ដោយ សុជីវី
2021-04-21 rfa
អ្នកប្រកបរបរធាក់ស៊ីក្លូនៅក្នុងរាជធានីភ្នំពេញ ភាគច្រើនមកពីស្រុកស្រែចំកាដែលមានវ័យចំណាស់ៗ។
រូប៖ ហ្វេសប៊ុក សមាគមស៊ីក្លូខ្មែរ។
អង្គុយជុំគ្នា ៤ នាក់ ភ្នែកសម្លឹងរំពៃមើលឆ្វេងមើលស្ដាំរកម៉ូយនៅខាងផ្សារអូរឫស្សីនោះ គឺជាក្រុមអ្នករត់ស៊ីក្លូដែលមានវ័យចាប់ពី ៥០ ឆ្នាំ ដល់ ៧០ ឆ្នាំ។ ក្នុងចំណោមនោះ អ្នកធាក់ស៊ីក្លូម្នាក់លោក ដួង ណាន ដែលមានវ័យ ៧០ ឆ្នាំ ឲ្យដឹងថា មុនពេលមិនទាន់ការឆ្លងជំងឺកូវីដ-១៩ គាត់អាចរកប្រាក់ចំណូលបានចាប់ពី ២ ម៉ឺនរៀលដល់ ៣ ម៉ឺនរៀល ក្នុងមួយថ្ងៃ ដោយមានភ្ញៀវហៅជិះនិងមានគេជួលឲ្យដឹកឥវ៉ាន់។
លោក ដួង ណាន ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយមកចាប់របរធាក់ស៊ីក្លូនៅភ្នំពេញអស់រយៈពេលជិត ៤០ ឆ្នាំរូបនេះ រៀបរាប់ថា ចាប់តាំងពីផ្ទុះឆ្លងជំងឺកូវីដ-១៩ នៅខែកុម្ភៈ រហូតដល់អាជ្ញាធរចេញបម្រាបបិទទីក្រុងនៅពេលនេះ លោកក៏ដូចជាជាអ្នកធាក់ស៊ីក្លូឯទៀត ពិបាករកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ៖ «កាលនៅរកបាន ខ្ញុំរកបានដោយសារដឹកភ្ញៀវ បាន៣-៤-៥ម៉ឺនដែរ។ ដល់មកកើតអាកូវីដ រកអត់បានចប់ប៉ាដោយ។ តាំងផ្ទុះអាកូវីដកើតមកក្រោយ ចូល២ខែហើយ។ បានបងប្អូនប្រជាពលរដ្ឋ គាត់យកបានយកអីមកចែកឲ្យហូប។ គាត់ឲ្យលុយខ្លះទៅ ថ្ងៃក្រោយអត់អ្នកចែក ក៏បានលុយហ្នឹងទិញហូបបណ្ដើរៗ។ ៣ពេលហ្នឹងអស់១ម៉ឺនរៀល ១ម៉ឺន៥ពាល់រៀល។ គិតហូបចុកអីទាំងអស់១ថ្ងៃ អស់១ម៉ឺន៥ពាន់រៀល »។
លោក ដួង ណាន ដែលជំពាក់ថ្លៃជួលស៊ីក្លូគេ៣ខែមកហើយ ប្រាប់ថា ក្នុងអំឡុងពេលដ៏យ៉ាប់យ៉ឺននេះ ពួកគាត់រស់នៅ គឺរំពឹងលើជំនួយសប្បុរសជនដែលចុះចែកម្ហូបអាហារនៅពេលថ្ងៃ។ លុះដល់ពេលយប់ ពួកគាត់ ចងអង្រឹងដេកលើស៊ីក្លូ នៅក្រោមសំយាបផ្ទះគេលក់ឥវ៉ាន់។
លោកបញ្ជាក់ថា បើមិនមានមនុស្សចុះចែកអាហារដល់ពួកគាត់ទេនោះ គាត់មិនដឹងថា ត្រូវរកប្រាក់ឯណាទិញបាយហូបទេ ព្រោះក្នុង ១ ថ្ងៃ ត្រូវចំណាយថ្លៃបាយមិនក្រោម ២ ម៉ឺនរៀលនោះទេ ។ អ្នកធាក់ស៊ីក្លូរូបនេះ អំពាវនាវដល់សប្បុរសនានា ជួយក្រុមអ្នករត់ស៊ីក្លូ តាមលទ្ធភាពដែលអាចជួយបាន៖ «ខ្ញុំចង់បានជំនួយការហូបចុក ហើយថ្នាំពេទ្យចេះតែចង់បានហើយ ពេលយប់ព្រលប់អី មិនស្រួលខ្លួនអី។ រកលុយទិញ រកអត់បាន។ បានមួយហូបៗទៅ។ ហើយឈឺស្កាត់អី អើ!វាមានដែរ វាមានតិចតួច ចេះទិញប្រើបាន។ ចង់បានៗ មិនដឹងថាអំពាវនាវទៅខាងណា »។
រីឯអ្នកធាក់ស៊ីក្លូមួយក្រុមទៀត នៅខាងត្បូងវិទ្យាល័យស៊ីសុវត្ថិក៏មិនខុសគ្នាដែរ។ លោក នួន សុខ ដែលចេញពីខេត្តស្វាយរៀង មកធាក់ស៊ីក្លូនៅម្ដុំផ្សារកណ្ដាល និងផ្សារថ្មី ឲ្យដឹងថា បច្ចុប្បន្ននេះ លោកមិនអាចរកប្រាក់ចំណូលបានដូចពីមុនទេ ដោយសារមិនមានមនុស្សចេញដើរច្រើន ហើយតាមផ្លូវនានា មានសភាពស្ងាត់ជ្រងំ ព្រោះតែការកើនឡើងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ពីមួយថ្ងៃទៅមួយថ្ងៃ។
លោក នួន សុខ ដែលប្រកបរបរនេះតាំងពីឆ្នាំ១៩៧៩ រៀបរាប់ថា ជីវភាពពួកគាត់ ក្នុងអំឡុងបិទខ្ទប់ទីក្រុងនេះ គឺអាស្រ័យលើសប្បុរសជនដែលមានចិត្តបុណ្យ តែងជិះរថយន្ត ចុះចែកអាហារដល់ពួកគាត់ និងអ្នកក្រខ្សត់ផ្សេងទៀត ដើម្បីដោះទ័លជីវភាពមួយពេលៗ ប៉ុន្តែមិនបានរាល់ថ្ងៃនោះទេ។
អ្នកធាក់ស៊ីក្លូវ័យ ៨៧ ឆ្នាំរូបនេះបញ្ជាក់ថា បើមិនគេចុះចែកអាហារទេ ក្នុងមួយ ១ ថ្ងៃ ពួកគាត់ត្រូវចំណាយប្រាក់ ២ ម៉ឺនរៀល ដើម្បីទិញបាយសម្លគេហូប និងចំណាយលុយ ១ ពាន់រៀល ដើម្បីចូលងូតទឹកនៅក្នុងបន្ទប់ទឹកសាធារណៈ៖ «ពេលនេះ បើនិយាយពីអ្នកជិះ អត់មានតែហ្មង។ ១ថ្ងៃបានតែម្នាក់អីចឹង។ និយាយអ៊ីចឹង តែម្ដង។ និយាយទៅសរសើរបងប្អូនអ្នកភ្នំពេញនេះ គេគិតគូរអ្នកស៊ីក្លូដែរ។ ខ្លះគេដាំបាយដើរចែកតាមឡាន។ ខ្លះក៏គេហុចលុយឲ្យ១ម៉ឺន ខ្លះ៥ពាន់ ខ្លះ២ម៉ឺនអត់ទៀងទេ ក្មួយ! តាមសទ្ធាគេឲ្យរបស់គេ។ ថ្ងៃណាគេឲ្យៗ ថ្ងៃណាគេអត់ឲ្យ យើងហូបទាំងបាយទាំងទឹកអី អស់៧ពាន់រៀល ទាំងបាយទាំងអី »។
មុខរបរធាក់ស៊ីក្លូដែលមានតាំងពីសម័យអាណានិគមបារាំង រហូតពេលបច្ចុប្បន្ននេះ គឺជារបរមួយដែលខុសពីមុខរបរដឹកជញ្ជូនផ្សេងទៀត ដែលប្រើកម្លាំងម៉ាស៊ីនជាជំនួយ។ អ្នកប្រកបរបរនេះ ត្រូវប្រើកម្លាំងស្មង កម្លាំងស្មា ដឹកភ្ញៀវ និងឥវ៉ាន់ ពីកន្លែងមួយ ទៅកន្លែងមួយ។
សព្វថ្ងៃ អ្នកធាក់ស៊ីក្លូនៅទីក្រុងភ្នំពេញ មានចំនួនសរុបជិត៣រយនាក់ (២៨០នាក់) ប៉ុន្តែ ក្នុងកំឡុងបិទខ្ទប់ទីក្រុងដើម្បីបង្ការជំងឺឆ្លងកូវីដ-១៩ អ្នកដែលកំពុងប្រកបរបរនេះ នៅតាមទីផ្សារ មានជាង១រយនាក់ (១២៤នាក់)។
កាលពីឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតមូលនិធិត្រីចក្រយាន ឬហៅថាមូលនិធិស៊ីក្លូ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញ ដើម្បីជួយអ្នកធាក់ស៊ីក្លូប្រមាណ ៣០០ នាក់។ អ្នកធាក់ស៊ីក្លូម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភ ៧ពាន់រៀលក្នុង១ថ្ងៃ ដោយបើក៣ដងក្នុង ១ខែ សរុបប្រមាណ ២១ម៉ឺនរៀល។ ទន្ទឹមគ្នានោះ លោក ហ៊ុន សែន ក៏បញ្ជាឲ្យក្រសួងសុខាភិបាលទទួលព្យាបាលជំងឺជូនអ្នកធាក់ស៊ីក្លូ នៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីបញ្ជាក់ថា តើមូលនិធិនេះនៅបន្តជួយអ្នកធាក់ស៊ីក្លូ រហូតដល់ពេលបច្ចុប្បន្ននេះដែរឬទេ។
ចំណែក ប្រធានសមាគមអ្នកធាក់ស៊ីក្លូសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក អ៊ឹម សម្បត្តិ ឲ្យដឹងថា អ្នកធាក់ស៊ីក្លូ នៅតែទទួលបានប្រាក់ឧបត្ថម្ភពីសាលាក្រុងជារៀងរាល់ខែ ដើម្បីផ្គត់ផ្គង់បន្ថែមលើប្រាក់ចំណូលដែលពួកគេរកបាន។
លោកថា ខាងសមាគម ធ្វើអាហារជិត ២រយកញ្ចប់ជាប្រចាំថ្ងៃ ដើម្បីចែកជូនអ្នកធាក់ស៊ីក្លូទាំងអស់នៅតាមគោលនានា សម្រាប់ពេលថ្ងៃត្រង់ ដោយមិនរើសអើងថា ជាសមាជិកឬមិនមែនជាសមាជិករបស់សមាគមនោះទេ ក្នុងអំឡុងពេលអាជ្ញាធរបិទខ្ទប់ទីក្រុង និងហាមមនុស្សមិនឲ្យធ្វើចរាចរ រហូតដល់ជិតដាច់ខែមេសា៖ «ឥឡូវយើងកំពុងដោះស្រាយប្រឈមចំពោះមុខសិន។ អ្វីយើងអាចយើងធ្វើសិន។ នៅពេលចប់ពី Lock-down ហ្នឹងទៅ យើងចែកជាគូប៉ុងឲ្យគាត់ ដូចមានប័ណ្ណមួយឲ្យគាត់ ដូចថាមាន៣រយនាក់អ៊ីចឹងទៅ ឲ្យគាត់ទៅទទួលទានអាហារនៅទីណាមួយ ដែលយើងសហការជាមួយអ្នកធ្វើម្ហូប។ គាត់ហុចគូប៉ុងទៅឲ្យអ្នកលក់បាយហ្នឹង។ តាមការពិភាក្សាជាមួយអ្នកលក់បាន ខាងសមាគមនឹងទៅគិតគូរលុយឲ្យគាត់។ អ៊ីចឹង! យើងដោះស្រាយមួយជំហាននេះ គឺការហូបចុករបស់ពួកគាត់។ ជំហានទី២ យើងចង់ឲ្យគាត់មានកន្លែងស្នាក់នៅដែរ ប៉ុន្តែយើងរកអត់បាន ព្រោះដីនៅភ្នំពេញ សុទ្ធតែជួលគេ។ កាលណាជួល វាអស់ថ្លៃ វាអស់ច្រើន។ អ៊ីចឹង! យើងធ្វើអត់ទាន់បានទេ កម្រិតទី២ហ្នឹង »។
លោកបញ្ជាក់ថា ចំពោះអ្នកដែលជួលស៊ីក្លូគេហើយបង់ ១ខែ ៦ម៉ឺនរៀល ទំនងជាពួកគាត់ជួលពីថៅកែ ដោយឡែកខាងសមាគមធាក់ស៊ីក្លូ មិនបានគិតថ្លៃស៊ីក្លូដែលសមាជិកខ្ចីយកទៅប្រកបរបរចិញ្ចឹមជីវិតឡើយ ចាប់តាំងមានជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០។
ក្នុងអំឡុងពេលផ្ទុះកូវីដខ្លាំងនៅក្រុងភ្នំពេញលោក អ៊ឹម សម្បត្តិ អំពាវនាវដល់អ្នកសម្បូរធនធាន បន្តជួយឧបត្ថម្ភដល់អ្នកធាក់ស៊ីក្លូ តាមលទ្ធភាពដែលអាចជួយបាន ខណៈសមាគមលោក កំពុងស្វះស្វែងរកជំនួយពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីជួលទីកន្លែងណាមួយឲ្យពួកគាត់ស្នាក់នៅសមរម្យ ចៀសវាងការស្នាក់នៅតាមចិញ្ចើមថ្នល់ ក្រោមសំយាបផ្ទះគេតទៅទៀត៕
No comments:
Post a Comment