Saturday, 26 June 2021

ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​ស្រែក​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​អង់គ្លេស​ឲ្យ​ដោះលែង​ប្តី​និង​កូន​ប្រុស


ដោយ ហេង រស្មី
2021-06-25 rfa
ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​ស្រែក​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​អង់គ្លេស​ឲ្យ​ដោះលែង​ប្តី​និង​កូន​ប្រុស 

ក្រុមស្ត្រី​ស្រែក​តវ៉ា​នៅ​ក្បែរ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា និង​ដាក់​ញត្តិ​ដើម្បី​អន្តរាគមន៍​ឲ្យ​ដោះលែងស្វាមី និង​កូន នៅ​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១។
រូប​ពី​ហ្វេសប៊ុក


ក្រុម​ប្រពន្ធ​របស់​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ នាំគ្នា​ដាក់​ញត្តិ​ជូន​ស្ថានទូត​អង់គ្លេស​ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​របប​លោក ហ៊ុន សែន ឲ្យ​ដោះលែង​ប្តី​ពី​ក្នុង​ពន្ធនាគារ និង​កូនប្រុស​ម្នាក់​ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ដែល​ទើប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ ការ​ដាក់​ញត្តិ​នេះ ក៏​មាន​កង​សន្តិសុខ​និង​សមត្ថកិច្ច​ក្រុងភ្នំពេញ​តាម​រារាំង​ដូច​កន្លង​មក​ដែរ។ មន្ត្រី​សិទ្ធិមនុស្ស ចាត់ទុក​ថា ទង្វើ​របស់​អាជ្ញាធរ​នេះ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ហើយ​អាច​នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កម្ពុជា។

មិន​ខុសពី​លើក​មុនៗ​ទេ ក្រុម​កង​សន្តិសុខ និង​អាជ្ញាធរ​ក្រុងភ្នំពេញ​ជាង ១០​នាក់ នៅតែ​បន្ត​តាម​រារាំង និង​ធ្វើបាប​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ នៅ​ខាងមុខ​ស្ថានទូត​អង់គ្លេស ដោយ​មិន​ឲ្យ​ពួកគាត់ ឈរ​លើក​បដា និង​ដាក់​ញត្តិ​ស្វែងរក​យុត្តិធម៌​ឲ្យ​ប្តី​ដែល​កំពុង​ជាប់ឃុំ​ដោយសារ​មូលហេតុ​នយោបាយ​នោះ​ទេ​។ ក្រុម​សន្តិសុខ និង​ប៉ូលិស​សុទ្ធតែ​ជា​មនុស្ស​ប្រុស​ពេញកម្លាំង នាំគ្នា​ប្រើ​ហិង្សា​រុញច្រាន និង​ចាប់​ទាញ​កញ្ឆក់​យក​បដា និង​រូបថត​របស់​អ្នក​ជាប់ឃុំ​ពី​ក្រុម​ស្ត្រី​ទាំងនោះ ព្រមទាំង​បាញ់​អាល់កុល​ដាក់​មុខ​ពួកគាត់​ទៀត​ផង។


ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា ដែល​ចូលរួម​ក្នុង​តវ៉ា​ដោយ​សន្តិវិធី​នេះ បាន​ដើរ​យំ​ផង អង្គុយ​យំ​ផង ដោយសារ​ប្តី​កំពុង​ជាប់ឃុំ​ហើយ កូនប្រុស​ម្នាក់ទៀត​របស់​លោកស្រី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទៀត។ លោកស្រី​រៀបរាប់​ថា វា​ជា​រឿង​អាក្រក់​ហួស​ថ្លែង​ដែល​ក្រុម​អាជ្ញាធរ តាម​ធ្វើបាប​ពួកគាត់​ជា​ស្ត្រី​ទន់ខ្សោយ ខណៈ​ពួកគាត់ គ្រាន់តែ​ឈរ​លើក​បដា​តវ៉ា​ដោយ​សន្តិវិធី​រៀងរាល់ថ្ងៃ​សុក្រ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ប្ដី​ពួកគាត់​វិញ​។ លោកស្រី ស្រែក​ដង្ហើយ​សុំ​ឲ្យ​ស្ថានទូត​អង់គ្លេស ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​នយោបាយ​ទាំងអស់ និង​កូនប្រុស​ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ដែល​សមត្ថកិច្ច ទើប​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​២៤ មិថុនា។ «»

ទាក់ទង​នឹង​ការរារាំង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក សាន សុខសីហា នៅតែ​បកស្រាយ​ដដែលៗ​ថា វិធានការ​របស់​អាជ្ញាធរ​នេះ គឺ​ដោយសារ​ក្រុម​ស្ត្រី​ទាំងនេះ ធ្វើ​សកម្មភាព​ជួបជុំ​តវ៉ា រំខាន​ដល់​ពលរដ្ឋ​ផ្សេងទៀត និង​ជាពិសេស​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ។ នៅ​ពេល​អាស៊ីសេរី បន្ត​សួរ​ដេញដោល​អំពី​ករណី​នេះ លោក សាន សុខសីហា បដិសេធ​ឆ្លើយ​តប និង​ផ្តាច់​ទូរស័ព្ទ​ទៅវិញ។

ទោះជា​មានការ​រារាំង​ពី​អាជ្ញាធរ​ក្ដី ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នៅតែ​អាច​ដាក់​ញត្តិ​តាម​ការ​គ្រោងទុក​។ មន្ត្រី​ស្ថានទូត​អង់គ្លេស បាន​ចេញ​មក​ទទួល​ញត្តិ និង​សន្យា​ថា នឹង​ប្រគល់​ញត្តិ​នោះ​ឲ្យ​ដល់ដៃ​ឯកអគ្គរាជទូត​អង់គ្លេស​។ ក្រោយ​ដាក់​ញត្តិ​រួច ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ក៏បាន​ធ្វើដំណើរ​ទៅ​ស្នងការ​ក្រុង​ភ្នំពេញ ដើម្បី​សុំ​ជួប​យុវជន កាក់ សុវណ្ណច្ឆ័យ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ប៉ុន្តែ​ពេល​ទៅ​ដល់​ទីនោះ សមត្ថកិច្ច ប្រាប់​ថា យុវជន​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ។

អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ភ្នំពេញ​លោក សាន សុខសីហា អះអាង​ថា សមត្ថកិច្ច បាន​បញ្ជូន​យុវជន កាក់ សុវណ្ណច្ឆ័យ ទៅ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​២៥ មិថុនា ប៉ុន្តែ​លោក មិនទាន់​ដឹង​ថា តុលាការ សម្រេច​បែប​ណា​នោះ​ទេ មកទល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​។ លោក បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ចាប់ខ្លួន​យុវជន​រូប​នេះ គឺ​ពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន​ពីរ​គឺ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ការ​ជេរ​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ តាម​បណ្ដាញ​សង្គម​តេឡេក្រាម​(Telegram)។

យុវជន កាក់ សុវណ្ណច្ឆ័យ មាន​អាយុ​១៦​ឆ្នាំ និង​មាន​ជំងឺ​អូទីហ្សឹម​ពី​កំណើត​។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មាន​គ្នា​ជាង ២០​នាក់ បាន​សម្រុកចូល​ចាប់ខ្លួន​រូបគេ​ដល់​ក្នុងផ្ទះ​នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ កាល​ពី​ម៉ោង​៨​យប់​ថ្ងៃទី​២៤ ខែមិថុនា ហើយ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន និង​សួរចម្លើយ​ទាំងយប់​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ កាក់ សុវណ្ណច្ឆ័យ គឺជា​កូនប្រុស​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស។

ម្តាយ​របស់​យុវជន កាក សុវណ្ណច្ឆ័យ គឺ​លោកស្រី ព្រុំ ចាន់ថា ថ្លែង​ទាំង​ទួញ​សោក​ថា លោកស្រី មិនទាន់​បាន​ជួប​កូនប្រុស​នៅឡើយ មកទល់​ពេល​ល្ងាច​ថ្ងៃទី​២៥ មិថុនា ដែល ធ្វើ​ឲ្យ​លោកស្រី​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​សុខទុក្ខ​របស់​កូន។ លោកស្រី​ចាត់ទុក​ថា ជា​រឿង​អយុត្តិធម៌​បំផុត​ដែល​អាជ្ញាធរ ចាប់​ឃុំ​ខ្លួន​ប្តី​លោកស្រី​ទាំង​អយុត្តិធម៌​ជាង​១​ឆ្នាំ​ហើយ បែរ​ជា​បន្ត​ចាប់ខ្លួន​កូនប្រុស​របស់​លោក​ស្រី​ទាំង​មិនទាន់​គ្រប់​អាយុ និង​មាន​បញ្ហា​ស្មារតី​ថែមទៀត។ លោកស្រី​អះអាង​ថា កូនប្រុស​លោកស្រី មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ ប៉ុន្តែ​អាជ្ញាធរ​ចាប់ខ្លួន​នេះ ដើម្បី​បំបាក់​ស្មារតី​លោកស្រី ដែល​តែង ចេញ​តវ៉ា​ទាមទារ​យុត្តិធម៌​ឲ្យ​ប្តី។ «»

កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០២០ អាជ្ញាធរ​របប​ក្រុងភ្នំពេញ ក៏​ធ្លាប់​បាន​ចាប់​ឃុំ​ខ្លួន​យុវជន កាក់ សុវណ្ណច្ឆ័យ អស់​រយៈពេល​ពីរ​ថ្ងៃ ដោយសារតែ​បាន​ចូល​ទៅ​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ។ ម្តាយ​របស់​កាក់ សុវណ្ណច្ឆ័យ អះអាង​ថា ចាប់​តាំង​ពី​ពេល​នោះ​មក កូនប្រុស​លោកស្រី មាន​ស្មារតី​ខុស​ប្រក្រតី​ជាង មុន​ដូច​ជា​មាន​អារម្មណ៍​ភ័យខ្លាច ក្រោយ​សមត្ថកិច្ច ឃុំខ្លួន​នៅ​ទី​ងងឹត​ម្នាក់ឯង និង​សម្លុត​សួរ​ចម្លើយ ព្រមទាំង​ធ្វើ​ទារុណកម្ម​លើ​រាងកាយ​ជាដើម។ បន្ទាប់មក​នៅ​ពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ កាក់ សុវណ្ណច្ឆ័យ បាន​ជួប​គ្រោះថ្នាក់​ម្ដង​ទៀត ដោយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់ ជិះ​ម៉ូតូ​លប​គប់​នឹង​ដុំ​ថ្ម​ពីក្រោយ​ខ្នង​បណ្តាល​ឱ្យ​បែកក្បាល​ដេរ ២០​ថ្នេរ ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​ជាមួយ​ម្តាយ​នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ​។ ទោះជា​យ៉ាងណា សមត្ថកិច្ច បាន​ខកខាន​ក្នុង​ការ​តាម​ចាប់​ជនដៃ​ដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​បែរជា​ចាប់ខ្លួន កាក់ សុវណ្ណច្ឆ័យ ដែល​ជា​ជនរងគ្រោះ​នៅ​ពេល​នេះ​ទៅវិញ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សោកស្តាយ​ដែល​សមត្ថកិច្ច តាម​រារាំង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ និង​ចាប់ខ្លួន​យុវជន កាក់ សុវណ្ណច្ឆ័យ ហើយ​លោក ចាត់ទុកថា ករណី​ទាំងនេះ គឺ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​យាយី​លើ​ក្រុម​គ្រួសារ​របស់​សកម្មជន គណបក្ស​សង្គ្រោះជាតិ ហើយ​អនុញ្ញាត​ឲ្យ​ស្ត្រី​ទាំងនោះ បន្ត​ការ​តវ៉ា​ដោយ​សន្តិវិធី ព្រោះ​ការ​ស្វែងរក​យុត្តិធម៌ គឺ​មិនមែន​ជា​អំពើ​ល្មើសច្បាប់​នោះ​ទេ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បារម្ភ​ថា ចំណាត់ការ​របស់​អាជ្ញាធរ​នេះ នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​មាន​វិបត្តិ​ផ្លូវចិត្ត និង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ អះអាង​ថា ទោះបីជា​អាជ្ញាធរ ធ្វើទុក្ខបុកម្នេញ​ពួកគាត់​បែប​ណា​ក្តី ក៏​ពួកគាត់ នឹង​មិន​បញ្ឈប់​ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​នោះ​ទេ​។ ក្រុម​ស្ត្រី​ទាំងនេះ បញ្ជាក់​ថា ពួកគាត់​អាច​បញ្ឈប់​ការ​តវ៉ា​បាន លុះត្រាតែ​អាជ្ញាធរ​រដ្ឋាភិបាល ទម្លាក់​ចោល​ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ​ទាំងនោះ និង​ដោះលែង​សមាជិកគ្រួសារ​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើងវិញ៕

តុលាការ​សម្រេច​ឃុំខ្លួន​យុវជន កាក់ សុវណ្ណច្ឆ័យ ដោយ​ចោទ​ពី​បទ​ញុះញង់ និង​បទ​ជេរប្រមាថ

ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង នៅ​ព្រលប់​ថ្ងៃទី​២៥ មិថុនា សម្រេច​ចោទប្រកាន់​យុវជន​កាក់ សុវណ្ណច្ឆ័យ ចំនួន​ពីរ​បទល្មើស គឺ​រួមមាន​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ប្រមាថ​អ្នករាជការ​សាធារណៈ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​គាំទ្រ​រដ្ឋាភិបាល។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល​។ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក សាន សុខសីហា ថ្លែង​ថា លោក​មិនទាន់​ដឹង​ថា តើ​តុលាការ នឹង​បញ្ជូន​យុវជន​កាក់ សុវណ្ណច្ឆ័យ ទៅ​ឃុំ​នៅ​ពន្ធនាគារ​តែម្តង ឬ​ផ្ញើ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយ​យប់​ទៀត​នោះ​ទេ មក​ទល់​ព្រលប់​ថ្ងៃ​ដដែល​នេះ។

រីឯ​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​តុលាការ សម្រេច​បញ្ជូន​យុវជន កាក់ សុណ្ណច្ឆ័យ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស (ម​២ )​បណ្ដោះអាសន្ន​ហើយ ដើម្បី​រង់ចាំ​សវនាការ​កាត់ក្តី។

បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី ៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មួយ លាន​រៀល​ទៅ​បួន​លាន​រៀល ខណៈ​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ​វិញ ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ថ្ងៃ ទៅ​៦​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​ពាន់​រៀល​ទៅ​មួយ​សែន​រៀល៕

No comments: