Tuesday, 1 June 2021

តំណាងអង្គការ​សុខភាព​ពិភពលោក​ថា​ ផ្លូវ​នៅវែង​ឆ្ងាយ​ទៀត​ណាស់​​ទម្រាំកម្ពុជា​​អាច​​បញ្ចប់​ការឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ-១៩


ដោយ មួង ណារ៉េត
2021-05-31 rfa
តំណាងអង្គការ​សុខភាព​ពិភពលោក​ថា​ ផ្លូវ​នៅវែង​ឆ្ងាយ​ទៀត​ណាស់​​ទម្រាំកម្ពុជា​​អាច​​បញ្ចប់​ការឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ-១៩ 

លោកស្រីវេជ្ជបណ្ឌិត លី អៃឡែន (Li Ailan) តំណាង​អង្គការ​សុខភាព​ពិភព​លោក (WHO) ប្រចាំនៅកម្ពុជា។
រូប៖ WHO in Cambodia


មន្ត្រីអង្គការ​​សុខភាព​ពិភពលោក​​ថា​ ផ្លូវ​នៅវែង​ឆ្ងាយ​ទៀត​ណាស់​​ទម្រាំកម្ពុជា​​អាច​​បញ្ចប់​ការឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ-១៩។ តំណាង​អង្គការ​សុខភាព​ពិភព​លោក (WHO) អ្នកស្រី លី អៃឡែន (Li Ailan) ថ្លែង​តាម​បណ្តាញ​សង្គម​ធ្វីតទ័របស់​អ្នកស្រី កាលពីថ្ងៃទី៣០ ខែឧសភា ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហាលំបាក និង​ភាព​​ធ្ងន់ធ្ងរនៃការឆ្លង​ក្នុង​សហគមន៍​ដែល​មិនថមថយ និង​កាន់តែរីករាល​ខ្លាំង​ ចូល​ដល់​ពន្ធនាគារ​ ក្រោយ​ពី​ឆ្លង​ដល់​រោងចក្រ និង​ផ្សារ​ជាច្រើន​រួចមក។

អ្នកស្រី​បន្តទៀត​ថា ការគ្រប់គ្រង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ-១៩​ ដែល​ឆ្លង​តាម​កន្លែង​ប្រមូល​ផ្តុំ​ខ្លាំង​ទាំង​នេះ គឺជា​រឿង​ស្មុគស្មាញ​ខ្លាំង ដែល​វិធានការ​សុខាភិបាល​មួយ​មុខ​ មិន​អាច​ទប់ស្កាត់​វា​បាន​នោះ​ឡើយ។ អ្នកស្រីថា ដើម្បីយក​ឈ្នះ​បញ្ហា​នេះ​បាន បន្ថែម​លើ​វិធានការ​សុខាភិបាល​ដែល​មាន​ស្រាប់ គឺ​ទាល់​តែ​រិះរក​វិធី​សាស្រ្ត​តាមបែប​សាមគ្គី កិច្ចសហការ​គ្នា និង​ដំណោះស្រាយ​បែប​ច្នៃប្រឌិត​នៅ​មូលដ្ឋាន​ផង ទើបអាចទៅរួច។ អ្នកស្រីថា​ មេរោគនៃ​ជំងឺកូវីដ-១៩ កំពុង​តែចរាចរ​នៅ​ពេល​ផ្ទៃ​ប្រទេស។


ទោះជា​យ៉ាង​នេះក្ដីអ្នក​ស្រី លី អៃឡែន ថា​អង្គការ​សុខភាព​ពិភពលោក នៅ​តែ​បន្ដ​សហការ​ និង​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​សុខាភិបាល និង​អង្គការដៃគូ​អភិវឌ្ឍ ដើម្បី​រួមគ្នា​ទប់ទល់​បញ្ហា​នេះ។ ទន្ទឹមនឹង​នេះ អ្នកស្រី​គាំទ្រយុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩។

ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​នេះ មន្រ្តី​សុខាភិបាល​កម្ពុជា​ឯណោះ​វិញ​ អ្នកស្រី​ព្រមាន​ពលរដ្ឋ​កុំឲ្យ​ផ្តេកផ្តួល​ទៅ​លើ​តែ​វ៉ាក់សាំង រួចហើយ​ភ្លេច​វិធានការ​ការពារ​ខ្លួន។ អ្នកនាំ​ពាក្យក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ស្នើ​ឲ្យពលរដ្ឋដែល​បាន​ចាក់​វ៉ាក់សាំង​រួច កុំយល់ច្រឡំថា អ្នក​បានចាក់​វ៉ាក់សាំង​រួច​ លែង​ឆ្លងជំងឺ​កូវីដ-១៩។ អ្នកស្រី ថា​ នៅតែបន្ត​អំពាវនាវ​ឲ្យអ្នក​ចាក់​វ៉ាក់សាំង​រួច និង​អ្នកមិនទាន់​បាន​ចាក់​វ៉ាក់សាំង អនុវត្តឲ្យបានខ្ជាប់ខ្ជួន​​នូវវិធានកា​រ ៣កុំ និង​៣ការពារ។ ៣កុំរួមមាន កុំចូល​ទៅ​កន្លែង​​បិទ​​ជិត​​គ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា។ ឯ៣ការពារវិញ គឺ ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សាគម្លាត​សុវត្ថិភាព​សង្គម​និង​គម្លាត​​សុវត្ថិភាព​​បុគ្គលឲ្យបាន​យ៉ាងតិច ​១ម៉ែត្រកន្លះ​ពីគ្នា។

សារ​របស់​មន្រ្តី​សុខាភិបាល​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អត្រា​នៃករណី​ឆ្លង​ជំងឺកូវីដ-១៩ ក្នុង​សហគមន៍​​នៅតែមាន​សភាពធ្ងន់ធ្ងរ ដោយ​មានអ្នកឆ្លងថ្មីជា​មធ្យម​ជាង ៥០០ នាក់​ក្នុង​មួយ​ថ្ងៃ។ គ្រាន់​តែ​ក្នុង​រយៈពេល ៣០ ថ្ងៃ ក្នុងខែឧសភានេះ​ មានអ្នកឆ្លង​ជំងឺកូវីដ-១៩ ចំនួន ១ម៉ឺន​៦ពាន់​នាក់។ ចំនួន​នេះ កើនឡើងជិត​ពាក់​កណ្ដាល់ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​អ្នកឆ្លង​ក្នុងខែមេសា ដែល​មាន ១ម៉ឺន​១ពាន់នាក់។

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​បានកើន​ឡើង​ដល់​ចំនួន ២០៩ ​នាក់​ ​កាលពី​ថ្ងៃ​ទី៣០​ ខែឧសភា​ បន្ទាប់ពី​មានអ្នកជំងឺ​ចំនួន ​៦នាក់ បន្ថែម​ទៀត ​បានស្លាប់។ ចំណែក​អ្នកឆ្លងថ្មីវិញ​ នៅថ្ងៃ​ដដែល​នោះ ក្រសួង​សុខាភិបាល ​អះអាងថា ​មានជិត​៦រយ(៥៧៩) ​នាក់។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី៣០ ខែឧសភា ​កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជិត ៣ម៉ឺននាក់​  (២៩.៤០៤)ហើយ ក្នុង​នោះអ្នក​ជា​សះ​ស្បើយ​មាន​ជាង ២ម៉ឺន២ពាន់នាក់ (២២.១៨៨)៕

No comments: