Wednesday, 26 May 2021

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ១២ស្ថាប័ន​​អំពាវនាវ​ដល់​រដ្ឋាភិបាល​​ឲ្យ​បញ្ឈប់​​ជា​បន្ទាន់​នូវ​ការវាយប្រហារ​មកលើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ក្នុង​បរិបទ​នៃ​ជំងឺកូវីដ១៩​

Khmer Circle: No doubt, all these critics are Opposition-affiliated "inciters" and "agitators" out to undermine government effort and damage its honour...

🔺🔺🔺
 

ដោយ មាន ឫទ្ធិ
2021-05-25 rfa
អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ១២ស្ថាប័ន​​អំពាវនាវ​ដល់​រដ្ឋាភិបាល​​ឲ្យ​បញ្ឈប់​​ជា​បន្ទាន់​នូវ​ការវាយប្រហារ​មកលើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ក្នុង​បរិបទ​នៃ​ជំងឺកូវីដ១៩​ 

អ្នកសារព័ត៌មានកម្ពុជាក្នុងពេលចុះយកព័ត៌មាននាពេលកន្លងមក។
រូប៖ RFA


អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន ១២ ស្ថាប័ន​ធំៗ អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការវាយប្រហារ​មកលើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​អ្នកសារព័ត៌មាន​នៅក្នុង​បរិបទ​ជំងឺកូវីដ១៩។ មន្ត្រី​រដ្ឋាភិបាល ថ្លែង​ការពារថា ពុំមាន​ការរារាំង ឬ​ការគំរាមកំហែង​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅកម្ពុជា​នោះទេ តែ​វិធានការ​របស់​រដ្ឋាភិបាល​កន្លងមក​ គឺជា​ការអនុវត្តច្បាប់ និង​ដើម្បី​ការពារ​កុំឲ្យ​មានការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំង ១២ ស្ថាប័ន​នេះ រួមមាន អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR អង្គការ​អ្នកសារព័ត៌មាន​គ្មានព្រំដែន (Reporters Without Borders, RSF) និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ជាដើម។


ក្នុង​សេចក្តីថ្លែងការណ៍​រួមផ្សាយ​នៅថ្ងៃទី២៥ ខែឧសភា អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនេះបាន​គូសបញ្ជាក់​ថា ក្នុងរយៈពេល​ប៉ុន្មានខែ​ចុងក្រោយនេះ រដ្ឋាភិបាល​​បាន​ព្រមាន​ចំពោះ​ការរិះគន់​ជា​សាធារណៈ​ទៅលើ​វិធានការ​របស់​ខ្លួន។ រដ្ឋាភិបាល បាន​រារាំង​​មិនឲ្យ​អ្នកកាសែត​ឯករាជ្យ​រាយការណ៍​ពី​ករណីឆ្លង​រាល​ដាល​​នៃ​​ជំងឺកូវីដ១៩ និង​បាន​ផ្ដន្ទាទោស​អ្នកទាំងឡាយណា​ ដែល​បាន​រិះគន់​យុទ្ធនាការ​ចាក់វ៉ាក់សាំង។ លើសពីនេះទៀត រដ្ឋាភិបាល​ក៏​បាន​គំរាម​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​ក្រុមអ្នកកាសែត និង​ក្រុមអ្នកប្រើប្រាស់​បណ្តាញសង្គម ក្រោមហេតុផល​ថា ពួកគេ​ញុះញង់​ឲ្យ​មាន «ចលាចល​ធ្ងន់ធ្ងរ​ក្នុង​សង្គម»។

Hun_sen_get_vaccine.jpg
 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបដិសេធចាក់វ៉ាក់សាំងចិនដោយសារខុសលក្ខខណ្ឌអាយុនោះ បានងាកមកចាក់វ៉ាក់សាំង astrazeneca របស់អង់គ្លេសដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

 

ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនេះ មិន​ខុស​ពី​លើកមុនៗ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ថ្លែង​ការពារ​ថា ពុំមាន​ការគំរាមកំហែង​ទៅលើ​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា​ដូចការ​លើកឡើង​របស់​អង្គការ​អន្តរជាតិ​ទាំងនោះ​ទេ តែ​វិធានការ​កន្លងមក​របស់​រដ្ឋាភិបាល​ គឺជា​ការអនុវត្ត​ច្បាប់៖ «នៅ​ប្រទេស​កម្ពុជា​យើង ពុំ​មាន​ការរារាំង ឬមួយ​ការគំរាមកំហែង​ចំពោះ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នោះទេ ទោះបីជា​នៅក្នុង​ដំណាក់កាល​កូវីដ​នេះ​ក្តី ឬ​មួយ​ក៏​ដំណាក់កាល​ផ្សេងៗ​ក្តី។ អ្វីដែលជា​បញ្ហា​យល់​ច្រឡំ​ពី​អង្គការ​ទាំងនោះ​ទៅលើ​ការប្រើប្រាស់​សេរីភាព​បញ្ចេញ​មតិ។ ដូច្នេះ សេរីភាព​បញ្ចេញមតិ​មានន័យថា យើង​ប្រើប្រាស់​សិទ្ធិសេរីភាព​របស់​ខ្លួន​នៅក្នុង​ការបញ្ចេញ​មតិ​ដោយសេរី ប៉ុន្តែ​នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​និង​សិទ្ធិសេរីភាព​អ្នកដទៃ​ដូចធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ​»។

លោក​បន្ត​ថា ករណី​មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​យក​ព័ត៌មាន​ក្នុង​តំបន់បិទខ្ទប់ គឺជា​វិធានការ​ដើម្បី​បង្ការ​កុំឲ្យ​អ្នកសារព័ត៌មាន​ឆ្លង​ជំងឺ​កូវីដ១៩​ពី​ពលរដ្ឋ​នៅក្នុង​តំបន់នោះ ឬ​កុំឲ្យ​អ្នកសារព័ត៌មាន​ចម្លង​ជំងឺកូវីដ១៩​ទៅ​ពលរដ្ឋ។

21e89a60-7189-47a4-b29d-24b31f237b20.jpeg
 

យុវជនម្នាក់ដែលត្រូវបានចាប់ខ្លួនដោយសារតែបានរិះគន់ការចាក់វ៉ាក់សាំងចិនបង្ការជំងឺកូវីដ១៩។

ផ្ទុយពី​ការអះអាង​នេះ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនេះ សង្កត់ធ្ងន់​ថា ចំណាត់ការ​ទាំងនេះ​របស់​រដ្ឋាភិបាលឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការបង្ក្រាប​ជា​ប្រព័ន្ធ និង​ឥត​ស្រាកស្រាន​មកលើ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​នៃ​ការទទួល​បាន​ព័ត៌មាន ដែល​បាន​កើតមាន​ឡើង​នៅ​កម្ពុជា​តាំងតែពី​នៅមុនពេល​ផ្ទុះជំងឺ​រាត​ត្បា​ត​​សាកល​កូវីដ១៩ មកម៉្លេះ។ អង្គការ​ទាំងនេះ​ថា ការកើនឡើង​ករណី​បង្ក្រាប​ចុងក្រោយនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​យុទ្ធនាការ​កាន់តែខ្លាំងក្លា​ជាងមុន​របស់​រដ្ឋា​ភិបាល​​ក្នុងការ​បំបិទមាត់​រាល់​សំឡេង​រិះគន់​ទាំងអស់​ឲ្យ​អស់​ចេញ​ពី​កម្ពុជា​តែម្តង។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុកលោក ស៊ឹង សែនករុណា យល់ថា ចំណាត់ការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​មកលើ​សំឡេង​រិះគន់​នារយៈពេល​ចុងក្រោយ​​នេះ កំពុងតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​រឹតត្បិត​សិទ្ធិសេរីភាព​ខ្លួនឯង​ក្នុង​ការបញ្ចេញមតិ​លើ​បញ្ហា​សង្គម ហើយ​ស្ទើ​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​ហ៊ាន​និយាយ​រិះគន់​តែម្តង។ លោកថា បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ទៅដល់​ការគ្រប់គ្រង​ប្រទេស​របស់​រដ្ឋាភិបាល​ទៅវិញទេ៖ «បញ្ហា​គឺ​រដ្ឋាភិបាល​អាចនឹង​បាត់បង់​នូវ​ព័ត៌មាន​ដែល​ពាក់ព័ន្ធនឹង​ការពិត​ពាក់ព័ន្ធ​នឹង​បញ្ហា​ជីវភាព ឬក៏​សុខភាព​សាធារណៈ គឺ​អាច​ធ្វើ​ឲ្យ​បាត់​នូវ​ព័ត៌មាន​ទាំងអស់​ហ្នុង ហើយ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការកំណត់​ជា​បញ្ហា​ដើម្បី​​រកការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់។ បញ្ហា​ប្រឈម​បន្តទៀត​នោះ​គឺ អាច​ឲ្យ​ខាង​សហគមន៍​អន្តរជាតិ​ដែល​គេ​កំពុង​តែ​ឃ្លាំមើល​តាមដាន​មកលើ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា អាចជា​ការយក​នូវ​បញ្ហា​ហ្នុង​ដាក់​កម្ពុជា​នៅ​ក្នុង​សម្ពាធ​ផ្សេងៗ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​លំបាក​ដល់​កម្ពុជា»។

PM_Hun_Sen_Warning_people_01.jpg
 

យុវជនពីរនាក់ ម្នាក់នៅខេត្តកំពង់ស្ពឺ និងម្នាក់នៅខេត្តត្បូងឃ្មុំត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននិងបញ្ជូនទៅកាន់តុលាការនៅក្នុងអំឡុងពេលនៃការរិះគន់ទៅលើការប្រើប្រាស់វ៉ាក់សាំងចិន Sinopharm។

 

បើតាម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនេះ មាន​ពលរដ្ឋ​មិនតិចជាង​ ៣០ នាក់​ទេ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន​ដោយសារតែ​ពួកគេ​បាន​បញ្ចេញមតិ​រិះគន់​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធនឹង​ជំងឺកូវីដ១៩ ក្នុងនោះ​ក៏​រួមមាន​អ្នកកាសែត​ជនជាតិ​ចិន​ម្នាក់​ដែល​ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន​បណ្តេញចេញ​ពីប្រទេស​កម្ពុជា​ក្រោយពី​បាន​រាយការណ៍​ថា​មាន​ករណី​លក់​វ៉ាក់សាំងចិន​ស៊ីណូហ្វាម (Snopharm)។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំង ១២ ស្ថាប័ន​ធំៗ​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​នូវ​រាល់​ការធ្វើទុក្ខបុកម្នេញ​ដល់​អ្នកកាសែត​ឯករាជ្យ​ដែល​រាយការណ៍​​ពី​ជំងឺកូវីដ១៩ និង​បុគ្គលទាំងឡាយ​ដែល​បញ្ចេញ​មតិ​រិះគន់ ឬ​បង្ហាញ​ពី​ការភ័យខ្លាច​របស់​ពួកគេ​ជុំវិញ​ជំងឺកូវីដ១៩ នៅតាម​បណ្តាញ​សង្គម។ អង្គការ​ទាំងនេះ ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានការ​នានា​ក្នុងការធានា​ឲ្យ​មាន​នូវ​បរិយាកាស​ប្រព័ន្ធផ្សព្វផ្សាយ​ដែល​មាន​លក្ខណៈ​ចម្រុះ និង​ឯករាជ្យ។ ពួកគេ​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ថ្មី​ស្តីពី​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩ និង​ច្បាប់​ទាំងឡាយណា​ដែល​មាន​លក្ខណៈ​ប្រឆាំងនឹង​ការគោរព​សិទ្ធិមនុស្ស​ផងដែរ។ អង្គការ​ទាំងនេះថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​លើកកម្ពស់​សេរីភាព​នៃ​ការបញ្ចេញ​មតិ រួមទាំង​សេរីភាព​នៃ​ការស្វែងរក ទទួលបាន និង​ចែករំលែក​ព័ត៌មាន ជាជាង​ប្រើប្រាស់​វិបត្តិ​សុខភាព​សាធារណៈ​យកមក​ធ្វើ​ជា​លេស​ក្នុងការ​កម្ចាត់ចោល​សំឡេង​រិះគន់​នៅ​កម្ពុជា៕

No comments: