Manekseka Sangkum:
The UN is rightly applauded for its historic intervention in the early 1990s but since then its impact upon the country has been negligible at best.
What have the various UN envoys to Cambodia down the years and their 'tactful approach' done for the long-suffering Cambodian people?
Albert Einstein is not entirely wrong when he said evil prevails in the world because good men and women opt to do nothing or turning a blind eye to it. However, the UN along with other Western governments have gone further than merely doing nothing: they have been indirectly or directly facilitating evil regimes in the commission of crimes against humanity. So, while ‘evil empires’ like Russia and China supply these evil regimes with arms and batons, it is mostly Western democracies – including Japan – that cater to their taste for luxury goods of all kinds that only their affiliated crooks and cronies could afford. In many of these countries’ cities and capitals – Phnom Penh included – there are even Mercedes and BMW marketing branches so that these officials’ hard-earned millions can be spent right on their door steps! Not sure if Rolls Royce have their offices there too, but even these most expensive and exclusive brands wouldn’t be beyond their meagre means…
Still unconvinced? Just look at the current tragedy taking place in Myanmar...
🔺🔺🔺
ដោយ មាន ឫទ្ធិ
2021-04-03
លោក វិទិត ម៉ុនតារប៊ន (Vitit MUNTARBHORN) នឹងក្លាយទៅជាអ្នករាយការណ៍ពិសេស ឬអ្នកស៊ើបអង្កេតពិសេស ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ។
Photo courtesy of United Nations Free & Equal
មន្ត្រីសិទ្ធិមនុស្សមិនរំពឹងថា វិធីសាស្ត្របែបត្រជាក់របស់អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា អាចដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងផ្លាស់ប្ដូរឥរិយាបថរបស់រដ្ឋាភិបាលឲ្យងាកមកគោរពសិទ្ធិមនុស្សឡើងវិញបាននោះទេ។ ពួកគេ យល់ថា អ្នករាយការណ៍ពិសេសគួរប្រើប្រាស់ទាំងវិធីសាស្ត្រក្តៅ និងត្រជាក់ និងចេះបត់បែនតាមកាលៈទេសៈ ទើបអាចអនុវត្តការងារនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពបាន។
វិធីសាស្ត្របែបត្រជាក់នេះ ត្រូវអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ លោក វីទិត ម៉ុនតារប៊ន (Vitit Muntarbhorn) គូសបញ្ជាក់នៅពេលដែលលោកដាក់ពាក្យសុំទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីឈរឈ្មោះជាអ្នករាយការណ៍ពិសេសថ្មីនៅកម្ពុជា បន្តអាណត្តិពីអ្នកស្រី រ៉ូណា ស្មីត (Rhona Smith)។ នៅក្នុងលិខិតបញ្ជាក់គោលជំហរនោះ កាលណោះ លោក វីទិត ម៉ុនតារប៊ន សរសេរថា លោកមានផែនការជួយដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយផ្តោតលើបញ្ហាអាទិភាពចំនួន ៨ ដោយផ្អែកលើវិធីសាស្ត្របែបរិះគន់ស្ថាបនា គោរពគ្នាទៅវិញទៅមក ដែលលោកហៅថា មានលក្ខណៈជាយុទ្ធសាស្ត្រ និងធ្វើឡើងព្រមៗគ្នា។
បើទោះបីជា នៅពេលនេះ លោកនៅមិនទាន់ចូលបំពេញការងារផ្លូវការជាអ្នករាយការណ៍ពិសេសថ្មីក៏ដោយ មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសង្គមស៊ីវិលក្នុងស្រុក មើលឃើញថា វិធីសាស្ត្របែបត្រជាក់នេះ ក្នុងធ្វើការជាមួយរដ្ឋាភិបាលបែបនេះ អាចនឹងមិនមានប្រសិទ្ធភាព ក្នុងស្ថានភាពបច្ចុប្បន្ននេះ ស្របពេលដែលរដ្ឋាភិបាល និងអាជ្ញាធររដ្ឋាភិបាលខ្លួនឯងជាអ្នករំលោភសិទ្ធិមនុស្ស។
អ្នកជំនាញសិទ្ធិការងារ និងនាយកអង្គការសង់ត្រាល់ (CENTRAL) លោក មឿន តុលា និយាយថា លោកមិនរំពឹងថា អ្នករាយការណ៍ពិសេសថ្មីដែលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទើបនឹងតែងតាំងរូបនេះ អាចនឹងដោះស្រាយបញ្ហាវិបត្តិសិទ្ធិមនុស្សនៅកម្ពុជាបាននោះទេ ប្រសិនបើលោកជ្រើសរើសយកវិធីទន់ភ្លន់ពេក ដើម្បីរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល។ លោកថា ការរក្សាទំនាក់ទំនងជារឿងមួយ ក៏ប៉ុន្តែ អ្នករាយការណ៍ពិសេសត្រូវថ្លឹងថ្លែងបញ្ហានេះ ជាមួយនឹងស្ថានភាពពិតនៃការរំលោភសិទ្ធិមនុស្ស ហើយហ៊ានឆ្លុះបញ្ចាំងពីការពិតអស់ទាំងនោះ នៅក្នុងរបាយការណ៍របស់ខ្លួន៖ «ខ្ញុំមិនរំពឹងថា គាត់មកដោះបានទាំងស្រុងទេ ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យគាត់ឈរលើការពិត ឈរលើវិជ្ជាជីវៈរបស់គាត់ក្នុងអាណត្តិជាអ្នករាយការណ៍ពិសេសហ្នឹង ហើយរាយការណ៍នូវព័ត៌មានដែលកើតមានជាក់ស្តែងអំពីស្ថានភាពសិទ្ធិមនុស្សហ្នឹង។ រឿងទំនាក់ទំនងគឺជារឿងមួយដែលគាត់ក៏ត្រូវថ្លឹងថ្លែងដែរ។ ក៏ប៉ុន្តែ បើសិនជាដើម្បីរក្សាទំនាក់ទំនង ហើយរបាយការណ៍មិនបង្ហាញពីការពិត អាហ្នឹងក៏វាអត់មានអាចដោះអីបានដែរ»។
លោក មឿន តុលា បន្តថា ប្រសិនបើរបាយការណ៍របស់អ្នករាយការណ៍ពិសេសរូបនោះ ឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង នោះ អ្នករាយការណ៍ពិសេសរូបនោះ ទំនងជានឹងពិបាករក្សាទំនាក់ទំនងល្អជាមួយនឹងខាងរដ្ឋាភិបាល៖ «នៅជំនាន់លោកបណ្ឌិត ឬសាស្ត្រាចារ្យ សូរិយា ស៊ូបេឌី គឺលោកព្យាយាមធ្វើទន់ណាស់ កាលពីជំនាន់ហ្នឹង។ លោកព្យាយាមធ្វើទន់មែនទែន។ ប៉ុន្តែ ធម្មតាទេ ការទន់ដើម្បីឲ្យបានមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជា។ បើសិនជា បើកាលណាកាន់តែទន់ហើយដើរឆ្ងាយចេញពីវិជ្ជាជីវៈរបស់គាត់ ដើរឆ្ងាយពីការពិត នោះវាអាចរក្សាទំនាក់ទំនង។ ប៉ុន្តែ បើសិនជាគាត់ឈរលើការពិត ហើយគាត់សរសេររបាយការណ៍របស់គាត់ផ្អែកទៅលើការពិត ដែលគាត់មើលឃើញជាក់ស្តែង អាហ្នឹងគឺប្រាកដណាស់ត្រូវតែមានទំនាក់ទំនងមិនល្អជាមួយនឹងខាងរដ្ឋាភិបាលហើយ»។
រីឯ នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លោកមើលឃើញថា ផ្អែកតាមព័ត៌មាន និងបទពិសោធន៍ការងារកន្លងមក លោកដឹងថា អ្នករាយការណ៍ពិសេសថ្មី លោក វីទិត ម៉ុនតារប៊ន ចូលចិត្តធ្វើការងារតាមរបៀបត្រជាក់ ដូចជា តាមរយៈកិច្ចសន្ទនា ការរិះគន់បែបស្ថាបនា និងការដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍នៃការចរចា ឬជួបជជែកគ្នាជាដើម។ ក៏ប៉ុន្តែ លោកថា ការប្រើប្រាស់វិធីសាស្ត្របែបនេះ ពេលខ្លះអាចនឹងមិនមានប្រសិទ្ធភាព៖ «យើងឃើញថា ស្ទីលរបស់អ្នករាយការណ៍ពិសេសថ្មីនេះ វាហាក់បីដូចជាប្លែកពីគេបន្តិច ដោយគាត់យក ឬប្រកាន់នូវគោលការណ៍នៃការដោះស្រាយដោយការសន្ទនា ការចរចា ការជជែក និងការរិះគន់ស្ថាបនាទៅវិញទៅមក។ ប៉ុន្តែ បើសិនជាខ្ញុំមើលនៅកម្ពុជាយើង នេះគាត់អត់ទាន់ចូលកាន់ការងារទេ ក៏ប៉ុន្តែ យើងឃើញឃើញថា ស្ទីលនៃយុទ្ធសាស្ត្រក្នុងការដោះស្រាយ ឬក៏យន្តការនៃការដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ហាក់ដូចជាប្លែកពីអ្នករាយការណ៍ពិសេសមុនៗទៀត។ យើងឃើញហើយថា នៅកម្ពុជាយើង ជួនកាលបញ្ហារឿងចរចា រឿងសន្ទនាគ្នា វាអាចមានប្រសិទ្ធភាព ប៉ុន្តែ ពេលខ្លះក៏ទាមទារឲ្យមានការប្រើវិធានរិះគន់ ឬក៏វិធានការនៃការក្តៅដែរ ដើម្បីឲ្យមានការកែលម្អ»។
លោក អំ សំអាត ចង់ឃើញអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិរូបនេះ អនុវត្តតាមគោលការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងប្រើប្រាស់យុទ្ធវិធីតាមកាលៈទេសៈ ទើបអាចចូលរួមចំណែកជំរុញឲ្យរដ្ឋាភិបាលកែប្រែឥរិយាបថ ងាកមកគោរពសិទ្ធិមនុស្សឡើងវិញ៖ «ខ្ញុំគិតថាយន្តការដែលធ្វើបានគឺការអនុវត្តទៅតាមគោលការណ៍នៃសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហើយនិងយន្តការ ឬក៏យុទ្ធវិធីដែលទៅតាមកាលៈទេសៈ តាមរយៈនៃកិច្ចចរចា ឬក៏តាមរយៈការប្រើប្រាស់សមត្ថភាពរបស់គាត់ដែលលើកឡើងអំពីបញ្ហានៃបទដ្ឋានសិទ្ធិមនុស្សដើម្បីធ្វើយ៉ាងណាជំរុញឲ្យកម្ពុជាយើងអាចនឹងមានការកែប្រែទៅជាការគោរពសិទ្ធិមនុស្ស»។
អាស៊ីសេរីបានព្យាយាមទាក់ទងលោក វីទិត ម៉ុនតារប៊ន ដើម្បីសម្ភាសលោកជុំវិញទស្សនៈ និងវិធីសាស្ត្ររបស់លោកក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក៏ប៉ុន្តែ លោកបដិសេធសុំមិនទាន់និយាយក្នុងពេលដែលលោកពុំទាន់ចូលបំពេញការងារនេះជាផ្លូវការនៅឡើយ។ លោកនឹងចូលបំពេញការងារផ្លូវការក្រោមអាណត្តិជាអ្នករាយការណ៍ពិសេសបន្តវេនពីអ្នកស្រី រ៉ូណា ស្មីត ចាប់ពីថ្ងៃទី១ ខែក្រោយតទៅ។
យ៉ាងណា ផ្អែកតាមពាក្យសុំ និងលិខិតបញ្ជាក់គោលជំហរដែលលោកបានដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីឈរឈ្មោះជាអ្នករាយការណ៍ពិសេសថ្មីនៅកម្ពុជា លោក វីទិត ម៉ុនតារប៊ន សរសេរថា លោកមានផែនការផ្តោតលើគោលដៅអាទិភាពចំនួន ៨ចំណុច ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ លោកថា លោកនឹងបំពេញការងាររបស់លោកដោយផ្អែកលើវិធីសាស្ត្របែបស្ថាបនា គោរពគ្នាទៅវិញទៅមកប្រកបដោយគោលការណ៍ត្រឹមត្រូវ។ លោកថា លោកនឹងអនុវត្តវិធីសាស្ត្រនេះ ជាលក្ខណៈយុទ្ធសាស្ត្រធ្វើឡើងព្រមៗគ្នាក្នុងពេលតែមួយ។ លោក វីទិត ម៉ុនតារប៊ន សរសេរបញ្ជាក់បន្តថា ចំណុចអាទិភាពទាំង៨ ដែលលោកនឹងផ្ដោតក្នុងពេលបំពេញការងារនៅកម្ពុជានោះរួមមាន បញ្ហាផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងការរឹតត្បិតសិទ្ធិមនុស្ស បញ្ហាលំហប្រជាធិបតេយ្យសេរីពហុបក្ស បញ្ហាតុល្យភាពអំណាចនៃស្ថាប័នរដ្ឋ និងភាពចាំបាច់តម្រូវឲ្យមាននូវស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ និងមានការចូលរួមចម្រុះ ព្រមទាំងលំហសង្គមស៊ីវិល ជាដើម។ ក្រៅពីនោះ លោកក៏នឹងពិនិត្យមើលបញ្ហាភាពងាយរងគ្រោះ ពីសំណាក់ក្រុមមនុស្សផ្សេងៗ ដូចជា ស្ត្រី កុមារ ជនជាតិភាគតិច ជនជាតិដើម អ្នកជាឃុំ បញ្ហាសិទ្ធិដីធ្លី បរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ជាដើម។ លោកសង្ឃឹមថា អាណត្តិរបស់លោកនឹងធ្វើឲ្យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នឹងចាក់គ្រឹះកាន់តែរឹងមាំក្នុងសង្គមកម្ពុជា។
មន្ត្រីរដ្ឋាភិបាលកម្ពុជា ធ្លាប់គូសបញ្ជាក់ថា កម្ពុជាសង្ឃឹមថា អ្នករាយការណ៍ពិសេសថ្មីនេះ នឹងបំពេញការងារស្របតាមក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់នីតិវិធីពិសេស បានយ៉ាងខ្ជាប់ខ្ជួន និងថាកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអ្នករាយការណ៍ពិសេសថ្មី លោកសាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន។ ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលកម្ពុជា ក៏មិនភ្លេចក្រើនរំឭកលោក វីទិត ម៉ុនតារប៊ន ឲ្យយល់ពីសារសំខាន់នៃការបំពេញការងារផ្អែកលើអ្វីមួយដែលលោកហៅថា «ការពិត ព័ត៌មានគួរឲ្យទុកចិត្តបាន» ដែលទទួលបានមកពីគ្រប់ភាគីពាក់ព័ន្ធ គួរឲ្យទុកចិត្តបាន និងស្នើឲ្យអ្នករាយការណ៍ពិសេសថ្មី ត្រូវគោរពតាមច្បាប់កម្ពុជា និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
យ៉ាងណា ជារឿយៗ នៅសឹងតែគ្រប់អាណត្តិ ភាពរកាំរកូសរវាងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា តែងតែកើតមានឡើងជាហូរហែជាមួយនឹងមន្ត្រីរដ្ឋាភិបាល។ មានពេលខ្លះ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងចង់បណ្ដេញចេញ មិនស្វាគមន៍អ្នករាយការណ៍ពិសេសទាំងនោះ ដោយហៅពួកគេថាជា «អ្នកទេសចរណ៍តាមរដូវកាល» ឬក៏ថែមទាំងឈានទៅគំរាមបិទចោលការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិឲ្យលែងមានស្រមោលនៅកម្ពុជាទៀតផង។ ភាពរកាំរកូសមិនចេះចប់មិនចេះហើយនេះ កើតមានឡើងដោយសារតែអាជ្ញាធររដ្ឋាភិបាលជាអ្នករំលោភសិទ្ធិមនុស្ស ហើយព្យាយាមបិទបាំងការពិតទាំងនេះជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនៅគ្រប់អាណត្តិ។ ជាក់ស្តែង ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរ៉ុប និងអ្នកជំនាញអង្គការសហប្រជាជាតិមុនៗ សុទ្ធតែរកឃើញថា មានការរំលោភសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់នៅកម្ពុជា។ គឺដោយសារការរកឃើញថា កម្ពុជាមានការរំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរជាប្រព័ន្ធ» នេះហើយ ទើបបានជាគណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា។ បច្ចុប្បន្ន សភាអឺរ៉ុប កំពុងជំរុញឲ្យក្រុមប្រឹក្សាអឺរ៉ុបដាក់ទណ្ឌកម្មជាក់លាក់មកលើមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាកម្ពុជា ដែលពាក់ព័ន្ធនឹងការរម្លាយប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទាំងនេះ៕
No comments:
Post a Comment