Sunday, 30 May 2021

គ្រួសារ​អ្នក​ជាប់ឃុំ​រិះគន់​អាជ្ញាធរ​ពន្ធនាគារ​ដែល​មិន​បង្ហាញ​ព័ត៌មាន​ទូលំទូលាយ​ពី​ស្ថានភាព​អ្នក​ជាប់​ឃុំ​ឆ្លង​ជំងឺ​កូវីដ


ដោយ យន់ សាមៀន
2021-05-30 rfa
គ្រួសារ​អ្នក​ជាប់ឃុំ​រិះគន់​អាជ្ញាធរ​ពន្ធនាគារ​ដែល​មិន​បង្ហាញ​ព័ត៌មាន​ទូលំទូលាយ​ពី​ស្ថានភាព​អ្នក​ជាប់​ឃុំ​ឆ្លង​ជំងឺ​កូវីដ 

(ឆ្វេង) លោក រ៉ុង ឈុន ប្រធាន​សហភាពសជីពកម្ពុជា (កណ្ដាល) អ្នក​នាង ឈឿន ដារ៉ាវី និង​យុវជន ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរថាវរៈ (ស្ដាំ) លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ដែល​អាជ្ញាធរ​ក្រង​ភ្នំពេញ​ចាប់ខ្លួន​ក្នុង​ពេល​ថ្មីៗ ចុង​ក្រោយ​នេះ។
Photo Courtesy


គ្រួសារ​របស់​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ពន្ធនាគារ ដែល​មិន​បាន​បង្ហាញ​ព័ត៌មាន​ទូលំទូលាយ​ពី​ស្ថានភាព​ជំងឺ​កូវីដ​ឆ្លង​រាតត្បាត​នៅ​ក្នុង​ពន្ធនាគារ។ពួកគាត់​ចោទ​ថា អាជ្ញាធរ​ពន្ធនាគារ​កំពុង​លាក់បាំង​ព័ត៌មាន និង​ធ្វើ​បាប​ផ្លូវចិត្ត​របស់​ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​ដែល​កំពុង​ចង់​ដឹង​អំពី​សុខទុក្ខ គ្នា​ទៅវិញ​ទៅមក។

ស្រប​ពេល​ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​រាតត្បាត​ដល់​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​នេះ អាជ្ញាធរ​ពន្ធនាគារ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត ផ្តល់​ព័ត៌មាន​កាន់តែ​តិច​ទៅៗ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់ឃុំ ព្រួយបារម្ភ​ជា​ខ្លាំង។

ប្រពន្ធ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល លោក ម៉ី សោភ័ណ គឺ​លោកស្រី អ៊ីន ហ៊ួត រៀបរាប់​ថា លោកស្រី ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​សុខភាព​និង​សុវត្ថិភាព​របស់​ប្តី ដោយសារ​ពន្ធនាគារ​ខេត្ត​កណ្តាល កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ-១៩ ធ្ងន់ធ្ងរ។ លោកស្រី​ទទូច​ឲ្យ​អាជ្ញាធរ​ពន្ធនាគារ បង្ហាញ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ​ដល់​គ្រួសារ​អ្នក​ជាប់​ឃុំ និង​ដោះលែង​ប្តី​លោកស្រី​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ព្រោះ​គាត់​គ្រាន់តែ​បញ្ចេញមតិ​រិះគន់​គុណភាព​វ៉ាក់សាំង​នៅ​លើ​ហ្វេសប៊ុក(Facebook) ដោយ​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើយ៖ «ខាង​អាជ្ញាធរ​មាន​ការ​លាក់បាំង​សូម្បីតែ​ទៅ​សួរសុខទុក្ខ ក៏​អត់​ឲ្យ​ជួប ដូច្នេះ​អត់​មាន​ដឹង​ដំណឹង​គាត់​អី​ទាំងអស់ អ៊ីចឹង​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ព្រួយបារម្ភ ពី​គាត់​ព្រោះ​អី​ជា​ប្តី​ប្រពន្ធ​គ្រាន់តែ​លឺ​ផ្អើល​ជំងឺ​នេះ យើង​តែងតែ​មានការ​ភ័យ​ពី​គាត់​ហើយ​ដោយសារ​ទីនោះ​មាន​អ្នក​ជាប់ឃុំ​ច្រើន​និង​មិន​មាន​អនាម័យ»។


ស្រដៀង​គ្នា​នេះ ប្រពន្ធ​របស់​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ គឺ​លោកស្រី ហង្ស ផារី ថ្លែង​ថា លោកស្រី គ្រាន់តែ​ដឹង​ថា ប្តី​របស់​លោកស្រី បាន​ឆ្លង​ជំងឺ​កូ​វីដ នៅក្នុង​ពន្ធនាគារ​ព្រៃស ផ្នែក​បុរស​(​ម​១) ប៉ុន្តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​ពន្ធនាគារ​មិន​បាន​ផ្តល់​ដំណឹង​ដល់​លោកស្រី​អំពី​ស្ថានភាព​របស់​ប្តី និង​ការ​ព្យាបាល​បែប​ណា​នោះ​ទេ។ លោកស្រី​រិះគន់​ថា ការ​បិទ​ព័ត៌មាន​មិន​ឲ្យ​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​ដឹង​អំពី​សុខទុក្ខ​គ្នា​ក្នុង​ស្ថានភាព​នេះ គឺជា​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត ព្រោះ​ពួកគាត់ ត្រូវ​រស់នៅ​ជាមួយ​ទុក្ខ​ក្រៀមក្រំ​និង​ក្តី​ព្រួយបារម្ភ​ឥត​គណនា​រហូត​ភ្លេច​បាយ​ភ្លេច​ទឹក។ ប្រពន្ធ​របស់​អ្នក​ជាប់​ឃុំ​នយោបាយ​រូប​នេះ​បន្ត​ថា មន្ត្រី​ពន្ធនាគារ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធ​តែ​មាន​ក្រុម​គ្រួសារ​មាន​ប្រពន្ធ​និង​កូន ដូច្នេះ​គួរតែ​រៀន​យល់​អំពី​ទុក្ខសោក​របស់​ពលរដ្ឋ​ដូចជា​ពួកគាត់​ផង៖ «បើ​នៅតែ​បំបិទ​សិទ្ធិ​មិន​ឲ្យ​ខ្ញុំ​ដឹង​ព័ត៌មាន​មិន​ព្រម​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​មិន​ព្រមយក​ពួកគាត់​មក​ព្យាបាល​នៅ​ខាងក្រៅ​ដូច្នេះ​រឿង​ទាំង អស់នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពន្ធនាគារ​ទាំងអស់ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​ទាំងអស់គ្នា ព្រោះ​ពួកគាត់​អត់​មាន ទោសពៃរ៍​ឯណា អត់​មានបាន​ទៅ​លួច​ទៅ​ឆក់​ទៅ​ប្លន់ ទៅ​បំផ្លាញ​សម្បត្តិ​ជាតិ ឬ​លក់ដូរ​គ្រឿងញៀន​ទេ»។

ការ​លើកឡើង​របស់​ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​នយោបាយ​នេះ គឺ​បន្ទាប់ពី​ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​រាតត្បាត​ដល់​ក្នុង​ពន្ធនាគារ​ចំនួន​៣​ហើយ គឺ​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​បុរស​(​ម​១) ពន្ធនាគារ​ខេត្តកណ្តាល និង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​។ របាយការណ៍​បឋម​របស់​អាជ្ញាធរ​ពន្ធនាគារ បង្ហាញ​ថា យ៉ាង​ហោច​ណាស់ មាន​អ្នក​ជាប់ឃុំ ៣៥០​នាក់​ដែល​បាន​ឆ្លង​ជំងឺ covid-19 ដោយ​ភាគ​ច្រើន​បំផុត​គឺ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល។ ទោះជា​យ៉ាងណា អាជ្ញាធរ​ពន្ធនាគារ​មិន​បាន​បង្ហាញ​ព័ត៌មាន​ទូលំទូលាយ​បន្ថែម​ទៀត​នោះ​ទេ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ជាច្រើនលើក ប៉ុន្តែ​ចាប់តាំងពី​ជំងឺ​កូវីដ​ផ្ទុះឡើង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ពន្ធនាគារ​នោះ​មក លោក​ពុំ​ទទួល​ទូរស័ព្ទ​របស់​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទៀត​ឡើយ។

ទាក់ទង​ករណីនេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ផ្តល់​ព័ត៌មាន​ពេញលេញ​ដល់​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​ក្នុង​ស្ថានភាព​នេះ គឺជា​រឿង​ចាំបាច់ ដើម្បី​កុំ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​ខ្លាំង មាន​វិបត្តិ​ផ្លូវចិត្ត និង​អាច​បញ្ចេញមតិ​ខុស​នាំ​ឲ្យ​មានការ​ចោទប្រកាន់​មក​លើ​ពួកគាត់​វិញ​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​បរិហារកេរ្តិ៍​ជាដើម​។ លោក បន្ត​ថា គ្រួសារ​របស់​អ្នក​ជាប់ឃុំ​មិន​បាន​ដឹង​សុខទុក្ខ​ជាច្រើន​ខែ​មក​ហើយ ដូច្នេះ​នៅពេល​មាន​ដំណឹង​ក្រៅផ្លូវការ​ផ្សេងៗ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​ចូល​ក្នុង​ពន្ធនាគារ គឺ​ប្រាកដ​ជា​ធ្វើ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​ជា​ខ្លាំង៖ «ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ទៅទៀត ធ្វើ​ឲ្យ​គាត់​បារម្ភ​កាន់ តែ​ខ្លាំង​ហើយ​បើ​យើង​ស្រ​ម៉ៃ​ទៅវិញ​នៅក្នុង​ពន្ធនាគារ គឺ​មនុស្ស​ម្នាក់​មិន​មាន​កន្លែង​គ្រប់គ្រាន់​ប្រហែល​មិនបាន​១​ម៉ែត្រការ៉េ​ផង ក្នុង​ម្នាក់​ដូច្នេះ​យើង​ស្រ​ម៉ៃ​ថា តើ​ភាព​ចង្អៀត​ណែ​នេះ​នៅពេល​មានការ​ឆ្លង តើ​វា​អាច​យ៉ាងម៉េច​ទៅវិញ​? កន្លងមក បើ​មាន អ្នក​កើត​រម៉ាស់ ឬ​ផ្ដាសាយ​អី គឺ​មួយ​បន្ទប់​ឆ្លង​ទាំងអស់ ដូច្នេះ​ស្រ​ម៉ៃ​ទៅ​មើល​ថាបើ​មាន កូ​វីដ​ចូល គឺ​វា​ត្រូវ​ដូចគ្នា​ដែរ​។ ដូច្នេះហើយ​បានជា​ក្រុម​គ្រួសារ​របស់​គាត់​បារម្ភ​ខ្លាំង​ដោយ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់»។

កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International)​បាន​អះអាង​ថា ពួកគេ​ទទួល​បាន​ព័ត៌មាន​សំងាត់​ថា មាន​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ ប៉េហ្ស៊ី (PJ) រាប់​រយ​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​អាជ្ញាធរ​បាន​លាក់​ព័ត៌មាន​ដោយ​បង្ហាញ​តួលេខ​អ្នក​ឆ្លង​តិចតួច​បំផុត​។ រីឯ​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​ដោយ​មូលហេតុ​នយោបាយ​វិញ ពួកគាត់​ក៏​ទទួល​បាន​ព័ត៌មាន​សំងាត់​ជា​បន្ត​បន្ទាប់ពី​ឆ្មាំ​ពន្ធនាគារ​ដែរ​ថា មាន​សកម្មជន​យោ​បាយ​និង​សកម្មជន​សង្គម​មួយចំនួន បាន​ឆ្លង​ជំងឺ​កូវីដ-១៩។

ករណីនេះ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​ទាំងនោះ ព្រួយបារម្ភ និង​ចាប់​ផ្តើម​ចេញ​តវ៉ា​ជាថ្មី ដោយ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ប្រគល់​សេរីភាព​ជូន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ឡើងវិញ ដើម្បី​ឲ្យ​ពួកគាត់​មានឱកាស​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​កូវីដ​ដោយ​ត្រឹមត្រូវ​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ។ ក្រុម​អង្គការ​ជាតិ​និង​អន្តរជាតិ រួម​ទាំង​គ្រួសារ​របស់​អ្នក​ជាប់ឃុំ ព្រមាន​ថា គ្រោះមហន្តរាយ​នៅក្នុង​ពន្ធនាគារ អាច​នឹង​កើត​ឡើង ប្រសិនបើ​អាជ្ញាធរ​របប​លោក ហ៊ុន សែន បន្ត​លាក់​បាំង​ព័ត៌មាន និង​មិន​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ពេល​ឥឡូវនេះ​ទេ​នោះ៕

No comments: