Friday, 21 May 2021

អាជ្ញាធរ​រក​ឃើញ​អ្នក​ជាប់​ឃុំ​ជាង ៥០​នាក់​ឆ្លង​ជំងឺ​កូវីដ​១៩


ដោយ ខែ សុណង
2021-05-21 rfa

អាជ្ញាធរ​រក​ឃើញ​អ្នក​ជាប់​ឃុំ​ជាង ៥០​នាក់​ឆ្លង​ជំងឺ​កូវីដ​១៩


មណ្ឌល​អប់រំ​កែប្រែ​ព្រៃស "ម២"។
Photo courtesy of Adhoc

 

ជំងឺ​កូវីដ​១៩​ បាន​រាតត្បាត​ដល់​ពន្ធនាគារ​រាជធានី​ភ្នំពេញ និង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ហើយដោយ​អាជ្ញាធរ​រកឃើញ​ថា យ៉ាងហោចណាស់​មាន​អ្នក​ជាប់ឃុំ​ជាង ៥០​នាក់ ​បាន​ឆ្លង​ជំងឺ​នេះ​។ មន្ត្រី​សង្គម​ស៊ីវិល និង​សាច់ញាតិ​អ្នក​ជាប់ឃុំ​ស្នើ​ទៅ​មន្ត្រី​ពន្ធនាគារ​គួរ​អនុញ្ញាត​ឱ្យ​អ្នក​ជាប់ឃុំ​ក្នុង​បទល្មើស ស្រាលៗ អ្នក​ជិត​រួច​ទោស និង​អ្នក​ជាប់ឃុំ​ដោយសារ​បញ្ហា​នយោបាយ ព្រំដែន និង​បរិស្ថាន អាច​នៅ​ក្រៅ​ឃុំ​ដើម្បី​បង្ការ​បញ្ហា​នេះ។

អ្នក​ជាប់ឃុំ​ទាំង​ ៥២​នាក់​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ មាន ១៨​នាក់​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ផ្នែក​បុរស ឬ​ ម​១ និង ​៣៤នាក់​ទៀត ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​តាម​លិខិត និង​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​ពន្ធនាគារ។


ប្រធាន​ពន្ធនាគារ ​ម​១ ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ លោក យិន គន្ធ បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សុំ​ផ្អាក​នាំ​ជន​ជាប់ឃុំ​ទៅ​ជំនុំជម្រះ និង​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មួយ​រយៈ ចាប់ពី​ថ្ងៃទី២០ ខែ​ឧសភា​ត​ទៅ ក្រោយ​រក​ឃើញ​អ្នក​ជាប់ឃុំ ១៨​នាក់ មាន​ជំងឺ​កូវីដ​-១៩។ លិខិត​ចុះ​ថ្ងៃទី​២០ ឧសភា ដដែល​បន្ត​ថា ពេល​នេះ​ ពន្ធនាគារ​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ និង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល ព្រមទាំង​យក​សំណាក​ទៅ​ធ្វើ​តេស្ត។

ជុំវិញ​បញ្ហា​នេះ អាស៊ីសេរី​មិនអាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ទេ នៅ​ថ្ងៃទី​២១ ខែឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង តែ​គ្មាន​អ្នក​ទទួល។

ទោះយ៉ាងណា លោក នុត សវនា បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន (ហ្វ្រេសញូវ) ថា ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បាន​រំលែក​អ្នក​ជាប់ទោស​ដែល​ពាក់ព័ន្ធ និង​អ្នកមាន​ជំងឺ​នេះ ទៅ​ដាក់​នៅ​អគារ​ដាច់​ដោយឡែក​។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​រក​ឃើញ​ដំបូង ករណី​អ្នក​ជាប់ឃុំ​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ជំងឺ​កូ​វីដ​-១៩ គឺ​សង្ស័យ​ឆ្លង​មកពី​ជនជាតិ​តៃវ៉ាន់​ ដែល​ជាប់ឃុំ​នៅ​ទីនោះ​។ រីឯ​ករណី​ឆ្លង​ជំងឺ​នេះ នៅ​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ដំបូង​អាច​ផ្ដើម​ចេញពី​កម្មករ​សំណង់​ ដែល​ដឹកជញ្ជូន​សម្ភារៈ​សាងសង់​សំណង់​ក្នុង​ពន្ធនាគារ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ជំរុញ​ឲ្យ​មន្ត្រី​ពន្ធនាគារ អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​ឱ្យ​ដិតដល់ ប៉ុន្តែ​លោក​ព្រួយបារម្ភ​ថា បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​អនុវត្ត​វិធានការ​នេះ​។ មន្ត្រី​សង្គម​ស៊ីវិល​ដដែល​យល់ថា ខាង​ពន្ធនាគារ​គួរ​អនុញ្ញាត​ឱ្យ​អ្នក​អនុវត្ត​ទោស​ជិត​គ្រប់​ចំនួន ឬ​អ្នកទោស​ស្រាល​អាច​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ​។ លោក​បន្ត​ទៀត​ថា អាជ្ញាធរ​ខាង​ពន្ធនាគារ​គួរ​ពិនិត្យ​លទ្ធភាព​ទៅលើ​អ្នក​ជាប់ឃុំ ដោយសារ​បញ្ហា​ព្រំដែន បរិស្ថាន និង​បញ្ហា​នយោបាយ​ជាដើម ដោយ​អាច​ឱ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ​ដែរ​៖ «​ពាក់ព័ន្ធ​នឹង​សកម្មជន​មនសិការ​សង្គម សកម្មជន នយោបាយ​បរិស្ថាន គួរតែ​ពិនិត្យ​លទ្ធភាព​ឱ្យ​ពួកគាត់​បាន​នៅ​ក្រៅ​ឃុំ​ដែរ ព្រោះ​អ្នក​ទាំង​ហ្នឹង​សុទ្ធតែ​ទៅ​បម្រើ​សកម្មភាព​សង្គមជាតិ​យើង​ទេ អ៊ីចឹង ជា​ផ្នែក​មួយ​បន្ថយ​ភាព​ចង្អៀត​ណែន និង​កាត់បន្ថយ​ពី​ឆ្លង​រាលដាល​បន្ត​ទៀត​បាន​ខ្លះៗ​ ដែរ»។

ចាប់​តាំង​ពី​ឆ្នាំ​២០២០ មក អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម សកម្មជន​បរិស្ថាន និង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ដាក់​ពន្ធនាគារ​ជាង ៧០​នាក់​ហើយ ដោយ​ភាគច្រើន​តុលាការ​ចោទប្រកាន់​ពួក​គេ បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​។ សកម្មជន​ខ្លះ​បាន ជាប់​ក្នុង​ពន្ធនាគារ​ជាង​មួយឆ្នាំ​ហើយ ប៉ុន្តែ​តុលាការ​មិនទាន់​រក​ឃើញ​កំហុស​របស់​ពួកគេ​នៅ​ឡើយ​ទេ។លោកស្រី កុល សាត គឺជា​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស ដែល​បាន​ជាប់​ពន្ធនាគារ​ជិត ៥​ខែ ពីបទ​ញុះញង់​នៅក្នុង​សំណុំរឿង​មួយ​ផ្សេងទៀត ប៉ុន្តែ​តុលាការ​មិន​ទាន់​ជំនុំជម្រះ​គាត់​នោះ​ទេ​។ លោកស្រី​ប្រាប់​អាស៊ីសេរី​ថា លោកស្រី​ព្រួយបារម្ភ​នៅ​ពេល​ដឹង​ថា នៅ​ពន្ធនាគារ ​ម​១ ​ដែល​ឃុំខ្លួន​ប្តី​លោកស្រី មាន​អ្នក​ជាប់ឃុំ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ លោកស្រី មិនទាន់​ដឹង​ថា ប្ដី​របស់​លោក​ស្រី​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​មិន​អាច​ទាក់ទង​ឲ្យ​ដឹង​ដំណឹង ឬ​ចូល​ទៅ​សួរសុខទុក្ខ​ប្ដី​បាន​។ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ប្រាប់​ថា អាជ្ញាធរ​ចាប់​ប្ដី​លោកស្រី​ទាំង​បំពាន ដូច្នេះ​គួរតែ​ដោះលែង​ប្ដី​លោកស្រី​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​គេច​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ពន្ធនាគារ​ផង និង​ជា​ការ​ផ្តល់​យុត្តិធម៌​ឱ្យ​ប្ដី​លោកស្រី​ផង​៖ «ដោះលែង​គាត់​(​លោក គង់ ម៉ាស​) មកវិញ​មក​ដោយសារ​គាត់​អត់​បាន​ធ្វើ​អ្វី​ខុស​ទេ ចង់​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ ដោយសារ​រឿង​កូវីដ​ពួក​ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់​បង»។

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បង្ហាញ​ថា អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​មាន​ ៣៩.០០០នាក់​។ អង្គការ​ជាតិ និង​អន្តរជាតិ ថា​ចំនួន​នេះ​ធ្វើ​ឱ្យ​ពន្ធនាគារ​ចង្អៀត​ណែន ព្រោះ​ពន្ធនាគារ​អាច​ផ្ទុក​មនុស្ស​បាន​ត្រឹម​ជាង ២​ម៉ឺន ៦​ពាន់​ប៉ុណ្ណោះ។

អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ក្នុង​នោះ​ក៏​រួម​ទាំង​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ និង​សំណើ​ជា​បន្តបន្ទាប់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​គ្រប់គ្រាន់ និង​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ៕

No comments: