Monday, 7 June 2021

អ្នកវិភាគមិន​រំពឹង​ថា រដ្ឋាភិបាល​​នឹង​​ងាក​​មក​ស្តា​លំហ​ប្រជាធិបតេយ្យ​នៅ​មុន​​ការ​បោះឆ្នោត​​ខាងមុខ​ដូច​​តាមការ​ជំរុញ​​របស់​​មន្ត្រី​ជាន់ខ្ពស់​​ការបរទេស​អាមេរិក​​នោះឡើយ​


ដោយ មាន ឫទ្ធិ
2021-06-06​  rfa

អ្នកវិភាគមិន​រំពឹង​ថា រដ្ឋាភិបាល​​នឹង​​ងាក​​មក​ស្តា​លំហ​ប្រជាធិបតេយ្យ​នៅ​មុន​​ការ​បោះឆ្នោត​​ខាងមុខ​ដូច​​តាមការ​ជំរុញ​​របស់​​មន្ត្រី​ជាន់ខ្ពស់​​ការបរទេស​អាមេរិក​​នោះឡើយ​

(ឆ្វេង) ​​អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកមក​កាន់​​កម្ពុជា និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​​កាលពី​ថ្ងៃទី១ ខែមិថុនា។
រូប៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា។


បើទោះបីជា​​ក្រោយ​ដំណើរ​​ទស្សនកិច្ច​របស់​​មន្ត្រី​ជាន់ខ្ពស់​ការបរទេស​អាមេរិក​​ទៅ​កម្ពុជា​​កាលពី​សប្ដាហ៍​មុន​បាន​បិទ​បញ្ចប់​​ដោយ​អាមេរិក​នៅតែ​​បន្ត​ជំរុញ និង​ទាម​ទារ​​ឱ្យ​រដ្ឋាភិបាល​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​លំហ​ប្រជាធិបតេយ្យ​​នៅ​មុន​ការ​បោះឆ្នោត​ខាងមុខ​​ក៏ដោយ ក៏​ក្រុម​​អ្នកវិភាគ​មួយ​ចំនួន​​មិន​រំពឹង​​ថា រដ្ឋាភិបាល​​នឹង​​ធ្វើតាម​នោះ​ឡើយ។ ការមិន​រំពឹង​​ដូច្នេះ ដោយសារ​តែ​​ពួកគេ​​មើល​ឃើញ​​ថា រដ្ឋាភិបាល​​លោក ហ៊ុន សែន អាង​​ប្រទេស​ចិន​​កុម្មុយនិស្ត​ជា​ខ្នង​​បង្អែក​ ស៊ាំ​​នឹង​​អន្តរាគមន៍​បែប​ការទូត ហើយ​​គណបក្ស​​កាន់អំណាច​​នៅ​មិនទាន់​​ទុកចិត្ត​ទាំងស្រុង​​ថា ខ្លួន​ពិតជា​អាច​​គ្រប់គ្រង​​ស្ថានការណ៍​​ប្រទេសជាតិ​​បាន​​ប្រកប​ដោយ​​ប្រសិទ្ធភាព នៅ​ពេល​​បើក​​លំហ​ប្រជាធិបតេយ្យ​​ដូចមុន។

អ្នកឃ្លាំមើល​​បញ្ហា​​សង្គម និង​នយោបាយបណ្ឌិត សេង សារី មើលឃើញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​​មាន​ភាពស៊ាំ​​ទៅនឹង​ការ​ធ្វើ​នយោបាយ​​ការទូត​​របស់​​ក្រុម​​ប្រទេស​លោកសេរី​​ទៅ​ហើយ។ ហេតុដូច្នេះលោកថា អន្តរាគមន៍​តាម​បែប​​មធ្យាបាយ​ការទូត​​នឹង​មិនអាច​​ធ្វើឲ្យ​ក្រុម​​មេដឹកនាំ​​កម្ពុជា​​បច្ចុប្បន្ន​កែប្រែ​ឥរិយាបថ​​នៃ​ការ​គ្រប់គ្រង​​ប្រទេស​​បាន​នោះ​ទេ៖ «មកដល់​ពេលនេះ​ហើយ​យើង​ឃើញ​ថា មិនទាន់​មាន​​ឃើញ​សញ្ញាណ​ណាមួយ​ជា​សញ្ញាណ​ភ្លើង​ខៀវ​នៅ​ក្នុងការ​ផ្តល់​ឱកាស ឬក៏​ធ្វើ​ឱ្យ​គណបក្ស​​ប្រឆាំង​​ត្រលប់​មក​​សមរភូមិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ឡើងវិញ​​ពីព្រោះ... គ្រាន់តែ​ប្រើប្រាស់​​វិធី​ភាសា​ការទូត។ ដូច្នេះ​ហើយ​​ខ្ញុំ​ឃើញ​​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​​ដែល​​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាជន​នេះ គឺ​គាត់​​បាន​​បន្សាំ​ខ្លួន ឬក៏​គាត់​​មាន​ភាពស៊ាំ​​ទៅនឹង​ការ​ធ្វើ​នយោបាយ​ការទូត​​របស់​​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​​ហើយ។ អ៊ីចឹង​​ហើយ​គាត់​ដឹង​​ច្បាស់​ណាស់​​ថា មធ្យោបាយ​ការទូត​​នេះ​នឹង​​មិនអាច​​ធ្វើ​អី​​គាត់បាន​​ទេ»។


Seng_Sary_analysts.jpg
 

អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី ។ (រូប៖ ហ្វេសប៊ុករបស់លោក សេង សារី)

បណ្ឌិត សេង សារី បន្ត​ថា បើទោះបីជា​​ក្នុង​​ដំណើរ​​ទស្សនកិច្ច​នេះ ភាគី​អាមេរិក​បាន​​ផ្តោត​សំខាន់​​មួយភាគធំ​​ទៅលើ​​បញ្ហា​សិទ្ធិ​មនុស្ស និង​​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា​​ក៏​ដោយ ក៏​កាយវិការ​​អន្តរាគមន៍​​តាមបែប​ការទូត​​របស់​​អាមេរិក​នេះ ហាក់​ពុំ​មាន​​ទម្ងន់​គ្រប់គ្រាន់​​ដើម្បី​​ធ្វើឲ្យ​​ប្រែប្រួល​​ស្ថានការណ៍​​នយោបាយ​​នៅ​​កម្ពុជា​បាន​​នោះ​ទេ៖ «ទោះបី​យើងឃើញ​ថា ការសរសេរ ឬ​ការបង្ហោះ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ហ្នុង​ផ្តោត​ទៅលើ​រឿង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​វា​អត់មាន​​ទម្ងន់​គ្រប់គ្រាន់​​ដើម្បី​អាច​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​​បាន។ ប៉ុន្តែ ទោះបី​យ៉ាងណាក៏​ដោយ ទោះបី​យើង​មើល​​ឃើញ​​មិនទាន់​​មាន​ការ​ប្រែប្រួល ក៏​ប៉ុន្តែ ជា​​បទពិសោធន៍​​កន្លង​មក យើង​ឃើញ​ថា ស្ថានភាព​​នយោបាយ ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា គឺ​ប្រែប្រួល​​តែ​មួយ​​ពព្រិច​​ភ្នែក​​ទេ»។

រីឯ អ្នកឃ្លាំមើល​​បញ្ហា​​សង្គម និង​​នយោបាយ​​មួយរូប​​ទៀត គឺ​បណ្ឌិត មាស នី មើលឃើញ​​ថា ការឆ្លើយតប​​ក្នុង​រឿង​​បើក​​លំហ​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា​​ឱ្យ​​បាន​​នៅ​មុន​​ការ​បោះឆ្នោត​​ខាងមុខ គឺ​ជា​​រឿង​​ដ៏​រសើប​បំផុត​​សម្រាប់​គណបក្ស​​កាន់អំណាច ព្រោះ​​គណបក្ស​នេះ​​មិន​ចង់​​បាត់បង់​​អំណាច​​នោះ​ទេ៖ «ការអនុញ្ញាត​ឲ្យ​មាន​ការ​វិល​ត្រលប់​​មកវិញ​​នូវ​​លទ្ធិប្រជាធិបតេយ្យ​​ពេញ​​លក្ខណៈ ​ឬ​ក៏​តាម​​ស្តង់ដារ​​ណាមួយ​​នោះ ខ្ញុំ​គិតថា​ សម្រាប់​គណបក្ស​​កាន់​អំណាច​ គឺ​ត្រូវការ​​ពេលវេលា​​ដើម្បី​​រៀបចំ​ខ្លួន ហើយ​​ដរាបណា​​គណបក្ស​​កាន់អំណាច​​មិន​ទាន់​​មាន​​ទំនុកចិត្ត​​ខ្លួនឯង ឃើញ​ថា ខ្លួន​ឯង​អាច​​គ្រប់គ្រង​​ស្ថានភាព​​ពលរដ្ឋ​បាន​​ទាំងស្រុង​​តាម​​បែប​ណា​មួយ​​នោះ ឬ​​ទាញ​​យក​​ប្រជាប្រិយភាព​​បាន​​មក​វិញ​ទេ នោះ​​ខ្ញុំ​គិត​ថា វា​នឹង​​អាច​​ប្រើ​ពេល​វេលា​​យូរ​ត​ទៅ​​ទៀត»។

