Monday, 28 June 2021

អ្នក​​វិភាគ​​ថា​​ ការ​ចាប់​​យុវជន​​បរិស្ថាននិង​​កូន​ប្រុសសកម្មជន​បក្សប្រឆាំង ធ្វើ​ឲ្យ​រដ្ឋាភិបាល​ធ្លាក់​​ប្រជាប្រិយ​ខ្លាំង​


ដោយ ជាតិ ចំណាន
2021-06-27 rfa
អ្នក​​វិភាគ​​ថា​​ ការ​ចាប់​​យុវជន​​បរិស្ថាននិង​​កូន​ប្រុសសកម្មជន​បក្សប្រឆាំង ធ្វើ​ឲ្យ​រដ្ឋាភិបាល​ធ្លាក់​​ប្រជាប្រិយ​ខ្លាំង​ 

(ឆ្វេង) យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ កញ្ញា ស៊ុន រដ្ឋា យុវជន លី ​ចាន់​ដារ៉ា​វុធ និងលោក យឹម លាងហ៊ី។
រូប៖ RFA

 

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​​ថា ការ​ចាប់​ខ្លួន​​យុវជន​ការពារ​បរិស្ថាន​ និង​សមាជិក​គ្រួសារ​របស់​សកម្មជន​បក្សប្រឆាំង​ជា​បន្ត​បន្ទាប់​​​នៅ​​រយៈ​ពេល​​ចុង​ក្រោយ​​នេះ ដោយសារ​រដ្ឋាភិបាល ភ័យព្រួយ​ខ្លាច​បាត់​បង់​អំណាច ពាក់ព័ន្ធនឹង​ប្រជាប្រិយភាព​របស់ខ្លួន​មិន​រឹងមាំ។ ទោះជា​យ៉ាង​ណា ការ​បង្ក្រាប់​ទៅលើ​សំឡេងរិះគន់​ឥត​ឈប់ឈរ​នេះ មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណេញ​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​​​​រងការ​​ថ្កោល​ទោស និងការ​រិះគន់​​ពី​គ្រប់​មជ្ឈដ្ឋានថែមទៀត​។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេងកញ្ញា លី ស្រីស្រស់ សង្កេត​ឃើញ​ថា ​ការ​​រិះគន់​ខ្លាំង​លើ​រដ្ឋាភិបាល​ដោយសារ​តែ​តុលាការ​បាន​ប្រើ​ប្រាស់​​បទ​​ចោទ​ប្រកាន់​​​​​ធ្ងន់ធ្ងរ​​​​ហួស​ហេ​តុ​លើ​សកម្មជន​បរិស្ថាន​ទាំង ​៣ នាក់ ហើយ​​បទ​ចោទ​នេះ​​បាន​បង្ហាញ​​សារ​អាក្រក់​​​​មួយ​​ ​ដល់​សកម្មជន​ផ្សេង​ទៀត​​។ កញ្ញា​​សោកស្ដាយ​ចំពោះ​សកម្មភាព​បង្ក្រាប​នេះ​ព្រោះ​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​ប្រទេស​ជាតិ​ទេ​៖ «ហើយ​ផ្ទុយ​ទៅ​វិញ វា​អត់​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ណា​​ដែល​គាត់​ហ៊ាន​រិះគន់​​ឬ​ក៏​លើក​ឡើង​ពី​បញ្ហា​សង្គម​ហ្នឹង លើក​ទឹក​ចិត្ត​ឲ្យ​ពួកគាត់​និយាយ​ទេ។​ អ៊ីចឹង​ច្បាស់​ណាស់​​​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ធ្វើ​អ៊ីចឹង​ មតិ​សាធារណៈ​ជន​​ហ្នឹង គឺ​វា​កាន់​តែ​មាន​​ការ​រិះគន់​បន្ថែម​ ក៏​ដូច​ជា​​ខ្វះ​ជំនឿ​ជាក់​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​ ក៏​ដូច​ជា​របៀប​ដឹកនាំ​របស់​រដ្ឋាភិបាល​»។


រយៈ​ពេល​ ១០ ​ថ្ងៃ​ចុង​ក្រោយ​នេះ តុលាការ​បាន​​ឃុំ​ខ្លួន​យុវជន​​ចំនួន ​៤ ​​នាក់ ក្នុង​នោះ​​​មាន ​៣ ​នាក់ ​គឺ​ជា​សកម្មជន​បរិស្ថានកញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​លោក ​លី ​ចាន់​ដារ៉ា​វុធ ​និង​ម្នាក់​ទៀត ​គឺជា​កូន​ប្រុស​របស់​​សមាជិក​​ប្រតិបត្តិ​គណបក្ស​​សង្គ្រោះ​ជាតិ​​រាជធានី​ភ្នំពេញ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​លោក កាក់ កុម្ភា គឺយុវជន​ កាក់ សុវណ្ណច្ឆ័យ ដែលមានអាយុ ១៦ ឆ្នាំ និងមានបញ្ហាផ្នែកសតិបញ្ញា​​។ តុលាការ​​បាន​ចោទ​សកម្មជន​បរិស្ថាន​ទាំង​ ៣ នាក់ ​​ពី​បទ​​រួម​គំនិត​ក្បត់​ និង​​ប្រមាថ​ព្រះ​មហាក្សត្រ​។​ ​ដោយ​ឡែក​យុវជន កាក់ សុវណ្ណច្ឆ័យ​ ​​ត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​​សង្គម និង​បទ​ប្រមាថ​អ្នក​រាជ​ការ​សាធារណៈ​ ពាក់​ព័ន្ធ​​​នឹង​ការ​​​ជជែកនៅក្នុង​​បណ្ដាញ​សង្គម​តេឡេក្រាម​(Telegram)​។​ តែ​យ៉ាង​ណា​​អាជ្ញាធរ​មិន​​​​​​​​បាន​បង្ហាញ​​ខ្លឹម​សារ​​ ឬ​​បញ្ជាក់​ពី​ដើម​ហេតុ​ដែល​​នាំ​ឲ្យ​មាន​ការ​ជេរ​ប្រមាថ​នោះ​ទេ​។

ជុំវិញ​ការ​ចាប់​ខ្លួន​យុវជន​ទាំង ​៤ នាក់​នេះ ​​​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន​ បាន​ទេ ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា នេះ។ តែ​យ៉ាង​ណា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃលោក ស ខេង បាន​​​លើក​ឡើង​ក្នុង​ជំនួប​ផ្ទាល់​ជាមួយ​​​​​​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​អ្នកស្រី​ អេវ៉ា​ង្វៀន​ប៊ិញ​​ (Eva​​ Nguyen​Binh) ​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ​ថា​ក្នុង​នាម​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ អាជ្ញាធរ​​​​គ្មាន​ជម្រើស​អ្វី ​ក្រៅ​​​ពី​ការ​​ចាប់​ខ្លួន​សកម្មជន​ទាំង​នោះ​ទេ​ ព្រោះ​​​​​អាជ្ញាធរ​មាន​ភស្តុតាង​​បញ្ជាក់​ពី​បទ​ល្មើស​។​​​​​

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​បណ្ឌិត មាស នី ​យល់​ថា​ ការ​ចាប់​ខ្លួន​យុវជន​ទាំង​នេះ​បណ្ដាល​ឲ្យ​​​ពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ​​កាន់​តែ​មិន​ជឿ​​ជាក់​​លើ​​​​​រដ្ឋាភិបាល​និង​ប្រព័ន្ធ​តុលាការ។ ​លោក​​បន្តថា ​​​ការ​ប្រើប្រាស់​បទ​ចោទ​ធ្ងន់ធ្ងរ​លើ​សកម្មជន​បរិស្ថាន​ទៀត​សោត បាន​​​បង្ហាញ​​ឲ្យ​ឃើញ​ថា​ ប្រព័ន្ធ​យុត្តិធម៌​​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​​៖ «យើង​ឃើញ​ថា ​ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​យើង​នេះ ហាក់​ដូចជា​មិន​ទាន់​​ឃើញ​មាន​ការ​​កំណែ​ទម្រង់​ណា​មួយ ដែល​បាន​សន្យា​ដោយ​​​ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​ឡើយ​ទេ។ យើង​នៅ​តែ​ឃើញ​ថា ​ប្រព័ន្ធ​តុលាការ​​​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នៅ​តែ​​ទទួល​ឥទ្ធិពល​ពី​រដ្ឋាភិបាល ឬ​ពី​អ្នក​នយោបាយ​​ដដែល​​ ដោយ​មិន​ទាន់​​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ទេ»។

​មក​ទល់​ពេល​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​សកម្មជន​​​នយោបាយ ​សង្គម និង​​បរិស្ថាន​ប្រមាណ ​៨០ ​នាក់ហើយ​ដាក់​ក្នុង​ពន្ធនាគារ ដោយ​ភាគ​ច្រើន​​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់ ដោយសារ​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​។ ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ និង​សហគមន៍​អន្តរជាតិ​ តែង​តែ​​ប្រកាស​​​ថ្កោលទោស​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​ចាប់​ខ្លួន​ទាំង​នេះ​ហើយ​ពួក​គេ​​ទាមទារ​ឲ្យ​​មាន​ទណ្ឌ​កម្ម​បន្ថែម​ទៀត ​​លើ​​របប​ក្រុង​ភ្នំពេញ​ ក្នុង​ករណី​របប​នេះ​នៅ​តែ​​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ឥត​ឈប់​ឈរ​លើ​​សំឡេង​រិះគន់​ និង​ការ​​មិន​ព្រម​ដោះលែង​សកម្មជន​ទាំង​អស់ ឲ្យ​មាន​សេរីភាព​វិញ​៕

2 comments:

Anonymous said...

Hun Sen is getting old and in 15-20 years he will have to step down. Then his son will be the dictator. It is up to the youth of Cambodia to fight for a future like those in Myanmar, Thailand, and save Cambodia, not only from the puppet Hun Sen, but the evil Yuon as well. The country is dying and time is being lost. Oppression will happen even if nothing is done.

Anonymous said...

The evil Vietnam implements the Vietnamization of Cambodia policy. That's why there are so many unlawful arrests on Khmer nationalists.

Ah Roleuy Hun Sen cannot do anything facing his master Yuon.