពិតប្រាកដមិនបោះបង់គ្នាទោះក្នុងគ្រាក្រ។
លោកមេធាវី ចាន់ ចេន សរសេរលើហ្វេប៊ុកកាលពីពេលថ្មីៗនេះថា ឈាមរត់រកឈាម កូនកសិកររត់រកកសិករ។ មេធាវីនោះបន្តថា អ្នកប្រជាធិបតេយ្យពិតប្រាកដដែលស្មោះត្រង់និងជាតិដូចគ្នាគឺនៅបន្តរួមសុខ រួមទុក្ខជាមួយគ្នា មិនរត់ចោលគ្នា ទោះបីស្ថានភាពលំបាក ឬគ្រាមានអាសន្ន អន់ក្រយ៉ាងណាក៏ដោយ។ លោកឱ្យដឹងថា ជំនួបនោះ កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនិងលោក យ៉ង សាំងកុមារ ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏ស្វែងយល់អំពីដំណាំកសិកម្ម(កាហ្វេ តែ ផាសិន)និងជីវភាពប្រជាពលរដ្ឋខ្មែរ នៅលើទឹកដីមណ្ឌលគិរី។
អាស៊ីសេរីបានសុំការបំភ្លឺបន្ថែមការលើកឡើងបែបនេះពីមេធាវីលោក កឹម សុខា គឺលោក ចាន់ ចេន តែលោកគ្រាន់តែប្រាប់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់ឃើញមានការពន្លឿនករណីសំណុំរឿងលោក កឹម សុខា។ លោកថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មេធាវីលោក កឹម សុខា សហគមនន៍អន្តរជាតិនិងអ្នកគាំទ្រលោក កឹម សុខាយល់ដូចគ្នាថាការពន្យារពេលមិនកំណត់ករណីលោក កឹម សុខា ជាការធ្វើឲ្យខូចប្រយោជន៍លោក កឹម សុខា និងរំលោភសិទ្ធិលោក កឹម សុខា។
អាស៊ីសេរីបានសុំការបំភ្លឺបន្ថែមពីស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ប៉ុន្តែលោកមិនប្រាប់ពីខ្លឹមសារនៃជំនួននោះទេលោកគ្រាន់តែប្រាប់ថាជំនួបនោះយូរហើយ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធា ក៏មិនអាចសុំការបំភ្លឺបានដែរដោយទូរស័ព្ទលោកមិនទទួលការហៅចូល។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេ(Norway) លោក ម៉ែន ណាត ប្រាប់ថា លោកសប្បាយពេលឃើញអ្នកប្រជាធិបតេយ្យបានជជែកគ្នា ប៉ុន្តែលោកស្នើអ្នកប្រជាធិបតេយ្យសូមកុំឱ្យបង្កើតបក្សថ្មីថែមទៀតព្រោះមិនមែនជារឿងល្អនោះទេ។ អ្នកឃ្លាំមើលរូបនេះ ជំរុញឱ្យក្រុមអ្នកប្រជាធិបតេយ្យរួមរួមគ្នាជាធ្លុងមួយប្រឆាំងនឹងគណបក្សកាន់អំណាច។
«អ្នកនយោបាយដែលមានចិត្តគំនិតប្រជាធិបតេយ្យហ្នឹងអាចរកគ្នាជជែកគ្នាបាននេះជាចំណុចវិជ្ជមានល្អហើយ គប្បីតែបន្តជជែកទៀតទៅក្នុងផ្លូវនយោបាយអាចថ្ងៃក្រោយទៅជាមួយគ្នាឬមិនទៅជាមួយគ្នាក៏ដោយរក្សានូវសម្ព័នភាពការទុកចិត្តគ្នាឱ្យបានច្រើនហើយសហការការងារក្នុងកម្រិតណាមួយនៃការធ្វើកិច្ចការនយោបាយនាពេលខាងមុខ។» ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក៏ធ្លាប់បានជួបគ្នាក្នុងកសិដ្ឋានមួយនៅខេត្តកោះកុង កាលពីចុង ឆ្នាំ២០២០កន្លងទៅ។ កាលនោះលោកបណ្ឌិត យ៉ង សាំងកុមារ បានឱ្យដឹងថា លោកបាន ចោទជាសំនួរមួយចំនួនទៅលោក កឹម សុខា ថាបើលោក កឹម សុខា មានសេរីភាពឡើងវិញ តើលោកនឹងគិតយ៉ាងម៉េចចំពោះស្ថានការណ៍ឆ្នាំ២០២២ និងឆ្នាំ២០២៣ ឬត្រូវទុកស្ថានការណ៍ដូចកាលពីឆ្នាំ២០១៨ឬយ៉ាងណា? ប៉ុន្តែលោកថា កឹម សុខា មិនបានបញ្ចេញយោបល់អ្វីឡើយ៕
1 comment:
Ah Kha has become a tool for Ah Sen and Yuon already.
Ah Sex maniac Kem Sokha must be hanged should he joins the next election without the CNRP and Sam Rainsy.
Post a Comment