បណ្ឌិត មាស នី បន្ត​ថា សម្រាប់​ការបោះឆ្នោត​​ឃុំ-​សង្កាត់​​នៅ​​ឆ្នាំ២០២២​ ខាងមុខនេះ គណបក្ស​កាន់​​អំណាច​​អាច​នឹង​បើក​​លំហ​​ប្រជាធិបតេយ្យតិចតួច​​​ គឺ​លុះត្រា​​ណា​​តែ​​គណបក្ស​នេះ​​មាន​ប្រៀប​​លើ​ឆាក​នយោបាយ​​ក្នុង​​ស្រុក និង​មាន​ទំនុកចិត្ត​ថា ​ក្រុម​​អ្នក​គាំទ្រ​​គណបក្ស​ប្រឆាំង​​នៅ​ថ្នាក់​​មូលដ្ឋាន​​ផ្លាស់ប្តូរ​​ជំហរ​​របស់​​ខ្លួន។

ការវិភាគ​​របស់​​ក្រុម​​អ្នកឃ្លាំមើល​​បញ្ហា​​សង្គម និង​នយោបាយ​​បែប​នេះ ហាក់​ផ្ទុយ​គ្នា​​ទៅនឹង​​ការរំពឹងទុក​​របស់​​មន្ត្រី​មួយ​​ចំនួន​​ស្និទ្ធ​នឹង​​ប្រធាន​​គណបក្ស​​សង្គ្រោះជាតិលោក កឹម សុខា ដែល​​ថា អាច​នឹង​មាន​​ដំណោះស្រាយ​​នយោបាយ​​ឆាប់ៗ​​ខណៈ​អាមេរិក​​កំពុង​​ធ្វើ​នយោបាយ​​ការទូត។ មន្ត្រី​មួយ​​រូប​​ស្នឹទ្ធ​នឹង​​លោក កឹម សុខា គឺ​​លោក មាជ សុវណ្ណារ៉ា ធ្លាប់​អះអាង​​​ប្រាប់វិទ្យុអាស៊ីសេរីថា ករណី​កម្ពុជា​​ជំពាក់​បំណុល​​អាមេរិក​​កាលពី​​សម័យ​សង្គ្រាម​​ទាំងការ​​ទាំងដើម​​ជាង ៧រយ​លាន​ដុល្លារ និង​ការ​បន្ត​ផ្តល់​ការ​អនុគ្រោះពន្ធ​ទូទៅ ​GSP របស់​អាមេរិក​ អាច​​នឹង​​ត្រូវ​យកទៅ​​និយាយ​​ដើម្បី​ឱ្យ​មាន​ការ​ទម្លាក់​​បទចោទ​​លើ​​លោក កឹម សុខា បើក​​ឱ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​​អាច​​ចូលរួម​​ការបោះឆ្នោត និង​​ដោះលែង​​អ្នកជាប់ឃុំ ឬ​អ្នកទោស​​មនសិការ៖ «កម្ពុជា​ត្រូវការ​អី​ពី​អាមេរិក? អាមេរិក​ត្រូវការ​អី​ពី​កម្ពុជា? តើ​សេចក្ដីថ្លែងការណ៍​ដោះដូរ​គ្នា​​ក្នុង​កម្រិត​ណា​ គឺ​ទាំង​ក្រសួង​​ការបរទេស​អាមេរិក ឬ​កម្ពុជា​​ក្ដី​​ទាំង​​ស្ថានទូត​​កម្ពុជា​​ប្រចាំ​អាមេរិក​​ក្ដី​​ទាំង​ស្ថានទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា ​ក៏​គេ​​កំពុង​​ធ្វើ​ពិធីសារ​ថា ​តើ​ត្រូវ​​ជជែក​គ្នា​​ក្នុង​​កម្រិត​ណា​ៗ?»។

Meas_Nee.jpg
 

អ្នកវិភាគនិងតាមដានពីការអភិវឌ្ឍន៍សង្គមកម្ពុជាលោកបណ្ឌិត មាស នី។ (រូប៖ អាស៊ីសេរី)

យ៉ាងណា នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​​ក្រសួង​ការបរទេស​​កម្ពុជា ជុំវិញ​លទ្ធផល​​សំខាន់ៗ​នៃ​​ដំណើរ​​ទស្សនកិច្ច​របស់​​អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកអ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) មក​កាន់​​កម្ពុជា​​កាលពី​ថ្ងៃទី១ ខែមិថុនា ក្រសួង​​ការបរទេស​​ពុំ​បាន​​លើកឡើង​មួយ​ម៉ាត់​​ពី​​រឿង​​អាមេរិក​​ជំរុញ​​ឲ្យ​​បើក​​លំហ​ប្រជាធិបតេយ្យ​​នៅ​មុន​​ការ​បោះឆ្នោត​​ខាង​មុខ​​ឡើយ។ ក្រសួង​លើកឡើង​​តែ​ពី​​បំណង​ប្រាថ្នា​​របស់​​ភាគី​ទាំងពីរ​​ក្នុងការ​​ធ្វើ​ឲ្យ​ប្រសើរឡើង​​នូវ​ទំនាក់ទំនង​​រវាង​ប្រទេស​​ទាំង​ពីរ និង​​បញ្ហា​ស្នើ​ឲ្យ​​អាមេរិក​​ពិចារណា​ដោះស្រា​យ​​បញ្ហា​បំណុល​​របស់​​កម្ពុជា​​តាម​​វិធី​ទ្វេភាគី ព្រម​ទាំង​​បញ្ហា​មួយ​​ចំនួន​​ដទៃ​ទៀត។

ជុំវិញ​ការ​ជំរុញ​​របស់​​អាមេរិក​​ឲ្យ​បើក​​លំហ​ប្រជាធិបតេយ្យ​​នៅ​មុន​ការ​បោះឆ្នោត​​នេះ អ្នកនាំពាក្យ​​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់​វិទ្យុអាស៊ីសេរី កាលពី​​ថ្ងៃទី០៣​ ខែមិថុនា ដោយ​បដិសេធ​​ថា គ្មាន​ការ​រិតត្បិត​​នយោបាយ ឬ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​​នោះទេ៖ «យើង​អត់មាន​រិតត្បិត​​អី​ទៅណា... ចំពោះ​តែ​​បុគ្គល​មួយ​​ចំនួន​​ទេ​ដែល​​ស្ថិត​នៅ​​កាតព្វកិច្ច​របស់​​តុលាការ។ អាហ្នុង​​រឿង​​ដាច់​ដោយឡែក​​របស់​​តុលាការ​​អត់​មាន​​ពាក់ព័ន្ធ​ជាមួយ​​រដ្ឋាភិបាល​ទេ។ ទាល់តែ​​តុលាការ​​សម្រេច​​យ៉ាង​ម៉េច​ ដល់​​ចុង​ក្រោយ បុគ្គល​ហ្នុង​​មិន​​រំខាន​​ដល់​បញ្ហា​​សន្តិសុខ និង​​សង្គម ឬ​សណ្តាប់ធ្នាប់​​សង្គម លោក​អនុញ្ញាត​​លើកលែង​​ទោស​​ស្នើ​ទៅ​​ព្រះមហាក្សត្រ»។

ផ្ទុយពី​ការអះអាង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​អង្គការ​ជាតិ និង​អន្តរជាតិ​រកឃើញ​ថា តែង​ស្ថិត​នៅ​ក្រោម​ការបង្គាប់​បញ្ជា​របស់​​ក្រុម​មេដឹកនាំ​បក្ស​​កាន់អំណាច ហើយ​​ស្ថាប័ន​​តុលាការ​​ជា​​ស្ថាប័ន​​ប្រព្រឹត្ត​អំពើពុករលួយ​​​ខ្លាំង​ជាង​គេ។ ទន្ទឹមនឹង​នេះ កម្ពុជា​ជាប់​​ចំណាត់​ថ្នាក់​នៅ​​បាតតារាង​​ជា​ប្រទេស​​ល្បីល្បា​ញ​​ខាង​​រំលោភ​អំណាច​​ជាងគេ បើផ្អែក​​តាម​​សន្ទស្សន៍​​ការគោរព​​ច្បាប់​​របស់​​អង្គការ​​គម្រោង​យុត្តិធម៌​​ពិភពលោក​​ឆ្នាំ២០២១។
Wendy​ _Sheman_meet_Hun_Sen_01_06_2021_01.jpg
 

ប្រតិភូសហរដ្ឋអាមេរិកជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឯវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា)

ក្នុង​​ដំណើរ​​ទស្សនកិច្ច​​របស់​​អនុរដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​​មក​​កម្ពុជាអ្នកស្រី វិនឌី ហ្សឺមែន បាន​​អំពាវនាវ​​ដល់​​អាជ្ញាធរ​កម្ពុជា​​ឱ្យ​ទម្លាក់​ចោល​​បទ​ចោទ​​ប្រកាន់ ដែល​​មាន​​ចរិត​​នយោបាយ​​លើ​អ្នក​​នយោបាយ​​ប្រឆាំង អ្នក​សារ​ព័ត៌មាន និង​សកម្មជន​​ជា​​បន្ទាន់។ អ្នកស្រី​​ក៏​បាន​​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​​បើក​លំហ​​នយោបាយ និង​ពលរដ្ឋ​​ឡើង​​វិញ នៅ​មុន​​ការ​​បោះ​ឆ្នោត​​ឃុំ​សង្កាត់ ឆ្នាំ២០២២ និង​​ការ​បោះ​ឆ្នោត​​តំណាង​រាស្ត្រ​ឆ្នាំ២០២៣ ខាង​មុខ។ អ្នកស្រីគូសបញ្ជាក់​ថា សហរដ្ឋ​អាមេរិក​​គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ គាំទ្រ​ក្តី​បំណង​ចង់​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​គាំទ្រ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ។

ជារឿយៗ រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​មើលឃើញ​ថា កម្ពុជាតែង​ប្រើប្រាស់​ឥទ្ធិពល​របស់​ចិន​ធ្វើ​ជា​ខ្នងបង្អែក​នៅពេល​មាន​​វិបត្តិ​នយោបាយ​ម្តងៗ ហើយ​​យក​​បញ្ហា​នេះ​ទៅ​តថ្លៃ​ជាមួយ​ក្រុមប្រទេស​លោកសេរី ជាថ្នូរ​នឹង​ការបើក​លំហ​ប្រជាធិបតេយ្យ​បន្តិច​បន្តួច​​ដើម្បី​លម្អ​សួន​​ផ្តាច់​ការ​របស់​​លោក ហ៊ុន សែន ឱ្យ​មាន​ការ​ទទួលស្គាល់​​ពី​​អន្តរជាតិ។ ទន្ទឹម​នឹង​​នេះ គណបក្ស​កាន់​​អំណាច តែង​​ប្រើប្រាស់​​នូវ​​យុទ្ធសាស្ត្រ​បំបែក​បំបាក់​​ដើម្បី​​គ្រប់គ្រង ខណៈ​គណបក្ស​​ប្រឆាំង​​នៅតែ​បន្ត​ចុះ​​ទន់​ខ្សោយ និង​​ហែកហួរ​គ្នា​​មិន​​ចេះចប់​​មិនចេះ​ហើយនោះ៕

1 comment:

Anonymous said...

Even though Khmer people have worked hard, they could not benefit anything from their labor because Ah Chker Chkuot Hun Sen let Yuon control the price of their products such as rice, corn, etc...

Ah Roleuy Hun Sen is a special devil who gave in to whatever his master Yuon have demanded him to. That's the main reason why he could stay in power a long time.

Nobody is cheaper or dumber than Ah Chker Chkuot Hun Sen.