2021-06-10 rfa
រូប៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សហរដ្ឋអាមេរិកប្រកាសបញ្ជូនវត្ថុបុរាណខ្មែរចំនួន ២៧រូប ដែលរឹបអូសបានពីការកាន់កាប់ដោយខុសច្បាប់នៅទីក្រុងញ៉ូវយ៉ក (New York) មកឱ្យកម្ពុជាវិញ។ វត្ថុបុរាណទាំងនោះ រួមមាន រូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរ ដូចជា ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ជាដើម។
ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី និងតំណាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរទាំងនោះ កាលពីថ្ងៃទី៩ មិថុនា ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់មន្ត្រីកម្ពុជា និងមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌កម្ពុជា។
មន្រ្តីតុលាការសហរដ្ឋអាមេរិកថ្លែងថា ការបញ្ជូនវត្ថុបុរាណដ៏ល្អនេះត្រឡប់ទៅមាតុភូមិកម្ពុជា គឺជាការស្តារឡើងវិញនូវចំណងទាក់ទងគ្នាដ៏សំខាន់រវាងសម័យបុរាណអង្គររបស់កម្ពុជា ជាមួយនឹងប្រពៃណីនាសម័យថ្មី និងជំនឿរបស់ខ្លួន ដែលត្រូវបានកាត់ផ្ដាច់ជាយូរមកហើយដោយសារសារការលោភលន់របស់ពួកឈ្មួញជួញដូរវត្ថុបុរាណ។ មន្រ្តីដដែលបន្ថែមទៀតថា ពិធីប្រគល់វត្ថុបុរាណនេះជាការរំឭកយ៉ាងច្បាស់ថា អ្នកដែលលួចប្លន់ និងលក់វត្ថុដែលមានតម្លៃផ្នែកវប្បធម៌ កំពុងតែប្រព្រឹត្តបទល្មើស មិនមែនគ្រាន់តែប្រឆាំងនឹងបេតិកភណ្ឌនៃប្រទេសមួយតែប៉ុណ្ណោះទេ តែថែមទាំងប្រឆាំងនឹងបច្ចុប្បន្នភាព និងអនាគតនៃប្រទេសនោះថែមទៀត។
បន្ថែមពីលើនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) មានប្រសាសន៍ថា ពិធីនេះបង្ហាញឱ្យឃើញច្បាស់ពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការការពារមិនឱ្យមានការលួចប្លន់ និងការជួញដូរវត្ថុបុរាណខ្មែរ។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានមោទនភាពក្នុងការដើរតួនាទីធានាឱ្យបេតិកភណ្ឌវប្បធម៌របស់ពលរដ្ឋខ្មែរ ស្ថិតនៅគង់វង្ស។
ជាការឆ្លើយតប អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណដល់ស្ថាប័នសហរដ្ឋអាមេរិក និងអ្នកពាក់ព័ន្ធទាំងអស់ដែលគាំទ្រ និងសហការក្នុងការបញ្ជូនសម្បត្តិវប្បធម៌ទាំងនោះ មកឱ្យកម្ពុជាវិញ។ អ្នកស្រីបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបន្តសហការស្រាវជ្រាវ ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរទាំងឡាយ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ ក៏អំពាវនាវដល់សារមន្ទីរនានា និងអ្នករក្សាទុកវត្ថុបុរាណទូទាំងពិភពលោក ប្រគល់សម្បត្តិវប្បធម៌ខ្មែរមកឱ្យប្រទេសកំណើតវិញផងដែរ៕
No comments:
Post a Comment