ដោយ ម៉ៅ សុធានី
2021-06-19 rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលកម្មវិធីជួបជុំទាំងអស់ ទាំងការជួបផ្ទាល់និងជួបតាមវីដេអូ ដោយសារត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។
លោក ហ៊ុន សែន បានសរសេរក្នុងគេហទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ ខែមិថុនាថា ដោយសារលោកបានជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យតម្រូវឲ្យលោកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៣ ខែកក្កដា។ ទោះជាយ៉ាងណា លោកថា លោកនៅតែធ្វើការដូចពេលមុន ជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការជួបប្រជុំតាម ZOOM ផង។
លោកបន្តថា ដោយសារមូលហេតុនេះហើយ លោកត្រូវលុបចោលជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអាប (Dominic Raab) នៅថ្ងៃទី២៣ ខែមិថុនា នៅវិមានសន្តិភាព។
ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័កនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោក ហ៊ុន សែន នៅតែបន្តការងារលោកជាដដែល គ្រាន់តែនៅដាច់ដោយឡែកតែប៉ុណ្ណោះ៖ «ចត្តាឡីស័កគាត់នៅធ្វើការដដែលមានទាស់អី នាយករដ្ឋមន្ត្រី មិនចាំបាច់ប្រគល់ការងារ តួនាទីឲ្យអ្នកណាមួយទេ។ កន្លងមក យើងមានបញ្ហាហ្នឹងម្តងហើយ សម្តេចធ្វើចត្តាឡីស័ក ឬមានរវល់អីនោះ គឺនៅដោះស្រាយការងារប្រចាំថ្ងៃបានដែរ។ ចត្តាឡីស័កនេះ មិនហាមឃាត់ឲ្យធ្វើការទេ គឺគ្រាន់តែនៅដាច់ដោយឡែកពីគេតែប៉ុណ្ណោះ...»។
លោក សុខ ឥសាន មិនបានបញ្ជាក់ប្រាប់ឈ្មោះអ្នកកើតជំងឺកូវីដ១៩ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជាប់ពាក់ព័ន្ធដោយប្រយោលនោះទេ៕
No comments:
Post a Comment