ដោយ សេក បណ្ឌិត
2021-06-26 rfaលោកស្រី ព្រុំ ចាន់ថា ជាម្ដាយ និងកុមារា កាក់ សុវណ្ណច្ឆ័យ ថតថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ក្រោយពីកុមារារូបនេះចេញពីមន្ទីរឃុំឃាំង។
រូបពីហ្វេសប៊ុក
គ្រួសារ និងមន្ត្រីសិទ្ធិមនុស្សថ្កោលទោសចំពោះអាជ្ញាធររបបក្រុងភ្នំពេញដែលចាប់ឃុំខ្លួនយុវជន កាក់ សុវណ្ណច្ឆ័យ ដែលជាអនីតិជន។ ពួកគាត់ចាត់ទុកថា ការចាប់ឃុំខ្លួនកូនប្រុសរបស់មន្ត្រីបក្សប្រឆាំងរូបនេះគឺជាការរំលោភសិទ្ធិកុមារធ្ងន់ធ្ងរ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ព្រមទាំងទាមទារឲ្យដោះលែងវិញជាបន្ទាន់។
អាជ្ញាធររបបលោក ហ៊ុន សែន ហាក់ធ្វើទុក្ខបុកម្នេញលើក្រុមគ្រួសារសកម្មជនរបស់គណបក្សសង្គ្រោះជាតិ កាន់តែធ្ងន់ធ្ងរឡើង ដោយសូម្បីតែក្មេងប្រុសមិនទាន់គ្រប់អាយុ និងមានបញ្ហាផ្នែកសតិបញ្ញា ក៏មិនលើកលែងដែរ។ យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ដែលមានជំងឺអូទីហ្សឹម (Autism) ពីកំណើត ត្រូវបានអាជ្ញាធរសម្រុកចូលចាប់ខ្លួនក្នុងផ្ទះទាំងយប់ យកទៅឃុំខ្លួនក្នុងពន្ធនាគារ ដោយមិនអនុញ្ញាតឲ្យជួបសាច់ញាតិ និងមេធាវីការពារក្តីឡើយ។
ម្តាយរបស់ កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងទាំងយំខ្សឹកខ្សួលថា លោកស្រី បានយកម្ហូបអាហារ និងសម្ភារៈខ្លះ ផ្ញើជូនកូនប្រុស ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស(ម២) នៅថ្ងៃទី២៦ មិថុនា ប៉ុន្តែមន្ត្រីពន្ធនាគារ មិនអនុញ្ញាតឲ្យលោកស្រីជួបកូនប្រុសដោយផ្ទាល់នោះទេ បានត្រឹមតែផ្ញើអីវ៉ាន់ពីខាងក្រៅប៉ុណ្ណោះ។ លោកស្រីកំពុងព្រួយបារម្ភជាខ្លាំងអំពីសុខទុក្ខរបស់កូនប្រុស ខា្លចមានគេវាយធ្វើបាប ព្រោះគាត់នៅក្មេង និងមានជំងឺអូទីហ្សឹមពីកំណើត ដែលធ្វើឲ្យគាត់មិនសូវចេះបត់បែនតាមកាលៈទេសៈ ហើយធ្វើសកម្មភាពដដែលៗជាដើម។ លោកស្រីថ្កោលទោសចំពោះអាជ្ញាធររបបក្រុងភ្នំពេញដែលចាប់ឃុំខ្លួនប្តីលោកស្រីជាង១ឆ្នាំហើយ បែរជាពេលនេះ ប្រឌិតរឿងចាប់កូនប្រុសលោកស្រីម្នាក់ទៀតយកទៅឃុំខ្លួនក្នុងពន្ធនាគារទាំងគ្មានកំហុស៖ «ហូបចុករាល់ថ្ងៃនេះ ពេលដល់ម៉ោងបាយ ខ្ញុំធ្វើឲ្យគាត់ហើយហៅគាត់មកញាំតែដល់ក្នុងនោះមិនដឹងថា យ៉ាងម៉េចការញាំការគេងរបស់គាត់។ ខ្ញុំជឿថា មិនអាចងាយស្រួលទេ ព្រោះនៅក្នុងពន្ធនាគារមិនដូចផ្ទះយើងទេ។ ខ្ញុំបារម្ភ មែនទែន ជាពិសេសការមុជទឹក និងការអនាម័យ មិនដឹងថាគាត់អាចទទួលយកបាន អត់?។ ណាមួយទៅ កូនខ្ញុំមិនទាន់ទាំងស្គាល់លុយផង គាត់ឃើញអីថា ហ្នឹងមិនដឹងថា គាត់ចេះបត់បែនអត់ ។ ខ្ញុំខ្លាចតែគេ វាយធ្វើបាបកូនខ្ញុំ ព្រោះក្រែងក្នុងនោះមានក្មេងញៀនថ្នាំអ៊ីចឹង»។
យុវជន កាក់ សុវណ្ណច្ឆ័យ គឺជាកូនប្រុសរបស់សកម្មជនគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់ និងរួមគំនិតក្បត់។ អាជ្ញាធររបបក្រុងភ្នំពេញ មានគ្នាជាង ២០នាក់ បានសម្រុកចូលចាប់ខ្លួនយុវជន កាក់ សុវណ្ណច្ឆ័យ ដល់ក្នុងផ្ទះនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កាលពីម៉ោង៨យប់ថ្ងៃទី២៤ ខែមិថុនា ដោយចោទថា គាត់ប្រព្រឹត្តបទល្មើសជាក់ស្តែងពាក់ព័ន្ធនឹងការប្រើពាក្យសម្តីញុះញង់ និងការជេរប្រមាថថ្នាក់ដឹកនាំ ក្នុងពេលជជែកគ្នាជាក្រុមតាមបណ្ដាញសង្គមតេឡេក្រាម(Telegram)។ តុលាការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់អនីតិជនរូបនេះ ចំនួនពីរបទល្មើស គឺរួមមានបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថអ្នករាជការសាធារណៈ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស (ម២) កាលពីព្រលប់ថ្ងៃទី២៥ ខែមិថុនា។
លោកស្រី ព្រុំ ចាន់ថា លើកឡើងថា ចំណាត់ការរបស់អាជ្ញាធរលើកូនប្រុសលោកស្រីនេះ គឺជារូបភាពឃោរឃៅ និងជាការអនុវត្តច្បាប់តាមទំនើងចិត្ត ព្រោះអាជ្ញាធរ និងតុលាការមិនបានអនុញ្ញាតឲ្យលោកស្រី រួមទាំងមេធាវី បានជួបកូនលោកស្រីដែលជាអនីតិជននោះទេ ចាប់តាំងពីថ្ងៃចាប់ខ្លួនរហូតដល់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ លោកស្រីជឿថា អាជ្ញាធរចាប់ខ្លួនកូនប្រុសរបស់លោកស្រីមា្នក់ទៀតនេះ គឺក្នុងបំណងបំបាក់ស្មារតីលោកស្រី ដែលតែងចេញតវ៉ាទាមទារយុត្តិធម៌ឲ្យប្តីជារៀងរាល់ថ្ងៃសុក្រ។ ទោះជាយ៉ាងណា លោកស្រី នឹងមិនរក្សាភាពស្ងៀមស្ងាត់នោះទេ ដរាបណា អាជ្ញាធរ មិនព្រមដោះលែងប្តី និងកូនប្រុសព្រមទាំងសកម្មជននយោបាយផ្សេងទៀត។ លោកស្រី រួមជាមួយក្រុមស្ត្រីថ្ងៃសុក្រផ្សេងទៀត នឹងបន្តតវ៉ារៀងរាល់ថ្ងៃសុក្រ ហើយបន្តដាក់ញត្តិសុំអន្តរាគមន៍ពីស្ថានទូតនានា រួមទាំងអង្គការអន្តរជាតិធំៗរួមមាន អង្គការយូនីសេហ្វ (UNICEF) ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិកុមារ៖ «ចាប់កូនខ្ញុំមកគំរាមខ្ញុំ ទាំងកូនខ្ញុំគ្មានកំហុសសោះ តើឲ្យខ្ញុំស្ងៀមស្ងាត់ម៉េចកើត។ វាជាប្រវត្តិសាស្ត្រហើយដោយសារគាត់ចាប់ក្មេងមិនទាន់គ្រប់ អាយុ ហើយសតិមិនល្អទៀតទៅដាក់គុក ។ សួរថា តើមានទោសទណ្ឌត្រង់ណា? អាក្រក់បំផុត មកចូលចាប់ហើយលួចទាំងរបស់របរមានទាំងទូរស័ព្ទខ្ញុំទៀត។ មកចាប់ មកធ្វើបាបគ្រួសារខ្ញុំមួយលើកហើយមួយលើកទៀត»។
កាលពីដើមខែតុលា ឆ្នាំ២០២០ អាជ្ញាធររបបក្រុងភ្នំពេញ ធ្លាប់បានចាប់ឃុំខ្លួន និងប្រើហិង្សាសួរចម្លើយលើយុវជន កាក់ សុវណ្ណច្ឆ័យ អស់រយៈពេល៤៨ម៉ោង ដោយសារ តែបានចូលទៅប្រមូលទង់គណបក្សសង្គ្រោះជាតិនៅឯទីស្នាក់ការកណ្ដាលគណបក្សនេះ។ បន្ទាប់មកនៅពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កាក់ សុវណ្ណច្ឆ័យ បានជួបគ្រោះថ្នាក់ម្ដងទៀត ដោយត្រូវជនមិនស្គាល់មុខពីរនាក់ ជិះម៉ូតូលបគប់នឹងដុំថ្មពីក្រោយខ្នងបណ្តាលឱ្យបែកក្បាលដេរ ២០ថ្នេរ ក្នុងពេលកំពុងធ្វើដំណើរជាមួយម្តាយនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានខកខានក្នុងការតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្តែបែរជាចាប់ខ្លួន កាក់ សុវណ្ណច្ឆ័យ ដែលជាជនរងគ្រោះនៅពេលនេះទៅវិញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា សុំមិនឆ្លើយតបជុំវិញការចាប់ឃុំខ្លួនយុវជន កាក់ សុណ្ណច្ឆ័យ ទៀតនោះទេ ក្រោមហេតុផលថា សំណុំរឿងនេះ ស្ថិតនៅក្នុងដៃតុលាការរួចហើយ៖ «បើនិយាយទៅរឿងនេះ បញ្ជូនជូនដល់តុលាការហើយ ការងារបន្តចង់សួរម៉េច សួរទៅខាងតុលាការ ព្រោះការងារនេះ ចៅក្រមស៊ើបសួរបានចេញដីកាឃុំខ្លួនបញ្ជូនទៅខាងពន្ធនាគារហើយ ដូច្នេះផុតដៃពីសមត្ថកិច្ចហើយ»។
អាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី២៦ មិថុនា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ជុំវិញករណីនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ប្រសិនបើតុលាការ សាកសួរនិងសម្រេចឃុំខ្លួនក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដោយមិនមានមេធាវីការពារក្តីនៅអមជាមួយ និងមិនអនុញ្ញាតឲ្យជួបជាមួយគ្រួសារផង នោះ គឺជាការរំលោភនីតិវិធីច្បាប់។ លើសពីនេះ លោកបន្តថា ប្រសិនបើតុលាការ យកកិច្ចសន្ទនាឯកជននៅក្នុងបណ្ដាញតេឡេក្រាម មកធ្វើជាភស្តុតាងចោទប្រកាន់ គឺរឹតតែរំលោភទៅលើសិទ្ធិឯកជនភាពរបស់គាត់ថែមទៀត។ លោក អំ សំអាត យល់ថា ការចាប់ឃុំខ្លួនយុវជន កាក់ សុវណ្ណច្ឆ័យ នេះ នឹងនាំឲ្យមានការរិះគន់បន្ថែមទៀតទៅលើរដ្ឋាភិបាលថា ជាការធ្វើទុក្ខបុកម្នេញទៅលើក្រុមគ្រួសាររបស់សកម្មជនបក្សប្រឆាំងដោយសារ កាក់ សុវណ្ណច្ឆ័យ និងម្តាយរបស់គេ ជាមនុស្សសកម្មក្នុងការតវ៉ាទាមទារឱ្យដោះលែងឪពុក និងសកម្មជននយោបាយទាំងអស់ពីក្នុងពន្ធនាគារ៖ «ទី១ ខ្ញុំយល់ថា ពន្ធនាគារយើងកំពុងចង្អៀតណែន ហើយការឃុំខ្លួនបណ្ដោះអាសន្ននេះ តុលាការគួរតែពិនិត្យនិងពិចារណាដែរថា បើករណីមិនចាំបាច់នៅក្នុងការតម្រូវឲ្យឃុំខ្លួនបណ្ដោះអាសន្នទេ គួរតែពិចារណាជាពិសេសទៅលើអនីតិជនហើយបើដូចកុមារ កាក់ សុវណ្ណច្ឆ័យ ដែលមានជំងឺអូទីហ្សឹមអ៊ីចឹងទៀត ហើយរងភាពអយុត្តិធម៌កន្លងមកអ៊ីចឹងទៀត គួរតែពិចារណាក្នុងការដោះលែង ព្រោះការឃុំខ្លួនប៉ះពាល់ច្រើនសម្រាប់កុមារ បើសិនគាត់នៅរៀន។ ទី២ ការឃុំខ្លួនកុមារ កាក់ សុវណ្ណច្ឆ័យនេះ វានាំឲ្យមានការរិះគន់ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញ ឬការគំរាមកំហែងទៅលើក្រុមគ្រួសារនៃអតីតបក្សប្រឆាំង»។
មកទល់ពេលនេះ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថានប្រមាណ៨០នាក់ហើយដាក់ក្នុងពន្ធនាគារ ដោយភាគច្រើនចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់។ ក្រុមអង្គការជាតិ-អន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ តែងតែថ្កោលទោសជាបន្តបន្ទាប់ថា ការចាប់ឃុំខ្លួនទាំងនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ និងទាមទារឲ្យដោះលែងពួកគេវិញជាបន្ទាន់ បើពុំនោះទេ ប្រទេសកម្ពុជានឹងទទួលរងទណ្ឌកម្មបន្ថែមទៀតពីសហគមន៍អន្តរជាតិ៕
1 comment:
The dead man Hun Sen regime is so afraid of its own shadow.
Post a Comment