Sunday, 23 May 2021

សាច់ញាតិ​អ្នក​ជាប់ឃុំ​ស្នើ​ឱ្យ​ដោះលែង​ក្រុម​គ្រួសារ​ពួកគេ ខណៈ​ជំងឺ​កូវីដ​១៩​ឆ្លង​ចូល​ពន្ធនាគារ


ដោយ យន់ សាមៀន
2021-05-22 rfa
សាច់ញាតិ​អ្នក​ជាប់ឃុំ​ស្នើ​ឱ្យ​ដោះលែង​ក្រុម​គ្រួសារ​ពួកគេ ខណៈ​ជំងឺ​កូវីដ​១៩​ឆ្លង​ចូល​ពន្ធនាគារ 

ក្រុមគ្រួសារ​កាន់រូបថត​អ្នក​ការពារ​បរិស្ថាន ដែល​រងការ​ឃុំឃាំង​នៅ ពន្ធនាគារ​ព្រៃស។
Photo Courtesy


សាច់ញាតិ​អ្នក​ជាប់​ឃុំ​បារម្ភ ក្រុមគ្រួសារ​ពួកគេ​ឆ្លង​ជំងឺ​covid-19 និង​ស្នើ​ដោះលែង​ក្រុមគ្រួសារ​ពួកគេ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ ការ​បារម្ភ​នេះ​ក្រោយ​ជំងឺ​កូវីដ-១៩ បាន​ឆ្លង​ចូល​ពន្ធនាគារ​រាជធានី​ភ្នំពេញ និង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ។

បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​កំពុង គំរាមកំហែង​ដល់​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ មន្ត្រី​សង្គម​ស៊ីវិល​និង​សាច់ញាតិ​អ្នក​ជាប់ឃុំ​លើកឡើង​ថា តុលាការ គួរ​ពិនិត្យ​លទ្ធភាព​ដោះលែង អ្នក​ជាប់ឃុំ​ដែល​ព្រោះ​បញ្ហា​រឿង​ព្រំដែន បរិស្ថាន និង​នយោបាយ ដើម្បី​អាច​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ឬ​អនុវត្ត​ទោស​ក្រៅ​ពន្ធនាគារ។

ក្មួយប្រុស​លោក រ៉ុង ឈុន យុវជន រ៉ុង វិជ្ជា សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា លោក រ៉ុង ឈុន ដែល​ខ្វល់ខ្វាយ​ពី​ប្រយោជន៍​ពលរដ្ឋ​បាន​ជាប់ឃុំ​យ៉ាង​អយុត្តិធម៌​ចំនួន ២៩២​ថ្ងៃ​ហើយ​។ លោក​ថា លោក​បារម្ភ​ពី​សុខភាព​និង​សុខទុក្ខ​ពូ​របស់​លោក នៅពេល​ដឹង​ក្នុង​ពន្ធនាគារ​ដែល​ឃុំខ្លួន​ពូ​លោក​មាន​ផ្ទុះ​ជំងឺ​កូវីដ១៩។ បន្ថែម​ពីនេះ លោក រ៉ុង វិជ្ជា ឱ្យ​អាស៊ីសេរី​ដឹងថា លោក​មិន​ទាន់​ដឹង​ពី​សុខទុក្ខ​លោក រ៉ុង ឈុន​នៅ​ឡើយ​ទេ មក​ដល់​ពេល​នេះ​។ លោក រ៉ុង វិជ្ជា នៅតែ​ចាត់ទុក​ការចាប់ខ្លួន និង​ចោទប្រកាន់​លើ​លោក រ៉ុង ឈុន ជា​រឿង​អយុត្តិធម៌​និង​ស្នើ​ទៅ​តុលាការ​ដោះលែង​ពូ​របស់លោក​ឱ្យមាន​សេរីភាព​ឡើង​វិញ៖ «ជាថ្មី​ម្ដងទៀត​សុំ​ស្នើ​ទៅ​តុលាការ​ធ្វើយ៉ាងណា​ដោះលែង​គាត់​(​លោក រ៉ុង ឈុន​) ឱ្យ​នៅ​ក្រៅ​ឃុំ ជៀសវាង​ការរីក​រាលដាល​ឆ្លង​កូវីដ ទៅដល់​សុខភាព​លោកគ្រូ រ៉ុង ឈុន ក៏​ដូចជា​សកម្មជន​មួយ​ចំនួន​ដែល​រង​នូវ​ភាព​អយុត្តិធម៌​ឃុំឃាំង​អស់​រយៈពេល​ជា​យូរ​មក​ហើយ​បាទ»។


ស្រដៀង​គ្នា​នេះដែរ ប្រពន្ធ​របស់លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ដែល​ប្ដី​លោកស្រី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ព្រោះ​រឿង​ការពារ​បរិស្ថាន​ប្រាប់​អាស៊ីសេរី​ថា លោកស្រី​មិន​ទាន់​អាច​ទាក់ទង ឬ​ជួប​ប្ដី​បាន​ទេ ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ កាល​ពី​ខែ​កុម្ភៈ។ លោកស្រី​ថា លោកស្រី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ប្ដី​ខ្លាច​មាន​ប៉ះពាល់ ឬ​ពាក់ព័ន្ធ​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ​។ លោកស្រី ប៉ាត់ រស្មី ដែល​កំពុង​ចិញ្ចឹម​កូនតូច​ផង​នោះ​ស្នើ​ទៅ​តុលាការ​គួរ​អនុញ្ញាតឱ្យ​ប្ដី​លោកស្រី​អាច​នៅ​ក្រៅ​ឃុំ​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ និង​ជួយ​រក​ប្រាក់​ចិញ្ចឹម​កូន៖ «និយាយ​ទៅ​ខ្ញុំ​តាំងពី​ផ្ទុះ​កូវីដ​២០ កុម្ភៈ មក​គឺ​អត់​បាន​ដឹង​ពី​សុខទុក្ខ​គ្នា​ទេ អត់​ដឹង​ពី​ទុក្ខ​លំបាក​គ្នា​ទៅវិញ​ទៅ​មក​ទេ ខ្ញុំ​មាន​ការ​បារម្ភ​មែនទែន​អ៊ីចឹង​សំណូមពរ​ឱ្យ​ដោះលែង​ពួកគាត់​មកវិញ​ក្នុង​វិបត្តិ​កូវីដ​នេះ​ដើម្បី​ទប់ស្កាត់​កូវីដ​ផង»។

ទាក់ទង​បញ្ហា​នេះដែរ ចលនា​មាតា​ធម្មជាតិ​ក៏​បង្ហាញ​ក្ដី​បារ​ម្មណ៍​ចំពោះ​បញ្ហា​នេះ​ដែរ​។ ចលនា​មាតា​ធម្មជាតិ​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ខ្លួន​ថា ការ​ឆ្លង​ជំងឺ​covid-19​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ទោស​មនសិការ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ និង​មួយ​ភាគ​ធំ​មិនទាន់​បាន​ទទួល​ការជម្រះ​ក្តី​នៅ​ឡើយ​។ ប្រភព​ដដែល​បន្តថា ស្ថានភាព​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​ដែល​ចង្អៀត​ណែន​តាន់តាប់​គ្មាន​អនាម័យ និង​បរិក្ខារ​សុខាភិបាល​គ្រប់គ្រាន់ នឹង​មិន​អាច​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​វីរុស​កូវីដ១៩​បាន​នោះ​ទេ។

កង្វល់​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​សាច់ញាតិ​អ្នក​ជាប់ឃុំ​បែបនេះ ក្រោយ​ជំងឺ​កូវីដ១៩ បាន​រាតត្បាត​ដល់​ពន្ធនាគារ​ម​១ ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ផ្នែក​បុរស​មាន​អ្នក​ជាប់ឃុំ​ចំនួន​១៨​នាក់​ឆ្លង​ជំងឺ​កូវីដ រីឯ​អ្នក​ជាប់ឃុំ​នៅ​ខេត្ត​ព្រះសីហនុ​ក៏មាន​អ្នក​ជាប់ឃុំ​ចំនួន ៣៤​នាក់​ឆ្លង​ជំងឺ​នេះដែរ​។

ឆ្លើយ​តប​បញ្ហា​នេះ អ្នកនាំពាក្យ​ពន្ធនាគារ​លោក នុត សវនា ឱ្យ​អាស៊ីសេរី​ដឹង​ថា នៅ​ពន្ធនាគារ មិន​ទាន់​មាន​ការ​ឆ្លង​រីក​រាល​ដល់​អ្នក​ជាប់ឃុំ​ផ្សេង​ទៀត​នោះទេ គឺ​ចំនួន​អ្នក​ជាប់ឃុំ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​ស្ថិតក្នុង​ចំនួន (៥២​នាក់​) ដដែល ទាំង​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​។ អ្នកនាំពាក្យ​ដដែល​អះអាង​ថា ពេល​នេះ​ខាង​ពន្ធនាគារ​បាន​ញែក​អ្នក​ជាប់ឃុំ​ដែលមាន​ជំងឺ​កូវីដ និង​អ្នក​ឃុំ​ជាប់​ពាក់ព័ន្ធ នៅ​ដាច់​ដោយឡែក​ពីគ្នា ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ថា ក្នុង​មួយ​បន្ទប់​ដាក់​អ្នក​ជាប់ឃុំ​ប៉ុន្មាន​នាក់​នោះទេ​។ លោក​ឱ្យ​ដឹង​ដែរ​ថា ពេល​នេះ​គ្រូពេទ្យ​កំពុង​ពិនិត្យ​និង​ព្យាបាល​អ្នក​ជាប់ឃុំ​ទាំង​នោះ​នៅ​ក្នុង​ពន្ធនាគារ៖ «កំពុងតែ​មមាញឹក​ក្នុង​ការ​យក​សំណាក ហើយ​នឹង​រៀបចំ​ប្រព័ន្ធ​អនាម័យ​ឡើងវិញ រឹតបន្តឹង​ជាពិសេស​បទ​វិន័យ​តាម​ការណែនាំ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ អ៊ីចឹង​ពេលនេះ​យើង​រឹត​បន្តឹង​ការងារ​ទាំងអស់​ហ្នឹង»។

លោក នុត សវនា អះអាង​ទៀត​ថា ប្រធាន​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ​ម១ មិន​ទាន់​មាន​គម្រោង​បញ្ជូន​អ្នក​ជាប់ឃុំ​ទៅ​កន្លែង​ឃុំខ្លួន​នៅ​កន្លែង​ផ្សេង​នៅ​ឡើយ ព្រោះ​ខាង​ពន្ធនាគារ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន។

ជុំវិញ​សំណើរ សាច់ញាតិ​អ្នក​ជាប់ឃុំ​ស្នើ​ដោះលែង​សាច់ញាតិ​ពួកគេ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន អ្នកនាំពាក្យ​ពន្ធនាគារ​រូបនេះ​ប្រាប់​ថា តុលាការ​ជា​អ្នក​សម្រេច​រឿង​នេះ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការបំភ្លឺ​ពី​ប្រធាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ទេ​នៅ​ថ្ងៃទី​២២ ខែឧសភា ដោយ​លោក​ចុច​ផ្ដាច់​ពេល​អាស៊ីសេរី​ទូរស័ព្ទ​ហៅ​ចូល។ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា ការ​ឆ្លង​ជំងឺ covid-19 ក្នុង​ពន្ធនាគារ នឹង​ចោទ​ជា​បញ្ហា​ធ្ងន់​មួយ ព្រោះ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នៅ​តែ​ចោទ​ជា​បញ្ហា​។ លោក​ថា នៅ​ពេល​មាន​កើត​ជំងឺ​នេះ​នៅ​ពន្ធនាគារ​នឹង​មាន​ការ​ចោទសួរ​ឡើង​ថា តើ​ការរក្សា​គំលាត ការប្រើប្រាស់​បន្ទប់​គេង ក្នុង​ទទួល​ទាន​បាយ​របស់​អ្នក​ជាប់ឃុំ​ត្រូវ​ដោះស្រាយ​យ៉ាងណា​? ។ មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​បន្តថា រដ្ឋាភិបាល​គួរ​មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ លោក​យល់ថា គួរ​អនុញ្ញាតឱ្យ​មានការ​អនុវត្ត​ទោស​នៅក្រៅ​ពន្ធនាគារ និង​ពិនិត្យ​លទ្ធភាព​លើ​អ្នក​ជាប់ឃុំ បញ្ហា ព្រំដែន បរិស្ថាន និង​បញ្ហា​នយោបាយ​ជាដើម​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន៖ «គួរតែ​រក​មធ្យោបាយ​ដាក់​ក្រៅ​ឃុំ​សិន​ទៅ ហើយ​ចាំបាច់​យ៉ាងណា​គឺ​យើង​អាច​ពិនិត្យ ឡើងវិញ​ហើយ​អាច​ចូល​មក​បំពេញ​ទោស​ឡើង​វិញ»។

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បង្ហាញ​ថា អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​មាន​៣៩.០០០​នាក់​។ អង្គការ​ជាតិ និង​អន្តរជាតិ​ថា ចំនួន​នេះ​ធ្វើឱ្យ​ពន្ធនាគារ​ចង្អៀត​ណែន​ព្រោះ​ពន្ធនាគារ​អាច​ផ្ទុក​មនុស្ស​បាន​ត្រឹម​ជាង​២​ម៉ឺន​៦​ពាន់​នាក់​ប៉ុណ្ណោះ​។ លោក នុត សវនា និយាយ​ថា អាជ្ញាធរ​ពន្ធនាគារ​ក៏​មាន​ផែនការ​ផ្សេងៗ​ទៀត​ដែរ ប្រសិនបើ​ករណីនេះ​មាន​រីក​រាលដាល​ខ្លាំង​នៅ​ពន្ធនាគារ៕

No comments: